ព័ត៌មាន

ពេលដែលដំរីជល់គ្នា ងាប់ស្រមោចសង្អារ

2025-04-23 00:23:32 ថ្ងៃពុធ, 23 មេសា 2025 ម៉ោង 07:23 AM
អ្នកមើល 1595
post_detail1

ដោយ : បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

ការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយនិងសេដ្ឋកិច្ចកាន់តែខ្លាំងឡើងរវាងសហរដ្ឋអាម៉េរិកនិងចិន បានកើនឡើងហួសពីការប្រជែងដណ្តើមឥទ្ធិពលសកល វាបានវិវត្តទៅជាល្បែងចាញ់-ចាញ់ ដែលផ្តល់ផលវិបាកដ៏មហន្តរាយសម្រាប់ប្រទេសតូចៗ។ ខណៈដែលប្រទេសមហាអំណាចទាំងពីរប្រើពាណិជ្ជកម្ម បច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធជាអាវុធដើម្បីបំផ្លាញគ្នាទៅវិញទៅមក បណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ ដូចជា កម្ពុជា ម៉ាឡេស៊ី ថៃ និងវៀតណាម កំពុងត្រូវបានអូសចូលទៅក្នុងព្យុះសង្ឃរាមួយដែលពួកគេមិនបានបង្កើត។ ពន្ធគយចុងក្រោយបំផុតរបស់សហរដ្ឋអាមេរិកដែលដាក់ទៅលើការនាំចូលបន្ទះសូឡាពីប្រទេសទាំងនេះ រួមជាមួយនឹងការគំរាមកំហែងសងសឹករបស់ប្រទេសចិន បង្ហាញឱ្យឃើញពីរបៀបដែលការប្រកួតប្រជែងរបស់មហាអំណាចកំពុងធ្វើឱ្យមានអស្ថិរភាពដល់ការអភិវឌ្ឍ ធ្វើឱ្យខូចដល់គោលដៅអាកាសធាតុ និងលុបបំបាត់ចោលនូវគោលការណ៍ពហុភាគីនិយម។

ការសម្រេចចិត្តនាពេលថ្មីៗនេះដោយក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកដើម្បីបញ្ចប់នីតិវិធីដំឡើងអត្រាពន្ធលើការនាំចូលបន្ទះសូឡាពីប្រជាជាតិអាស៊ីអាគ្នេយ៍ រួមមាន កម្ពុជា ម៉ាឡេស៊ី ថៃ និងវៀតណាម ដូចដែលបានរាយការណ៍ដោយសារព័ត៌មាន Reuters បានបង្ហាញពីស្ថានការណ៍ដ៏គ្រោះថ្នាក់ក្នុងការប្រកួតប្រជែងពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិកនិងចិន។ ក្នុងចំណោមប្រទេសទាំងនេះ កម្ពុជាប្រឈមនឹងការយកពន្ធលើសពី ៣,៥០០%។ នេះជាអត្រាពន្ធដ៏ខ្ពស់បំផុតដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។

ការដំឡើងអត្រាពន្ធដ៏សែនខ្ពស់ហួសពពកបែបនេះត្រូវបានសហរដ្ឋអាមេរិកលើកយុត្តិកម្មដោយផ្អែកលើហេតុផលថា កម្ពុជាមិនបានសហការពេញលេញជាមួយនឹងការស៊ើបអង្កេតទាក់ទងនឹងការគេចវេសពន្ធដែលមានស្រាប់ទាក់ទងនឹងក្រុមហ៊ុនផលិតបន្ទះសូឡារបស់ចិន។ ពន្ធគយទាំងនេះមានគោលបំណងទប់ស្កាត់នូវអ្វីដែលសហរដ្ឋអាមេរិកមើលឃើញថា ជាការប៉ុនប៉ងរបស់ក្រុមហ៊ុនចិនដើម្បីគេចវេសពន្ធដោយការបង្វែរទីតាំងផលិតកម្មតាមរយៈប្រទេសនៅអាស៊ីអាគ្នេយ៍ ប៉ុន្តែធ្វើឱ្យប៉ះពាល់ដោយមិនសមាមាត្រចំពោះប្រទេសនានា ដូចជាកម្ពុជាដែលកំពុងខិតខំអភិវឌ្ឍឧស្សាហកម្មបៃតង និងធ្វើសមាហរណកម្មទៅក្នុងខ្សែច្រវាក់តម្លៃសកល។

