ព័ត៌មាន

បណ្ឌិត យង់ ពៅ៖ បារីអេឡិចត្រូនិក គ្រឿងញៀន និងគ្រឿងស្រវឹង ជាបញ្ហាសង្គមដែលទាមទារការចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត

2025-05-08 10:28:30 ថ្ងៃព្រហស្បតិ៍, 08 ឧសភា 2025 ម៉ោង 05:28 PM
អ្នកមើល 2224
post_detail1

ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីការប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាល មិនអនុញ្ញាតឱ្យមានការវិនិយោគផលិតបារីអេឡិចត្រូនិកនៅកម្ពុជា មិនថាជាការវិនិយោគផលិតសម្រាប់លក់នៅទីផ្សារក្នុងស្រុក ឬសម្រាប់ការនាំចេញនោះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានបង្ហាញការសាទរ និងគាំទ្រទាំងស្រុងនូវ​ជំហរដ៏មុតមាំនេះ។ ជាមួយគ្នានេះ លោកបណ្ឌិតបានគូសបញ្ជាក់ថា បារីអេឡិចត្រូនិក​គឺជាផលិតផលផ្ទុកទៅដោយសារធាតុញៀនមួយ ដែលប៉ះពាល់យ៉ាងខ្លាំងទៅដល់សុខភាពអ្នកជក់ក៏ដូចជាអ្នកទទួលរងផ្សេងបារីនេះ ពិសេសផលិតផលនេះកំពុងពេញនិយមគួរឱ្យកត់សម្គាល់នៅក្នុងចំណោមយុវវ័យមួយចំនួន ដែលខ្លះថែមទាំងមានការយល់ច្រឡំថា បារីអេឡិចត្រូនិកមិនមានប៉ះពាល់ដល់សុខភាពរបស់ខ្លួនដូចជាបារីធម្មតាទៅវិញ។ លោកបណ្ឌិតបានបន្តថា តាមការសង្កេតរបស់លោក បារីអេឡិចត្រូនិកបានជ្រៀតចូលទៅក្នុងចំណោម​យុវ​ជនវ័យជំទង់ដែលជាវ័យកំពុងពេញសិក្សារៀនសូត្រនៅមធ្យមសិក្សា និងក្នុងចំណោមពលរដ្ឋផ្សេងទៀត ដែលតាមការស្រាវជ្រាវរបស់អ្នកជំនាញ បារីអេឡិចត្រូនិកថែមទាំងបង្កផលប៉ះពាល់ខ្លាំងខួរក្បាល ធ្វើឱ្យខូចសរីរាង្គផ្សេងៗ ដែលបង្កជាផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យសុខមាលភាពសាធារណៈ ដែលនៅថ្ងៃអនាគត កម្ពុជានឹងអាចបាត់បង់ធនធានមនុស្សប្រកបដោយបញ្ញាញាណ ប្រសិនបើគ្មានការទប់ស្កាត់ឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលាទេនោះ។ ត្រង់ចំណុចនេះ លោកបណ្ឌិត បានថ្លែងសង្កត់ធ្ងន់ថា ដើម្បីសម្រេចនូវ​ចក្ខុវិស័យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ការកសាង និងពង្រឹងសមត្ថភាពធនធានមនុស្ស គឺជាចំណុចស្នូលសំខាន់ ដែលរាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត។

          លោកបណ្ឌិត បានបន្ថែមទៀតថា ប្រសិនបើមិនមានយុទ្ធសាស្ត្រជាក់លាក់ ដើម្បីធានាបាននូវធនធានមនុស្សប្រកបដោយសមត្ថភាព ថាម​ភាព និងសុខភាពបរិបូរណ៍ទេ កម្ពុជាពិតជាលំបាកនៅក្នុងការឈានទៅសម្រេចគោលដៅរបស់ខ្លួនណាស់។ ក្នុងន័យនេះ លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថ្មីថា រាជរដ្ឋាភិបាលពិតជាមានភាពចាំបាច់នៅក្នុងការចាត់វិធានការឱ្យបានជាក់លាក់ និងម៉ឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់បញ្ហាសង្គមដែលបង្កឡើងដោយការប្រើប្រាស់បារីអេឡិចត្រូនិក គ្រឿងញៀន និងការគ្រឿងស្រវឹង ដើម្បីប្រទេស​កម្ពុជាទទួលបាននូវពលរដ្ឋប្រកបដោយថាមពល និងសក្ដានុពលនៅក្នុងការជំរុញសេដ្ឋកិច្ច​ជាតិនោះឡើយ។

