ព័ត៌មាន

បណ្ឌិត យង់ ពៅ៖ ការចូលរួមរបស់ប្រតិភូកងយោធពលខេមរភូមិន្ទកម្ពុជា ក្នុងក្បួនព្យុហយាត្រាដើម្បីអបអរកម្មវិធីខួបទី៥០នៃការបង្រួបបង្រួមជាតិវៀតណាម បញ្ជាក់ពីកិច្ចសហប្រតិបត្តិការយោធា និងបានរំឭកពីការរួមចំណែកដ៏សំខាន់របស់កម្ពុជានៅក្នុងការបង្រួបបង្រួមជាតិវៀតណាម

2025-04-29 09:19:36 ថ្ងៃអង្គារ, 29 មេសា 2025 ម៉ោង 04:19 PM
អ្នកមើល 3621
post_detail1

ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីករណីដែលភាគីវៀតណាមបានអញ្ជើញកងទ័រកម្ពុជាចូលរួមដង្ហែព្យុហយាត្រារបស់ខ្លួន ដើម្បីអបអរកម្មវិធីខួបទី៥០នៃការបង្រួបបង្រួមជាតិវៀតណាមនោះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានគូសបញ្ជាក់ថា ការចូលរួមរបស់ប្រតិភូកងយោធពលខេមរភូមិន្ទកម្ពុជា ក្នុងក្បួនព្យុហយាត្រាដើម្បីអបអរកម្មវិធីខួបទី៥០នៃការបង្រួបបង្រួមជាតិវៀតណាម បញ្ជាក់ពីកិច្ចសហប្រតិបត្តិការយោធា និងបានរំឭកពីការរួមចំណែកដ៏សំខាន់របស់កម្ពុជានៅក្នុងការបង្រួបបង្រួមជាតិវៀតណាម។ បើតាមលោកបណ្ឌិត កម្ពុជានិងវៀតណាម មានទំនាក់ទំនងនិងការជាប់ពាក់ព័ន្ធនឹងគ្នាជាប្រវត្តិសាស្ត្រតាំងពីសម័យអង្គរមកម្ល៉េះ ដែលក្នុងនោះករណីអធិបតេយ្យភាព ក៏ជាចំណុចដ៏សំខាន់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ ពិសេសប្រទេសកម្ពុជាបានចូលរួមចំណែកយ៉ាងសំខាន់ នៅក្នុងជំរុញសម្រេចបាននូវការបង្រួបបង្រួមទឹកដីរវាងវៀតណាមខាងជើង និងវៀតណាមខាងត្បូងនៅក្នុងសម័យសង្គ្រាមត្រជាក់។

លោកបណ្ឌិត យង់ ពៅបានមានប្រសាសន៍បន្ថែមទៀតថា នៅពេលដែលគេនិយាយអំពីការបង្រួបបង្រួមជាតិរបស់វៀតណាម គេមិនអាចបំភ្លេចនូវការចូលរួមចំណែកដ៏សំខាន់របស់កម្ពុជា នៅក្នុងកិច្ចខិតខំប្រឹងប្រែងរំដោះប្រទេសវៀតណាមខាងត្បូង ដើម្បីឈានទៅដល់ការបង្រួបបង្រួមជាតិវៀតណាមនោះឡើយ។ លោកបណ្ឌិតបានបន្តថា សម្ដេចព្រះបរមរតនកោដ្ឋ នរោត្ដមសីហនុ តែងតែមានព្រះរាជឱង្ការរំឭកអំពីការចូលរួមចំណែករបស់កម្ពុជា ក្រោមការដឹកនាំរបស់ព្រះអង្គនៅក្នុងការជួយដល់ប្រជាជាតិវៀតណាមនៅក្នុងដំណើរការសង្គ្រាមដើម្បីតស៊ូបង្រួបបង្រួមប្រទេសវៀតណាម។

គេពិតជានៅចងចាំបាននូវការអនុញ្ញាតឱ្យវៀតណាម ប្រើប្រាស់ទឹកដីកម្ពុជា ដើម្បីដឹកជញ្ជូនសព្វាវុធ គ្រាប់រំសេវ ស្បៀងអាហារ និងមាសប្រាក់ ពីកំពង់ផែកំពង់សោមទៅព្រំដែនកម្ពុជា-វៀតណាមខាងត្បូង តាមរយៈផ្លូវលំហូជីមិញនៅក្នុងប្រទេសកម្ពុជា ដើម្បីបម្រើដល់យុទ្ធនាការបង្រួបបង្រួមប្រទេសវៀតណាម។ នេះគឺជាការចូលរួមចំណែករបស់កម្ពុជា នៅក្នុងដំណើរការបង្រួបបង្រួមប្រជាជាតិវៀតណាម ហើយដែលជាលទ្ធផល បាននាំប្រទេសកម្ពុជាធ្លាក់ចូលទៅក្នុងសង្គ្រាមឥណ្ឌូចិនលើកទីពីរ ដែលឆាបឆេះចេញពីប្រទេសវៀតណាមដោយផ្ទាល់។ លោកបណ្ឌិត យង់ ពៅ បានថ្លែងសង្កត់ធ្ងន់ថា ប្រសិនបើគ្មានជំនួយពីប្រទេសកម្ពុជានោះទេ នោះវៀតណាមខាងជើងពិតជាមិនអាចបង្រួបបង្រួមប្រជាជាតិរបស់ខ្លួនបាននោះឡើយ។