ការសងសឹកយ៉ាងរហ័សរបស់ចិន ដូចដែលបានរាយការណ៍ដោយសារព័ត៌មាន Euronews ក៏ជាបញ្ហាប្រឈមដូចគ្នា។ ប្រទេសចិនបានប្តេជ្ញាចិត្តថា នឹងសងសឹកដល់ប្រទេសណាដែលគាំទ្រនូវអ្វីដែលខ្លួនកំណត់ថាជា «ឯកោនិយមពាណិជ្ជកម្មដែលដឹកនាំដោយសហរដ្ឋអាមេរិក» (U.S.-led trade isolationism) ខណៈដាក់ពន្ធសងសឹកយ៉ាងឆាប់រហ័សលើការនាំចេញកសិផលពីអាស៊ីអាគ្នេយ៍ ដូចជា ធូរេនវៀតណាម និងអង្ករថៃ។ យុទ្ធសាស្ត្របែបនេះឆ្លុះបញ្ចាំងពីនយោបាយប្លុកសម័យសង្រ្គាមត្រជាក់ ដែលបង្ខំឱ្យប្រទេសនានា «ជ្រើសរើសភាគីណាមួយ» នៅក្នុងការប្រកួតប្រជែងទ្វេភាគ (ពីរប្លុកឬពីរប្រទេស)។ ផ្នត់គំនិតបែបនេះទុកលំហតិចតួចណាស់សម្រាប់ស្វ័យភាពឬអាទិភាពនៃការអភិវឌ្ឍរបស់ប្រទេសតូចៗ ដែលភាគច្រើននៃពួកគេកំពុងព្យាយាមរក្សាអព្យាក្រឹតភាពនិងផ្តោតលើវឌ្ឍនភាពក្នុងស្រុក។

នេះជាទ្វេគ្រោះដ៏សោកនាដកម្មដែលប្រទេសជាច្រើនកំពុងប្រឈមមុខសព្វថ្ងៃ។ ប្រជាជាតិទាំងអស់ រួមទាំងប្រទេសដែលមានសេដ្ឋកិច្ចតូចតាច ដូចជាកម្ពុជាមិនចង់ឱ្យគេបង្ខំឱ្យជ្រើសរើសភាគីណាមួយឡើយ។ ប្រទេសទាំងអស់ចង់រក្សាទំនាក់ទំនងប្រកបដោយផលិតភាពជាមួយទីក្រុងវ៉ាស៊ីនតោននិងទីក្រុងប៉េកាំង ពី ព្រោះប្រទេសទាំងពីរនេះគឺជាដៃគូពាណិជ្ជកម្មនិងវិនិយោគដ៏សំខាន់។ មិនខុសពីប្រទេសកំពុងអភិវឌ្ឍជាច្រើនផ្សេងទៀតទេ កម្ពុជាស្វែងរកការធ្វើពិពិធកម្មសេដ្ឋកិច្ច ការអភិវឌ្ឍប្រកបដោយបិយាបន្ន និងការចូលរួមដោយសន្តិវិធីជាមួយតួអង្គពិភពលោកទាំងអស់។ ការរំពឹងទុករបស់មហាអំណាចចង់ឱ្យប្រជាជាតិនានាត្រូវតែនៅជាមួយតែភាគីម្ខាង បើពុំនោះនឹងត្រូវប្រឈមមុខនឹងផលវិបាកផ្សេងៗ គឺជារឿងអយុត្តិធម៌ខ្លាំងណាស់ និងមិនអាចអនុវត្តបាន។

ស្ថានភាពគ្រោះថ្នាក់គឺខ្ពស់បំផុតសម្រាប់ប្រទេសនានាក៏ដូចជាកម្ពុជា ដែលបានបោះជំហានយ៉ាងសំខាន់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហូបនីយកម្ម និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។ កំណើនសេដ្ឋកិច្ចកម្ពុជាដែលពឹងផ្អែកខ្លាំងលើការនាំចេញនិងការវិនិយោគផ្ទាល់ពីបរទេស ហានិភ័យដែលបង្អាក់ការអភិវឌ្ឍរបស់ខ្លួន គឺមិនមែនដោយភាពទន់ខ្សោយខាងក្នុងទេ ប៉ុន្តែគឺដោយសាររលកខាងក្រៅនៃការប្រឈមមុខដាក់គ្នាខាងភូមិសាស្ត្រនយោបាយ។ ជាការណ៍ពិត យើងជាស្រមោចសង្អារឬជាស្មៅនៅក្រោមជើងដំរី។

