ព័ត៌មាន

បណ្ឌិត យង់ ពៅ៖ ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង គឺជាការរៀបចំផ្គូរផ្គងដោយក្រុមពិធីការប្រទេស៤ មិនមានការទាញភ្ជាប់ទិដ្ឋភាពប្រវត្តិសាស្ត្រនោះទេ

2025-04-15 02:09:54 ថ្ងៃអង្គារ, 15 មេសា 2025 ម៉ោង 09:09 AM
អ្នកមើល 2380
post_detail1

          ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីចិននៅកម្ពុជា ចំថ្ងៃទី១៧-១៨ ខែមេសា ឆ្នាំ២០២៥ ដែលមានមតិមួយចំនួនបានទាញភ្ជាប់ដំណើរទស្សនកិច្ចនេះទៅនឹងថ្ងៃជ័យជម្នះរបស់ក្រុមខ្មែរក្រហម នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ​ បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ គឺជាការរៀបចំ​ឡើងដោយក្រុមការងារពិធីការនៃប្រទេសទាំង៤គឺ ចិន វៀតណាម ម៉ាឡេស៊ី ​និងកម្ពុជា ពោលគឺមិនមែនជាការរៀបចំ ដោយភ្ជាប់ទៅនឹងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ឬនយោបាយណាមួយនោះទេ។ លោកបណ្ឌិតបានបន្តថា ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង នៅកម្ពុជានាពេលនេះ ជាការរៀបចំផ្គូរផ្គងដោយ​ធ្វើដំណើរទៅកាន់ប្រទេសវៀតណាមផង ប្រទេសម៉ាឡេស៊ីផង និងចុងក្រោយគឺជាដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជានៅថ្ងៃទី១៧-១៨ ខែមេសា ឆ្នាំ២០២៥ ដែលជាពេលវេលា​នៃក្រុមពិធីការនិងរដ្ឋាភិបាលប្រទេសទាំង៤បានឯកភាពគ្នា ហើយជារឿងចៃដន្យដែលត្រូវ​ចំថ្ងៃនេះ ដែលគេមិនអាចទាញភ្ជាប់ព្រឹត្តិការណ៍នយោបាយនោះទេ ព្រោះគេមិនអាចតម្រូវឱ្យប្រទេសផ្សេងទៀតរៀបចំពេលវេលា ដើម្បីតែភ្ជាប់នឹងកម្ពុជានោះទេ។ ម្យ៉ាងវិញទៀត បើគេសង្កេតដំណើរបំពេញទស្សនកិច្ចរបស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង នៅកម្ពុជា កន្លងទៅ កាលពីអំឡុងខែតុលា ឆ្នាំ២០១៦ ពោលគឺជាដំណើរទស្សនកិច្ចដំបូងក្រោយពេលលោកក្លាយជាប្រធានាធិបតីចិនដំបូង ដែលលោកបានធ្វើដំណើរមកបំពេញទស្សនកិច្ចនៅកម្ពុជា រួចបន្តទៅកាន់ប្រទេសប៉ាគីស្ថាន ​និងឥណ្ឌា ដែលការបំពេញទស្សនកិច្ច​នាពេលនោះ ក៏ពុំមែនជាកាលបរិច្ឆេទពិសេសអ្វីនោះដែរ។

