Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំ វេទិកាពិសេសស្តីពី «មិត្តភាពដែកថែបកម្ពុជាចិន ក្នុងយុគសម័យថ្មី កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងវិបុលភាពរួម» ដែលកម្មវិធីនេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ខាងមុខ នៅសាលទន្លេសាប អគារខេមរវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា រាជធានីភ្នំពេញ ។
វេទិកាពិសេសនេះ នឹងរៀបចំឡើងដោយ មានការអញ្ជើញចូលរួមសុន្ទរកថាស្វាគមន៍ដោយឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា និងទទួលបានការអញ្ជើញថ្លែងសុន្ទរកថាគន្លឹះបើកវេទិកាដោយឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា។ ជមួយគ្នានេះ នៅចុងបញ្ចប់នៃវេទិកា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា នឹងអញ្ជើញជាអធិបតីថ្លែងសុន្ទរកថាគន្លឹះបិទវេទិកាផងដែរ។
ឯកឧត្ដមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងគូសបញ្ជាក់ថា វេទិកានេះនឹងដើរតួនាទីជាថ្នាលដ៏សំខាន់សម្រាប់ការវិភាគស៊ីជម្រៅ និងការផ្លាស់ប្តូរប្រកបដោយអត្ថន័យ អំពីការវិវត្តនៃទំនាក់ទំនងរវាងកម្ពុជានិងចិន។ ឯកឧត្ដមបណ្ឌិតបន្តថា វេទិកាពិសេសនេះនឹងបង្ហាញពីលក្ខណៈពិសេសទំនាក់ទំនង យូរអង្វែងនិងជាយុទ្ធសាស្ត្ររវាងកម្ពុជានិងចិន ដែលត្រូវបានពង្រឹងតាមរយៈកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការទូតវប្បធម៌។ ការចូលរួមចំណែកដ៏មានសំខាន់របស់សហគ្រាសចិនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា ក៏នឹងត្រូវបានបញ្ជាក់យ៉ាងលម្អិតផងដែរ។
វេទិកាពិសេស ស្តីពី «មិត្តភាពដែកថែបកម្ពុជា-ចិន ក្នុងយុគសម័យថ្មី : កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងវិបុលភាពរួម» មានគោលបំណងសំខាន់ៗចំនួន ៥ ដូចខាងក្រោម៖
• ពិនិត្យមើលសមិទ្ធផលសំខាន់ៗដែលកើតចេញពីមិត្តភាពកម្ពុជា-ចិន ក្នុងរយៈពេលជាប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។
• វាយតម្លៃកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធលើវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច សង្គម-វប្បធម៌រវាងប្រទេសទាំងពីរ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជនទាំងពីរ។
• វិភាគអនុភាពខាងក្រៅដែលបង្កជាឧបសគ្គចំពោះមិត្តភាពដែកថែបនិងមិនអាចបំបែកបាន រវាងកម្ពុជានិងចិន។
• បង្កើតវេទិកានៃការផ្លាស់ប្តូរបណ្ឌិតសភាដ៏មានកិត្យានុភាពសម្រាប់អ្នកជំនាញ បញ្ញវន្ត អ្នករៀបចំគោលនយោបាយ និងអ្នកតំណាងធុរកិច្ចមកពីប្រទេសកម្ពុជានិងចិន ដើម្បីចែករំលែកទស្សនៈនិងការយល់ដឹងរបស់ពួកគេពាក់ព័ន្ធនឹងទំនាក់ទំនងកម្ពុជា-ចិន។
• រួមចំណែកពង្រឹងនិងពង្រីកមិត្តភាពនិងកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងកម្ពុជានិងចិន។
