ព័ត៌មាន

បណ្ឌិត យង់ ពៅ៖ ការចូលរួមរបស់ប្រតិភូកងយោធពលខេមរភូមិន្ទកម្ពុជា ក្នុងក្បួនព្យុហយាត្រាដើម្បីអបអរកម្មវិធីខួបទី៥០នៃការបង្រួបបង្រួមជាតិវៀតណាម បញ្ជាក់ពីកិច្ចសហប្រតិបត្តិការយោធា និងបានរំឭកពីការរួមចំណែកដ៏សំខាន់របស់កម្ពុជានៅក្នុងការបង្រួបបង្រួមជាតិវៀតណាម

2025-04-29 09:19:36 ថ្ងៃអង្គារ, 29 មេសា 2025 ម៉ោង 04:19 PM
អ្នកមើល 271
post_detail1

ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីករណីដែលភាគីវៀតណាមបានអញ្ជើញកងទ័រកម្ពុជាចូលរួមដង្ហែព្យុហយាត្រារបស់ខ្លួន ដើម្បីអបអរកម្មវិធីខួបទី៥០នៃការបង្រួបបង្រួមជាតិវៀតណាមនោះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានគូសបញ្ជាក់ថា ការចូលរួមរបស់ប្រតិភូកងយោធពលខេមរភូមិន្ទកម្ពុជា ក្នុងក្បួនព្យុហយាត្រាដើម្បីអបអរកម្មវិធីខួបទី៥០នៃការបង្រួបបង្រួមជាតិវៀតណាម បញ្ជាក់ពីកិច្ចសហប្រតិបត្តិការយោធា និងបានរំឭកពីការរួមចំណែកដ៏សំខាន់របស់កម្ពុជានៅក្នុងការបង្រួបបង្រួមជាតិវៀតណាម។ បើតាមលោកបណ្ឌិត កម្ពុជានិងវៀតណាម មានទំនាក់ទំនងនិងការជាប់ពាក់ព័ន្ធនឹងគ្នាជាប្រវត្តិសាស្ត្រតាំងពីសម័យអង្គរមកម្ល៉េះ ដែលក្នុងនោះករណីអធិបតេយ្យភាព ក៏ជាចំណុចដ៏សំខាន់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ ពិសេសប្រទេសកម្ពុជាបានចូលរួមចំណែកយ៉ាងសំខាន់ នៅក្នុងជំរុញសម្រេចបាននូវការបង្រួបបង្រួមទឹកដីរវាងវៀតណាមខាងជើង និងវៀតណាមខាងត្បូងនៅក្នុងសម័យសង្គ្រាមត្រជាក់។

លោកបណ្ឌិត យង់ ពៅបានមានប្រសាសន៍បន្ថែមទៀតថា នៅពេលដែលគេនិយាយអំពីការបង្រួបបង្រួមជាតិរបស់វៀតណាម គេមិនអាចបំភ្លេចនូវការចូលរួមចំណែកដ៏សំខាន់របស់កម្ពុជា នៅក្នុងកិច្ចខិតខំប្រឹងប្រែងរំដោះប្រទេសវៀតណាមខាងត្បូង ដើម្បីឈានទៅដល់ការបង្រួបបង្រួមជាតិវៀតណាមនោះឡើយ។ លោកបណ្ឌិតបានបន្តថា សម្ដេចព្រះបរមរតនកោដ្ឋ នរោត្ដមសីហនុ តែងតែមានព្រះរាជឱង្ការរំឭកអំពីការចូលរួមចំណែករបស់កម្ពុជា ក្រោមការដឹកនាំរបស់ព្រះអង្គនៅក្នុងការជួយដល់ប្រជាជាតិវៀតណាមនៅក្នុងដំណើរការសង្គ្រាមដើម្បីតស៊ូបង្រួបបង្រួមប្រទេសវៀតណាម។

