ព័ត៌មាន

មិត្តភាពដែកថែបកម្ពុជា-ចិនក្នុងយុគសម័យថ្មី : ដំណើររួមគ្នាឆ្ពោះទៅរកវិបុលភាពនិងការអភិវឌ្ឍ

2025-04-17 03:12:53 ថ្ងៃព្រហស្បតិ៍, 17 មេសា 2025 ម៉ោង 10:12 AM
អ្នកមើល 1483
post_detail1

         លោក ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋមកកាន់ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ គឺមួយថ្ងៃបន្ទាប់ពីប្រជាជនកម្ពុជាប្រារព្ធពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ យ៉ាងសប្បាយរីករាយនិងប្រកបដោយសុខសន្តិភាព។ ដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះកើតឡើងក្រោយពីប្រទេសទាំងពីរបានដំឡើងកម្រិតទំនាក់ទំនង​​របស់ខ្លួនទៅជាសហគមន៍កម្ពុជា-ចិនដែលមានអនាគតរួមគ្នាក្នុងយុគសម័យថ្មី។ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ស៊ី ជិនពីង មិនត្រឹមតែឆ្លុះបញ្ចាំងពីចំណងមិត្តភាពយូរអង្វែងរវាងភាគីទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញ ការប្តេជ្ញាចិត្តរួមគ្នារបស់ប្រទេសទាំងពីរក្នុងការកសាងអនាគតដ៏ត្រចះត្រចង់ និងប្រកបដោយបរិយាបន្នថែមទៀតផង។

         ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ ទំនាក់ទំនងកម្ពុជា-ចិនបានវិវត្តរីកចម្រើនទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោងនិងឆ្ពោះទៅមុខ។ ប្រទេសទាំងពីរបានព្រមព្រៀង​​កសាងសហគមន៍ដែលមានអនាគតរួមគ្នាក្នុងយុគសម័យថ្មី គឺបង្ហាញឱ្យឃើញការតាំងចិត្តរបស់ខ្លួន ក្នុងការបន្តការអភិវឌ្ឍប្រកបបរិយាបន្ន ចីរភាព និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ ការណ៍នេះ បង្ហាញពីជំនឿរួមគ្នាលើថាមពលនៃភាពជាដៃគូក្នុងការលើកកម្ពស់សង្គម កែប្រែជីវភាព ឱ្យប្រសើរឡើង និងលើកកម្ពស់ការតភ្ជាប់ក្នុងតំបន់។

         ការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ខ្ពស់ជាញឹកញាប់ ជាពិសេសជំនួបដ៏ស្និទ្ធស្នាលនាពេលថ្មីៗនេះ រវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បានពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី​​និងបញ្ចូលថាមពលថ្មីទៅក្នុងភាពជាដៃគូយុទ្ធសាស្ត្ររបស់ប្រទេសទាំងពីរ។ អន្តរកម្មទាំងនេះបង្ហាញពីភាពស៊ីជម្រៅនៃយល់ដឹងពីគ្នារវាងមេដឹកនាំនៃប្រទេសទាំងពីរ និងបង្ហាញពីការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការនិងការបង្កើតកាលានុវត្តភាពថ្មី។

         ចំណុចស្នូលនៃយុគសម័យថ្មីគឺ ក្របខណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគីឆកោណត្បូងពេជ្រ កម្ពុជា-ចិន ដែលជាផែនទីបង្ហាញផ្លូវគ្រប់ជ្រុងជ្រោយដែលគ្របដណ្ដប់វិស័យអាទិភាពនៃកិច្ចសហប្រតិបត្តិការចំនួនប្រាំមួយ រួមមាន កិច្ចសហប្រតិបត្តិការនយោបាយ សមត្ថភាពផលិតកម្ម និងការអភិវឌ្ឍន៍ឧស្សាហកម្ម កសិកម្ម ថាមពល សន្តិសុខ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។ កិច្ចសហការនេះឆ្លុះបញ្ចាំងមិនត្រឹមតែគោលដៅរួមរបស់ប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែក៏មានទំនួលខុសត្រូវរួមគ្នារបស់ប្រទេសទាំងពីរក្នុងការលើកកម្ពស់វិបុលភាព និងការរក្សាសន្តិភាពតំបន់។

