ព័ត៌មាន

រាជបណ្ឌិត្យសភាកម្ពុជារៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩

2025-04-04 05:53:17 ថ្ងៃសុក្រ, 04 មេសា 2025 ម៉ោង 12:53 PM
អ្នកមើល 3370
post_detail1

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥នេះ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្ដមបណ្ឌិតសភាចារ្យ លោកជំទាវបណ្ឌិតសភាចារ្យ ឯកឧត្ដមបណ្ឌិត ជាថ្នាក់ដឹកនាំ និងលោកបណ្ឌិត លោកស្រីបណ្ឌិត លោក លោកស្រី ជាមន្ត្រីរាជការ និងបុគ្គលិក ព្រមទាំងសិស្សនិស្សិតទាំងអស់នៃរាជបណ្ឌិត្យសភាកម្ពុជា។

នៅក្នុងឱកាសរៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ នាព្រឹកនេះ មានការរៀបចំបូជាទៀនធូប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រៃ និងបាននិមន្តព្រះសង្ឃចំនួន ៥អង្គ ដើម្បីចម្រើនព្រះបរិត្ត ស្វាធ្យាយជយន្តោ ពុទ្ធជ័យមង្គល បួងសួងសុំសេចក្ដីសុខចម្រើន និងជោគជ័យនៅក្នុងការបំពេញភារកិច្ចការងារសម្រាប់សង្គមជាតិ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកទាំងអស់នៃរាជបណ្ឌិត្យសភាកម្ពុជា។

ក្នុងឱកាសរៀបចំធ្វើបុណ្យតាមប្រពៃណីជាតិខ្មែរ និងតាមលម្អានព្រះពុទ្ធសាសនា ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក ព្រមទាំងសិស្សនិស្សិតទាំងអស់នៃរាជបណ្ឌិត្យសភាកម្ពុជាបានប្រគេននូវទេយ្យវត្ថុ និងបវារណាចតុបច្ច័យ ថ្វាយចំពោះព្រះសង្ឃ គ្រប់អង្គជាកិច្ចបំពេញកុសលផលបុណ្យ។

នៅក្នុងពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅរាជបណ្ឌិត្យសភាកម្ពុជា នៅក្នុងពេលរសៀលនឹងមានការសម្ដែងរបាំត្រុដិ ដែលជារបាំប្រជាប្រិយដ៏សំខាន់ខ្មែរនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលតាមជំនឿរបស់ដូនតាខ្មែរ ការសម្ដែងរបាំប្រជាប្រិយមួយប្រភេទនេះ ធ្វើឡើងដើម្បីជាការឧបកិច្ចបណ្ដេញឧបទ្រពចង្រៃ និងទទួលយកសិរីសួស្ដីនៅក្នុងឱកាសឆ្លងឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី។

ជាមួយគ្នានេះ នៅពេលអាហារថ្ងៃត្រង់ ក៏មានការរៀបចំពិសារនំបញ្ចុក ដែលជាអាហារបែបប្រពៃណី និងចំណីអាហារសាមញ្ញៗបែបខ្មែរ ដែលមាននៅក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ដើម្បីរំឮកអនុស្សាវរីយ៍សម្រាប់មនុស្សវ័យកណ្ដាល និងវ័យចំណាស់ បង្កើននិងបង្ហាញពីភាពស្និទ្ធស្នាល សា្មរតីភាតរភាព និងសាមគ្គីភាពរវាងថ្នាក់ដឹកនាំ មន្ត្រីរាជការនិងបុគ្គលិក ក៏ដូចជាមួយនឹងសិស្ស និស្សិតជាយុវជនជំនាន់ក្រោយផងដែរ។

បន្ថែមពីនេះទៀត នៅក្នុងពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ដែលប្រារព្ធធ្វើឡើងរយៈពេលមួយថ្ងៃពេញនេះ ក៏មានការរៀបចំលេងល្បែងប្រជាប្រិយតាមប្រពៃណី និងទំនៀមទម្លាប់ខ្មែរជាច្រើនដូចជា ល្បែងទាញព្រ័ត្រ វាយក្អម លាក់កូនខ្លែង ដណ្ដើមស្លឹកឈើ ចោលឈូង បោះអង្គុញ លាក់កន្សែង រុញអង្រែ ស្ដេចចង់ និងទូលក្អមផងដែរ ដើម្បីថែរក្សានិងអភិរក្សល្បែងប្រជាប្រិយខ្មែរ តាមរយៈការជំរុញចលនាមហាជន ពិសេសយុវជនខ្មែរជំនាន់ក្រោយឱ្យដិតដាមចងចាំ និងប្រតិបត្តិបានខ្ជាប់ខ្ជាប់ និងជាប់លាប់ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរជារៀងរាល់ឆ្នាំជាបន្តបន្ទាប់ ខណៈបច្ចុប្បន្នមានយុវជនខ្មែរមួយចំនួនតូច មានទំនោរទៅរកការលេងកម្សាន្តតាមបែបមិនសមរម្យមួយចំនួន ដែលមានលក្ខណៈភ្លើតភ្លើនភ្លេចខ្លួន និងប្រាសចាកពីប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផងដែលដូនតាខ្មែរបានបន្សល់ទុក៕

