ព័ត៌មាន

បណ្ឌិត យង់ ពៅ៖ ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង គឺជាការរៀបចំផ្គូរផ្គងដោយក្រុមពិធីការប្រទេស៤ មិនមានការទាញភ្ជាប់ទិដ្ឋភាពប្រវត្តិសាស្ត្រនោះទេ

2025-04-15 02:09:54 ថ្ងៃអង្គារ, 15 មេសា 2025 ម៉ោង 09:09 AM
អ្នកមើល 2213
post_detail1

          ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីចិននៅកម្ពុជា ចំថ្ងៃទី១៧-១៨ ខែមេសា ឆ្នាំ២០២៥ ដែលមានមតិមួយចំនួនបានទាញភ្ជាប់ដំណើរទស្សនកិច្ចនេះទៅនឹងថ្ងៃជ័យជម្នះរបស់ក្រុមខ្មែរក្រហម នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ​ បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ គឺជាការរៀបចំ​ឡើងដោយក្រុមការងារពិធីការនៃប្រទេសទាំង៤គឺ ចិន វៀតណាម ម៉ាឡេស៊ី ​និងកម្ពុជា ពោលគឺមិនមែនជាការរៀបចំ ដោយភ្ជាប់ទៅនឹងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ឬនយោបាយណាមួយនោះទេ។ លោកបណ្ឌិតបានបន្តថា ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង នៅកម្ពុជានាពេលនេះ ជាការរៀបចំផ្គូរផ្គងដោយ​ធ្វើដំណើរទៅកាន់ប្រទេសវៀតណាមផង ប្រទេសម៉ាឡេស៊ីផង និងចុងក្រោយគឺជាដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជានៅថ្ងៃទី១៧-១៨ ខែមេសា ឆ្នាំ២០២៥ ដែលជាពេលវេលា​នៃក្រុមពិធីការនិងរដ្ឋាភិបាលប្រទេសទាំង៤បានឯកភាពគ្នា ហើយជារឿងចៃដន្យដែលត្រូវ​ចំថ្ងៃនេះ ដែលគេមិនអាចទាញភ្ជាប់ព្រឹត្តិការណ៍នយោបាយនោះទេ ព្រោះគេមិនអាចតម្រូវឱ្យប្រទេសផ្សេងទៀតរៀបចំពេលវេលា ដើម្បីតែភ្ជាប់នឹងកម្ពុជានោះទេ។ ម្យ៉ាងវិញទៀត បើគេសង្កេតដំណើរបំពេញទស្សនកិច្ចរបស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង នៅកម្ពុជា កន្លងទៅ កាលពីអំឡុងខែតុលា ឆ្នាំ២០១៦ ពោលគឺជាដំណើរទស្សនកិច្ចដំបូងក្រោយពេលលោកក្លាយជាប្រធានាធិបតីចិនដំបូង ដែលលោកបានធ្វើដំណើរមកបំពេញទស្សនកិច្ចនៅកម្ពុជា រួចបន្តទៅកាន់ប្រទេសប៉ាគីស្ថាន ​និងឥណ្ឌា ដែលការបំពេញទស្សនកិច្ច​នាពេលនោះ ក៏ពុំមែនជាកាលបរិច្ឆេទពិសេសអ្វីនោះដែរ។

          បន្ថែមពីនេះ លោកបណ្ឌិតបានមានប្រសាសន៍ថា ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនិងនយោបាយនៃប្រទេសកម្ពុជា មានការណែងណងគ្នា ដែលជាឧទាហរណ៍មានដូចជា ​ការធ្វើរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ បាននាំប្រទេសកម្ពុជាធ្លាក់ក្នុងភ្លើងសង្គ្រាមរហូតដល់មានព្រឹត្តិការណ៍ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដែលនាំកម្ពុជាធ្លាក់ក្នុងរបបវាលពិឃាត ជាហេតុធ្វើឱ្យមានការបង្កើតរណសិរ្ស ២ធ្នូ ឆ្នាំ១៩៧៨ និងនាំទៅដល់ព្រឹត្តិការណ៍ ថ្ងៃទី៧ មករា ១៩៧៩ ហើយការវិវត្តប្រវត្តិសាស្ត្របាននាំកម្ពុជាទៅដល់ព្រឹត្តិការណ៍ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ជាដើម​។ ត្រង់ចំណុចនេះ លោកបណ្ឌិតបានថ្លែងសង្កត់ធ្ងន់ថា គ្រប់កាលបរិច្ឆេទ សុទ្ធតែមានព្រឹត្តិការណ៍កើតឡើងក្នុងអតីតកាល ដូច្នេះ ប្រសិនបើយើងទាញភ្ជាប់ គឺមានតែទាញភ្ជាប់ជាចង្កោមនៃព្រឹត្តិការណ៍។ ទោះជាយ៉ាងណា គេមិនអាចទាញកង់ប្រវត្តិសាស្ត្រឱ្យព្រឹត្តិការណ៍ទាំង​នោះឱ្យកើតឡើងវិញម្ដងទៀតបាននោះទេ។

