Royal Academy of Cambodia
ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីការប្រកាសរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីអំពីការរក្សាទុកអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង ជាទ្រព្យសម្បត្តិរដ្ឋ និងជាផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ លោកបណ្ឌិង យង់ ពៅ អ្នកវិភាគស្ថានភាពនយោបាយនិងសង្គមកម្ពុជា បានថ្លែងសាទរចំពោះការប្រកាសនេះ និងបានគូសបញ្ជាក់ថា ការរក្សាទុកអាកាសយានដ្ឋានចាស់សម្រាប់បម្រើប្រយោជន៍សាធារណៈ ជារឿងគួរអបអរសាទរ ទាំងក្នុងតម្លៃជាប្រវត្តិសាស្ត្រ និងការបិទបញ្ចប់ការទាញភ្ជាប់អនាគតអាកាសយានដ្ឋានចាស់ទៅនឹងរឿងនយោបាយ។ លោកបណ្ឌិត បានលើកឡើងថា ការប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺជារឿងប្រសើរមួយដែលបានបិទបញ្ចប់ការបង្កើតទស្សនៈនយោបាយផ្សេងៗដើម្បីកេងចំណេញលើករណីនេះ ដោយអ្នកនយោបាយមួយចំនួន តែងតែទាញភ្ជាប់បញ្ហានេះទៅនឹងបញ្ហាផ្សេងៗទៀត ដែលជារឿងរសើបមួយផងដែរ ខណៈកន្លងទៅធ្លាប់មានការប្រើប្រាស់ដីសាធារណៈផ្សេងៗរបស់រដ្ឋ តាមរយៈការដោះដូរផ្សេងៗ។ ការបង្កើតពាក្យចចាមអារ៉ាមដែលថាដីអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង នឹងត្រូវបានដាក់ដេញថ្លៃលក់ឱ្យក្រុមហ៊ុនឯកជននោះ ត្រូវបានអ្នកនយោបាយ សកម្មជននយោបាយ ក៏ដូចជាអ្នកវិភាគមួយចំនួន បានទាញករណីនេះភ្ជាប់ទៅនឹងប្រធានបទយោបាយផ្សេងៗ តាមចេតនានិងការចង់បានរបស់ខ្លួន។
លោកបណ្ឌិត យង់ ពៅ បានកត់សម្គាល់ថា មានការលើកឡើងជាច្រើនផ្សេងៗគ្នា អំពីការប្រើប្រាស់ដីអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុងនាពេលខាងមុខ ហើយការប្រកាសថែរក្សាទីតាំងនេះទៅជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដើម្បីបម្រើជាប្រយោជន៍សាធារណៈសម្រាប់ប្រជាពលរដ្ឋទូទៅ គឺជាការប្រកាសអំពីការសម្រេចចិត្តប្រកបដោយទស្សនវិស័យវែងឆ្ងាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ លោកបណ្ឌិតបានលើកឡើងនូវលទ្ធភាពនៃការប្រើប្រាស់ដីអាកាសយានដ្ឋានអន្តរជាតិនេះបន្ថែមថា ដោយសារតែការរីកចម្រើនសេដ្ឋកិច្ចនិងសង្គម បញ្ហាដែលប្រជាពលរដ្ឋទូទៅបានជួបប្រទះខ្លាំងជាងគេនៅរាជធានីភ្នំពេញគឺ បញ្ហាស្ទះចរាចរណ៍ ដោយសារតែក្រសួងស្ថាប័នជាច្រើន ត្រូវបានសាងសង់នៅទីតាំងប្រជុំជនដែលមានសភាពតូចចង្អៀត និងចរាចរណ៍មមាញឹក។ ត្រង់ចំណុចនេះ លោកបណ្ឌិតបានលើកឡើងថា អាកាសយានដ្ឋានអន្តរជាតិនេះ គួរតែត្រូវបានពិចារណាសម្រាប់ការរៀបចំជាទីបណ្ដុំក្រសួងស្ថាប័នរដ្ឋសំខាន់ៗ ដើម្បីកាត់បន្ថយភាពកកស្ទះចរាចរណ៍ និងការលំបាករបស់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកវិនិយោគ នៅក្នុងការស្វែងរកសេវាសាធារណៈផ្សេងៗពីក្រសួងស្ថាប័នរដ្ឋ។ ជាមួយគ្នានេះ លោកបណ្ឌិត យង់ ពៅ ក៏បានគូសបញ្ជាក់អំពីការកសាងក្រសួងស្ថាប័ន ក៏ដូចជាមន្ទីររដ្ឋនានានៅក្នុងទម្រង់រចនាបថស្ថាបត្យកម្មដែលមានការឯកភាពគ្នាជារួមមួយ ពិសេសតាមរចនាបថសំណង់ខ្មែរសហសម័យ ដែលអាចឆ្លុះបញ្ចាំងអំពីកិត្យានុភាពសំណង់សហសម័យរបស់ខ្មែរផង និងសម្រាប់ទុកជាប្រយោជន៍សាធារណៈដែលមានលក្ខណៈនិរន្តរភាពផងដែរ។
