ព័ត៌មាន

រាជបណ្ឌិត្យសភាកម្ពុជារៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩

2025-04-04 05:53:17 ថ្ងៃសុក្រ, 04 មេសា 2025 ម៉ោង 12:53 PM
អ្នកមើល 2916
post_detail1

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥នេះ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្ដមបណ្ឌិតសភាចារ្យ លោកជំទាវបណ្ឌិតសភាចារ្យ ឯកឧត្ដមបណ្ឌិត ជាថ្នាក់ដឹកនាំ និងលោកបណ្ឌិត លោកស្រីបណ្ឌិត លោក លោកស្រី ជាមន្ត្រីរាជការ និងបុគ្គលិក ព្រមទាំងសិស្សនិស្សិតទាំងអស់នៃរាជបណ្ឌិត្យសភាកម្ពុជា។

នៅក្នុងឱកាសរៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ នាព្រឹកនេះ មានការរៀបចំបូជាទៀនធូប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រៃ និងបាននិមន្តព្រះសង្ឃចំនួន ៥អង្គ ដើម្បីចម្រើនព្រះបរិត្ត ស្វាធ្យាយជយន្តោ ពុទ្ធជ័យមង្គល បួងសួងសុំសេចក្ដីសុខចម្រើន និងជោគជ័យនៅក្នុងការបំពេញភារកិច្ចការងារសម្រាប់សង្គមជាតិ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកទាំងអស់នៃរាជបណ្ឌិត្យសភាកម្ពុជា។

ក្នុងឱកាសរៀបចំធ្វើបុណ្យតាមប្រពៃណីជាតិខ្មែរ និងតាមលម្អានព្រះពុទ្ធសាសនា ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក ព្រមទាំងសិស្សនិស្សិតទាំងអស់នៃរាជបណ្ឌិត្យសភាកម្ពុជាបានប្រគេននូវទេយ្យវត្ថុ និងបវារណាចតុបច្ច័យ ថ្វាយចំពោះព្រះសង្ឃ គ្រប់អង្គជាកិច្ចបំពេញកុសលផលបុណ្យ។

នៅក្នុងពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅរាជបណ្ឌិត្យសភាកម្ពុជា នៅក្នុងពេលរសៀលនឹងមានការសម្ដែងរបាំត្រុដិ ដែលជារបាំប្រជាប្រិយដ៏សំខាន់ខ្មែរនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលតាមជំនឿរបស់ដូនតាខ្មែរ ការសម្ដែងរបាំប្រជាប្រិយមួយប្រភេទនេះ ធ្វើឡើងដើម្បីជាការឧបកិច្ចបណ្ដេញឧបទ្រពចង្រៃ និងទទួលយកសិរីសួស្ដីនៅក្នុងឱកាសឆ្លងឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី។

ជាមួយគ្នានេះ នៅពេលអាហារថ្ងៃត្រង់ ក៏មានការរៀបចំពិសារនំបញ្ចុក ដែលជាអាហារបែបប្រពៃណី និងចំណីអាហារសាមញ្ញៗបែបខ្មែរ ដែលមាននៅក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ដើម្បីរំឮកអនុស្សាវរីយ៍សម្រាប់មនុស្សវ័យកណ្ដាល និងវ័យចំណាស់ បង្កើននិងបង្ហាញពីភាពស្និទ្ធស្នាល សា្មរតីភាតរភាព និងសាមគ្គីភាពរវាងថ្នាក់ដឹកនាំ មន្ត្រីរាជការនិងបុគ្គលិក ក៏ដូចជាមួយនឹងសិស្ស និស្សិតជាយុវជនជំនាន់ក្រោយផងដែរ។

បន្ថែមពីនេះទៀត នៅក្នុងពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ដែលប្រារព្ធធ្វើឡើងរយៈពេលមួយថ្ងៃពេញនេះ ក៏មានការរៀបចំលេងល្បែងប្រជាប្រិយតាមប្រពៃណី និងទំនៀមទម្លាប់ខ្មែរជាច្រើនដូចជា ល្បែងទាញព្រ័ត្រ វាយក្អម លាក់កូនខ្លែង ដណ្ដើមស្លឹកឈើ ចោលឈូង បោះអង្គុញ លាក់កន្សែង រុញអង្រែ ស្ដេចចង់ និងទូលក្អមផងដែរ ដើម្បីថែរក្សានិងអភិរក្សល្បែងប្រជាប្រិយខ្មែរ តាមរយៈការជំរុញចលនាមហាជន ពិសេសយុវជនខ្មែរជំនាន់ក្រោយឱ្យដិតដាមចងចាំ និងប្រតិបត្តិបានខ្ជាប់ខ្ជាប់ និងជាប់លាប់ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរជារៀងរាល់ឆ្នាំជាបន្តបន្ទាប់ ខណៈបច្ចុប្បន្នមានយុវជនខ្មែរមួយចំនួនតូច មានទំនោរទៅរកការលេងកម្សាន្តតាមបែបមិនសមរម្យមួយចំនួន ដែលមានលក្ខណៈភ្លើតភ្លើនភ្លេចខ្លួន និងប្រាសចាកពីប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផងដែលដូនតាខ្មែរបានបន្សល់ទុក៕

