Royal Academy of Cambodia
លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ថៃ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា រយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី២៣ និងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះ ក្នុងឱកាសនៃខួបលើកទី៧៥ នៃទំនាក់ទំនងការទូត កម្ពុជា-ថៃ។ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានវាយតម្លៃចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់ប្រមុខរាជរដ្ឋាភិបាលថៃនៅកម្ពុជាថា ធ្វើឡើងស្របទៅនឹងកាលៈទេសៈដើម្បីដោះស្រាយបញ្ហាប្រឈមមួយចំនួន ហើយឆ្លើយតបទៅនឹងភាពចាំបាច់នៃកិច្ចសហប្រតិបត្តិរវាងប្រទេសទាំងពីរ។ លោកបណ្ឌិត បានគូសបញ្ជាក់ថា នេះគឺជាសញ្ញាណល្អនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ថៃ និងជាចំណែកមួយនៃការរំឭកខួបទំនាក់ទំនងការទូតផ្លូវការរវាងប្រទេសជិតខាងទាំងពីរផងដែរ។
លោកបណ្ឌិត យង់ ពៅ បានវាយតម្លៃដូច្នេះ ដោយអះអាងថា ប្រសិនបើប្រទេសជិតខាងទាំងពីរមានបញ្ហាប្រឈមមួយចំនួននឹងគ្នា ហើយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរមិនជួបជជែកពិភាក្សាដោះស្រាយជាមួយគ្នានោះទេ នោះបញ្ហានឹងមិនអាចដោះស្រាយរួមគ្នាបាននោះឡើយ។ ម្យ៉ាងទៀត កម្ពុជានិងថៃ គឺជាប្រទេសមានព្រំដែនជាប់គ្នា ដែលបញ្ហានានាតែងតែកើតឡើងដោយចៀសមិនផុតឡើយ ទោះក្នុងកម្រិតណាមួយក៏ដោយក្ដី។
លោកបណ្ឌិតបានបន្ថែមទៀតថា ថ្វីដ្បិតតែទំនាក់ទំនងការទូតផ្លូវការរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ទើបតែឈានមកដល់ខួបទី៧៥ឆ្នាំក្ដី ប៉ុន្តែប្រជាជាតិទាំងពីរមានទំនាក់ទំនងនឹងជាប្រវត្តិសាស្ត្រជិត១ពាន់ឆ្នាំកន្លងទៅហើយ ខណៈប្រទេសទាំងពីរមានអធិបតេយ្យភាពលាតសន្ធឹងជាប់គ្នាទាំងព្រំដែនគោកនិងព្រំដែនទឹក។ ជាមួយគ្នានេះ ប្រទេសទាំងពីរ មានចំណងពាក់ព័ន្ធគ្នាទាំងក្នុងទិដ្ឋភាពប្រវត្តិសាស្ត្រ វប្បធម៌ ប្រពៃណី ក៏ដូចជាសេដ្ឋកិច្ចដែលបំពេញឱ្យគ្នាទៅវិញទៅមក។ លោកបណ្ឌិតបានថ្លែងសង្កត់ធ្ងន់ថា យោងលើចំណងពាក់ព័ន្ធនិងទំនាក់ទំនងយ៉ាងស៊ីជម្រៅដូចបានរៀបរាប់ខាងលើ ប្រទេសទាំងពីរ កម្ពុជា-ថៃ ពិតជាមិនអាចមើលរំលងពីភាពចាំបាច់នៅក្នុងការដោះស្រាយបញ្ហាប្រឈមទាំងឡាយរួមគ្នាបាននោះឡើយ ដោយមេដឹកនាំទាំងពីរត្រូវជួបប្រាស្រ័យទាក់ទងគ្នាឱ្យបានញឹកញាប់ ដើម្បីឈានទៅស្វែងរកដំណោះស្រាយគ្រប់កម្រិត ទាំងកម្រិតអ្នកបច្ចេកទេស កម្រិតការទូត និងកម្រិតប្រមុខរដ្ឋាភិបាលដូចជាក្នុងឱកាសដំណើរទស្សនកិច្ចនាពេលនេះផងដែរ។ លោកបណ្ឌិត យង់ ពៅ បានវាយតម្លៃថា ជំនួបកម្រិតប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានគូសបញ្ជាក់បន្ថែមអំពីសារៈសំខាន់នៃទំនាក់ទំនងទ្វេភាគី និងការយកចិត្តទុកដាក់ពីសំណាក់មេដឹកនាំនៃប្រទេសទាំងពីរទៅលើកិច្ចសហប្រតិបត្តិការ ការថែរក្សាទំនាក់ទំនងល្អ និងការដោះស្រាយបញ្ហាប្រឈមនៃប្រទេសទាំងពីរ ដើម្បីឈានទៅថែរក្សា និងគោរពផលប្រយោជន៍ផងគ្នាទៅវិញទៅមក។