គេពិតជានៅចងចាំបាននូវការអនុញ្ញាតឱ្យវៀតណាម ប្រើប្រាស់ទឹកដីកម្ពុជា ដើម្បីដឹកជញ្ជូនសព្វាវុធ គ្រាប់រំសេវ ស្បៀងអាហារ និងមាសប្រាក់ ពីកំពង់ផែកំពង់សោមទៅព្រំដែនកម្ពុជា-វៀតណាមខាងត្បូង តាមរយៈផ្លូវលំហូជីមិញនៅក្នុងប្រទេសកម្ពុជា ដើម្បីបម្រើដល់យុទ្ធនាការបង្រួបបង្រួមប្រទេសវៀតណាម។ នេះគឺជាការចូលរួមចំណែករបស់កម្ពុជា នៅក្នុងដំណើរការបង្រួបបង្រួមប្រជាជាតិវៀតណាម ហើយដែលជាលទ្ធផល បាននាំប្រទេសកម្ពុជាធ្លាក់ចូលទៅក្នុងសង្គ្រាមឥណ្ឌូចិនលើកទីពីរ ដែលឆាបឆេះចេញពីប្រទេសវៀតណាមដោយផ្ទាល់។ លោកបណ្ឌិត យង់ ពៅ បានថ្លែងសង្កត់ធ្ងន់ថា ប្រសិនបើគ្មានជំនួយពីប្រទេសកម្ពុជានោះទេ នោះវៀតណាមខាងជើងពិតជាមិនអាចបង្រួបបង្រួមប្រជាជាតិរបស់ខ្លួនបាននោះឡើយ។

ទោះជាយ៉ាងណាក៏ដោយ លោកបណ្ឌិតបានគូសបញ្ជាក់ថា នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់នៃទំនាក់ទំនងរវាងប្រទេសកម្ពុជា និងវៀតណាម ហើយដែលគេត្រូវចងចាំ និងយល់ដឹងឱ្យបានច្បាស់លាស់អំពីសច្ចភាពនៃប្រវត្តិសាស្ត្រ ដែលមិនអាចកោសលុបបាន។ បើតាមលោកបណ្ឌិត យង់ ពៅ ថ្នាក់ដឹកនាំ និងប្រជាជនវៀតណាមត្រូវតែនឹកចងចាំឱ្យបានច្បាស់លាស់អំពីគុណបំណាច់របស់កម្ពុជា ក្នុងនាមជាប្រទេសជិតខាងល្អរបស់ខ្លួន ដែលបានចូលរួមជ្រោមជ្រែងយ៉ាងពេញទំហឹងដើម្បីឯករាជ្យភាព និងបង្រួបបង្រួមទឹកដីរបស់វៀតណាម។ លោកបណ្ឌិតបានគូសបញ្ជាក់បន្ថែមផងដែរថា ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ក៏គួរតែត្រូវបានអ្នកវិភាគនយោបាយ ក៏ដូចជាប្រជាពលរដ្ឋខ្មែរគ្រប់រូបបានដឹង និងស្វែងយល់ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត អំពីតថភាពនៃប្រវត្តិសាស្ត្រ នៅក្នុងទំនាក់ទំនងកម្ពុជា-វៀតណាម ដើម្បីចៀសវាងការវាយតម្លៃនៅក្នុងជ្រុងផ្សេងៗ ប្រាសចាកអំពីការពិត និងស្ថានភាពជាក់ស្ដែង នៃទំនាក់ទំនងកម្ពុជា-វៀតណាម៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

«សម្តេចតេជោ ហ៊ុន សែន ប្រកាសឱ្យសាលារាជធានីភ្នំពេញបញ្ចេញរថយន្តក្រុង២១៥គ្រឿង ដើម្បីដឹកជញ្ជូនពលរដ្ឋមិនគិតថ្លៃ អំឡុងឱកាសបុណ្យភ្ជុំបិណ្ឌ»

ថ្ងៃពុធ ទី៣ ខែតុលា ឆ្នាំ២០១៨(ភ្នំពេញ)៖ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋពីរាជធានីភ្នំពេញទៅខេត្តនានា ក៏ដូចជាត្រឡប់មក​ពី​ខេត្តនានាមកកាន់រាជធានីភ្នំពេញវិញឱ្យមានលក្ខណៈល្អប្រសើរនោះ នៅក្នុងឱកាសបុណ្...