          បន្ថែមពីនេះ លោកបណ្ឌិតបានមានប្រសាសន៍ថា ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនិងនយោបាយនៃប្រទេសកម្ពុជា មានការណែងណងគ្នា ដែលជាឧទាហរណ៍មានដូចជា ​ការធ្វើរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ បាននាំប្រទេសកម្ពុជាធ្លាក់ក្នុងភ្លើងសង្គ្រាមរហូតដល់មានព្រឹត្តិការណ៍ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដែលនាំកម្ពុជាធ្លាក់ក្នុងរបបវាលពិឃាត ជាហេតុធ្វើឱ្យមានការបង្កើតរណសិរ្ស ២ធ្នូ ឆ្នាំ១៩៧៨ និងនាំទៅដល់ព្រឹត្តិការណ៍ ថ្ងៃទី៧ មករា ១៩៧៩ ហើយការវិវត្តប្រវត្តិសាស្ត្របាននាំកម្ពុជាទៅដល់ព្រឹត្តិការណ៍ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ជាដើម​។ ត្រង់ចំណុចនេះ លោកបណ្ឌិតបានថ្លែងសង្កត់ធ្ងន់ថា គ្រប់កាលបរិច្ឆេទ សុទ្ធតែមានព្រឹត្តិការណ៍កើតឡើងក្នុងអតីតកាល ដូច្នេះ ប្រសិនបើយើងទាញភ្ជាប់ គឺមានតែទាញភ្ជាប់ជាចង្កោមនៃព្រឹត្តិការណ៍។ ទោះជាយ៉ាងណា គេមិនអាចទាញកង់ប្រវត្តិសាស្ត្រឱ្យព្រឹត្តិការណ៍ទាំង​នោះឱ្យកើតឡើងវិញម្ដងទៀតបាននោះទេ។

          ជាមួយគ្នានេះ លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថា គេគ្មានហេតុផលអ្វីមួយ​ដើម្បីទាញភ្ជាប់ព្រឹត្តិការណ៍នយោបាយដែលកើតឡើងក្នុងអតីតកាល ឱ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិ ឬផលប្រយោជន៍នៃទំនាក់ទំនងរវាងប្រទេសទាំងពីរនោះទេ។ ម្យ៉ាងវិញទៀត រាជរដ្ឋាភិបាលកម្ពុជា ក៏បានរៀបចំបង្កើតច្បាប់ប្រឆាំងនឹងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម​កើតឡើងនៅក្នុងសម័យកម្ពុជាប្រជាធិបតេយ្យផងដែរ ដែលបង្ហាញពីឆន្ទៈនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជារួចស្រេចទៅហើយ។ ហេតុនេះហើយ គេមិនអាចទាញចង្កោមព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ មករំខានដល់សុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាទំនាក់ទំនងល្អជាមួយដៃគូខ្លួននោះទេ។

          ចំណុចមួយទៀតគឺ ប្រទេសចិនក៏កំពុងតែប្រឹងប្រែងនៅក្នុងការជំរុញសណ្ដាប់ធ្នាប់នៃសេដ្ឋកិច្ចពិភពលោកថ្មី ដើម្បីដោះស្រាយបញ្ហាកើតឡើងចេញពីការដំឡើងពន្ធជាសាកលរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ផងដែរ។ ដូច្នេះចិន ពិតជាមិនមានពេលវេលាណាមួយសម្រាប់ចេតនាដុតរោលនយោបាយនៅក្នុងប្រទេសណាមួយនោះទេ ពោលគឺ ចិនព្យាយាមប្រឹងប្រែងជំរុញទំនាក់ទំនងទ្វេភាគី និងក្នុងតំបន់ និងសណ្ដាប់ធ្នាប់ពិភពលោកទាំងមូល ហើយចិនគ្មានហេតុផលដែលចិនទាញភ្ជាប់ដើម្បីធ្វើឱ្យខូចខាតទំនាក់ទំនងទ្វេភាគីឡើយ។

          ទោះជាយ៉ាងណា លោកបណ្ឌិត យង់ ពៅ ក៏បានកត់សម្គាល់ផងដែរថា បើរាប់ទាំង​ដំណើរទស្សនកិច្ចនាពេលនេះ លោកប្រធានាធិបតីចិន ស៊ី ជីនពីង បានបំពេញទស្សនកិច្ចនៅវៀតណាមរហូតដល់ទៅ ៥ដងទៅហើយ ដែលបង្ហាញថា ថ្វីដ្បិតតែទំនាក់ទំនងរវាងវៀតណាមនិងចិន មិនមែនជាមិត្តភាពដែកថែបដូចជា ទំនាក់ទំនងកម្ពុជា-ចិន ប៉ុន្តែការបំពេញទស្សនកិច្ចរបស់លោកប្រធានាធិបតីចិនទៅកាន់វៀតណាម មានច្រើនជាងកម្ពុជាទៅទៀត ដោយសារតែទំនាក់ទំនងក្នុងលក្ខខណ្ឌពិសេសនៃប្រវត្តិសាស្ត្រ និងគណបក្សនយោបាយ រវាងបក្សកុម្មុយនីស្តចិននិងបក្សកុម្មុយនីស្តវៀតណាមជាដើម៕

