ព័ត៌មាន

បណ្ឌិត យង់ ពៅ៖ ការចូលរួមរបស់ប្រតិភូកងយោធពលខេមរភូមិន្ទកម្ពុជា ក្នុងក្បួនព្យុហយាត្រាដើម្បីអបអរកម្មវិធីខួបទី៥០នៃការបង្រួបបង្រួមជាតិវៀតណាម បញ្ជាក់ពីកិច្ចសហប្រតិបត្តិការយោធា និងបានរំឭកពីការរួមចំណែកដ៏សំខាន់របស់កម្ពុជានៅក្នុងការបង្រួបបង្រួមជាតិវៀតណាម

2025-04-29 09:19:36 ថ្ងៃអង្គារ, 29 មេសា 2025 ម៉ោង 04:19 PM
អ្នកមើល 436
post_detail1

ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីករណីដែលភាគីវៀតណាមបានអញ្ជើញកងទ័រកម្ពុជាចូលរួមដង្ហែព្យុហយាត្រារបស់ខ្លួន ដើម្បីអបអរកម្មវិធីខួបទី៥០នៃការបង្រួបបង្រួមជាតិវៀតណាមនោះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានគូសបញ្ជាក់ថា ការចូលរួមរបស់ប្រតិភូកងយោធពលខេមរភូមិន្ទកម្ពុជា ក្នុងក្បួនព្យុហយាត្រាដើម្បីអបអរកម្មវិធីខួបទី៥០នៃការបង្រួបបង្រួមជាតិវៀតណាម បញ្ជាក់ពីកិច្ចសហប្រតិបត្តិការយោធា និងបានរំឭកពីការរួមចំណែកដ៏សំខាន់របស់កម្ពុជានៅក្នុងការបង្រួបបង្រួមជាតិវៀតណាម។ បើតាមលោកបណ្ឌិត កម្ពុជានិងវៀតណាម មានទំនាក់ទំនងនិងការជាប់ពាក់ព័ន្ធនឹងគ្នាជាប្រវត្តិសាស្ត្រតាំងពីសម័យអង្គរមកម្ល៉េះ ដែលក្នុងនោះករណីអធិបតេយ្យភាព ក៏ជាចំណុចដ៏សំខាន់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ ពិសេសប្រទេសកម្ពុជាបានចូលរួមចំណែកយ៉ាងសំខាន់ នៅក្នុងជំរុញសម្រេចបាននូវការបង្រួបបង្រួមទឹកដីរវាងវៀតណាមខាងជើង និងវៀតណាមខាងត្បូងនៅក្នុងសម័យសង្គ្រាមត្រជាក់។

លោកបណ្ឌិត យង់ ពៅបានមានប្រសាសន៍បន្ថែមទៀតថា នៅពេលដែលគេនិយាយអំពីការបង្រួបបង្រួមជាតិរបស់វៀតណាម គេមិនអាចបំភ្លេចនូវការចូលរួមចំណែកដ៏សំខាន់របស់កម្ពុជា នៅក្នុងកិច្ចខិតខំប្រឹងប្រែងរំដោះប្រទេសវៀតណាមខាងត្បូង ដើម្បីឈានទៅដល់ការបង្រួបបង្រួមជាតិវៀតណាមនោះឡើយ។ លោកបណ្ឌិតបានបន្តថា សម្ដេចព្រះបរមរតនកោដ្ឋ នរោត្ដមសីហនុ តែងតែមានព្រះរាជឱង្ការរំឭកអំពីការចូលរួមចំណែករបស់កម្ពុជា ក្រោមការដឹកនាំរបស់ព្រះអង្គនៅក្នុងការជួយដល់ប្រជាជាតិវៀតណាមនៅក្នុងដំណើរការសង្គ្រាមដើម្បីតស៊ូបង្រួបបង្រួមប្រទេសវៀតណាម។

