ព័ត៌មាន

បណ្ឌិត យង់ ពៅ៖ ដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីថៃនៅកម្ពុជា ស្របទៅនឹងកាលៈទេសៈដើម្បីដោះស្រាយបញ្ហាប្រឈមមួយចំនួន ហើយឆ្លើយតបទៅនឹងភាពចាំបាច់នៃកិច្ចសហប្រតិបត្តិរវាងប្រទេសទាំងពីរ

2025-04-23 08:01:43 ថ្ងៃពុធ, 23 មេសា 2025 ម៉ោង 03:01 PM
អ្នកមើល 3393
post_detail1

លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ថៃ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា រយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី២៣ និងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះ ក្នុងឱកាសនៃខួបលើកទី៧៥ នៃទំនាក់ទំនងការទូត កម្ពុជា-ថៃ។ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានវាយតម្លៃចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់ប្រមុខរាជរដ្ឋាភិបាលថៃនៅកម្ពុជាថា ធ្វើឡើងស្របទៅនឹងកាលៈទេសៈដើម្បីដោះស្រាយបញ្ហាប្រឈមមួយចំនួន ហើយឆ្លើយតបទៅនឹងភាពចាំបាច់នៃកិច្ចសហប្រតិបត្តិរវាងប្រទេសទាំងពីរ។ លោកបណ្ឌិត បានគូសបញ្ជាក់ថា នេះគឺជាសញ្ញាណល្អនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ថៃ និងជាចំណែកមួយនៃការរំឭកខួបទំនាក់ទំនងការទូតផ្លូវការរវាងប្រទេសជិតខាងទាំងពីរផងដែរ។

 លោកបណ្ឌិត យង់ ពៅ បានវាយតម្លៃដូច្នេះ ដោយអះអាងថា ប្រសិនបើប្រទេសជិតខាងទាំងពីរមានបញ្ហាប្រឈមមួយចំនួននឹងគ្នា ហើយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរមិនជួបជជែកពិភាក្សាដោះស្រាយជាមួយគ្នានោះទេ នោះបញ្ហានឹងមិនអាចដោះស្រាយរួមគ្នាបាននោះឡើយ។ ម្យ៉ាងទៀត កម្ពុជានិងថៃ គឺជាប្រទេសមានព្រំដែនជាប់គ្នា ដែលបញ្ហានានាតែងតែកើតឡើងដោយចៀសមិនផុតឡើយ ទោះក្នុងកម្រិតណាមួយក៏ដោយក្ដី។

 លោកបណ្ឌិតបានបន្ថែមទៀតថា ថ្វីដ្បិតតែទំនាក់ទំនងការទូតផ្លូវការរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ទើបតែឈានមកដល់ខួបទី៧៥ឆ្នាំក្ដី ប៉ុន្តែប្រជាជាតិទាំងពីរមានទំនាក់ទំនងនឹងជាប្រវត្តិសាស្ត្រជិត១ពាន់ឆ្នាំកន្លងទៅហើយ ខណៈប្រទេសទាំងពីរមានអធិបតេយ្យភាពលាតសន្ធឹងជាប់គ្នាទាំងព្រំដែនគោកនិងព្រំដែនទឹក។ ជាមួយគ្នានេះ ប្រទេសទាំងពីរ មានចំណងពាក់ព័ន្ធគ្នាទាំងក្នុងទិដ្ឋភាពប្រវត្តិសាស្ត្រ វប្បធម៌ ប្រពៃណី ក៏ដូចជាសេដ្ឋកិច្ចដែលបំពេញឱ្យគ្នាទៅវិញទៅមក។ លោកបណ្ឌិតបានថ្លែងសង្កត់ធ្ងន់ថា យោងលើចំណងពាក់ព័ន្ធនិងទំនាក់ទំនងយ៉ាងស៊ីជម្រៅដូចបានរៀបរាប់ខាងលើ ប្រទេសទាំងពីរ កម្ពុជា-ថៃ ពិតជាមិនអាចមើលរំលងពីភាពចាំបាច់នៅក្នុងការដោះស្រាយបញ្ហាប្រឈមទាំងឡាយរួមគ្នាបាននោះឡើយ ដោយមេដឹកនាំទាំងពីរត្រូវជួបប្រាស្រ័យទាក់ទងគ្នាឱ្យបានញឹកញាប់ ដើម្បីឈានទៅស្វែងរកដំណោះស្រាយគ្រប់កម្រិត ទាំងកម្រិតអ្នកបច្ចេកទេស កម្រិតការទូត និងកម្រិតប្រមុខរដ្ឋាភិបាលដូចជាក្នុងឱកាសដំណើរទស្សនកិច្ចនាពេលនេះផងដែរ។ លោកបណ្ឌិត យង់ ពៅ បានវាយតម្លៃថា ជំនួបកម្រិតប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានគូសបញ្ជាក់បន្ថែមអំពីសារៈសំខាន់នៃទំនាក់ទំនងទ្វេភាគី និងការយកចិត្តទុកដាក់ពីសំណាក់មេដឹកនាំនៃប្រទេសទាំងពីរទៅលើកិច្ចសហប្រតិបត្តិការ ការថែរក្សាទំនាក់ទំនងល្អ និងការដោះស្រាយបញ្ហាប្រឈមនៃប្រទេសទាំងពីរ ដើម្បីឈានទៅថែរក្សា និងគោរពផលប្រយោជន៍ផងគ្នាទៅវិញទៅមក។

 ជាមួយគ្នានេះ លោកបណ្ឌិត យង់ ពៅ ក៏បានកត់សម្គាល់អំពីរបបនយោបាយនិងស្ថានភាពនយោបាយនៃប្រទេសទាំងពីរផងដែរថា ទាំងកម្ពុជានិងថៃ សុទ្ធសឹងតែប្រកាន់យករបបប្រជាធិបតេយ្យ និងរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។ ហេតុនេះហើយ ដែលជាហេតុនាំឱ្យមាននិន្នាការទស្សនៈនយោបាយផ្សេងៗគ្នាក្នុងសង្គមដោយចៀសមិនផុត ដែលក្នុងកាលៈទេសៈខ្លះ ក្រុមអ្នកមាននិន្នាការផ្សេងពីរដ្ឋាភិបាលក៏បានបង្កជារលកនយោបាយ និងឆ្លៀតឱកាសកេងចំណេញលើស្មារតីជាតិនិយមរបស់ប្រជាជន ដូចជាករណីបញ្ហាអធិបតេយ្យនៃប្រទេសទាំងពីរ ដែលកន្លងមក ត្រូវបានក្រុមប្រឆាំងនៃប្រទេសទាំងពីរបញ្ឆេះឱ្យពលរដ្ឋប្រទេសទាំងពីរមានមន្ទិល និងកំហឹងទៅលើរដ្ឋាភិបាលប្រទេសទាំងពីរ កម្ពុជា-ថៃជាដើម។ ត្រង់ចំណុចនេះ លោកបណ្ឌិត បានថ្លែងសង្កត់ធ្ងន់ពីភាពចាំបាច់ដែលតម្រូវឱ្យមានជំនួបរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដើម្បីជួបជជែក ពិភាក្សា ស្រាយមន្ទិល និងដោះស្រាយបញ្ហាប្រឈម ប្រកបដោយភាតរភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ដោយស្របតាមស្ថានភាពជាក់ស្ដែងនៅក្នុងទំនាក់ទំនងនៃប្រទេសក្បែរខាងទាំងពីរ។ លោកបណ្ឌិតបានបន្តថា គេមិនអាចបណ្ដោយឱ្យក្រុមអ្នកជាតិនិយមជ្រុល ឬក្នុងអ្នកនយោបាយប្រឆាំងមួយចំនួនតូចរុញច្រានបញ្ហាប្រឈមដែលកំពុងកើតមាន បង្កើតជាកំហឹងជាតិនិយមជ្រុល ឬការរើសអើងជាតិសាសន៍រវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ ដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើទំនាក់ទំនងមិត្តភាពជាប្រពៃណី កម្ពុជា-ថៃនោះឡើយ។ បើតាមលោកបណ្ឌិត តាមរយៈការជួបជជែកពិភាក្សាគ្នាដោយផ្ទាល់ មេដឹកនាំនៃប្រទេសទាំងពីរ អាចឈានទៅរកដំណោះស្រាយមានប្រសិទ្ធភាព និងប្រកបដោយការយោគយល់និងភាពបត់បែនទៅតាមស្ថានការណ៍ជាក់ស្ដែងនៅក្នុងករណីនីមួយៗបានយ៉ាងងាយស្រួល ព្រមទាំងអាចឈានទៅការរកឃើញគន្លឹះល្អៗ នៅក្នុងការជំរុញទំនាក់ទំនងទ្វេភាគីកាន់តែប្រសើរឡើងថែមទៀតផងដែរ។

