Royal Academy of Cambodia
ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីការប្រកាសរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីអំពីការរក្សាទុកអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង ជាទ្រព្យសម្បត្តិរដ្ឋ និងជាផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ លោកបណ្ឌិង យង់ ពៅ អ្នកវិភាគស្ថានភាពនយោបាយនិងសង្គមកម្ពុជា បានថ្លែងសាទរចំពោះការប្រកាសនេះ និងបានគូសបញ្ជាក់ថា ការរក្សាទុកអាកាសយានដ្ឋានចាស់សម្រាប់បម្រើប្រយោជន៍សាធារណៈ ជារឿងគួរអបអរសាទរ ទាំងក្នុងតម្លៃជាប្រវត្តិសាស្ត្រ និងការបិទបញ្ចប់ការទាញភ្ជាប់អនាគតអាកាសយានដ្ឋានចាស់ទៅនឹងរឿងនយោបាយ។ លោកបណ្ឌិត បានលើកឡើងថា ការប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺជារឿងប្រសើរមួយដែលបានបិទបញ្ចប់ការបង្កើតទស្សនៈនយោបាយផ្សេងៗដើម្បីកេងចំណេញលើករណីនេះ ដោយអ្នកនយោបាយមួយចំនួន តែងតែទាញភ្ជាប់បញ្ហានេះទៅនឹងបញ្ហាផ្សេងៗទៀត ដែលជារឿងរសើបមួយផងដែរ ខណៈកន្លងទៅធ្លាប់មានការប្រើប្រាស់ដីសាធារណៈផ្សេងៗរបស់រដ្ឋ តាមរយៈការដោះដូរផ្សេងៗ។ ការបង្កើតពាក្យចចាមអារ៉ាមដែលថាដីអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង នឹងត្រូវបានដាក់ដេញថ្លៃលក់ឱ្យក្រុមហ៊ុនឯកជននោះ ត្រូវបានអ្នកនយោបាយ សកម្មជននយោបាយ ក៏ដូចជាអ្នកវិភាគមួយចំនួន បានទាញករណីនេះភ្ជាប់ទៅនឹងប្រធានបទយោបាយផ្សេងៗ តាមចេតនានិងការចង់បានរបស់ខ្លួន។
លោកបណ្ឌិត យង់ ពៅ បានកត់សម្គាល់ថា មានការលើកឡើងជាច្រើនផ្សេងៗគ្នា អំពីការប្រើប្រាស់ដីអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុងនាពេលខាងមុខ ហើយការប្រកាសថែរក្សាទីតាំងនេះទៅជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដើម្បីបម្រើជាប្រយោជន៍សាធារណៈសម្រាប់ប្រជាពលរដ្ឋទូទៅ គឺជាការប្រកាសអំពីការសម្រេចចិត្តប្រកបដោយទស្សនវិស័យវែងឆ្ងាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ លោកបណ្ឌិតបានលើកឡើងនូវលទ្ធភាពនៃការប្រើប្រាស់ដីអាកាសយានដ្ឋានអន្តរជាតិនេះបន្ថែមថា ដោយសារតែការរីកចម្រើនសេដ្ឋកិច្ចនិងសង្គម បញ្ហាដែលប្រជាពលរដ្ឋទូទៅបានជួបប្រទះខ្លាំងជាងគេនៅរាជធានីភ្នំពេញគឺ បញ្ហាស្ទះចរាចរណ៍ ដោយសារតែក្រសួងស្ថាប័នជាច្រើន ត្រូវបានសាងសង់នៅទីតាំងប្រជុំជនដែលមានសភាពតូចចង្អៀត និងចរាចរណ៍មមាញឹក។ ត្រង់ចំណុចនេះ លោកបណ្ឌិតបានលើកឡើងថា អាកាសយានដ្ឋានអន្តរជាតិនេះ គួរតែត្រូវបានពិចារណាសម្រាប់ការរៀបចំជាទីបណ្ដុំក្រសួងស្ថាប័នរដ្ឋសំខាន់ៗ ដើម្បីកាត់បន្ថយភាពកកស្ទះចរាចរណ៍ និងការលំបាករបស់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកវិនិយោគ នៅក្នុងការស្វែងរកសេវាសាធារណៈផ្សេងៗពីក្រសួងស្ថាប័នរដ្ឋ។ ជាមួយគ្នានេះ លោកបណ្ឌិត យង់ ពៅ ក៏បានគូសបញ្ជាក់អំពីការកសាងក្រសួងស្ថាប័ន ក៏ដូចជាមន្ទីររដ្ឋនានានៅក្នុងទម្រង់រចនាបថស្ថាបត្យកម្មដែលមានការឯកភាពគ្នាជារួមមួយ ពិសេសតាមរចនាបថសំណង់ខ្មែរសហសម័យ ដែលអាចឆ្លុះបញ្ចាំងអំពីកិត្យានុភាពសំណង់សហសម័យរបស់ខ្មែរផង និងសម្រាប់ទុកជាប្រយោជន៍សាធារណៈដែលមានលក្ខណៈនិរន្តរភាពផងដែរ។