         ការផ្តួចផ្តើមគំនិតជាក់ស្តែងក្រោម ក្របខណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគីឆកោណត្បូងពេជ្រនេះ ដូចជា របៀងឧស្សាហកម្មនិងបច្ចេកវិទ្យាក្នុងខេត្តព្រះសីហនុរបស់កម្ពុជា ដែលត្រូវបានដាក់ចក្ខុយវិស័យជា «ទីក្រុង Shenzhen ទីពីរ» និងរបៀងមច្ឆានិងអង្ករនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា គឺជាឧទាហរណ៍ប្រកបដោយភាពទាក់ទាញនៃនវានុវត្តន៍ និងកំណើនប្រកបដោយចីរភាព។ គម្រោងទាំងនេះកំពុងផ្លាស់ប្តូរសេដ្ឋកិច្ចក្នុងស្រុក និងបង្កើតមាគ៌ាថ្មីសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយបរិយាបន្ន។

         ក្នុងទិដ្ឋភាពនយោបាយ ប្រទេសទាំងពីរបន្តគាំទ្រផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក និងសហការគ្នាយ៉ាងជិតស្និទ្ធលើកិច្ចការតំបន់និងពិភពលោក ដោយពង្រឹងឯកភាពអាស៊ាន និងរួមចំណែកដល់សន្តិភាព កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។

         ក្នុងវិស័យឧស្សាហកម្មនិងផលិតកម្ម ការគាំទ្ររបស់ប្រទេសចិនសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងតំបន់សេដ្ឋកិច្ចពិសេសបានពន្លឿនកិច្ចខិតខំប្រឹងប្រែងទំនើបកម្មរបស់កម្ពុជា។ ជាឧទាហរណ៍ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានក្លាយជានិមិត្តរូបនៃវឌ្ឍនភាពការជំរុញពាណិជ្ជកម្ម ការកាត់បន្ថយពេលវេលាធ្វើដំណើរ និងការតភ្ជាប់មជ្ឈមណ្ឌលសេដ្ឋកិច្ចសំខាន់ៗនៅកម្ពុជា។

        កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងភាគីទាំងពីរសន្ទុះរីកចម្រើនគួរឱ្យកត់សម្គាល់ ផងដែរ។ ដោយសារការវិនិយោគនិងការផ្ទេរបច្ចេកវិទ្យារបស់ចិន កសិករកម្ពុជាឥឡូវនេះមានលទ្ធភាពទទួលបានបច្ចេកវិទ្យាទំនើប និងទីផ្សារអន្តរជាតិកាន់តែច្រើន ហើយកំពុងទទួលបានប្រាក់ចំណេញខ្ពស់ជាងមុន។ កិច្ចសហការនេះមិនត្រឹមតែធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ជនបទនៃប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យប្រទេសកម្ពុជាក្លាយជាអ្នកដើរតួយ៉ាងរឹងមាំក្នុងសន្តិសុខស្បៀងក្នុងតំបន់ និងកសិពាណិជ្ជកម្មផងដែរ។

         ទន្ទឹមនឹងនេះដែរ កិច្ចសហប្រតិបត្តិការលើវិស័យថាមពល ជាពិសេស ក្នុងវិស័យថាមពលកកើតឡើងវិញ កំពុងជួយកម្ពុជាជំរុញមហិច្ឆតាកំណើនបៃតងរបស់ខ្លួន កម្ពុជាកំពុងវិនិយោគលើប្រភពថាមពលពន្លឺព្រះអាទិត្យ ថាមពលវារីអគ្គីសនី និងប្រភពថាមពលប្រកបដោយនិរន្តរភាពផ្សេងទៀត ដោយមានការគាំទ្រពីសហគ្រាសចិន ដែលជាមូលដ្ឋានគ្រឹះសម្រាប់សន្តិសុខថាមពលយូរអង្វែង និងនិរន្តរភាពបរិស្ថាន។

         ក្នុងវិស័យសន្តិសុខ ប្រទេសទាំងពីរកំពុងពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅលើការកសាងសមត្ថភាព ការឆ្លើយតបនឹងគ្រោះមហន្តរាយ និងសុវត្ថិភាពសាធារណៈ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ ដើម្បីធានាថា សន្តិភាព និងសន្តិសុខនៅតែជាមូលដ្ឋានគ្រឹះនៃកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍របស់ប្រទេសទាំងពីរ ដោយផ្តល់នូវបរិយាកាសស្ថិរភាពសម្រាប់ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។

         វិស័យដែលកាន់តែលេចធ្លោរបំផុតមួយទៀត គឺការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនកំពុងទទួលផ្លែផ្កាដ៏ផូរផង់ ដែលជាបេះដូងនៃទំនាក់ទំនងកម្ពុជា-ចិន។ រាប់ចាប់តាំងពីវិស័យអប់រំ និងការផ្លាស់ប្តូរវប្បធម៌ រហូតដល់វិស័យទេសចរណ៍ និងនាវានុវត្តន៍ឌីជីថល ប្រជាជនកម្ពុជា និងប្រជាជនចិនកំពុងបង្កើតចំណងមិត្តភាព ការយល់ដឹង និងគោលបំណងរួមជាមួយគ្នាដ៏រឹងមាំ។

         ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កម្ពុជាតាំងពីយូរយារណាស់មកហើយ និងជាប្រភពសំខាន់នៃការវិនិយោគផ្ទាល់ពីបរទេស។ ប៉ុន្តែ ភាពជាដៃគូរវាងប្រទេសទាំងពីរ គឺហួសពីតួលេខ ភាពជាដៃគូនេះរួមបញ្ចូលទាំងក្តីសុបិនរួម តម្លៃរួម និងការជឿជាក់ដែលថាប្រជាជាតិទាំងអស់ មិនថាតូចឬធំ គឺអាចធ្វើការជាមួយគ្នាដើម្បីសម្រេចបាននូវការអភិវឌ្ឍរួម ។

         ម្យ៉ាងទៀត ការរួមចំណែករបស់ប្រទេសចិនចំពោះហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យា និងការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា កំពុងជួយដាក់គ្រឹះដ៏រឹងមាំសម្រាប់ភាពរុងរឿងយូរអង្វែង និងភាពធន់។ ជាមួយគ្នានោះដែរ គំនិតផ្តួចផ្តើមសំខាន់ៗរបស់ចិន ដូចជា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកល ស្របទៅនឹងអាទិភាពជាតិរបស់ប្រទេសកម្ពុជា ដោយផ្តល់នូវក្របខណ្ឌដ៏មានតម្លៃសម្រាប់ការលើកកម្ពស់នវានុវត្តន៍ និងការបន្តការអភិវឌ្ឍបៃតង និងកំណើនប្រកបដោយបរិយាបន្ន។

         កម្ពុជានឹងបន្តគោលនយោបាយបើកចំហ អព្យាក្រឹតភាព និងការចូលរួមយ៉ាងសកម្មជាមួយសហគមន៍អន្តរជាតិ។ ក្នុងន័យនេះ ភាពជាដៃគូរបស់ខ្លួនជាមួយប្រទេសចិន ដើរតួជាស្ពានមួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងសមាហរណកម្មអាស៊ានឱ្យកាន់តែរឹងមាំ។

         ដោយសម្លឹងឆ្ពោះទៅមុខ ទំនាក់ទំនងកម្ពុជា-ចិន ផ្តល់នូវលទ្ធភាពថ្មីៗដ៏គួរឱ្យរំភើប។ ពីវិស័យកសិកម្មឆ្លាតវៃ និងបរិវត្តិកម្មឌីជីថលរហូតដល់វិស័យសហគ្រិនភាពវ័យក្មេង និងការផ្លាស់ប្តូរការសិក្សាស្រាវជ្រាវ, ឱកាសសម្រាប់ប្រទេសទាំងពី គឺពិតជាគ្មានដែនកំណត់។

         ការលើកកម្ពស់ទំនាក់ទំនងកម្ពុជា-ចិនទៅដល់កម្រិតសហគមន៍កម្ពុជា-ចិន ដែលមានអនាគតរួមគ្នា និងការអនុវត្តក្របខណ្ឌកិច្ចសហប្រតិបត្តិការឆកោណត្បូងពេជ្រទ្វេភាគី គឺមានអត្ថន័យហួសពីការផ្លាស់ប្តូរគោលនយោបាយ,  ភាពជាដៃគូនេះ តំណាងឱ្យចក្ខុវិស័យសម្រាប់ពិភពលោកដែលប្រសើរជាងមុន ដែលកិច្ចសហប្រតិបត្តិការមានឧត្តមានុភាពលើជម្លោះ និងការអភិវឌ្ឍកើតមានសម្រាប់ទាំងអស់គ្នា៕


ដោយ :
បណ្ឌិត គិន ភា

ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា

រាជបណ្ឌិត្យសភាកម្ពុជា

អត្ថបទទាក់ទង

«សង្គ្រាមពាណិជ្ជកម្មផ្តើមដោយដូ ណាល់ត្រាំ នាំឱ្យចិនបង្កើននយោបាយការទូតស្វែងរកមិត្ត» ដោយ លោក ស៊ឺន សម

កាលពីឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ ព័ត៌មានក្នុងពិភពលោក ហាក់ដូចជាបានគ្របដណ្តប់ដោយព័ត៌មានស្តីពីជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងប្រទេសចិន ដោយប្រទេសទាំងពីរបានបន្តឹងការយកពន្ធលើមុខទំនិញរបស់គ្នាទៅវិញទៅមក ...

