ព័ត៌មាន

បណ្ឌិត គិន ភា ៖ «កម្ពុជាបានបាត់បង់អ្នកប្រាជ្ញភាសាវិទ្យាដ៏ឆ្នើមមួយរូបទៀតដ៏គួរឱ្យស្តាយស្រណោះបំផុត»

2025-03-31 23:40:18 ថ្ងៃចន្ទ, 31 មីនា 2025 ម៉ោង 06:40 AM
អ្នកមើល 3180
post_detail1

 

រាត្រីថ្ងៃសៅរ៍ ១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ ជាវេលាដ៏សែនខ្សឹកខ្សួលរំជួលចិត្តនិងស្តាយស្រណោះរកអ្វីមកប្រៀបផ្ទឹមពុំបានសម្រាប់ក្រុមគ្រួសារ សាច់ញាតិ សិស្សគណ បញ្ញវន្ត និងមិត្តភក្តិ ដែលបណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ អតីតប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា បានទទួលមរណភាពក្នុងជន្មាយុ៩២ឆ្នាំ ដោយជរាពាធ។

 

មរណភាពរបស់បណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ គឺជាការបាត់បង់អ្នកប្រាជ្ញភាសាវិទ្យាមួយរូបដ៏សំខាន់របស់រាជបណ្ឌិត្យសភាកម្ពុជា ក៏ដូចជារបស់ជាតិខ្មែរយើងទាំងមូល។ បណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ គឺជាអ្នកប្រាជ្ញខ្មែរមួយរូប ដែលមានការទទួលស្គាល់ពីស្រទាប់បញ្ញវន្តជាតិនិងអន្តរជាតិ ក៏ដូចជាមជ្ឈដ្ឋានសិស្សនិស្សិតរបស់លោក និងទទួលបាននូវការកោតស្ញប់ស្ញែងយ៉ាងក្រៃលែងចំពោះចំណេះដឹង ស្នាដៃ ទេពកោលសល្យ និងជំនាញភាសាវិទ្យារបស់លោក ដែលលំបាកនឹងរកអ្នកប្រដូចបាន។ បណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ បានខិតខំប្រឹងប្រែងពេញមួយជីវិតដោយមិនខ្លាចនឿយហត់រហូតដល់ដង្ហើមចុងក្រោយ ដើម្បីបុព្វហេតុភាសានិងអក្សរសាស្ត្រជាតិយើង។

 

ស្នាដៃចុងក្រោយរបស់លោកមុនលោកទទួលមរណភាព គឺ «វចនានុក្រមភាសាខ្មែរបច្ចុប្បន្ម ភាគទី១ ក-ន ចេញផ្សាយគ្រាទី២ ឆ្នាំ២០២២»។ វចនានុក្រមភាសាខ្មែរបច្ចុប្បន្នរបស់លោក ពិតជាមានសារៈប្រយោជន៍យ៉ាងធំធេងក្នុងការអភិរក្សនិងអភិវឌ្ឍន៍ភាសានិងអក្សរសាស្ត្រជាតិយើង និងពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យមានភាពសម្បូរណ៍បែបនូវវចនានុក្រមភាសាខ្មែរ ព្រមទាំងជាឯកសារយោងដ៏សំខាន់ក្នុងការសរសេរនិងការអានភាសាខ្មែរយើងឱ្យបានត្រឹមត្រូវនិងមានឯកលក្ខណភាព។

 

ទោះបីជាមានវ័យជរាណាស់ទៅហើយក្តី លោកនៅតែខិតខំរៀបចំបន្ត «វចនានុក្រមភាសាខ្មែរបច្ចុប្បន្ន ភាគីទី២» ទៀត តែមជ្ជុរាជឫស្យាមិនទុកពេលវេលាឱ្យលោកសម្រេចស្នាដៃរបស់លោកឱ្យចប់សព្វគ្រប់ឡើយ។ ជារឿយៗ លោកតែងតែណែនាំទូន្មានប្រៀនប្រដៅក្រុមការងារដែលជាសិស្សគណរបស់លោកឱ្យខិតខំក្រេបជញ្ជក់ចំណេះដឹងនិងបន្តស្នាដៃពីលោក។

 