          ជាមួយគ្នានេះ លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថា គេគ្មានហេតុផលអ្វីមួយ​ដើម្បីទាញភ្ជាប់ព្រឹត្តិការណ៍នយោបាយដែលកើតឡើងក្នុងអតីតកាល ឱ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិ ឬផលប្រយោជន៍នៃទំនាក់ទំនងរវាងប្រទេសទាំងពីរនោះទេ។ ម្យ៉ាងវិញទៀត រាជរដ្ឋាភិបាលកម្ពុជា ក៏បានរៀបចំបង្កើតច្បាប់ប្រឆាំងនឹងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម​កើតឡើងនៅក្នុងសម័យកម្ពុជាប្រជាធិបតេយ្យផងដែរ ដែលបង្ហាញពីឆន្ទៈនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជារួចស្រេចទៅហើយ។ ហេតុនេះហើយ គេមិនអាចទាញចង្កោមព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ មករំខានដល់សុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាទំនាក់ទំនងល្អជាមួយដៃគូខ្លួននោះទេ។

          ចំណុចមួយទៀតគឺ ប្រទេសចិនក៏កំពុងតែប្រឹងប្រែងនៅក្នុងការជំរុញសណ្ដាប់ធ្នាប់នៃសេដ្ឋកិច្ចពិភពលោកថ្មី ដើម្បីដោះស្រាយបញ្ហាកើតឡើងចេញពីការដំឡើងពន្ធជាសាកលរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ផងដែរ។ ដូច្នេះចិន ពិតជាមិនមានពេលវេលាណាមួយសម្រាប់ចេតនាដុតរោលនយោបាយនៅក្នុងប្រទេសណាមួយនោះទេ ពោលគឺ ចិនព្យាយាមប្រឹងប្រែងជំរុញទំនាក់ទំនងទ្វេភាគី និងក្នុងតំបន់ និងសណ្ដាប់ធ្នាប់ពិភពលោកទាំងមូល ហើយចិនគ្មានហេតុផលដែលចិនទាញភ្ជាប់ដើម្បីធ្វើឱ្យខូចខាតទំនាក់ទំនងទ្វេភាគីឡើយ។

          ទោះជាយ៉ាងណា លោកបណ្ឌិត យង់ ពៅ ក៏បានកត់សម្គាល់ផងដែរថា បើរាប់ទាំង​ដំណើរទស្សនកិច្ចនាពេលនេះ លោកប្រធានាធិបតីចិន ស៊ី ជីនពីង បានបំពេញទស្សនកិច្ចនៅវៀតណាមរហូតដល់ទៅ ៥ដងទៅហើយ ដែលបង្ហាញថា ថ្វីដ្បិតតែទំនាក់ទំនងរវាងវៀតណាមនិងចិន មិនមែនជាមិត្តភាពដែកថែបដូចជា ទំនាក់ទំនងកម្ពុជា-ចិន ប៉ុន្តែការបំពេញទស្សនកិច្ចរបស់លោកប្រធានាធិបតីចិនទៅកាន់វៀតណាម មានច្រើនជាងកម្ពុជាទៅទៀត ដោយសារតែទំនាក់ទំនងក្នុងលក្ខខណ្ឌពិសេសនៃប្រវត្តិសាស្ត្រ និងគណបក្សនយោបាយ រវាងបក្សកុម្មុយនីស្តចិននិងបក្សកុម្មុយនីស្តវៀតណាមជាដើម៕

RAC Media

អត្ថបទទាក់ទង

កិច្ចពិភាក្សាពីការប្រែក្លាយសំរាមជាប្រភពថាមពលកកើតឡើងវិញ ជាវឌ្ឍនភាពនៃសហប្រតិបត្តិការស្រាវជា្រវរវាងភាគីកូរ៉េ (ក្រុមហ៊ុន Geoentech Co., LTD) និង រាជបណ្ឌិត្យសភាកម្ពុជា

នៅថ្ងៃចន្ទ ១៤រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំការប្រជុំលើកទី២ ជាមួយម្ចាស់ក្រុមហ៊ុន ជីអូ អិន...

