ព័ត៌មាន

លោកបណ្ឌិត យង់ ពៅ អំពាវនាវឱ្យមានការដាំដើមឈើឱ្យបានច្រើន ដើម្បីកាត់បន្ថយបញ្ហាកើនឡើងកម្ដៅផែនដី

2025-05-11 00:12:15 ថ្ងៃអាទិត្យ, 11 ឧសភា 2025 ម៉ោង 07:12 AM
អ្នកមើល 666
post_detail1

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកតាមដានស្ថានភាពសង្គម បានអំពាវនាវឱ្យសាធារណជន និងស្ថាប័នពាក់ព័ន្ធទាំងអស់ ចូលរួមដាំដើមឈើឱ្យបានច្រើន ដើម្បីកាត់បន្ថយបញ្ហាកើនឡើងកម្ដៅផែនដី ខណៈដែលពិភពលោក ក៏ដូចជាប្រទេសកម្ពុជា កំពុងប្រឈមនឹងបញ្ហាប្រែប្រួលអាកាសធាតុយ៉ាងខ្លាំង ពិសេសការកើនឡើងនូវកម្ដៅផែនដី ដោយសារមូលហេតុផ្សេងៗដូចជា ការបាត់បង់គម្របព្រៃឈើនៅតាមប្រទេសនិងតំបន់នានា និងការកើនឡើងនៃឧស្ម័នផ្ទះកញ្ចក់ជាដើម។ លោកបណ្ឌិត បានគូសបញ្ជាក់ថា គេត្រូវតែបង្កើនទំហំព្រៃឈើ និងការដាំដុះដើមឈើនៅតាមទីកន្លែងនានាឱ្យបានច្រើនបំផុតតាមដែលអាចធ្វើបាន ដើម្បីរក្សាសីតុណ្ហភាពនៅតាមទីតាំងទាំងឡាយ ពិសេសនៅតាមទីសាធារណៈ កាត់បន្ថយឧស្ម័នកាបូនិចនៅក្នុងបរិយាកាស និងជួយបង្កើនការផលិតអុកសែនពីធម្មជាតិ តាមរយៈដើមឈើដែលត្រូវបានដាំទាំងនោះ។ សម្រាប់លោកបណ្ឌិត កិច្ចការងារនេះ ទាមទារឱ្យមានការចូលរួមឱ្យបានច្រើនតាមដែលអាចធ្វើបាន ទាំងប្រជាពលរដ្ឋ រដ្ឋាភិបាល និងក្រសួងស្ថាប័នរដ្ឋនិងឯកជនទាំងអស់ ពិសេសនៅតាមក្រសួងស្ថាប័នរដ្ឋ គួរតែចាប់ផ្ដើមដាំដើមឈើជាប្រភេទឈើធំៗ ដើម្បីផ្ដល់ម្លប់ឱ្យបានកាន់តែច្រើនបន្ថែមទៀត។

លោកបណ្ឌិតបានកត់សម្គាល់ថា នៅតាមក្រសួងស្ថាប័នសាធារណៈមួយចំនួន គេសង្កេតឃើញថា ទីធ្លាមានការរៀបចំចាក់បេតុងនិងរៀបការ៉ូឡាជាដើម ស្ទើតែគ្រប់ក្រសួងស្ថាប័នទាំងអស់ ដែលនេះក៏ជាចំណែកនៃការបង្កើនកម្ដៅនៅតាមទីតាំងស្ថាប័នរដ្ឋ និងទីកន្លែងសាធារណៈ ដែលនៅពេលខ្លះ ក្ដៅសឹងតែមិនអាចធ្វើដំណើរបានផងដែរ។ លោកបណ្ឌិត យង់ ពៅ បានបន្ថែមទៀតថា ផ្លូវនៅទីប្រជុំជន ទាំងនៅក្នុងរាជធានីភ្នំពេញនិងតាមខេត្តនានាក្ដី គួរតែមានការដាំដើមឈើជាប្រភេទធំៗជាច្រើន សម្រាប់សាធារណជន និងអ្នកដំណើរអាចឆ្លងកាត់ ឈប់សម្រាក ឬធ្វើដំណើរជាមួយនឹងសីតុណ្ហភាពត្រជាក់សមល្មមផងដែរ ព្រោះបើតាមបទពិសោធន៍ដែលលោកបណ្ឌិត ធ្លាប់បានធ្វើដំណើរទៅកាន់ប្រទេសរីកចម្រើនមួយចំនួន ក៏ដូចជាប្រទេសក្នុងតំបន់ មានការដាំដើមឈើធំៗដែលផ្ដល់ជាម្លប់សម្រាប់ការធ្វើដំណើរ ឈប់សម្រាក ឬឆ្លងកាត់ផងដែរ។ នេះគឺជាការផ្ដល់ភាពសុខដុមនីយកម្មនៅក្នុងការធ្វើដំណើរតាមដងផ្លូវមួយសម្រាប់សាធារណជន ក៏ដូចជាភ្ញៀវទេសចរក្នុងនិងក្រៅប្រទេសដែរ។

លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់បន្តថា គេមិនគួរព្រួយបារម្ភចំពោះការថែទាំដើមឈើ អនាម័យ និងសោភ័ណភាពនៅតាមទីតាំងដែលដាំដើមឈើ ដែលតម្រូវឱ្យមានការអ្នកបោសសម្អាតនោះទេ ព្រោះការដាំដើមឈើធំៗនៅតាមផ្លូវឬទីតាំងសាធារណៈនានា គឺជាការផ្ដល់ផាសុកភាពទៅដល់ប្រជាពលរដ្ឋទូទៅ និងក៏ជាការលើកសម្រស់រាជធានីខេត្ត និងទីប្រជុំជននានាផងដែរ។ ជាមួយគ្នានេះ លោកបណ្ឌិតយល់ឃើញថា សាលារាជធានី-ខេត្ត ឬក្រសួងមន្ទីរដែលពាក់ព័ន្ធ គួរតែកំណត់នូវលក្ខខណ្ឌសម្រាប់បុរី ឬសំណង់អគារនានា ដើម្បីទទួលអាជ្ញាបណ្ណអនុញ្ញាតឱ្យសាងសង់ ត្រូវតែមានការរៀបចំប្លង់ដាំដើមឈើធំៗក្នុងកម្រិតណាមួយ ដើម្បីរួមចំណែកនៅក្នុងការកាត់បន្ថយកម្ដៅ ក៏ដូចជាបង្កើនសោភ័ណទីក្រុង ឬទីប្រជុំជនជាដើម។ លោកបណ្ឌិត បានលើកឡើងបន្ថែមថា រដ្ឋអំណាចត្រូវតែដាក់កំហិតឱ្យមានការចូលរួមតាមលទ្ធភាពជាក់ស្ដែង នៅក្នុងការកែប្រែបញ្ហាកើនឡើងកម្ដៅផែនដី តាមរយៈវិធានការគាំទ្រ និងលក្ខខណ្ឌកំណត់ផ្សេងៗ ដើម្បីឈានទៅកែសម្រួលបរិយាកាសផែនដី។ ប្រសិនបើគេមិនគិតគូរអំពីបញ្ហានេះទេ នោះពិភពលោកនឹងកាន់តែកើនឡើងកម្ដៅបន្ថែមទៀត ហើយគេក៏មិនអាចអង្គុយធ្វើការនៅក្នុងម៉ាស៊ីនត្រជាក់ ឬនៅក្នុងម្លប់រហូតនោះទេ។ ត្រង់ចំណុចនេះ លោកបណ្ឌិត ក៏បានស្នើសុំឱ្យប្រជាពលរដ្ឋទូទៅ ចូលរួមជាមួយនឹងរាជរដ្ឋាភិបាលផងដែរ ដើម្បីសម្រេចបាននូវគោលដៅទីសាធារណៈប្រកបដោយផាសុកភាពសម្រាប់មនុស្សទាំងអស់គ្នា។

ទោះជាយ៉ាងណា លោកបណ្ឌិតបានថ្លែងសង្កត់ធ្ងន់ថា កិច្ចការងារនេះ ក្រសួងស្ថាប័នសាធារណៈត្រូវតែចាប់ផ្ដើមធ្វើជាគម្រូ ដើម្បីទាក់ទាញ និងជំរុញការចូលរួមពីសំណាក់មហាជន ព្រមទាំងត្រូវកំណត់ច្បាប់បញ្ញត្តិឱ្យបានជាក់លាក់ និងច្បាស់លាស់ ដើម្បីឈានទៅសម្រេចគោលដៅនេះក្នុងពេលខាងមុខ ពោលគឺត្រូវសម្រេចឱ្យបាននូវបរិស្ថានល្អប្រសើរ និងទីសាធារណៈប្រកបដោយផាសុកភាពសម្រាប់មនុស្សទាំងអស់គ្នា។

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

«ប្រវត្តិ និង​ជំនឿ​ផ្សេងៗ​នៅក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខ្មែរ ...»