មុនពេលទទួលមរណភាព លោកមិនបានដេកដួលចូលព្យាបាលជំងឺនៅមន្ទីរពេទ្យណាមួយឡើយ។ លោកនៅតែអង្គុយធ្វើការជាមួយសិស្សគណរបស់លោករហូតដល់ថ្ងៃផុតដង្ហើម។ គ្រប់វិនាទី លោកតែងតែរំពៃនឹងការងាររបស់លោកមិនដែលខានឡើយ។ លោកគឺជាអ្នកប្រាជ្ញមួយរូបដែលប្រជាជាតិខ្មែរទាំងមូលគួរតែចងចាំនិងផ្តល់តម្លៃចំពោះគុណបំណាច់ដ៏ធំធេងនិងគំរូវីរភាពដ៏ឧដុង្គឧត្តមរបស់លោក។

 

សារជាតិជាបញ្ញវន្តដែលស្លុងអារម្មណ៍តែនឹងការងារ រូបលោកមានវេទយិតភាពនយោបាយតិចតួចណាស់ ម្ល៉ោះហើយការលាដោយគ្មានថ្ងៃត្រឡប់របស់រូបលោកពីលោកយើងនេះ មិនមានមនុស្សច្រើនចាប់អារម្មណ៍ទេ ក្រៅតែពីសិស្សគណ បញ្ញវន្ត និងមិត្តភក្តិមួយចំនួនតូចដែលគោរព ស្រឡាញ់ និងរាប់អានរូបលោក។ ពិធីបុណ្យសពរបស់លោកបានប្រព្រឹត្តទៅយ៉ាងសាមញ្ញដោយមានភ្ញៀវពន្លឺមួយចំនួនចូលរួម ហើយក៏មិនមានគ្រឿងឥស្សរយយសអ្វី ត្រូវបានផ្តល់ជូនលោក ជាកិច្ចបច្ឆាមរណៈដែរ។

 

ក្នុងវិស័យភាសានិងអក្សរសាស្ត្រជាតិ រូបលោកប្រៀបដូចជាគ្រឹះផ្ទះដែលនៅកប់យ៉ាងជ្រៅនៅក្នុងដី សម្រាប់ទ្រទ្រង់តួផ្ទះដែលកំបាំងពីភ្នែកអ្នកផង ម្ល៉ោះហើយគ្រឹះដ៏រឹងមាំនេះ មិនបានបញ្ចេញសម្រស់ដូចហោជាងឬក្បាច់រចនាលម្អខាងក្រៅទេ។ នៅពេលមនុស្សភាគច្រើនចាប់អារម្មណ៍តែទៅលើទម្រង់ខាងក្រៅ គេនឹងភ្លេចគិតដល់ខ្លឹមសារខាងក្នុង ដូចគ្នានឹងការណ៍ដែលមនុស្សសរសើរតែរសផ្អែមនៃនំ ភ្លេចនឹកដល់គុណស្ករ។

 

រូបំ ទុក្ខំ អនិច្ចំ អនត្តា ជាក្រឹត្យក្រមធម្មជាតិមិនអាចគេចផុតឡើយ។ ការបាត់បង់រូបលោកគ្មានថ្ងៃវិលត្រឡប់នេះធ្វើឱ្យយើងខ្សឹកខ្សួលរំជួលចិត្តនិងស្តាយស្រណោះរកអ្វីមកប្រៀបផ្ទឹមពុំបាន តែយើងគ្មានអ្វីតបស្នងលោកទេ មានតែការប្តេជ្ញារៀនសូត្រតាមគំរូវីរភាពដ៏ឧដុង្គឧត្តមរបស់លោក និងលំឱនកាយវាចាចិត្ដគោរពវិញ្ញាណក្ខន្ធលោក និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់លោកបានយោនយកកំណើតកើតក្នុងទីដ៏ខ្ពង់ខ្ពស់នាឋានបរមសុខកុំបីឃ្លៀងឃ្លាតក្លាយជាបការៈដទៃឡើយ៕

RAC Media | នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ

post_detail
post_detail
post_detail

អត្ថបទទាក់ទង

រាជបណ្ឌិត្យសភាកម្ពុជាបញ្ជូនអ្នកសិក្សាស្រាវជ្រាវ០៣រូប ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋកូរ៉េ (ប្រទេសកូរ៉េខាងត្បូង)

នៅឆ្នាំ២០២២នេះ រាជបណ្ឌិត្យសភាកម្ពុជាបានបញ្ជូនបេក្ខជន និងបេក្ខនារី ចំនួន៣រូប ក្នុងចំណោមបេក្ខជន បេក្ខនារីជាច្រើនដែល បានឆ្លងកាត់ការប្រឡងនិងសម្ភាសន៍ ទៅសិក្សាបន្តនៅវិទ្យាស្ថានអភិវឌ្ឍន៍កូរ៉េ (KDI) ដែលជាដៃគូ...