ទោះជាយ៉ាងណាក៏ដោយ លោកបណ្ឌិតបានគូសបញ្ជាក់ថា នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់នៃទំនាក់ទំនងរវាងប្រទេសកម្ពុជា និងវៀតណាម ហើយដែលគេត្រូវចងចាំ និងយល់ដឹងឱ្យបានច្បាស់លាស់អំពីសច្ចភាពនៃប្រវត្តិសាស្ត្រ ដែលមិនអាចកោសលុបបាន។ បើតាមលោកបណ្ឌិត យង់ ពៅ ថ្នាក់ដឹកនាំ និងប្រជាជនវៀតណាមត្រូវតែនឹកចងចាំឱ្យបានច្បាស់លាស់អំពីគុណបំណាច់របស់កម្ពុជា ក្នុងនាមជាប្រទេសជិតខាងល្អរបស់ខ្លួន ដែលបានចូលរួមជ្រោមជ្រែងយ៉ាងពេញទំហឹងដើម្បីឯករាជ្យភាព និងបង្រួបបង្រួមទឹកដីរបស់វៀតណាម។ លោកបណ្ឌិតបានគូសបញ្ជាក់បន្ថែមផងដែរថា ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ក៏គួរតែត្រូវបានអ្នកវិភាគនយោបាយ ក៏ដូចជាប្រជាពលរដ្ឋខ្មែរគ្រប់រូបបានដឹង និងស្វែងយល់ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត អំពីតថភាពនៃប្រវត្តិសាស្ត្រ នៅក្នុងទំនាក់ទំនងកម្ពុជា-វៀតណាម ដើម្បីចៀសវាងការវាយតម្លៃនៅក្នុងជ្រុងផ្សេងៗ ប្រាសចាកអំពីការពិត និងស្ថានភាពជាក់ស្ដែង នៃទំនាក់ទំនងកម្ពុជា-វៀតណាម៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

«និយោជិតវិស័យឯកជនផ្សេងទៀតក្រៅពីកម្មករ-កម្មការិនីក្នុងវិស័យកាត់ដេរ ក៏នឹងទទួលបានការកំណត់ប្រាក់ឈ្នួលអប្បបរមាក្នុងពេលខាងមុខនេះផងដែរ»

ភ្នំពេញ៖ ជាដំណឹងដ៏ល្អសម្រាប់ប្រជាពលរដ្ឋ ដែលធ្វើការងារក្នុងវិស័យឯកជនដទៃផ្សេងទៀតដែលពុំមែនជាកម្មករ-កម្មការិនីក្នុងវិស័យកាត់ដេរ ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាស...

2018-12-14 04:29:46   ថ្ងៃសុក្រ, 14 ធ្នូ 2018 ម៉ោង 11:29 AM
«ប្រជុំអនុម័តបច្ចេកសព្ទគណៈកម្មការគីមីវិទ្យា និង រូបវិទ្យា»

ថ្ងៃពុធ ៥កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបន្តប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណៈកម្មការគីមីវិទ្យា និង រូបវិទ្យា...

2018-12-13 02:54:33   ថ្ងៃព្រហស្បតិ៍, 13 ធ្នូ 2018 ម៉ោង 09:54 AM
«ថ្នាក់ដឹកនាំវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជាអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅប្រទេសចិន»

កាលពីរាត្រីថ្ងៃអង្គារ ៤កើត ខែមិគសិរ ឆ្នាំច ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១១​ ខែធ្នូ ឆ្នាំ២០១៨ ថ្នាក់ដឹកនាំវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត គិន ភា បានអញ្ជើញធ្វើដំណើរ...

2018-12-12 09:52:46   ថ្ងៃពុធ, 12 ធ្នូ 2018 ម៉ោង 04:52 PM
«ត្រឹមរយៈពេលបួនថ្ងៃ ថតបានសត្វស្លាប ១២៥ប្រភេទ នៅឧទ្យានឫស្សីត្រឹប»

នេះជាការថតរូបសត្វស្លាបលើកដំបូងដែលក្រុមការងារឧទ្យានឫស្សីត្រឹប បានសហការជាមួយក្រុមអ្នកថតរូបវត្តមានសត្វស្លាបនៅកម្ពុជា (Photographers of Existent Birds In Cambodia) ចុះថតរូបសត្វស្លាបនៅក្នុងតំបន់ឧទ្យានឫស្សី...

2018-12-12 07:46:47   ថ្ងៃពុធ, 12 ធ្នូ 2018 ម៉ោង 02:46 PM
«ដំណើរនយោបាយកម្ពុជា៖ ជំហរនិងសម្បទានដើម្បីឧត្ដមប្រយោជន៍ជាតិ (ភាគទី២)»

ចុះផ្សាយថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ - ម៉ោង៖ ១០ : ៣០នាទីបន្ទាប់ពីកម្ពុជាធ្លាក់ក្នុងសង្គ្រាមស៊ីវិលជាង៣ទស្សវត្សរ៍ ការបោះឆ្នោតថ្នាក់ជាតិលើកទីមួយ ដែលបានគ្រោងធ្វើឡើងនៅខែឧសភា ឆ្នាំ១៩៩៣ ត្រូវបានរៀបចំឡើងដោយស...

2018-12-12 03:57:18   ថ្ងៃពុធ, 12 ធ្នូ 2018 ម៉ោង 10:57 AM
«និម្មិតសញ្ញានៃមិត្តភាពរវាង រាជបណ្ឌិត្យសភាកម្ពុជានិងសាកលវិទ្យាល័យយូណាន ប្រទេសចិន»

ថ្ងៃអង្គារ៍ ៤កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ប្រធានមជ្ឈមណ្ឌលសិក្សាចិន លោកបណ្ឌិត គីសេរីវឌ្ឍន៍  តំណាងឯកឧត្តមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានចូលរួមដាំ...

2018-12-11 16:30:55   ថ្ងៃអង្គារ, 11 ធ្នូ 2018 ម៉ោង 11:30 PM

សេចក្តីប្រកាស