 បន្ថែមពីលើនេះ លោកបណ្ឌិត យង់ ពៅ ក៏បានបង្ហាញអំពីក្ដីរំពឹងរបស់លោកទៅលើលទ្ធផលនៃជំនួបរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរផងដែរ នៅក្នុងជំរុញទំនាក់ទំនងល្អជាប្រពៃណី រវាងកម្ពុជានិងថៃ តាមរយៈដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃនៅកម្ពុជាផងដែរ។ ជំនួបរវាងថ្នាក់ដឹកនាំទាំងពីរ នឹងជំរុញ ក៏ដូចជាពន្លឿននូវកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងអាចឈានទៅសម្រេចនូវកិច្ចព្រមព្រៀងថ្មីៗបន្ថែមទៀត ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការនយោបាយ សេដ្ឋកិច្ច វប្បធម៌ ពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរផងដែរ។ លោកបណ្ឌិត ក៏បានកត់សម្គាល់អំពីទិដ្ឋភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ នៅក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដូចជា ការបញ្ជូនកម្លាំងពលកម្មកម្ពុជាទៅបម្រើការងារនៅក្នុងប្រទេសថៃផងដែរ ដែលលំហូរកម្លាំងពលកម្មនេះ បានផ្ដល់នូវការរួមចំណែកដ៏សំខាន់មួយនៅក្នុងការជំរុញសេដ្ឋកិច្ចថៃ ក៏ដូចជាការបង្កើនប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋខ្មែរផងដែរ។ នេះសបញ្ជាក់អំពីទំនាក់ទំនងដែលហុចប្រយោជន៍ទ្វេទិសនៅក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ថៃ ដែលលោកបណ្ឌិត យង់ ពៅ បានបង្ហាញសុទិដ្ឋិនិយមថា មេដឹកនាំទាំងពីរ នឹងឈានទៅដល់កិច្ចព្រមព្រៀង និងការពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

Preserving the Old Airport for Public Benefit Is Worth Celebrating both in terms of Historical Value and Concluding its Future Connection to Political Matter

  In response to a journalist's question about Samdech BovorThibadei Prime Minister's announcement regarding the preservation of the Pochentong International Airport as state...

2025-05-21 05:22:46   ថ្ងៃពុធ, 21 ឧសភា 2025 ម៉ោង 12:22 PM
តើកម្ពុជាគួរនាំចូលម្ហូបអាហារពីប្រទេសជិតខាងដែរឬទេ?

ដោយ បណ្ឌិត ឈត ប៊ុនថង អនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃ​កម្ពុជា ប្រទេសកម្ពុជា គឺជាប្រទេសមួយដែល​សម្បូរធនធានធម្មជាតិនិងសក្តានុពលកសិកម្ម កំពុងប្រឈមនឹងការសម្រេចចិត្តដ៏ស្មុគស្មាញមួយ ពោលគឺ ថាតើ កម្ព...

2025-05-20 08:27:23   ថ្ងៃអង្គារ, 20 ឧសភា 2025 ម៉ោង 03:27 PM
បណ្ឌិត យង់ ពៅ៖ ការរក្សាទុកអាកាសយានដ្ឋានចាស់សម្រាប់បម្រើប្រយោជន៍ សាធារណៈ ជារឿងគួរអបអរសាទរ ទាំងក្នុងតម្លៃជាប្រវត្តិសាស្ត្រ និងការបិទបញ្ចប់ការទាញភ្ជាប់អនាគតអាកាសយានដ្ឋានចាស់ទៅនឹងរឿងនយោបាយ

ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីការប្រកាសរបស់សម្ដេចធិបតី​នាយករដ្ឋមន្ត្រីអំពីការរក្សាទុកអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង ជាទ្រព្យសម្បត្តិរដ្ឋ និងជាផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ លោកបណ្ឌិង យង់ ពៅ...

2025-05-20 08:16:32   ថ្ងៃអង្គារ, 20 ឧសភា 2025 ម៉ោង 03:16 PM
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ជួបពិភាក្សាការងារជាមួយឯកឧត្ដម ហ្សាក់ ប៉េឡេ (Jacques Pellet) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នារសៀលថ្ងៃចន្ទ ៨រោច ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានទទួលជួបនិងពិភាក្សាការងារជាមួយនឹង ឯកឧត្ដម ហ្សាក់ ប៉...

2025-05-19 09:47:29   ថ្ងៃចន្ទ, 19 ឧសភា 2025 ម៉ោង 04:47 PM
ឯកឧត្ដមបណ្ឌិត យង់ ពៅ ពិភាក្សាការងារជាមួយក្រុមការងារបច្ចេកទេសទទួលបន្ទុកសុខភាពនិងបរិស្ថាននៃក្រសួងសុខាភិបាល

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ៥រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំក្រុមការងារគម្រោងកសាងសាល...