គេពិតជានៅចងចាំបាននូវការអនុញ្ញាតឱ្យវៀតណាម ប្រើប្រាស់ទឹកដីកម្ពុជា ដើម្បីដឹកជញ្ជូនសព្វាវុធ គ្រាប់រំសេវ ស្បៀងអាហារ និងមាសប្រាក់ ពីកំពង់ផែកំពង់សោមទៅព្រំដែនកម្ពុជា-វៀតណាមខាងត្បូង តាមរយៈផ្លូវលំហូជីមិញនៅក្នុងប្រទេសកម្ពុជា ដើម្បីបម្រើដល់យុទ្ធនាការបង្រួបបង្រួមប្រទេសវៀតណាម។ នេះគឺជាការចូលរួមចំណែករបស់កម្ពុជា នៅក្នុងដំណើរការបង្រួបបង្រួមប្រជាជាតិវៀតណាម ហើយដែលជាលទ្ធផល បាននាំប្រទេសកម្ពុជាធ្លាក់ចូលទៅក្នុងសង្គ្រាមឥណ្ឌូចិនលើកទីពីរ ដែលឆាបឆេះចេញពីប្រទេសវៀតណាមដោយផ្ទាល់។ លោកបណ្ឌិត យង់ ពៅ បានថ្លែងសង្កត់ធ្ងន់ថា ប្រសិនបើគ្មានជំនួយពីប្រទេសកម្ពុជានោះទេ នោះវៀតណាមខាងជើងពិតជាមិនអាចបង្រួបបង្រួមប្រជាជាតិរបស់ខ្លួនបាននោះឡើយ។

ទោះជាយ៉ាងណាក៏ដោយ លោកបណ្ឌិតបានគូសបញ្ជាក់ថា នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់នៃទំនាក់ទំនងរវាងប្រទេសកម្ពុជា និងវៀតណាម ហើយដែលគេត្រូវចងចាំ និងយល់ដឹងឱ្យបានច្បាស់លាស់អំពីសច្ចភាពនៃប្រវត្តិសាស្ត្រ ដែលមិនអាចកោសលុបបាន។ បើតាមលោកបណ្ឌិត យង់ ពៅ ថ្នាក់ដឹកនាំ និងប្រជាជនវៀតណាមត្រូវតែនឹកចងចាំឱ្យបានច្បាស់លាស់អំពីគុណបំណាច់របស់កម្ពុជា ក្នុងនាមជាប្រទេសជិតខាងល្អរបស់ខ្លួន ដែលបានចូលរួមជ្រោមជ្រែងយ៉ាងពេញទំហឹងដើម្បីឯករាជ្យភាព និងបង្រួបបង្រួមទឹកដីរបស់វៀតណាម។ លោកបណ្ឌិតបានគូសបញ្ជាក់បន្ថែមផងដែរថា ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ក៏គួរតែត្រូវបានអ្នកវិភាគនយោបាយ ក៏ដូចជាប្រជាពលរដ្ឋខ្មែរគ្រប់រូបបានដឹង និងស្វែងយល់ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត អំពីតថភាពនៃប្រវត្តិសាស្ត្រ នៅក្នុងទំនាក់ទំនងកម្ពុជា-វៀតណាម ដើម្បីចៀសវាងការវាយតម្លៃនៅក្នុងជ្រុងផ្សេងៗ ប្រាសចាកអំពីការពិត និងស្ថានភាពជាក់ស្ដែង នៃទំនាក់ទំនងកម្ពុជា-វៀតណាម៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

ឯកឧត្ដមបណ្ឌិត យង់ ពៅ៖ «ទឹកគឺជីវិត» ទឹកអាចសង្គ្រោះ ទឹកអាចបម្រើ ទឹកអាចបំផ្លាញ

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញថ្លែងសន្ទរកថាបិទសិក្ខាសាលា ស្ដីពី «បច្ចេកវិទ្យាសមស្រប និងនវានុវត្តន៍» ក្រោមប្រធានបទ «អនាគតប្រកបដោយចីរភាព៖ ទឹក ជីវភាពរស់នៅ និងអាកាសធាតុ» នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥...