2018-10-03 13:34:38   ថ្ងៃពុធ, 03 តុលា 2018 ម៉ោង 08:34 PM
«បច្ចេកសព្ទគណៈកម្មការវិទ្យាសាស្រ្តសេដ្ឋកិច្ចចំនួន៥ ត្រូវបានអនុម័ត...»

ជារៀងរាល់សប្តាហ៍ នៅថ្ងៃអង្គារ និងថ្ងៃពុធ ក្រុមប្រឹក្សាជាតិភាសាខ្មែរ នឹងរៀបចំប្រជុំគណៈកម្មការទាំងអស់​ដើម្បីពិនិត្យនិងវាយតម្លៃលើបច្ចេកសព្ទតាមជំនាញនីមួយៗ។ នៅសប្តាហ៍នេះ គឺត្រូវនឹងថ្ងៃពុធ ៩រោច ខែភទ្របទ ឆ្ន...

2018-10-03 13:06:58   ថ្ងៃពុធ, 03 តុលា 2018 ម៉ោង 08:06 PM
«កម្ពុជា នឹងក្លាយជាទីតាំងឧស្សាហកម្មកែច្នៃ និងផ្គត់ផ្គង់ដំឡូងមីសម្រាប់ទីផ្សារពិភពលោក»

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានបង្ហាញជំនឿថា កម្ពុជានឹងក្លាយជាទីតាំងឧស្សាហកម្មកែច្នៃ និងផ្គត់ផ្គង់ដំឡូងមី ដែលអាចជឿទុកចិត្តបាន សម្រាប់ទីផ្សារពិភពលោកនាពេលខាងមុខនេះ តាម​រយៈ​គោ...

2018-10-03 09:47:47   ថ្ងៃពុធ, 03 តុលា 2018 ម៉ោង 04:47 PM
«កម្ពុជា តាមរយៈរាជបណ្ឌិត្យសភាកម្ពុជានឹងមានដៃគូបើកវេទិកាសិក្សាភាសាចិនតាមបច្ចេកវិទ្យា អនឡាញ(Online) និងសិក្សាទីផ្សារភាគហ៊ុននានា...»

ថ្ងៃពុធ ទី៩រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ១១ព្រឹក នៅសាលប្រជុំស្លឹករឹតមានជំនួបពិភាក្សាមួយស្ដីពី ការសិក្សាតាមប្រព័ន្ធអនឡានរវាងរាជបណ្ឌិត្យសភាកម្...

2018-10-03 09:21:35   ថ្ងៃពុធ, 03 តុលា 2018 ម៉ោង 04:21 PM
«ការផ្ញើសារផ្តល់កម្ចីឥណទានតាមប្រព័ន្ធទូរស័ព្ទ»

ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះយើងបានសង្កេតឃើញថា មានការជជែកគ្នាស្តីអំពីការទទួលសេវាប្រាក់កម្ចីតាមរយៈការទទួលបានសារចូលនៅក្នុងទូរស័ព្ទដៃ។​ ការផ្តល់ប្រាក់កម្ចីនេះ មិនមានតម្រូវការនៅក្នុងការរបស់បញ្ចាំមានលក្...

2018-10-03 08:29:19   ថ្ងៃពុធ, 03 តុលា 2018 ម៉ោង 03:29 PM
«IMF ៖ សេដ្ឋកិច្ចកម្ពុជានឹងកើនឡើង៧,២៥ ភាគរយនៅឆ្នាំនេះ»

ថ្ងៃពុធ ទី៣ ខែតុលា ឆ្នាំ២០១៨យោងតាមប្រភពព័ត៌មាន ពីកាសែត រ៉យទ័រ ចុះផ្សាយនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ បានឱ្យដឹងថាមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)កំណើនសេដ្ឋកិច្ចកម្ពុជានឹងស្ថិតនៅ ៧,២៥% នៅឆ្នាំ២០១៨នេះ និង ៧...

2018-10-03 03:31:36   ថ្ងៃពុធ, 03 តុលា 2018 ម៉ោង 10:31 AM

សេចក្តីប្រកាស