RAC Media | លឹម សុវណ្ណរិទ្ធ | នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ

post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail

អត្ថបទទាក់ទង

បណ្ឌិតសភាចារ្យ សុខ ទូច៖ សូមអ្នកនយោបាយកុំយកអ្វីដែលជាការមិនពិត មកធ្វើជារលកនយោបាយ

ភ្នំពេញ៖ នៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «ដំណើរប្រព្រឹត្តទៅ និងភាពជាដៃគូសេវាកម្មធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» ដែលបានប្រព្រឹត្តឡើងនៅសាលប្រជុំវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា ន...

2019-08-28 13:56:50   ថ្ងៃពុធ, 28 សីហា 2019 ម៉ោង 08:56 PM
«ប្រជុំដើម្បីពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទ គណ:កម្មការគីមីវិទ្យា និងរូបវិទ្យា »

នៅរសៀល ថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានដឹកនាំប្រជុំដើម្បីពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទ គណ:កម្មការគីមីវិទ្យា និងរូបវិទ្យា ដោយ...

2019-08-21 16:46:32   ថ្ងៃពុធ, 21 សីហា 2019 ម៉ោង 11:46 PM
«ប្រជុំដើម្បីពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទគណ:កម្មការភាសាវិទ្យា...»

នៅរសៀល ថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានដឹកនាំប្រជុំដើម្បីពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទគណ:កម្មការភាសាវិទ្យាបានចំនួន០៤ពាក្យ ដ...

2019-08-20 13:56:58   ថ្ងៃអង្គារ, 20 សីហា 2019 ម៉ោង 08:56 PM
ការបិទបាំងព័ត៌មានមិនល្អ មិនអាចជួយសេដ្ឋកិច្ចចិនទេ ដោយ៖ ជឹម សុជាតិ មន្ត្រីមជ្ឈមណ្ឌលសិក្សាចិន

(រូបភាពពី Asian Nikkei Review)Asiannikkei បានចុះផ្សាយ ៧ សីហា ២០១៩ ថាការបិទសិទ្ធិសេរីភាពព័ត៌មាន នឹងមិនអាចជួយសេដ្ឋកិច្ចចិនបានទេ ដោយអះអាងថា សេដ្ឋកិច្ចត្រូវការព័ត៌មានត្រឹមត្រូវច្បាស់លាស់។ ក្នុងអត្ថបទដែលបា...

2019-08-19 08:37:49   ថ្ងៃចន្ទ, 19 សីហា 2019 ម៉ោង 03:37 PM
«សមិទ្ធផលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ ក្រោមការដឹកនាំរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា...»

ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ ជាខួបពីរឆ្នាំដែលឯកឧត្ដមបណ្ឌិត្យសភាចារ្យ សុខ ទូច បានចូលកាន់ដំណែងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា (១១ សីហា ២០១៧ -១១ សីហា ២០១៩)។ គឺមានរយៈពេលពីរឆ្នាំក្រោមការដឹកនាំរបស់ឯកឧត្ដមបណ្ឌិតស...

2019-08-12 05:58:41   ថ្ងៃចន្ទ, 12 សីហា 2019 ម៉ោង 12:58 PM
«ទំនាក់ទំនងកម្ពុជា និង សាធារណរដ្ឋប្រជាធិបតេយ្យសង្គមនិយម ស្រីលង្កា»

ដោយបណ្ឌិត កា ម៉ាធុល ប្រធាននាយកដ្ឋាន ច្បាប់អន្តរជាតិ និងការទូត នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជារាជបណ្ឌិត្យសភាកម្ពុជាប្រទេសកម្ពុជានិងស្រីលង្កា មានទំនាក់ទំនងការទូតជាផ្លូវការជាមួយគ្នានៅថ្ងៃទី២៨ ខែឧ...

2019-08-09 17:15:09   ថ្ងៃសុក្រ, 09 សីហា 2019 ម៉ោង 12:15 AM

សេចក្តីប្រកាស