Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥នេះ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្ដមបណ្ឌិតសភាចារ្យ លោកជំទាវបណ្ឌិតសភាចារ្យ ឯកឧត្ដមបណ្ឌិត ជាថ្នាក់ដឹកនាំ និងលោកបណ្ឌិត លោកស្រីបណ្ឌិត លោក លោកស្រី ជាមន្ត្រីរាជការ និងបុគ្គលិក ព្រមទាំងសិស្សនិស្សិតទាំងអស់នៃរាជបណ្ឌិត្យសភាកម្ពុជា។
នៅក្នុងឱកាសរៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ នាព្រឹកនេះ មានការរៀបចំបូជាទៀនធូប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រៃ និងបាននិមន្តព្រះសង្ឃចំនួន ៥អង្គ ដើម្បីចម្រើនព្រះបរិត្ត ស្វាធ្យាយជយន្តោ ពុទ្ធជ័យមង្គល បួងសួងសុំសេចក្ដីសុខចម្រើន និងជោគជ័យនៅក្នុងការបំពេញភារកិច្ចការងារសម្រាប់សង្គមជាតិ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកទាំងអស់នៃរាជបណ្ឌិត្យសភាកម្ពុជា។
ក្នុងឱកាសរៀបចំធ្វើបុណ្យតាមប្រពៃណីជាតិខ្មែរ និងតាមលម្អានព្រះពុទ្ធសាសនា ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក ព្រមទាំងសិស្សនិស្សិតទាំងអស់នៃរាជបណ្ឌិត្យសភាកម្ពុជាបានប្រគេននូវទេយ្យវត្ថុ និងបវារណាចតុបច្ច័យ ថ្វាយចំពោះព្រះសង្ឃ គ្រប់អង្គជាកិច្ចបំពេញកុសលផលបុណ្យ។
នៅក្នុងពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅរាជបណ្ឌិត្យសភាកម្ពុជា នៅក្នុងពេលរសៀលនឹងមានការសម្ដែងរបាំត្រុដិ ដែលជារបាំប្រជាប្រិយដ៏សំខាន់ខ្មែរនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលតាមជំនឿរបស់ដូនតាខ្មែរ ការសម្ដែងរបាំប្រជាប្រិយមួយប្រភេទនេះ ធ្វើឡើងដើម្បីជាការឧបកិច្ចបណ្ដេញឧបទ្រពចង្រៃ និងទទួលយកសិរីសួស្ដីនៅក្នុងឱកាសឆ្លងឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី។
ជាមួយគ្នានេះ នៅពេលអាហារថ្ងៃត្រង់ ក៏មានការរៀបចំពិសារនំបញ្ចុក ដែលជាអាហារបែបប្រពៃណី និងចំណីអាហារសាមញ្ញៗបែបខ្មែរ ដែលមាននៅក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ដើម្បីរំឮកអនុស្សាវរីយ៍សម្រាប់មនុស្សវ័យកណ្ដាល និងវ័យចំណាស់ បង្កើននិងបង្ហាញពីភាពស្និទ្ធស្នាល សា្មរតីភាតរភាព និងសាមគ្គីភាពរវាងថ្នាក់ដឹកនាំ មន្ត្រីរាជការនិងបុគ្គលិក ក៏ដូចជាមួយនឹងសិស្ស និស្សិតជាយុវជនជំនាន់ក្រោយផងដែរ។