ម្យ៉ាងវិញទៀត អាកាសយានដ្ឋានអន្តរជាតិថ្មីរបស់កម្ពុជា ដែលស្ថិតនៅក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដែលគេងាយស្រួលធ្វើដំណើរមកកាន់រាជធានីភ្នំពេញ តាមផ្លូវក្រវាត់ក្រុងទី៣ ដែលស្ថិតនៅជិតនឹងទីតាំងអាកាសយានដ្ឋានចាស់ផងដែរ ដូច្នេះនឹងបង្កភាពងាយស្រួលនៅក្នុងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរវាងទីតាំងរដ្ឋបាល និងអាកាសយានដ្ឋានអន្តរជាតិថ្មី ហើយដែលការតភ្ជាប់នេះ ក៏បម្រើដល់ការអភិវឌ្ឍនៅតំបន់ជាយក្រុងនេះផងដែរ។
បន្ថែមពីលើនេះ លោកបណ្ឌិត យង់ ពៅ ក៏បានលើកឡើងអំពីលទ្ធភាពនៃការរៀបចំទីតាំងអាកាសយានដ្ឋានចាស់ សម្រាប់បម្រើដល់ផលប្រយោជន៍សាធារណៈមួយផ្សេងទៀតនោះគឺ ការកសាងមន្ទីរពេទ្យកម្រិតស្តង់ដាជាតិដ៏ធំមួយ ជាមួយនឹងបរិវេណដ៏ធំទូលាយ ដែលគេអាចរៀបចំប្រមូលផ្ដុំទាំងមន្ទីរពេទ្យ សាកលវិទ្យាល័យវេជ្ជសាស្ត្រ មន្ទីរពិសោធន៍វេជ្ជសាស្ត្រកម្រិតខ្ពស់ និងសួនសាធារណៈសម្រាប់ប្រជាពលរដ្ឋទូទៅ ដើម្បីធានាបាននូវសុខុមាលភាពសម្រាប់សាធារណជន និងអ្នកទទួលប្រើប្រាស់សេវាសុខាភិបាលនៅទីនោះផងដែរ។ លោកបណ្ឌិតបានគូសបញ្ជាក់បន្ថែមទៀតថា ទីតាំងអាកាសយានដ្ឋានចាស់ គួរតែត្រូវបានគ្រប់គ្រងនិងថែរក្សាឱ្យបានគង់វង្ស ដើម្បីបង្ហាញអំពីវប្បធម៌ថែរក្សាមរតកអ្នកជំនាន់មុន ការបន្តនិរន្តរភាពនៃទីតាំងជាប្រវត្តិសាស្ត្រសម្រាប់ជាតិ និងគូសរំលេចអំពីដំណើរការអភិវឌ្ឍសង្គមជាតិ ដែលគាំទ្រដល់សុខមាលភាពសាធារណៈ និងទទួលបានការសាទរពីប្រជាពលរដ្ឋទូទៅផងដែរ៕
RAC Media | លឹម សុវណ្ណរិទ្ធ
កញ្ញា Sutida Rumphoei ជាវាគ្មិនមួយរូបដែលបានអញ្ជើញមកពីប្រទេសថៃ បានធ្វើបទបង្ហាញពីការអភិរក្សព្រៃកោងកាងសម្រាប់ការទូទាត់កាបូនពីរោងចក្រថាមពល។ កញ្ញាបានចាប់ផ្តើមដោយបង្ហាញពីការជ្រើសរើសប្រធានបទនេះដោយសារតំបន់គា...
សិក្ខាសាលាអន្ដរជាតិមួយស្តីពី «កាលានុវត្តភាពក្នុងការអភិវឌ្ឍគម្រោងបញ្ចេញកាបូនទាបតាមរយៈគម្រោងកាបូនព្រៃឈើ» ដែលបានរៀបចំឡើងនៅខេត្តសៀមរាប នាថ្ងៃ អាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០១៩ នោះ លោក បណ្ឌិត Tak...
ថ្លៃងនៅក្នុងបទបង្ហានៅ ថ្ងៃ អាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០១៩ ដែលជា ថ្ងៃទី២នៃកម្មិវិធីសិក្ខាសាលាអន្ដរជាតិ ស្តីពី «កាលានុវត្តភាពក្នុងការអភិវឌ្ឍគម្រោងបញ្ចេញកាបូនទាបតាមរយៈគម្រោងកាបូនព្រៃឈើ» លោក...
បច្ចេកសព្ទចំនួន ២៥ ត្រូវបានអនុម័ត នៅសប្តាហ៍ទី២ ក្នុងខែមីនា ឆ្នាំ២០១៩នេះ ក្នុងនោះមាន៖- បច្ចេកសព្ទគណៈ កម្មការអក្សរសិល្ប៍ ចំនួន០៣ បានអនុម័ត កាលពីថ្ងៃអង្គារ ៧កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ដោ...
សិក្ខាសាលាអន្តរជាតិមួយស្តីពី «កាលានុវត្តភាពក្នុងការអភិវឌ្ឍគម្រោងបញ្ចេញកាបូនទាបតាមរយៈគម្រោងកាបូនព្រៃឈើ - Training Workshop on Low Carbon Development Opportunities created by Forestry Carbon Projec...