2025-05-16 11:52:19   ថ្ងៃសុក្រ, 16 ឧសភា 2025 ម៉ោង 06:52 PM
៦៩ឆ្នាំនៃទំនាក់ទំនងកម្ពុជា-រុស្ស៊ី : ភាពធន់ ទំនុកចិត្តគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការជាក់ស្តែង

ដោយបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា រាជបណ្ឌិត្យសភាកម្ពុជា           ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥នេះ គឺជាខួបលើកទី៦៩ឆ្នាំនៃទំនាក់ទំន...

2025-05-13 11:20:57   ថ្ងៃអង្គារ, 13 ឧសភា 2025 ម៉ោង 06:20 PM

សេចក្តីប្រកាស

បាឋកថា ស្តីពីគោលនយោបាយការបរទេសរបស់អាម៉េរិកនៅតំបន់អាស៊ី

 ចុចមើល
2018-05-10 06:44:47   ថ្ងៃព្រហស្បតិ៍, 10 ឧសភា 2018 ម៉ោង 01:44 PM

សូមគោរពជូនពរពី ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម គោរពជូនច...

 ចុចមើល
2018-04-11 07:19:21   ថ្ងៃពុធ, 11 មេសា 2018 ម៉ោង 02:19 PM

សូមគោរពជូនពរពី ប្រធានវិទ្យាស្ថានវិទ្យាសាស្រ្ត និង បច្ចេកវិទ្យា ព្រមទាំងមន្រ្តីរាជការទា​ំងអស់នៃវិទ្យា...

 ចុចមើល
2018-04-11 07:15:50   ថ្ងៃពុធ, 11 មេសា 2018 ម៉ោង 02:15 PM

សូមគោរពជូនពរពី ប្រធានវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ ព្រមទាំងមន្រ្តីរាជការទាំងអស់នៃវិទ្យាស្ថាន គោ...

 ចុចមើល
2018-04-11 07:12:41   ថ្ងៃពុធ, 11 មេសា 2018 ម៉ោង 02:12 PM

សូមគោរពជូនពរពី ថ្នាក់ដឹកនាំ និងមន្រ្តីនៃអគ្គលេខាធិការដ្ឋាននៃរាជបណ្ឌិត្យសភាកម្ពុជា គោរពជូនចំពោះ ឯកឧត្...

 ចុចមើល
2018-04-11 07:08:47   ថ្ងៃពុធ, 11 មេសា 2018 ម៉ោង 02:08 PM

សូមគោរពជូនពរពី បណ្ឌិតសភាចារ្យបម្រុងទាំងអស់ គោរពជូនចំពោះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិ...

 ចុចមើល
2018-04-11 07:01:15   ថ្ងៃពុធ, 11 មេសា 2018 ម៉ោង 02:01 PM

សូមគោរពជូនពរ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការនៃក្រុ...

 ចុចមើល
2018-04-11 06:18:10   ថ្ងៃពុធ, 11 មេសា 2018 ម៉ោង 01:18 PM

អបអរសាទរពិធីប្រគល់សញ្ញាបត្រថ្នាក់បណ្ឌិតនៃរាជបណ្ឌិត្យសភាកម្ពុជា និង ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ...

 ចុចមើល
2018-04-08 12:46:46   ថ្ងៃអាទិត្យ, 08 មេសា 2018 ម៉ោង 07:46 PM

រាជបណ្ឌិត្យសភាកម្ពុជា (សេចក្តីជូនដំណឹង)

 ចុចមើល
2018-04-08 11:50:47   ថ្ងៃអាទិត្យ, 08 មេសា 2018 ម៉ោង 06:50 PM

សម្តេចអគ្គមហាសេនាបតីេតជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

 ចុចមើល
2018-04-08 11:47:11   ថ្ងៃអាទិត្យ, 08 មេសា 2018 ម៉ោង 06:47 PM

ការអនុវត្តការពង្រឹងវិន័យនិងវត្តមានបម្រើការងាររបស់មន្រ្តីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា

 ចុចមើល
2018-04-08 11:22:48   ថ្ងៃអាទិត្យ, 08 មេសា 2018 ម៉ោង 06:22 PM

ការគ្រប់គ្រងនិងការប្រមូលវត្តមានបម្រើការងាររបស់មន្រ្តីរាជការនៃរាជ្យបណ្ឌិត្យសភាកម្ពុជា

 ចុចមើល
2018-04-08 11:18:43   ថ្ងៃអាទិត្យ, 08 មេសា 2018 ម៉ោង 06:18 PM