          លោកបណ្ឌិត យង់ ពៅ បានបង្ហាញក្ដីរំពឹងថា ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ច នឹងអនុវត្តតាមប្រសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋភិបាលឱ្យបានមោះ​មុតបំផុត លុបបំបាត់និន្នាការនៃការប្រើប្រាស់បារីអេឡិចត្រូនិកនិងគ្រឿងញៀនឱ្យបានកម្រិតខ្ពស់បំផុត ខណៈពេលកន្លងទៅ គេឃើញមានការដាក់លក់បារីអេឡិចត្រូនិក និងគ្រឿងស្រវឹង នៅតាមទីកន្លែងសាធារណៈ នៅជិតសាលារៀន ក៏ដូចជានៅតាមកន្លែងដែលប្រមូលផ្ដុំយុវវ័យ​ជាដើម។ លោកបណ្ឌិតបានបន្តថា រាជរដ្ឋាភិបាលត្រូវតែជំរុញឱ្យមានការអនុវត្តវិធានការក្ដៅឱ្យខាងតែបាន ដោយដាក់កំហិតថា រាល់ភាពអសកម្មខាងលើ កើតមានឡើងនៅក្នុងមូលដ្ឋានណា អាជ្ញាធរមានសមត្ថកិច្ចនៅមូលដ្ឋានឬទីតាំងនោះ ត្រូវទទួលរងនូវវិធានការរដ្ឋបាល ឬការពិន័យ និងចាត់វិធានការឱ្យបានម៉ឺងម៉ាត់ស្របតាមច្បាប់ជាធរមាន ចៀសវាងការអនុវត្តដែលគ្មានតម្លាភាព និងការទទួលខុសត្រូវ។ លោកបណ្ឌិតបានថ្លែងសង្កត់ធ្ងន់ថា ប្រសិនបើរាជរដ្ឋាភិបាលមិនអាចចាត់វិធានការឱ្យមានប្រសិទ្ធភាព និងម៉ឺងម៉ាត់ទេនោះ រាជរដ្ឋាភិបាលនឹងត្រូវប្រឈមការចំណាយដ៏ខ្ពស់នៅក្នុងការរ៉ាប់រងលើសេវាសុខភាពសាធារណៈ ហើយគោលដៅអភិវឌ្ឍនាឆ្នាំ២០៣០ និងឆ្នាំ២០៥០ អាចនឹងត្រូវពន្យាពេល​ផងដែរ។ លោកបណ្ឌិតបានថ្លែងជំរុញឱ្យក្រសួងស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ច​ចូលរួមអនុវត្តសកម្មភាពឱ្យបានជាក់ស្ដែង មិនមែនត្រឹមតែជាការអនុវត្តដោយគ្រាន់តែជាការបង្ហាញរបាយការណ៍ ឬរូបភាព ដើម្បីយករួចខ្លួនដោយគ្មានការទទួលខុសត្រូវនោះឡើយ​។

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

នរវិទ្យា៖ មូលដ្ឋានចំណេះដឹង និង ការប្រើប្រាស់ ដោយ៖ ឯកឧត្តមបណ្ឌិត អ៊ុំ ប៉ុម ជំនួយការរាជបណ្ឌិត្យសភាកម្ពុជា

RAC M...

2022-01-30 07:44:37   ថ្ងៃអាទិត្យ, 30 មករា 2022 ម៉ោង 02:44 PM
ហេតុអ្វីមានវិធីចូលឆ្នាំប្រពៃណីចិននៅកម្ពុជា? ដោយ៖ លោក ហៃ សុវង្ស មន្ត្រីស្ម័គ្រចិត្តនៃវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2022-01-29 09:42:36   ថ្ងៃសៅរ៍, 29 មករា 2022 ម៉ោង 04:42 PM
បណ្ឌិតសភាចារ្យ សុខ ទូច៖ មហាអំណាចនឹងមិនបណ្ដោយឱ្យវិបត្តិអ៊ុយក្រែនផ្ទុះក្លាយទៅជាសង្គ្រាមនោះឡើយ

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឱកាសអញ្ជើញថ្លែងបកស្រាយនៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «ភាពតានតឹងរវាងបក្សសម្ព័ន្ធណាតូ និងសហព័ន្ធរុស្ស៊ី» នាព្រឹកថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្...

2022-01-28 13:06:18   ថ្ងៃសុក្រ, 28 មករា 2022 ម៉ោង 08:06 PM
អត្ថបទរបាំម៉ុងសាយក្នុងពិធីចូលឆ្នាំប្រពៃណីចិន ដោយ៖ លោក ខុម មុនីប្បញ្ញា វិទ្យស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2022-01-28 05:27:35   ថ្ងៃសុក្រ, 28 មករា 2022 ម៉ោង 12:27 PM
តម្លៃអប់រំនៃការបណ្តុះធម្មចរិយា ដោយ៖ លោកស្រី បណ្ឌិត ជា វណ្ណី នាយកដ្ឋានធម្មសាស្ត្រ ចរិយាសាស្ត្រ និងយេនឌ័រនៃវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម

តម្លៃអប់រំនៃការបណ្តុះធម្មចរិយា សីលធម៌ សុជីវធម៌ និងគុណធម៌ គឺមានសារសំខាន់ ដ្បិតវាជាគោលសម្រាប់ទូន្មានខ្លួនឱ្យមានចរិយាសណ្តាប់ធ្នាប់ល្អ មានសីលធម៌ វៀរចាកការប្រព្រឹត្តិទង្វើអាក្រក់ដែលមិនគប្បីធ្វើ ជាទង្វើដែលន...

2022-01-26 12:59:34   ថ្ងៃពុធ, 26 មករា 2022 ម៉ោង 07:59 PM
ស្ថិតិវិទ្យាមិនប៉ារ៉ាម៉ែត្រ Non-Parametric Statistic ដោយ៖ បណ្ឌិត ម៉ុង ម៉ារ៉ា មន្ត្រីស្រាវជ្រាវនាយកដ្ឋានស្ថិតិ និងគណិតវិទ្យា​ នៃវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

សៀវភៅនេះនឹងបង្ហាញអំពីវិធីមួយចំនួននៃស្ថិតិមិនប៉ារ៉ា-ម៉ែត្រ ជាពិសេសតេស្តមិនប៉ារ៉ាម៉ែត្រដែលជាជម្រើសមួយជំនួស​ឱ្យវិធីប៉ារ៉ាម៉ែត្រនៅក្នុងករណីដែលលក្ខខណ្ឌសម្រាប់ការអនុវត្តមិនត្រូវបានផ្ទៀងផ្ទាត់។ តាមរយៈសៀវភៅនេ...

2022-01-24 13:11:02   ថ្ងៃចន្ទ, 24 មករា 2022 ម៉ោង 08:11 PM

សេចក្តីប្រកាស