ម្យ៉ាងវិញទៀត អាកាសយានដ្ឋានអន្តរជាតិថ្មីរបស់កម្ពុជា ដែលស្ថិតនៅក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដែលគេងាយស្រួលធ្វើដំណើរមកកាន់រាជធានីភ្នំពេញ តាមផ្លូវក្រវាត់ក្រុងទី៣ ដែលស្ថិតនៅជិតនឹងទីតាំងអាកាសយានដ្ឋានចាស់ផងដែរ ដូច្នេះនឹងបង្កភាពងាយស្រួលនៅក្នុងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរវាងទីតាំងរដ្ឋបាល និងអាកាសយានដ្ឋានអន្តរជាតិថ្មី ហើយដែលការតភ្ជាប់នេះ ក៏បម្រើដល់ការអភិវឌ្ឍនៅតំបន់ជាយក្រុងនេះផងដែរ។
បន្ថែមពីលើនេះ លោកបណ្ឌិត យង់ ពៅ ក៏បានលើកឡើងអំពីលទ្ធភាពនៃការរៀបចំទីតាំងអាកាសយានដ្ឋានចាស់ សម្រាប់បម្រើដល់ផលប្រយោជន៍សាធារណៈមួយផ្សេងទៀតនោះគឺ ការកសាងមន្ទីរពេទ្យកម្រិតស្តង់ដាជាតិដ៏ធំមួយ ជាមួយនឹងបរិវេណដ៏ធំទូលាយ ដែលគេអាចរៀបចំប្រមូលផ្ដុំទាំងមន្ទីរពេទ្យ សាកលវិទ្យាល័យវេជ្ជសាស្ត្រ មន្ទីរពិសោធន៍វេជ្ជសាស្ត្រកម្រិតខ្ពស់ និងសួនសាធារណៈសម្រាប់ប្រជាពលរដ្ឋទូទៅ ដើម្បីធានាបាននូវសុខុមាលភាពសម្រាប់សាធារណជន និងអ្នកទទួលប្រើប្រាស់សេវាសុខាភិបាលនៅទីនោះផងដែរ។ លោកបណ្ឌិតបានគូសបញ្ជាក់បន្ថែមទៀតថា ទីតាំងអាកាសយានដ្ឋានចាស់ គួរតែត្រូវបានគ្រប់គ្រងនិងថែរក្សាឱ្យបានគង់វង្ស ដើម្បីបង្ហាញអំពីវប្បធម៌ថែរក្សាមរតកអ្នកជំនាន់មុន ការបន្តនិរន្តរភាពនៃទីតាំងជាប្រវត្តិសាស្ត្រសម្រាប់ជាតិ និងគូសរំលេចអំពីដំណើរការអភិវឌ្ឍសង្គមជាតិ ដែលគាំទ្រដល់សុខមាលភាពសាធារណៈ និងទទួលបានការសាទរពីប្រជាពលរដ្ឋទូទៅផងដែរ៕
RAC Media | លឹម សុវណ្ណរិទ្ធ
(រាជបណ្ឌិត្យសភាកម្ពុជា)៖ បន្ទាប់ពីថ្លែងសុន្ទរកថាបើកវេទិកាវិទ្យាសាស្ត្រស្តីពីការបង្កើតសហគមន៍ជោគវាសនារួមគ្នា កម្ពុជា-ចិន ក្នុងក្របខណ្ឌ ខ្សែក្រវាត់មួយផ្លូវមួយ និងអបអរខួប១០ឆ្នាំនៃការបង្កើតវិទ្យាស្ថានខុងជ...
ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ៩រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្...
(រាជធានីភ្នំពេញ)៖ អ្នកស្រាវជ្រាវផ្នែកវប្បធម៌បានលើកយកប្រធានស្តីពី កិច្ចការអភិរក្សសំណង់បេតិកភណ្ឌព្រះពុទ្ធសាសនានៅកម្ពុជា ដើម្បីជជែកពិភាក្សានៅក្នុងសន្និសីទអន្តរជាតិលើកទី១៥ ស្តីពី «តម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ...
ភ្នំពេញ៖ នៅក្នុងសន្និសីទអន្តរជាតិរៀបចំដោយមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិត្យសភាកម្ពុជា ស្ដីពី «តម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វិក៖ បញ្ហាប្រឈមនៃវប្បធម៌ ក្នុងយុគសម័យបច្ចេកវិទ្យា» នាព្រឹកថ្ងៃទីនៅព្រឹកថ្ងៃព្...
ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត ឯក ប៊ុនថា អគ្គនាយករង នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ថ្លែងដូច្នេះ នៅក្នុងបទបង្ហាញរបស់ឯកឧត្ដម ស្ដីពី «កម្មសិទ្ធិបញ្ញា ការសម្ដែងតាមជនបទ សិល្បៈ និងបុណ្យប្រពៃណី» នៅក្នុងសន្និសីទអន្ត...