ព័ត៌មាន

ឯកឧត្ដមបណ្ឌិត យង់ ពៅ ដឹកនាំកិច្ចប្រជុំស្ដីពីការបង្រៀនថ្នាក់បរិញ្ញាបត្រ ដើម្បីវាយតម្លៃស្តង់ដាគុណភាព និងជំរុញលើកកម្ពស់ការសិក្សាស្រាវជ្រាវ

2025-04-30 09:45:54 ថ្ងៃពុធ, 30 មេសា 2025 ម៉ោង 04:45 PM
អ្នកមើល 1099
post_detail1

 

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំកិច្ចប្រជុំស្ដីពីការបង្រៀនថ្នាក់បរិញ្ញាបត្រ សម្រាប់ការបង្រៀននៅឆមាសទី២ ដើម្បីវាយតម្លៃស្តង់ដាគុណភាព និងជំរុញលើកកម្ពស់ការសិក្សាស្រាវជ្រាវ ដែលមានការចូលរួមពីសំណាក់លោកគ្រូ អ្នកគ្រូ ដែលនឹងបង្រៀនថ្នាក់បរិញ្ញាបត្រទាំងអស់នៃរាជបណ្ឌិត្យសភាកម្ពុជា។

 

នៅក្នុងឱកាសដឹកនាំកិច្ចប្រជុំស្ដីពីការបង្រៀនថ្នាក់បរិញ្ញាបត្រ ឯកឧត្ដមបណ្ឌិត យង់ ពៅ បានមានប្រសាសន៍លើកឡើងថា ឆ្នាំ២០២៥ នេះ គឺជាឆ្នាំចាប់ផ្ដើមដំណើរការបង្រៀនថ្នាក់បរិញ្ញាបត្រជាលើកដំបូងនៅរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីចូលរួមចំណែកពង្រឹងសមត្ថភាពធនធានមនុស្សរបស់កម្ពុជានៅកម្រិតមហាវិទ្យាល័យ ពិសេសដើម្បីពង្រឹងសមត្ថភាពយុវជនកម្ពុជា នៅក្នុងការសិក្សាស្រាវជ្រាវដោយឈរលើមូលដ្ឋានវិទ្យាសាស្ត្រ។ ឯកឧត្ដមបណ្ឌិតបានគូសបញ្ជាក់បន្ថែមថា ការសិក្សាស្រាវជ្រាវពិតជាមានសារៈសំខាន់ណាស់នៅក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម តាមរយៈការធានាបាននូវធនធានមនុស្សប្រកបដោយសមត្ថភាពនិងគុណភាព និងការស្វែងរកធាតុចូលជូនដល់ក្រសួង ស្ថាប័ន អង្គភាព និងវិស័យឯកជនជាដើម។

 

ឯកឧត្ដមបណ្ឌិតបានបន្តថា ឯកឧត្ដមសូមប្រសិទ្ធនាមថា ការបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រជំនាន់ទី១ គឺជាវគ្គតម្រង់ទិសដើម្បីពង្រឹងសមត្ថភាពធនធានមនុស្សទាំងនៅក្នុងន័យវិទ្យាសាស្ត្រ សីលធម៌ និងមនសិកាជាតិ ដែលយុវជនមួយចំនួនហាក់បាត់បង់គុណតម្លៃមនសិការ សីលធម៌ និងសមត្ថភាពតាមបែបវិទ្យាសាស្ត្រ។ ឯកឧត្ដមបណ្ឌិតក៏បានគូសបញ្ជាក់ផងដែរអំពី សារៈសំខាន់នៃការបណ្ដុះបណ្ដាលមុខវិជ្ជាខេមរសិក្សា ដែលផ្ដោតសំខាន់ទៅលើការសិក្សាអំពីវប្បធម៌-អរិយធម៌ខ្មែរ និងមនសិកាស្នេហាជាតិរបស់យុវជនខ្មែរជំនាន់ក្រោយ។

 

ការអប់រំធនធានមនុស្សដោយផ្ដោតទៅលើការអប់រំសីលធម៌ សុជីវធម៌ និងមនសិកាជាតិ គឺជាមូលដ្ឋានចម្បងនៅក្នុងការធានាបាននូវមោទកភាពទៅលើប្រជាជាតិរបស់ខ្លួន និងក៏ជាការរួមចំណែកដ៏សំខាន់នៃការថែរក្សានិងលើកតម្កើងមុខមាត់ជាតិសាសន៍ និងប្រទេសជាតិរបស់ខ្លួនផងដែរ។ ឯកឧត្ដមបណ្ឌិត បានគូសបញ្ជាក់បន្ថែមថា នៅក្នុងមុខវិជ្ជាខេមរសិក្សា នឹងផ្ដោតទៅលើការសិក្សាអំពីវប្បធម៌ ទំនៀមទម្លាប់ សិល្បៈ  និងប្រវត្តិសាស្ត្រ ពិសេសប្រវត្តិសាស្ត្រខ្មែរ ដើម្បីបញ្ជ្រាបចំណេះដឹងជាមូលដ្ឋានសម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រនៅរាជបណ្ឌិត្យសភាកម្ពុជា។