2019-01-02 05:46:43   ថ្ងៃពុធ, 02 មករា 2019 ម៉ោង 12:46 PM
វិមានឈ្នះឈ្នះ៖ និមិត្តរូបនៃការកសាងសន្តិភាពរបស់កម្ពុជា និងជាសំណង់ដែលបង្កប់តម្លៃវប្បធម៌និងប្រវត្តិសាស្ត្រ

ភ្នំពេញ៖ ថ្ងៃសោរិ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១៨ នេះ កម្ពុជាបានប្រារព្ធទិវានយោបាយឈ្ន ឈ្នះ ជាលើកដំបូង បន្ទាប់រយៈពេល២០ឆ្នាំ នៃការអនុវត្តប្រកបដោយជោគជ័យនិងពេញលេញនូវ នយោបាយឈ្នះ ឈ្នះ ដែលដាក់ចេញដោយប្រមុខរាជរដ្ឋាភិបា...

2018-12-29 04:45:16   ថ្ងៃសៅរ៍, 29 ធ្នូ 2018 ម៉ោង 11:45 AM
«មូលហេតុដែលអាម៉េរិកដកខ្លួនចេញពីសង្គ្រាមស៊ីរី គឺជាមេរៀនថ្មីមួយទៀតសម្រាប់ប្រទេសអាស៊ីក្នុងការទុកចិត្តសហរដ្ឋអាម៉េរិក»​​​​​​​​ ដោយ៖ ស៊ឺន សម

លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូ ណាល់ត្រាំ បានសម្រេចចិត្តភ្លាមៗ​ក្នុង​ការដក​ទ័ព​អាម៉េរិក​ទាំង​អស់ចេញ​ពី​ប្រទេស​ស៊ីរី ហើយ​ចំណុច​នេះ​គឺជា​ការ​រំលឹក​ថ្មីមួយ​ទៀត​ដល់​អ្នក​ដែល​ជឿ​ការសន្យារបស់អាមេរិក។នាយឧត្...

2018-12-29 04:04:26   ថ្ងៃសៅរ៍, 29 ធ្នូ 2018 ម៉ោង 11:04 AM
«ជ្រុងមួយនៃភាពរុងរឿងពីសម័យកាលអាណាចក្រអង្គរ»

តាមអត្ថបទស្រាវជ្រាវរបស់លោកសាស្ត្រាចារ្យ កុល សារូ អនុប្រធានមជ្ឈមណ្ឌលស្រាវជ្រាវវប្បធម៌វិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលបានធ្វើបទបង្ហាញអំពីប្រធានបទមួយ ស្តីពី «ជ្រុងមួយនៃបេតិកភណ្ឌវប្បធ...

2018-12-28 08:36:55   ថ្ងៃសុក្រ, 28 ធ្នូ 2018 ម៉ោង 03:36 PM
តើលំហូរអន្តោប្រវេសន៍ចិន ធ្វើឱ្យខ្មែរអាចក្លាយជាជនជាតិដើមភាគតិចទេ? ដោយ៖ មជ្ឈមណ្ឌលសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

លំហូរជនអន្តោប្រវេសន៍ពីប្រទេសចិនចូលមកនៅប្រទេសកម្ពុជា ក្នុងរយៈកាល២ឆ្នាំចុងក្រោយនេះ បានធ្វើឱ្យប្រជាពលរដ្ឋមួយចំនួន មានការព្រួយបារម្ភ ខ្លាចខ្លួនក្លាយជាជនជាតិដើមភាគតិចទៅវិញ នេះបើតាមការលើកឡើង ក្នុងវិទ្យុបារា...

2018-12-28 02:23:12   ថ្ងៃសុក្រ, 28 ធ្នូ 2018 ម៉ោង 09:23 AM
«ក្រុមការងារស្រាវជ្រាវផ្នែកគណិតវិទ្យានិងស្ថិតិ គ្រោងនឹងផ្សព្វផ្សាយស្នាដៃ»

ផ្នែកគណិតវិទ្យានិងស្ថិតិ គឺជាផ្នែកមួយរបស់វិទ្យាស្ថានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានៃរាជបណ្ឌិត្យសភាកម្ពុជា។ ផ្នែកនេះ មានប្រធានផ្នែកមួយរូប និងមានមន្រ្តីបម្រើការចំនួន៧រូប ដែលសុទ្ធសឹងជាធនធានមានឯកទេសគណិតវិទ...

2018-12-27 11:36:35   ថ្ងៃព្រហស្បតិ៍, 27 ធ្នូ 2018 ម៉ោង 06:36 PM

សេចក្តីប្រកាស