RAC Media | លឹម សុវណ្ណរិទ្ធ | នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ

post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail

អត្ថបទទាក់ទង

«ក្រុមការងារស្រាវជ្រាវផ្នែកគណិតវិទ្យានិងស្ថិតិ គ្រោងនឹងផ្សព្វផ្សាយស្នាដៃ»

ផ្នែកគណិតវិទ្យានិងស្ថិតិ គឺជាផ្នែកមួយរបស់វិទ្យាស្ថានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានៃរាជបណ្ឌិត្យសភាកម្ពុជា។ ផ្នែកនេះ មានប្រធានផ្នែកមួយរូប និងមានមន្រ្តីបម្រើការចំនួន៧រូប ដែលសុទ្ធសឹងជាធនធានមានឯកទេសគណិតវិទ...

2018-12-27 11:36:35   ថ្ងៃព្រហស្បតិ៍, 27 ធ្នូ 2018 ម៉ោង 06:36 PM
បាឋកថាប្រចាំឆ្នាំ២០១៨ «តំបន់អនាធិបតេយ្យនៅប្រទេសកម្ពុជា៖ បញ្ហាប្រឈម និង ដំណោះស្រាយ»

បញ្ហាតំបន់អនាធិបតេយ្យ ជាបញ្ហាឈឺក្បាលមួយ ដែលកំពុងកើតមានច្រើន ទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាទីរួមខេត្តនានានៅទូទាំងប្រទេស។ ទីតាំងមួយចំនួន បានអភិវឌ្ឍនៅកន្លែងក្លាយទៅជាទីប្រជុំជនច្រើន មានសំណង់រឹងមាំ បើទ...

2018-12-27 05:36:02   ថ្ងៃព្រហស្បតិ៍, 27 ធ្នូ 2018 ម៉ោង 12:36 PM
«កិច្ចប្រជុំផ្ទៀងផ្ទាត់ការងារបញ្ចប់ឆ្នាំ២០១៨»

ឆ្នាំ២០១៨នេះ ជាឆ្នាំដែលរាជបណ្ឌិត្យសភាកម្ពុជា មានសកម្មភាពច្រើន បើប្រៀបធៀបជាមួយនឹងបណ្តាឆ្នាំកន្លងទៅ។ ដូចដែលឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ក្នុងការតាំងចិត្តធ្វើកំ...

2018-12-24 09:00:28   ថ្ងៃចន្ទ, 24 ធ្នូ 2018 ម៉ោង 04:00 PM
«ឯកឧត្តមបណ្ឌិត យង់ ពៅ អញ្ជើញបិទកម្មវិធីសន្និសីទអន្តរជាតិ នៅសណ្ឋាគារអង្គរសេនជូរី»

ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា តំណាងឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីបិទសន្និសីទអន្តរជាតិលើកទី១៤ ស្តីពី «តម្លៃវប្បធម...

2018-12-20 11:32:42   ថ្ងៃព្រហស្បតិ៍, 20 ធ្នូ 2018 ម៉ោង 06:32 PM
«ការប្រើប្រាស់អក្សរថៃនៅក្នុងការសរសេរអក្សរបាលី៖ បញ្ហា និងដំណោះស្រាយ»

លោកសាស្ត្រាចារ្យ Kangvol Khatshima ជាជនជាតិថៃ ដើមកំណើតខ្មែរសុរិន្ទ​ បានអញ្ជើញ​មក​ចូលរួមជាវាគ្មិន ក្នុងកម្មវិធីសន្និសីទអន្តរជាតិ ស្តីពី «តម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វិក៖ វប្បធម៌, ប្រវត្តិ និងមោទកភាព» ថ្ងៃ...

2018-12-20 09:34:55   ថ្ងៃព្រហស្បតិ៍, 20 ធ្នូ 2018 ម៉ោង 04:34 PM
ចង្កៀងគោមបុរាណខ្មែរ LANTERN LAMP OF KHMER ANCIENT

បទបង្ហាញដោយបណ្ឌិត ខៀវ កុសល អនុប្រធានសមាគមអ្នកនិពន្ធខ្មែរ និងជាសមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា    តាមនិយមន័យវចនានុក្រមរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត «ចង្កៀង»មានន័យថា ប្រដាប់សម្រា...

2018-12-20 07:44:44   ថ្ងៃព្រហស្បតិ៍, 20 ធ្នូ 2018 ម៉ោង 02:44 PM

សេចក្តីប្រកាស