 

ឯកឧត្ដមបណ្ឌិត យង់ ពៅ បានសំណូមពរដល់គ្រូបង្រៀនទាំងអស់ ត្រូវផ្សារភ្ជាប់ការបណ្ដុះបណ្ដាលទៅនឹងការពង្រឹងចំណេះដឹង ដែលមានលក្ខណៈវិទ្យាសាស្ត្រ ដោយត្រូវជំរុញនិស្សិតឱ្យមាននិន្នាការនៅក្នុងការអានសៀវភៅ អាចដកស្រង់ខ្លឹមសារផ្សេងៗពីក្នុងសៀវភៅ និងចេះតាមដានស្ថានការណ៍សេដ្ឋកិច្ចនិងសង្គម និងអន្តរជាតិជាដើម។ បន្ថែមពីនេះ ឯកឧត្ដមបណ្ឌិត បានស្នើសូមឱ្យគ្រូបង្រៀនទាំងអស់ ត្រូវត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់នៅមុនការបង្រៀន រាប់ចាប់តាំងពីឯកសារគោលសម្រាប់ការបង្រៀន ឯកសារគាំទ្រ និងការទទួលខុសត្រូវលើការបង្រៀនតាមលក្ខខណ្ឌរបស់រាជបណ្ឌិត្យសភាកម្ពុជា៕

RAC Media | លឹម សុវណ្ណរិទ្ធ

post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail

អត្ថបទទាក់ទង

«វិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១» ភាគទី៦ - វគ្គទី២ ដោយ៖ លោកស្រី ស៊ន ច័ន្ទអមរា មន្ត្រីលេខាធិការដ្ឋាននៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា

មេបញ្ជាការបារាំង និងទាហានខ្មែរ នៅក្នុងភាគទី៦ វគ្គទី២នេះ យើងសូមបង្ហាញអំពីឈ្មោះទាហានបារាំង និងទាហានខ្មែរ ដែលបានស្លាប់ និងរងរបួស ក្នុងសង្គ្រាមលោកលើកទី១នៅប្រទេសបារាំង ហើយដែលត្រូវបានឆ្លាក់នៅលើផ្ទាំងថ្មកែវ...

2019-04-22 05:00:53   ថ្ងៃចន្ទ, 22 មេសា 2019 ម៉ោង 12:00 PM
គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា «កិត្តិនីតិកោសលបណ្ឌិត» ត្រូវបានផ្តល់ជូនឯកឧត្តម ប៉ែន បញ្ញា

យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៤១៩/ ៥១៧ ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩  ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនីបានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គ...

2019-04-13 17:04:26   ថ្ងៃសៅរ៍, 13 មេសា 2019 ម៉ោង 12:04 AM
គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា «កិត្តិនីតិកោសលបណ្ឌិត» ត្រូវបានផ្តល់ជូនឯកឧត្តម ឌិត មន្ទី

យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៤១៩/ ៥១៦ ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គ...

2019-04-13 16:57:41   ថ្ងៃសៅរ៍, 13 មេសា 2019 ម៉ោង 11:57 PM
គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា​ «កិត្តិសង្គហបណ្ឌិត»ត្រូវបានផ្តល់ជូនលោកជំទាវ ឃួន សុដារី»

យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៤១៩/៥១៥ ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គោ...

2019-04-13 16:47:52   ថ្ងៃសៅរ៍, 13 មេសា 2019 ម៉ោង 11:47 PM
គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា «កិត្តិសេដ្ឋាបណ្ឌិត» ត្រូវបានផ្តល់ជូន ឯកឧត្តម ឆាយ ថន

យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៤១៩/ ៥១៤ ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនីបានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គោ...

2019-04-13 16:40:07   ថ្ងៃសៅរ៍, 13 មេសា 2019 ម៉ោង 11:40 PM
សរុបព័ត៌មានប្រចាំសប្តាហ៍«បច្ចេកសព្ទចំនួន៣០ ត្រូវបានអនុម័ត នៅសប្តាហ៍ទី២ ក្នុងខែមេសា ឆ្នាំ២០១៩»

បច្ចេកសព្ទចំនួន៣០ ត្រូវបានអនុម័ត នៅក្នុងសប្តាហ៍ទី២ ក្នុងខែមេសា  ឆ្នាំ២០១៩នេះ ក្នុងនោះមាន៖-បច្ចេកសព្ទគណៈ កម្មការអក្សរសិល្ប៍  ចំនួន០៣ ត្រូវបានអនុម័ត កាលពីថ្ងៃអង្គារ ៥កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២...

2019-04-13 14:46:44   ថ្ងៃសៅរ៍, 13 មេសា 2019 ម៉ោង 09:46 PM

សេចក្តីប្រកាស