ជាមួយគ្នានេះ លោកបណ្ឌិត យង់ ពៅ ក៏បានកត់សម្គាល់អំពីរបបនយោបាយនិងស្ថានភាពនយោបាយនៃប្រទេសទាំងពីរផងដែរថា ទាំងកម្ពុជានិងថៃ សុទ្ធសឹងតែប្រកាន់យករបបប្រជាធិបតេយ្យ និងរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។ ហេតុនេះហើយ ដែលជាហេតុនាំឱ្យមាននិន្នាការទស្សនៈនយោបាយផ្សេងៗគ្នាក្នុងសង្គមដោយចៀសមិនផុត ដែលក្នុងកាលៈទេសៈខ្លះ ក្រុមអ្នកមាននិន្នាការផ្សេងពីរដ្ឋាភិបាលក៏បានបង្កជារលកនយោបាយ និងឆ្លៀតឱកាសកេងចំណេញលើស្មារតីជាតិនិយមរបស់ប្រជាជន ដូចជាករណីបញ្ហាអធិបតេយ្យនៃប្រទេសទាំងពីរ ដែលកន្លងមក ត្រូវបានក្រុមប្រឆាំងនៃប្រទេសទាំងពីរបញ្ឆេះឱ្យពលរដ្ឋប្រទេសទាំងពីរមានមន្ទិល និងកំហឹងទៅលើរដ្ឋាភិបាលប្រទេសទាំងពីរ កម្ពុជា-ថៃជាដើម។ ត្រង់ចំណុចនេះ លោកបណ្ឌិត បានថ្លែងសង្កត់ធ្ងន់ពីភាពចាំបាច់ដែលតម្រូវឱ្យមានជំនួបរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដើម្បីជួបជជែក ពិភាក្សា ស្រាយមន្ទិល និងដោះស្រាយបញ្ហាប្រឈម ប្រកបដោយភាតរភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ដោយស្របតាមស្ថានភាពជាក់ស្ដែងនៅក្នុងទំនាក់ទំនងនៃប្រទេសក្បែរខាងទាំងពីរ។ លោកបណ្ឌិតបានបន្តថា គេមិនអាចបណ្ដោយឱ្យក្រុមអ្នកជាតិនិយមជ្រុល ឬក្នុងអ្នកនយោបាយប្រឆាំងមួយចំនួនតូចរុញច្រានបញ្ហាប្រឈមដែលកំពុងកើតមាន បង្កើតជាកំហឹងជាតិនិយមជ្រុល ឬការរើសអើងជាតិសាសន៍រវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ ដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើទំនាក់ទំនងមិត្តភាពជាប្រពៃណី កម្ពុជា-ថៃនោះឡើយ។ បើតាមលោកបណ្ឌិត តាមរយៈការជួបជជែកពិភាក្សាគ្នាដោយផ្ទាល់ មេដឹកនាំនៃប្រទេសទាំងពីរ អាចឈានទៅរកដំណោះស្រាយមានប្រសិទ្ធភាព និងប្រកបដោយការយោគយល់និងភាពបត់បែនទៅតាមស្ថានការណ៍ជាក់ស្ដែងនៅក្នុងករណីនីមួយៗបានយ៉ាងងាយស្រួល ព្រមទាំងអាចឈានទៅការរកឃើញគន្លឹះល្អៗ នៅក្នុងការជំរុញទំនាក់ទំនងទ្វេភាគីកាន់តែប្រសើរឡើងថែមទៀតផងដែរ។
បន្ថែមពីលើនេះ លោកបណ្ឌិត យង់ ពៅ ក៏បានបង្ហាញអំពីក្ដីរំពឹងរបស់លោកទៅលើលទ្ធផលនៃជំនួបរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរផងដែរ នៅក្នុងជំរុញទំនាក់ទំនងល្អជាប្រពៃណី រវាងកម្ពុជានិងថៃ តាមរយៈដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃនៅកម្ពុជាផងដែរ។ ជំនួបរវាងថ្នាក់ដឹកនាំទាំងពីរ នឹងជំរុញ ក៏ដូចជាពន្លឿននូវកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងអាចឈានទៅសម្រេចនូវកិច្ចព្រមព្រៀងថ្មីៗបន្ថែមទៀត ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការនយោបាយ សេដ្ឋកិច្ច វប្បធម៌ ពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរផងដែរ។ លោកបណ្ឌិត ក៏បានកត់សម្គាល់អំពីទិដ្ឋភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ នៅក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដូចជា ការបញ្ជូនកម្លាំងពលកម្មកម្ពុជាទៅបម្រើការងារនៅក្នុងប្រទេសថៃផងដែរ ដែលលំហូរកម្លាំងពលកម្មនេះ បានផ្ដល់នូវការរួមចំណែកដ៏សំខាន់មួយនៅក្នុងការជំរុញសេដ្ឋកិច្ចថៃ ក៏ដូចជាការបង្កើនប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋខ្មែរផងដែរ។ នេះសបញ្ជាក់អំពីទំនាក់ទំនងដែលហុចប្រយោជន៍ទ្វេទិសនៅក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ថៃ ដែលលោកបណ្ឌិត យង់ ពៅ បានបង្ហាញសុទិដ្ឋិនិយមថា មេដឹកនាំទាំងពីរ នឹងឈានទៅដល់កិច្ចព្រមព្រៀង និងការពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត៕
RAC Media | លឹម សុវណ្ណរិទ្ធ
ក្រុមទស្សនវិទូ ដែលនិយមលើការសិក្សាស្រាវជ្រាវដើម្បីផ្ទៀងផ្ទាត់ទ្រឹស្តីពីមុនៗ (Postpositivist) បានបញ្ជាក់ថា រាល់ចំណេះដឹង ឬទស្សនដែលមានស្រាប់ទាំងអស់មិនប្រាកដថាត្រឹមត្រូវ១០០%នោះទេ។ អ្ន...
មានអ្នកអាននិងអ្នកស្រាវជ្រាវ ជាច្រើនបានចោទសួរថា តើព្រះ ពុទ្ធសាសនាជា សាសនា ឬក៏ជា ទស្សនវិជ្ជា?ចំណោទនេះ ខ្ញុំសូមធ្វើការស្រាវ ជ្រាវ ហើយបកស្រាយដូចខាងក្រោម៖១- អំពីសាសនាសាសនាជាគ្រឿងតាំងនៅជា អចិន្ដ្រៃយ៍ដូចនយោប...
បុគ្គលម្នាក់ៗរស់នៅក្នុងសង្គមចាំបាច់ត្រូវមានអន្តរកម្មក្នុងងសង្គម ការរស់នៅរបស់យើងម្នាក់ក្នុងសង្គមត្រូវមានប្រាស្រ័យទាក់ទង និងទំនាក់ទំនងជាមួយអ្នកដទៃ។ ប្រសិនបើយើងមិនមានការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃទេ យើងា...
(ហៃណាន)៖ នៅថ្ងៃសុក្រ ៨ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំប្រតិភូរាជបណ្ឌិត្យសភាកម្ពុជ...
កម្ពុជានិងវៀតណាមជាប្រទេសជិតខាងគ្នា ដែលបានបង្កើតទំនាក់ទំនងការទូតផ្លូវការកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧។ ទំនងរវាងប្រទេសទាំងពីរចងភ្ជាប់ដោយចំណងភូមិសាស្ត្រ ប្រវត្តិសាស្ត្រ និងនយោបាយ។ មានព្រឹត្តិការណ៍ប្រវ...
កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ មជ្ឈមណ្ឌលបណ្តុះបណ្តាល និងស្រាវជ្រាវនៃ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំការប្រឡងបញ្ចប់ឆមាសថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតក្រោមអធិបតីភា...