2022-10-25 09:23:51   ថ្ងៃអង្គារ, 25 តុលា 2022 ម៉ោង 04:23 PM
ឯកឧត្តមបណ្ឌិត សុក ស៊ីផាន់ណា ទទួលបានការតែងតាំងជាសមាជិកពេញសិទ្ធិ នៃរាជបណ្ឌិត្យសភាកម្ពុជា តាមព្រះរាជក្រឹត្យលេខ នស/រកត/១០២២/១២២៣ ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ មានងារជា «បណ្ឌិតសភាចារ្យ»

យោងតាមសំណើរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសនៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា ព្រះមហាក្សត្របានសព្វព្រះរាជហឫទ័យប្រោសប្រ...

2022-10-21 09:00:08   ថ្ងៃសុក្រ, 21 តុលា 2022 ម៉ោង 04:00 PM
ភ្ញៀវបរទេស និងបងប្អូនខ្មែរ-អាម៉េរិកាំង បានមកទស្សនាស្វែងយល់នៅឧទ្យានតេជោសែនឫស្សីត្រឹប

តាមការបញ្ជាក់ក្នុងទំព័រហ្វេសប៊ុក ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានឱ្យដឹងថា កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ មានភ្ញៀវបរទេស មានជនជាតិអាម៉េរិក អាហ្វ្រ៊ិក និងខ្មែរអាមេរិកាំង សរុបចំនួន១៥នាក់ បានមកទស្សនាឧទ្យ...

2022-10-19 15:23:58   ថ្ងៃពុធ, 19 តុលា 2022 ម៉ោង 10:23 PM
ឯកឧត្តមបណ្ឌិត យង់ ពៅ៖ បញ្ហាសន្តិសុខសកល ជាប្រធានបទក្ដៅគ្រប់ពេល បាននិងកំពុងជះឥទ្ធិពលដល់បម្រែបម្រួលនៃភូមិសាស្រ្តនយោបាយ និងសណ្តាប់ធ្នាប់ពិភពលោក

ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិកានៃរាជបណ្ឌិត្យសភាកម្ពុជា ក្នុងឱកាសបិទកម្មវិធីវេទិកាគោលនយោបាយទំនាក់ទំនងអន្តរជាតិ ស្តីពី «ទ្វេគ្រោះសន្តិសុខក្នុងតំបន់ ៖ និន្នាការ ទិសដៅ និងការបំភាន់» កាលពីព្រឹកថ្ងៃទី១៩ ខ...

2022-10-19 15:01:20   ថ្ងៃពុធ, 19 តុលា 2022 ម៉ោង 10:01 PM
ឯកត្ដមបណ្ឌិតបណ្ឌិត យង់ ពៅ៖ វគ្គតម្រង់ទិសការងារនេះ ផ្តល់ឱកាសដល់គ្រូបង្រៀនជនជាតិចិនក្នុងការសិក្សាស្វែងយល់ពីការងារ ការរស់នៅ ប្រពៃណីទំនៀមទម្លាប់ ច្បាប់ពាក់ព័ន្ធផ្សេងៗរបស់ប្រទេសកម្ពុជាមុននឹងចាប់ផ្តើមបំពេញបេសកកម្មការងាររបស់ខ្លួននៅក្នុងប្រទេសកម្ពុជា

នាព្រឹកថ្ងៃ១៩ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញចូលរួមពិធីសំណេះសំណាលនិងតម្រង់ទិសការងារដល់គ្រូបង្រៀនជនជាតិចិន ឆ្នាំសិក្សា២០២២-២០២៣ ក្រោមអធិបតីភាពរបស...

2022-10-19 14:34:34   ថ្ងៃពុធ, 19 តុលា 2022 ម៉ោង 09:34 PM
បណ្ឌិតសភាចារ្យ សុខ ទូច៖ ហេតុផលសំខាន់ៗចំនួន៦ ដែលបង្កបរិយាកាសសមស្របសម្រាប់ជនជាតិចិនអាចមកបំពេញការងារនៅកម្ពុជាបាន

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងតម្រង់ទិសការងារដល់គ្រូបង្រៀនជនជាតិចិន ឆ្នាំសិក្សា២០២២-២០២៣ នាព្រឹកថ្ងៃពុធ ៩ រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃ...

2022-10-19 14:08:52   ថ្ងៃពុធ, 19 តុលា 2022 ម៉ោង 09:08 PM

សេចក្តីប្រកាស