ថ្ងៃសៅរ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៨ប្រជាពលរដ្ឋ​គ្រប់​ឋានៈ​នាំ​គ្នា​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​នៅ​តាម​បណ្តា​វត្ត​នានា​។ប្រជាពលរដ្ឋ​គ្រប់​ឋានៈ​នាំ​គ្នា​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​គង់...

2018-09-29 12:58:48   ថ្ងៃសៅរ៍, 29 កញ្ញា 2018 ម៉ោង 07:58 PM
«សុន្ទរកថា របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅបុរី ញ៉ូវ យ៉ក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨...»

ខ្លឹមសារទាំងស្រុងនៃសុន្ទរកថា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ នាបុរី ញ៉ូវ យ៉ក សហរដ្ឋអាម៉េរិក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨...

2018-09-29 12:33:48   ថ្ងៃសៅរ៍, 29 កញ្ញា 2018 ម៉ោង 07:33 PM
«ជា សុផារ៉ា៖ ដើម្បីរៀបចំទីក្រុងមួយឱ្យមាននិរន្តរភាពត្រូវផ្ដោតលើចំណុចអាទិភាព៥»

ធ្លាប់ជាអភិបាលរាជធានីភ្នំពេញនិងបច្ចុប្បន្ននេះជារដ្ឋមន្ត្រីក្រសួង រៀបចំដែនដីនគររូបនីយកម្មនិងសំណង់ ឯកឧត្តម​ ជា សុផារ៉ា បាន លើកឡើងថា ការរៀបចំទីក្រុងមួយឱ្យបាននិរន្តរភាពនិងអាច រក្សាអត្តសញ្ញាណជាតិចាំបាច់ត្រ...

2018-09-28 13:49:26   ថ្ងៃសុក្រ, 28 កញ្ញា 2018 ម៉ោង 08:49 PM
«អ្នកជំនាញ៖ បច្ចេកវិទ្យា AI មានសារៈសំខាន់ណាស់ សម្រាប់ការគ្រប់គ្រងហានិភ័យ ក្នុងលំហូរពាណិជ្ជកម្មពិភពលោក»

ថ្ងៃសុក្រ ទី២៨ ខែកញ្ញា ឆ្នាំ២០១៨(ចិន)៖ នៅក្នុងលំហូរពាណិជ្ជកម្មពិភពលោក នាពេលបច្ចុប្បន្ន គេកំពុងសង្កេតឃើញថា កត្តាដែលជំរុញកំណើនសេដ្ឋកិច្ច កំពុងផ្លាស់ប្តូរកាន់តែលឿន ដែលជាហេតុនាំឱ្យ បច្ចេកវិទ្យាបញ្ញាសិប្បន...

2018-09-28 10:36:14   ថ្ងៃសុក្រ, 28 កញ្ញា 2018 ម៉ោង 05:36 PM
«ទំនាក់ទំនងកម្ពុជា-តួកគី៖ កម្ពុជានឹងបើកស្ថានឯកអគ្គរាជទូតរបស់ខ្លួនប្រចាំតួកគី នៅឆ្នាំ២០១៩ ខាងមុខនេះ»

ថ្ងៃសុក្រ ទី២៨ ខែកញ្ញា ឆ្នាំ២០១៨ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលចេញផ្សាយនៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ នេះ ព្រះរាជាណាចក្រកម្ពុជា នឹងបើកស្ថាន...

2018-09-28 10:17:59   ថ្ងៃសុក្រ, 28 កញ្ញា 2018 ម៉ោង 05:17 PM
«រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ បច្ចុប្បន្ន វិស័យទេសចរណ៍សហគមន៍ ត្រូវបានពិភពលោកបន្តយកចិត្តទុកដាក់លើកស្ទួយយ៉ាងខ្លាំង»

ថ្ងៃសុក្រ ទី២៨ ខែកញ្ញា ឆ្នាំ២០១៨(តូក្យូ-ជប៉ុន)៖ ដោយវិស័យទេសចរណ៍សហគមន៍ ពិតជាបានរួមចំណែកយ៉ាងសំខាន់ដល់ការកាត់បន្ថយភាពក្រីក្រ កាត់បន្ថយចំណាកស្រុកពីជនបទមកទីក្រុង រួមចំណែកដល់កិច្ចការពារបរិស្ថាន ទើបបានជាព្រឹ...

2018-09-28 09:24:04   ថ្ងៃសុក្រ, 28 កញ្ញា 2018 ម៉ោង 04:24 PM

សេចក្តីប្រកាស