ពាណិជ្ជកម្មគួរតែនិយាយអំពីផលប្រយោជន៍ទៅវិញទៅមកនិងការអភិវឌ្ឍសេដ្ឋកិច្ច មិនមែនការប្រកាន់បក្សពួកនយោបាយឬការប្រកួតប្រជែងមនោគមវិជ្ជានោះទេ។ ក៏ប៉ុន្តែ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ពាណិជ្ជកម្មកាន់តែក្លាយជាអាវុធមួយនៅក្នុងការតស៊ូដ៏ទូលំទូលាយសម្រាប់ឧត្តមភាពសកល។ ការអនុវត្តបែបនេះធ្វើឱ្យខូចដល់មូលដ្ឋានគ្រឹះនៃប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលបានអនុញ្ញាតឱ្យប្រទេសតូចធំអាចចូលរួមដោយស្មើភាពគ្នាក្នុងសេដ្ឋកិច្ចពិភពលោកអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។

នេះជាពេលវេលាដែលអង្គការពាណិជ្ជកម្មពិភពលោក (WTO) ត្រូវតែដើរតួនាទីឱ្យសកម្មនិងរឹងមាំបន្ថែមទៀត។ ក្នុងនាមជាអាណាព្យាបាលចម្បងនៃប្រព័ន្ធពាណិជ្ជកម្មសកលដែលផ្អែកលើច្បាប់ WTO ដែលត្រូវបានបង្កើតឡើងដើម្បីបង្ការបែបផែនសេដ្ឋកិច្ចបែបគំរាមកំហែងនិងឯកតោភាគីនិយមដែលយើងកំពុងជួបប្រទះនាពេលបច្ចុប្បន្ននេះ។ យន្តការរបស់ WTO ដើម្បីដោះស្រាយវិវាទ ត្រួតពិនិត្យពាណិជ្ជកម្ម និងកំណត់បទដ្ឋាន គឺជាឧបករណ៍ដ៏សំខាន់សម្រាប់រក្សាការប្រកួតប្រជែងដោយយុត្តិធម៌ និងការពារសិទ្ធិរបស់សមាជិកទាំងអស់ ជាពិសេស ប្រទេសដែលងាយរងគ្រោះបំផុត។

ទោះជាបែបនេះក្តី សមត្ថភាពដំណើរការរបស់ WTO ត្រូវបានចុះខ្សោយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយស្ថាប័នដោះស្រាយបណ្ដឹងរបស់ខ្លួនបានពិការបាត់ទៅហើយ, ហើយសមាជិកសំខាន់ៗរបស់អង្គការនេះកំពុងបន្តសកម្មភាពពាណិជ្ជកម្មឯកតោភាគីដែលបំពានស្មារតីនិងលិខិតូបករណ៍របស់ខ្លួន។ ប្រសិនបើពហុភាគីនិយមត្រូវតែរស់រានមានជីវិតនិងរីកចម្រើន, WTO ត្រូវតែត្រូវបានផ្តល់អំណាចនិងត្រូវតែកែទម្រង់ មិនមែនទុកចោលឱ្យនៅកៀនជញ្ជាំងបែបនេះទេ។ WTO ត្រូវតែជាវេទិកាដែលវិវាទអាចត្រូវបានដោះស្រាយបានដោយឈរលើច្បាប់ មិនមែនអំណាច ហើយជាកន្លែងដែលរដ្ឋតូចៗមានសិទ្ធិនិងទទួលបានការការពារដូចៗគ្នាទៅនឹងរដ្ឋធំៗដែរ។

លើសពីនេះទៀត ស្ថានភាពបច្ចុប្បន្នមានផលវិបាកហួសពីរឿងសេដ្ឋកិច្ចទៅទៀត។ នៅពេលដែលពាណិជ្ជកម្មក្លាយជាសមរភូមិ សកម្មភាពអាកាសធាតុនឹងក្លាយជាជនរងគ្រោះ។ ប្រទេសកម្ពុជានិងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀតបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការអភិវឌ្ឍឧស្សាហកម្មថាមពលបៃតង ដូចជា ការផលិតថាមពលពន្លឺព្រះអាទិត្យ ទាំងដើម្បីបំពេញតាមគោលដៅអាកាសធាតុផង និងដើម្បីជំរុញការបង្កើតការងារផង។ អត្រាពន្ធថ្មីរបស់សហរដ្ឋអាមេរិកលើបន្ទះសូឡានេះគំរាមកំហែង បង្អាក់ដំណើរកិច្ចខិតខំប្រឹងប្រែងទាំងនេះ ដោយធ្វើឱ្យផលិតផលរបស់យើងមានភាពប្រកួតប្រជែងតិចតួច បង្អាក់ការវិនិយោគ និងការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់។