2022-12-09 07:11:41   ថ្ងៃសុក្រ, 09 ធ្នូ 2022 ម៉ោង 02:11 PM
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ទទួលជួប និងពិភាក្សាការងារជាមួយលោក KAWAGUCHI អគ្គកុងស៊ុល ស្ថានទូតជប៉ុនប្រចាំខេត្តសៀមរាប

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃសុក្រ ១រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំកា...

2022-12-09 07:02:29   ថ្ងៃសុក្រ, 09 ធ្នូ 2022 ម៉ោង 02:02 PM
ស្វែងយល់ពីទ្រឹស្តីអភិវឌ្ឍន៍ពឹងផ្អែក (Dependency) In what ways and to what extent does dependency lead to underdevelopment? ដោយ៖ បណ្ឌិត តូច សុធារី និង លោក សាន ចេង មន្ត្រីនាយកដ្ឋានវិទ្យាសាស្ត្រសេដ្ឋកិច្ច និងទេសចរណ៍

ប្រទេសក្នុងប្រព័ន្ធសេដ្ឋកិច្ចសកលលោកពឹងផ្អែកលើគ្នាទៅវិញទៅមកដើម្បីអភិវឌ្ឍនិងរីកចម្រើនទៅមុខ។ មានសំណួរជុំវិញការអភិវឌ្ឍរបស់ប្រទេសតតិយលោក ដែលក្នុងនោះមានក្រុមប្រទេសនៅទ្វីបអាម៉េរិកឡាទីន និង អាហ្វ្រ៊ិកជាអាទិ៍ត...

2022-12-09 06:51:24   ថ្ងៃសុក្រ, 09 ធ្នូ 2022 ម៉ោង 01:51 PM
រាជបណ្ឌិត្យសភាកម្ពុជាបង្ហាញ «ស្នាដៃស្រាវជ្រាវ ចងក្រង និងការវិភាគលើព្រឹត្តិការណ៍នានា ពាក់ព័ន្ធនឹងការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា និងនៅលើពិភពលោក»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែមិគសិរ ឆ្នាំខាល ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២នេះ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំកម្មវិធីបទបង្ហាញ ស្ដីពី «ស្នាដៃស្រាវជ្រាវ ចងក្រង និងកា...

2022-12-08 08:31:58   ថ្ងៃព្រហស្បតិ៍, 08 ធ្នូ 2022 ម៉ោង 03:31 PM
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច អំពាវនាវឱ្យសប្បុរសជនដែលមានលទ្ធភាព ចូលរួមចំណែកនៅក្នុងការបោះពុម្ពសៀវភៅ ដែលជាស្នាដៃស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជា

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែមិគសិរ ឆ្នាំខាល ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្...

2022-12-08 07:07:22   ថ្ងៃព្រហស្បតិ៍, 08 ធ្នូ 2022 ម៉ោង 02:07 PM
ការអប់រំ និងឧក្រិដ្ឋកម្ម (Education and Crime) ដោយ៖ បណ្ឌិត សូ សុធីរ មន្ត្រីស្រាវជ្រាវនាយកដ្ឋានវិទ្យាសាស្ត្រអប់រំ នៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម, រាជបណ្ឌិត្យសភាកម្ពុជា

ឧក្រិដ្ឋកម្ម ឬបទល្មើសព្រហ្មទណ្ឌ ជាអំពើ ដែលបង្កគ្រោះថ្នាក់ មិនត្រឹមតែចំពោះបុគ្គលមួយចំនួនប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងដល់សហគមន៍ សង្គម ឬប្រទេសផងដែរ។គំនិតដែលធ្វើសកម្មភាព ដូចជា ឃាតកម្ម ការចាប់រំលោភ និងចោរកម្ម...

2022-12-07 02:37:39   ថ្ងៃពុធ, 07 ធ្នូ 2022 ម៉ោង 09:37 AM

សេចក្តីប្រកាស