ឯកឧត្ដមបណ្ឌិត គិន ភា បានបង្ហាញការរំពឹងថា វេទិកាពិសេសនេះនឹងជំរុញការយល់ដឹងកាន់តែស៊ីជម្រៅអំពីទិដ្ឋភាពប្រវត្តិសាស្ត្រ នយោបាយ និងសេដ្ឋកិច្ចនៃភាពជាដៃគូទ្វេភាគីរវាងទាំងពីរ ជាពិសេសក្នុងបរិបទនៃការផ្លាស់ប្តូរនិទានកថាភូមិសាស្ត្រនយោបាយ។ វេទិកានេះនឹងផ្តល់ការយល់ដឹងពីអ្នកជំនាញអំពីរបៀបដែលប្រទេសទាំងពីរអាចបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត ទន្ទឹមគ្នានឹងការដោះស្រាយបញ្ហាប្រឈមខាងក្រៅ និងបំភ្លឺការយល់ខុសទាក់ទងនឹងទិសដៅគោលនយោបាយការបរទេសរបស់កម្ពុជាក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះវិធីសាស្រ្តការទូតប្រកបដោយតុល្យភាព និងឯករាជ្យ។ ឯកឧត្ដមបណ្ឌិតបានគូសបញ្ជាក់បន្ថែមថា «ព្រឹត្តិការណ៍នេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ជំរុញការផ្លាស់ប្តូរការសិក្សាស្រាវជ្រាវនិងគោលនយោបាយ ព្រមទាំងពង្រឹងចក្ខុវិស័យរយៈពេលវែងសម្រាប់កិច្ចសហប្រតិបត្តិការឈ្នះ ឈ្នះ និងវិបុលភាពរួមរវាងកម្ពុជា និងចិនក្នុងយុគសម័យថ្មី»។
សូមជម្រាបជូនថា វេទិកាពិសេស ស្តីពី «មិត្តភាពដែកថែបកម្ពុជា-ចិន ក្នុងយុគសម័យថ្មី : កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងវិបុលភាពរួម» នឹងប្រព្រឹត្តទៅរយៈពេលមួយព្រឹកពេញ ដោយប្រមូលផ្តុំវាគ្មិនមកពីធនាគារខួរក្បាល តំណាងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ តំណាងក្រសួងពាណិជ្ជកម្ម និងតំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)នៃព្រះរាជាណាចក្រកម្ពុជា និងតំណាងសហគ្រាស សំខាន់ៗរបស់ចិននៅកម្ពុជា។វេទិកានេះនឹងអញ្ជើញអ្នកចូលរួមប្រមាណ ១០០ នាក់មកពីស្ថាប័នរដ្ឋាភិបាល អ្នកជំនាញ និស្សិត និងតំណាងប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា៕
RAC Media | លឹម សុវណ្ណរិទ្ធ
ក្រោមការឧបត្ថម្ភរបស់វិទ្យាស្ថានជ័យសម្រាប់ការសិក្សាជាន់ខ្ពស់ (CIAS) នៃសាធារណរដ្ឋកូរ៉េ នៅចាប់តាំងពីឆ្នាំ២០០៤ រហូតដល់បច្ចុប្បន្ន មជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជា (RAC-RAC) សូមប្រកាសកម្មវិ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍គូសបញ្ជាក់យ៉ាងដូច្នេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីថ្លែងសុន្ទរកថាបិទសន្និសីទអន្តរជាតិ លើកទី១៧ ស្ដីពី «សណ្ដាប់ធ្នាប់ពិភពលោកថ្មី៖ ការប្រ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញជាអធិបតីថ្លែងសុន្ទរកថាបិទសន្និសីទអន្តរជាតិ លើកទី១៧ ស្ដីពី «សណ្ដាប់ធ្នាប់ពិភពលោកថ្មី៖ ការប្រជែង សមាហរណកម្ម និងពហុប៉ូល» ដែលរៀបចំឡើងនៅថ្ងៃអង្គារ ១២រោច ខែមិគសិរ ឆ្...
នៅថ្ងៃសៅរ៍ ៩រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ និងក្រុមការងារស្រាវជ្រាវ តំណាង ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យស...
លោក Futoshi NISHIMOTO លេខាទី១នៃស្ថានទូតជប៉ុន បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងជប៉ុនជាមួយនឹងអាស៊ាន ដោយឆ្លុះបញ្ចាំងអំពីឥណ្ឌូប៉ាស៊ីហ្វិក ដោយជប៉ុនបានប្រគល់ជូននូវរបាយការណ៍វឌ្ឍនភាពនៃនៅក្នុងកិច្ចប្រជុំអា...
វាគ្មិន៖ លោក SHI Weiwei ប្រធានការិយាល័យនយោបាយ នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន លោក SHI Weiwei បានលើកឡើងឯកភាពទៅនឹងទស្សនៈរបស់ឯកឧត្ដមបណ្ឌិត យង់ ពៅ ដែលមហាអំណាចគួរតែអនុញ្ញាតឱ្យប្រទេសតូចៗរីកចម្រើន រុង...