បន្ថែមពីនេះទៀត នៅក្នុងពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ដែលប្រារព្ធធ្វើឡើងរយៈពេលមួយថ្ងៃពេញនេះ ក៏មានការរៀបចំលេងល្បែងប្រជាប្រិយតាមប្រពៃណី និងទំនៀមទម្លាប់ខ្មែរជាច្រើនដូចជា ល្បែងទាញព្រ័ត្រ វាយក្អម លាក់កូនខ្លែង ដណ្ដើមស្លឹកឈើ ចោលឈូង បោះអង្គុញ លាក់កន្សែង រុញអង្រែ ស្ដេចចង់ និងទូលក្អមផងដែរ ដើម្បីថែរក្សានិងអភិរក្សល្បែងប្រជាប្រិយខ្មែរ តាមរយៈការជំរុញចលនាមហាជន ពិសេសយុវជនខ្មែរជំនាន់ក្រោយឱ្យដិតដាមចងចាំ និងប្រតិបត្តិបានខ្ជាប់ខ្ជាប់ និងជាប់លាប់ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរជារៀងរាល់ឆ្នាំជាបន្តបន្ទាប់ ខណៈបច្ចុប្បន្នមានយុវជនខ្មែរមួយចំនួនតូច មានទំនោរទៅរកការលេងកម្សាន្តតាមបែបមិនសមរម្យមួយចំនួន ដែលមានលក្ខណៈភ្លើតភ្លើនភ្លេចខ្លួន និងប្រាសចាកពីប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផងដែលដូនតាខ្មែរបានបន្សល់ទុក៕
RAC Media | លឹម សុវណ្ណរិទ្ធ | នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ
គ្រូបង្រៀនត្រូវតែបំពេញតម្រូវការប្រចាំថ្ងៃជាបន្ទាន់ ដូចជាការរៀបចំមេរៀន ការវាយតម្លៃការអនុវត្តរបស់សិស្ស ការបង្កើត និងគ្រប់គ្រងបរិយាកាសក្នុងថ្នាក់រៀនដោយយុត្តិធម៌ និងសមធម៌។ ដោយសារតែភាពបន្ទាន់ បញ្ហាប្រឈមទាំ...
ការរីកដុះដាលនៃក្រុមទស្សនវិទូនិយមការសិក្សាស្រាវជ្រាវដើម្បីធ្វើការផ្លាស់ប្តូរ បានកើតឡើងនៅក្នុងចន្លោះទស្សវត្សទី៨០ និង៩០ ដោយយោងលើហេតុផលសំខាន់ៗមួយចំនួនមានដូចជា៖ (១) មនុស្សម្នាក់ៗនៅក្នុងសង្គមបានចាប់ផ្តើមគិត...
ដោយ៖ បណ្ឌិត វង់ សំអូន ជំនួយការខុទ្ទកាល័យរាជបណ្ឌិត្យសភាកម្ពុជាក្រុមទស្សនវិទូបានប្រើប្រាស់គោលវិធីសិក្សាស្រាវជ្រាវផ្សេងៗគ្នា ដើម្បីឈានទៅបង្កើតចំណេះដឹង ឬរបកគំហើញថ្មីៗ ដោយអាស្រ័យលើបញ្ហាកំពុងសិក្សាស្រាវជ្រា...
ការប្រែប្រួល តែងតែកើតមានជានិច្ច ពីដំណាក់កាលមួយទៅដំណាក់កាលមួយ ពីពេលមួយទៅពេលមួយ ពីកន្លែងមួយទៅកន្លែងមួយ។ ពីមុនគេតែងលើកឡើងថា«ធនធានមនុស្ស ជាកម្លាំងចលករក្នុងការអភិវឌ្ឍប្រទេសជាតិ»។ ពាក្យ «ធនធានមនុស្ស» ក្លាយជ...
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានក្លាយទៅជានាយករដ្ឋមន្ត្រីរបស់ប្រទេសកម្ពុជា បន្ទាប់ពីគណបក្សប្រជាជនកម្ពុជាបានឈ្នះការបោះឆ្នោតនៅក្នុងឆ្នាំ ២០២៣ ហើយនឹងបន្ទាប់ពីសម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជ...
ក្រុមទស្សនវិទូ ដែលនិយមលើការសិក្សាស្រាវជ្រាវដើម្បីផ្ទៀងផ្ទាត់ទ្រឹស្តីពីមុនៗ (Postpositivist) បានបញ្ជាក់ថា រាល់ចំណេះដឹង ឬទស្សនដែលមានស្រាប់ទាំងអស់មិនប្រាកដថាត្រឹមត្រូវ១០០%នោះទេ។ អ្ន...