RAC Media

អត្ថបទទាក់ទង

បច្ចុប្បន្នភាពនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននៅកម្ពុជា ដោយ៖ បណ្ឌិត ជា វណ្ណី ប្រធាននាយកដ្ឋានធម្មសាស្រ្ត ចរិយាសាស្រ្តនិងយេនឌ័រនៃវិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ ...

2022-01-31 05:39:53   ថ្ងៃចន្ទ, 31 មករា 2022 ម៉ោង 12:39 PM
នរវិទ្យា៖ មូលដ្ឋានចំណេះដឹង និង ការប្រើប្រាស់ ដោយ៖ ឯកឧត្តមបណ្ឌិត អ៊ុំ ប៉ុម ជំនួយការរាជបណ្ឌិត្យសភាកម្ពុជា

RAC M...

2022-01-30 07:44:37   ថ្ងៃអាទិត្យ, 30 មករា 2022 ម៉ោង 02:44 PM
ហេតុអ្វីមានវិធីចូលឆ្នាំប្រពៃណីចិននៅកម្ពុជា? ដោយ៖ លោក ហៃ សុវង្ស មន្ត្រីស្ម័គ្រចិត្តនៃវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2022-01-29 09:42:36   ថ្ងៃសៅរ៍, 29 មករា 2022 ម៉ោង 04:42 PM
បណ្ឌិតសភាចារ្យ សុខ ទូច៖ មហាអំណាចនឹងមិនបណ្ដោយឱ្យវិបត្តិអ៊ុយក្រែនផ្ទុះក្លាយទៅជាសង្គ្រាមនោះឡើយ

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឱកាសអញ្ជើញថ្លែងបកស្រាយនៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «ភាពតានតឹងរវាងបក្សសម្ព័ន្ធណាតូ និងសហព័ន្ធរុស្ស៊ី» នាព្រឹកថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្...

2022-01-28 13:06:18   ថ្ងៃសុក្រ, 28 មករា 2022 ម៉ោង 08:06 PM
អត្ថបទរបាំម៉ុងសាយក្នុងពិធីចូលឆ្នាំប្រពៃណីចិន ដោយ៖ លោក ខុម មុនីប្បញ្ញា វិទ្យស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2022-01-28 05:27:35   ថ្ងៃសុក្រ, 28 មករា 2022 ម៉ោង 12:27 PM
តម្លៃអប់រំនៃការបណ្តុះធម្មចរិយា ដោយ៖ លោកស្រី បណ្ឌិត ជា វណ្ណី នាយកដ្ឋានធម្មសាស្ត្រ ចរិយាសាស្ត្រ និងយេនឌ័រនៃវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម

តម្លៃអប់រំនៃការបណ្តុះធម្មចរិយា សីលធម៌ សុជីវធម៌ និងគុណធម៌ គឺមានសារសំខាន់ ដ្បិតវាជាគោលសម្រាប់ទូន្មានខ្លួនឱ្យមានចរិយាសណ្តាប់ធ្នាប់ល្អ មានសីលធម៌ វៀរចាកការប្រព្រឹត្តិទង្វើអាក្រក់ដែលមិនគប្បីធ្វើ ជាទង្វើដែលន...

2022-01-26 12:59:34   ថ្ងៃពុធ, 26 មករា 2022 ម៉ោង 07:59 PM

សេចក្តីប្រកាស