Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នារសៀលថ្ងៃចន្ទ ៨រោច ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានទទួលជួបនិងពិភាក្សាការងារជាមួយនឹង ឯកឧត្ដម ហ្សាក់ ប៉េឡេ (Jacques Pellet) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីជជែកពិភាក្សា ស្វែងយល់អំពីដំណើរការនិងរចនាសម្ព័ន្ធរបស់រាជបណ្ឌិត្យសភាកម្ពុជា និងពិនិត្យលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។
ក្នុងឱកាសជំនួបពិភាក្សាការងារជាមួយឯកឧត្ដមឯកអគ្គរដ្ឋទូតបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជានារសៀលនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានសម្ដែងនូវសេចក្ដីសោមនស្សចំពោះជំនួបលើកទីមួយនេះ និងបានជម្រាបជូនឯកឧត្ដមឯកអគ្គរដ្ឋទូតអំពីសមាសភាពថ្នាក់ដឹកនាំ ប្រវត្តិនៃការបង្កើត និងរចនាសម្ព័ន្ធក៏ដូចជាស្ថាប័នឧបសម្ព័ន្ធនៃរាជបណ្ឌិត្យសភាកម្ពុជា។
ជាការឆ្លើយតប ឯកឧត្ដម ហ្សាក់ ប៉េឡេ (Jacques Pellet) បានបង្ហាញចំណាប់អារម្មណ៍អំពីសមិទ្ធផលរបស់រាជបណ្ឌិត្យសភាកម្ពុជា និងសង្ឃឹមថា រាជបណ្ឌិត្យសភាកម្ពុជានឹងជំរុញការសិក្សាភាសាបារាំង ដើម្បីសិក្សាប្រវត្តិសាស្ត្រខ្មែរ និងជំនាញផ្សេងៗទៀត។ ឯកឧត្ដមឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជានិងបារាំង នៅក្នុងវិស័យផ្សេងៗដូចជា វិស័យបណ្ណាសារដ្ឋាន វិស័យកសិកម្ម កសិកម្ម និងវិស័យអប់រំជាដើម។ ឯកឧត្ដម ហ្សាក់ ប៉េឡេ (Jacques Pellet) បានបង្ហាញពីក្ដីរំពឹងថា រាជបណ្ឌិត្យសភាកម្ពុជា និងស្ថានទូតសាធារណរដ្ឋបារាំងនៅកម្ពុជា នឹងឈានទៅដល់ការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិបន្ថែមទៀតនាពេលខាងមុខនេះ។
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍ថា ឯកឧត្ដមមានក្ដីរំពឹងថា តាមរយៈស្ថានទូតបារាំងប្រចាំកម្ពុជា រាជបណ្ឌិត្យសភាកម្ពុជានឹងធ្វើកិច្ចសហប្រតិបត្តិការផ្សេងៗជាមួយនឹងស្ថាប័នស្រាវជ្រាវបារាំង ដែលមានដូចជាការរៀបចំគម្រោងស្រាវជ្រាវរួមគ្នាលើប្រធានបទសំខាន់ ការរៀបចំសិក្ខាសាលានិងវេទិកាស្រាវជ្រាវវិទ្យាសាស្ត្រផ្សេងៗជាដើម។
ជាលទ្ធផល រាជបណ្ឌិត្យសភាកម្ពុជា និងស្ថានទូតបារាំង បានឯកភាពគ្នាគ្រោងនឹងរៀបចំបាឋកថាស្ដីពី «ទំនាក់ទំនងកម្ពុជា-បារាំង» នាពេលមុខខាងមុខ ដើម្បីពង្រីកការយល់ដឹងរបស់អ្នកសិក្សាស្រាវជ្រាវ ក៏ដូចជាសាធារណជន អំពីទំនាក់ទំនងជាមិត្តភាពរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋបារាំង ទាំងក្នុងអតីតកាល បច្ចុប្បន្ន និងការប្រមើលមើលអនាគតនៃទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ៕
RAC Media | លឹម សុវណ្ណរិទ្ធ នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ
នាព្រឹកថ្ងៃសុក្រ ៩កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង៩:០០ នៅសាលប្រជុំវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ នៃរាជបណ្ឌិត្យសភាកម្ពុជា មានកិច្ចប្រជុំប្រចាំខ...
នៅរសៀលថ្ងៃព្រហស្បតិ៍ ៨កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នាសាលប្រជុំនៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ នៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមអធិបតីភាពរបស់ឯកឧត្តម...
កាលពីថ្ងៃ ពុធ ៧កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបន្តប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណៈកម្មការគីមីវិទ្យា និងរូបវិ...
ថ្ងៃពុធ ៧កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក អ៊ុច លាង មន្ត្រីវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា ទទួលបន្ទុកសិក្សាអាស៊ីនិងអាហ្វ្រិក និងលោក ឡុង ម៉េងហ៊ាងមន...
ថ្ងៃអង្គារ ៦កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តម សូ មុយឃៀង បានបន្តប្រជុំ ពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណៈកម្មការអក្សរសិល្ប៍ បានចំនួន០៧ពាក្យ...