ការប្រឈមមុខគ្នាដែលកំពុងកើនឡើងនេះក៏ធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាពក្នុងតំបន់ផងដែរ។ អាស៊ីអាគ្នេយ៍ដែលមានប្រជាជនជាង ៦៥០លាននាក់ មានការប្តេជ្ញាចិត្តជាយូរមកហើយចំពោះអព្យាក្រឹតភាព ការរួមរស់ដោយសន្តិភាព និងសមាហរណកម្មសេដ្ឋកិច្ច។ អាស៊ានក្នុងនាមជាប្លុកតំបន់បានផ្តល់អាទិភាពចំពោះ «មជ្ឈភាពអាស៊ាន» ក្នុងកិច្ចការតំបន់ក្នុងគោលបំណងដើរតួនាទីជាស្ពានរវាងមហាអំណាច មិនមែនជាសមរភូមិសម្រាប់មហិច្ឆតារបស់ពួកគេទេ។ ការបង្ខំឱ្យប្រទេសនានាជ្រើសរើសរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន មានតែធ្វើឱ្យខូចតុល្យភាពដ៏មានសារៈសំខាន់នេះ ហើយចាក់បញ្ចូលភាពប្រែប្រួលទៅក្នុងតំបន់ដែលគេឃើញមានការរីកចម្រើនគួរឱ្យកត់សម្គាល់និងសុខសន្តិភាពក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ។

ទីបំផុត មហាអំណាចត្រូវតែទទួលស្គាល់ថា សកម្មភាពរបស់ពួកគេគឺហួសពីព្រំដែនរបស់ពួកគេហើយ។ ការគណនាផលបូកសូន្យរបស់ពួកគេមិនមែនប៉ះពាល់តែពួកគេទៅវិញទៅមកប៉ុណ្ណោះទេ ប៉ុន្តែប៉ះពាល់ដល់ប្រជាជាតិជាច្រើនដែលបំណងប្រាថ្នាតែមួយគត់របស់ខ្លួនគឺការកសាងអនាគតដ៏ល្អប្រសើរមួយសម្រាប់ប្រជាជនរបស់ខ្លួន។

ការសម្រេចបាននូវសន្តិភាព ស្ថិរភាព និងវិបុលភាពសាកល ស្ថិតនៅលើមហាអំណាចធំៗដែលចាំបាច់ត្រូវតែបោះបង់ចោលល្បែងចាញ់-ចាញ់ដែលបម្រើតែផលប្រយោជន៍ខ្លួនឯង ហើយត្រូវមានការប្តេជ្ញាចិត្តចំពោះពហុភាគីនិយម ភាពត្រឹមត្រូវ និងយុត្តិធម៌នៅក្នុងសណ្ដាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់ ដោយមានអង្គការសហប្រជាជាតិជាស្នូល។ ប្រជាជាតិទាំងអស់ រួមទាំងប្រទេសតូចៗដូចជាកម្ពុជា មានការប្តេជ្ញាចិត្តលើកស្ទួយសន្តិភាព ស្ថិរភាព និងវិបុលភាពប្រកបដោយបរិយាបន្ន ដោយធានាថាគ្មាននរណាម្នាក់ត្រូវបានទុកឱ្យនៅឯកោ និងប្រឆាំងនឹងការបង្ខំឱ្យឈរនៅតែជាមួយភាគីម្ខាង។ ដូចដែលសុភាសិតខ្មែរយើងពោលថា «ពេលដំរីជល់គ្នា ងាប់ស្រមោចសង្អារ» គឺបានរំលឹកយើងថា ការប្រកួតប្រជែងរវាងមហាអំណាច គឺ មិនមែនជាការប្រកួតអរូបីទេ ប៉ុន្តែជាកម្លាំងបំផ្លិចបំផ្លាញដែលកម្ទេចជីវភាពរស់នៅ ពង្រីកវិសមភាព និង បំផ្លាញអនាគតរួមរបស់យើង។ មាគ៌ាឆ្ពោះទៅរកសន្តិភាព ការអភិវឌ្ឍ និងយុត្តិធម៌ប្រកបដោយនិរន្តរភាព គឺស្ថិតនៅលើកិច្ចសហប្រតិបត្តិការ គឺមិនមែនស្ថិតនៅលើការប្រឈមមុខដាក់គ្នាទេ និងអនុញ្ញាតឱ្យប្រទេសទាំងអស់ធ្វើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយដៃគូទាំងអស់។ សម្រាប់អាស៊ីអាគ្នេយ៍, ការរស់រានមានជីវិត និងវឌ្ឍនភាពអាស្រ័យទៅលើការរួបរួមគ្នា នាវានុវត្តន៍ និងការប្តេជ្ញាចិត្តដែលមិនអាចកាត់ថ្លៃបានចំពោះពហុភាគីនិយម។ ស្មៅអាចត្រូវព្យុះបោកបក់ឱ្យបត់បែន តែមិនត្រូវបែកបាក់ទេ៕