2024-03-14 10:32:56   ថ្ងៃព្រហស្បតិ៍, 14 មីនា 2024 ម៉ោង 05:32 PM
អ្នកស្រាវជ្រាវរកឃើញថា ការបង្កបង្កើនផលស្រូវនៅកម្ពុជាកើនឡើង តែកង្វះកម្លាំងពលកម្ម ហើយប្រជាពលរដ្ឋកំពុងប្រឈមនឹងបញ្ហាបំណុលកើនឡើង

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥ កើត ខែផល្គុន ឆ្នាំថោះ ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ លោកសាស្ត្រាចារ្យបណ្ឌិត ម៉ក់ សិទ្ធិរិទ្ធិ អ្នកស្រាវជ្រាវ និងជាប្រធានអង្គការវើលហ...

2024-03-14 10:25:54   ថ្ងៃព្រហស្បតិ៍, 14 មីនា 2024 ម៉ោង 05:25 PM
រាជបណ្ឌិត្យសភាកម្ពុជារៀបចំសិក្ខាសាលា ស្ដីពី «បច្ចេកវិទ្យាសមស្រប និងនវានុវត្តន៍» ក្រោមប្រធានបទ «អនាគតប្រកបដោយចីរភាព៖ ទឹក ជីវភាពរស់នៅ និងអាកាសធាតុ»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥ កើត ខែផល្គុន ឆ្នាំថោះ ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំសិក្ខាសាលា ស្ដីពី «បច្ចេកវិទ្យាសមស្រប និងនវានុវត្ត...

2024-03-14 10:22:04   ថ្ងៃព្រហស្បតិ៍, 14 មីនា 2024 ម៉ោង 05:22 PM
ស្វែងយល់អំពីនគរូបនីយកម្មនៅកម្ពុជា Comprehending urbanization in Cambodia ដោយ៖ លោក ហៃ សុគន្ធា មន្ត្រីស្រាវជ្រាវនាយកដ្ឋានភូមិវិទ្យានិងនគរូបនីយកម្ម នៃវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម រាជបណ្ឌិត្យសភាកម្ពុជា

ទឹក និងដី គឺជាធនធានធម្មជាតិដ៏សំខាន់ ហើយក៏ជាមូលដ្ឋានគ្រឹះសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច សង្គម និងសម្រាប់ទ្រទ្រង់ជីវិតផងដែរ។ ដោយសារ កំណើនប្រជាជន កំណើននៃការប្រើប្រាស់ធនធានធម្មជាតិ និងបម្រែបម្រួលអាកាសធាតុ គ្រប...

2024-03-12 14:13:54   ថ្ងៃអង្គារ, 12 មីនា 2024 ម៉ោង 09:13 PM
ការទាញយកបញ្ហាបង្កើតប្រធានបទសិក្សាស្រាវជ្រាវចេញពីភាពខ្វះចន្លោះទិន្នន័យជាក់ស្តែងនៅក្នុងស្នាដៃសិក្សាស្រាវជ្រាវមុនៗ ដោយ៖ បណ្ឌិត វង់ សំអូន ជំនួយការខុទ្ទកាល័យរាជបណ្ឌិត្យសភាកម្ពុជា

បញ្ហាកើតចេញពីភាពខ្វះចន្លោះទិន្នន័យជាក់ស្តែង៖ ទិន្នន័យជាក់ស្តែងគឺសំដៅលើទិន្នន័យទាំងឡាយណាដែលត្រូវបានប្រមូលបានពីក្រុមគោលដៅដោយផ្ទាល់តាមរយៈការប្រើប្រាស់វិធីសាស្ត្រប្រមូលទិន្នន័យ ឬទិចនិចប្រមូលទិន្នន័យផ្សេងៗ...

2024-03-11 14:19:39   ថ្ងៃចន្ទ, 11 មីនា 2024 ម៉ោង 09:19 PM
ជំនួបជាមួយនឹងប្រតិភូដែលអញ្ជើញមកពី China Media Group Asia Pacific

នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា ក្នុងនាមដំណាងឯកឧត្តមបណ្ឌិត្យសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយនឹងប្រតិ...

2024-03-11 10:29:24   ថ្ងៃចន្ទ, 11 មីនា 2024 ម៉ោង 05:29 PM

សេចក្តីប្រកាស