RAC Media

អត្ថបទទាក់ទង

«ទំនាក់ទំនងកម្ពុជា-ចិន ក្រោមឥទ្ធិពលកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង» ដោយ៖ ​គួយ តុលាភក្ដី និស្សិតថា្នក់អនុបណ្ឌិត ជំនាញវិទ្យាសាស្រ្តនយោបាយជំនាន់ទី៧ វគ្គ២នៃរាជបណ្ឌិត្យសភាកម្ពុជា

ជាការពិតណាស់ទំនាក់ទំនងរវាងកម្ពុជា-ចិន បានកើតមានឡើងតាំងពីយូរលង់ណាស់មកហើយ គ្រាន់តែជាផ្លូវការដែលមានគេនិយាយច្រើន គឺចាប់តាំងពីការស្រាវជ្រាវឃើញនូវកំណត់ត្រារបស់ ជីវ តាក្វាន់ ដែលជាបេសកជនពិសេសរបស់ចិន ដែលបានមកទ...

2019-12-27 18:17:16   ថ្ងៃសុក្រ, 27 ធ្នូ 2019 ម៉ោង 01:17 AM
«គុណសម្បត្តិ និងគុណវិបត្តិនៃការវិនិយោគចិននៅកម្ពុជា» ដោយ៖ បាន សំអេង

ជាការពិតណាស់ ប្រទេសជាតិមួយដើម្បីអាចទាក់ទាញវិនិយោគទុនបរទេសមកវិនិយោគក្នុងប្រទេសរបស់ខ្លួនបាន លុះត្រាតែប្រទេសេជាតិមានសុខសន្តិភាព ស្ថិរភាព នយោបាយល្អ សន្តិសុខសណ្តាប់ធ្នាប់ល្អដើម្បីថែរក្សាការពារសុវត្ថិភាពដល់...

2019-12-27 18:11:08   ថ្ងៃសុក្រ, 27 ធ្នូ 2019 ម៉ោង 01:11 AM
«អគារបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជាមានអាយុកាល ៥ឆ្នាំហើយ»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះ ជាខួប ៥ឆ្នាំនៃការសម្ពោធដាក់ឱ្យប្រើប្រាស់អគារបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជាជាផ្លូវការ។ អគារបណ្ឌិតសភាចារ្យ គឺជាទីកន្លែងប្រមូលផ្តុំធនធានបញ្ញ...

2019-12-26 07:21:14   ថ្ងៃព្រហស្បតិ៍, 26 ធ្នូ 2019 ម៉ោង 02:21 PM
«ជំនួបកិច្ចសហប្រតិបត្តិការរវាងរាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យជីវជាំង»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ បន្ទាប់ពីថ្លែងសុន្ទរកថាបើកវេទិកាវិទ្យាសាស្ត្រស្តីពីការបង្កើតសហគមន៍ជោគវាសនារួមគ្នា កម្ពុជា-ចិន ក្នុងក្របខណ្ឌ ខ្សែក្រវាត់មួយផ្លូវមួយ និងអបអរខួប១០ឆ្នាំនៃការបង្កើតវិទ្យាស្ថានខុងជ...

2019-12-22 09:41:43   ថ្ងៃអាទិត្យ, 22 ធ្នូ 2019 ម៉ោង 04:41 PM
«ការអភិរក្សប្រាសាទបន្ទាយស្រី»

ភ្នំពេញ៖ ក្នុងសន្និសីទអន្តរជាតិលើកទី១៥ ស្ដីពី «តម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វិក៖ បញ្ហាប្រឈមនៃវប្បធម៌ ក្នុងយុគសម័យបច្ចេកវិទ្យា» ព្រឹទ្ធាចារ្យ ឡោ សាន សាស្ត្រាចារ្យនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានថ្លែ...

2019-12-20 09:02:48   ថ្ងៃសុក្រ, 20 ធ្នូ 2019 ម៉ោង 04:02 PM
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច អញ្ជើញថ្លែងសុន្ទរកថាបិទបញ្ចប់សន្និសីទអន្តរជាតិលើកទី១៥ ស្ដីពី «តម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វិក៖ បញ្ហាប្រឈមនៃវប្បធម៌ ក្នុងយុគសម័យបច្ចេកវិទ្យា»

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ៩រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្...

2019-12-20 05:39:08   ថ្ងៃសុក្រ, 20 ធ្នូ 2019 ម៉ោង 12:39 PM

សេចក្តីប្រកាស