Royal Academy of Cambodia
ពាក់ព័ន្ធនឹងករណីចោរកម្មដែលមួយរយៈពេលចុងក្រោយនេះ ហាក់មានការកក្រើកខ្លាំង ដែលមហាជនបានដាក់ជាចម្ងល់ ក៏ដូចជាមានការចោទសួរពីសំណាក់អ្នកសារព័ត៌មាន លោកបណ្ឌិត យង់ ពៅ អ្នកវិភាគសង្គមនិងនយោបាយ បានគូសបញ្ជាក់ថា ចំពោះករណីចោរកម្មដែលកើតមាននៅក្នុងភូមិសាស្ត្រនីមួយៗ គឺជាបញ្ហាដែលសមត្ថកិច្ចចាំបាច់ត្រូវអនុវត្តតួនាទីភារកិច្ចបង្ក្រាបនិងទប់ស្កាត់ប្រកបដោយការទទួលខុសត្រូវ។ លោកបណ្ឌិតបានកត់សម្គាល់ថា ករណីចោរកម្មគឺជាបញ្ហាសន្តិសុខនិងសណ្ដាប់ធ្នាប់សង្គម ដែលមិនគួរកើតមាននោះទេ ព្រោះបានបង្កផលប៉ះពាល់ដល់សុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋផង មុខមាត់របស់ប្រទេសជាតិផង និងបង្កើតនូវការព្រួយបារម្ភសម្រាប់ភ្ញៀវទេសចរ និងអ្នកជំនួញជាដើម។
លោកបណ្ឌិត យង់ ពៅ បានលើកឡើងថា បញ្ហាចោរកម្មក៏មិនចែងនៅក្នុងគោលនយោបាយភូមិឃុំមានសុវត្ថិភាពផងដែរ ដែលត្រង់ចំណុចនេះ លោកបណ្ឌិតបានជំរុញឱ្យសមត្ថកិច្ចនៅតាមមូលដ្ឋាននីមួយៗ ត្រូវតែពង្រឹងសន្តិសុខនិងសណ្ដាប់ធ្នាប់នៅក្នុងដែនដីដែលខ្លួនគ្រប់គ្រងឱ្យបានប្រសើរឡើង ព្រោះជារឿងដែលប្រជាពលរដ្ឋមើលឃើញជាក់ស្ដែងនៅចំពោះមុខ។ លោកបណ្ឌិតបន្តថា សមត្ថកិច្ចគួរតែដកស្រង់បទពិសោធន៍នៃការអនុវត្ត និងទិដ្ឋភាពជាវិជ្ជមានដែលមាននៅតាមបណ្ដាប្រទេសនានា យកមកធ្វើជាមេរៀន និងជាម៉ែត្រវាស់វែងការខិតខំប្រឹងប្រែងរបស់ខ្លួនបន្ថែមទៀត ជាជាងប្រៀបធៀបតែចំណុចអវិជ្ជមានរបស់ប្រទេសនានា ដើម្បីបង្ហាញរូបភាពល្អរបស់ខ្លួន។
បន្ថែមពីនេះ លោកបណ្ឌិតក៏បានថ្លែងថា លោកមិនយល់ស្របចំពោះការប្រកាសផ្ដល់រង្វាន់ទៅដល់សមត្ថកិច្ចដែលបានបង្ក្រាបបទល្មើសនោះទេ ព្រោះនេះគឺជាការទទួលខុសត្រូវនៅក្នុងមុខនាទីរបស់ខ្លួន ដោយលោកបណ្ឌិតបានអះអាងថា ការផ្ដល់រង្វាន់លើកទឹកចិត្តក្នុងរូបភាពបែបនេះ អាចនឹងជះឥទ្ធិពលអវិជ្ជមានដល់ការអនុវត្តការងាររបស់មន្ត្រីមានសមត្ថកិច្ចទៅវិញ។ បើតាមលោកបណ្ឌិត ការធ្វើដូចនេះ អាចបង្កើតទៅជាទម្លាប់មិនល្អមួយសម្រាប់មន្ត្រីមានសមត្ថកិច្ច ដោយអាចនឹងមាននិន្នាការថា បើមិនមានរង្វាន់ នឹងមិនអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឡើយ ពោលគឺមន្ត្រីមានសមត្ថកិច្ចនឹងធ្វើការងាររបស់ខ្លួន ប្រសិនបើមានការផ្ដល់រង្វាន់លើកទឹកចិត្ត (ផ្ដល់រង្វាន់ទើបធ្វើការងារ)។ លើសពីនេះ លោកបណ្ឌិតបានថ្លែងសង្កត់ធ្ងន់ថា នៅមូលដ្ឋានខ្លះដែលសម្បូរទៅដោយបញ្ហាអសន្តិសុខ និងមានចោរឆក់ចោរប្លន់ច្រើន គេគួរតែពិចារណាអនុវត្តការពិន័យ ឬទណ្ឌកម្មរដ្ឋបាល ដូចជាការបញ្ឈរជើង ឬដកសមត្ថកិច្ចដែលទទួលខុសត្រូវនៅក្នុងមូលដ្ឋាននោះពីតួនាទីរបស់ខ្លួន ដោយសារការអនុវត្តតួនាទីមិនបានល្អប្រសើរ ដើម្បីជាសារជំរុញឱ្យសមត្ថកិច្ចនៅតាមមូលដ្ឋាន មានស្មារតីទទួលខុសត្រូវចំពោះភារកិច្ចរបស់ខ្លួន។ លោកបណ្ឌិត យង់ ពៅ បានបន្តថា ការផ្ដល់រង្វាន់លើកទឹកចិត្តដូចនេះ អាចបង្កការអាក់អន់ស្រពន់ចិត្តចំពោះ សមត្ថកិច្ចនៅតាមមូលដ្ឋានផ្សេងទៀត ដែលបានខិតខំថែរក្សាសន្តិសុខនិងសណ្ដាប់ធ្នាប់នៅក្នុងមូលដ្ឋានរបស់ខ្លួនបានល្អប្រសើរស្រាប់ ក៏ដូចជាមន្ត្រីនៅក្នុងតួនាទីភារកិច្ចដទៃទៀត ដែលមិនទទួលបានការលើកទឹកចិត្ត។ លោកបណ្ឌិតបានបញ្ជាក់បន្ថែមថា ការធ្វើដូចនេះ នឹងបង្កើតឱ្យមានការយល់ឃើញថា ការបំពេញតួនាទីជាមន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធ ទទួលបានផលលាភដោយគ្មានសមធម៌និងមិនសមហេតុផល ដែលរូបភាពនេះ មិនខុសគ្នាពីការផាកពិន័យបទល្មើសចរាចរណ៍ ដើម្បីតែយកប្រាក់រង្វាន់នោះទេ គឺមន្ត្រីនគរបាលមួយចំនួន មិនបានផ្ដោតសំខាន់ទៅលើការជំរុញឱ្យមានការគោរពច្បាប់ចរាចរណ៍នោះទេ តែបែរជាផ្ដោតថា ត្រូវធ្វើយ៉ាងណាឱ្យតែផាកពិន័យបានច្រើនទៅវិញ។
លោកបណ្ឌិត យង់ ពៅ បានថ្លែងសង្កត់ធ្ងន់បន្ថែមថា ក្នុងនាមជាមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ត្រូវតែបំពេញការងាររបស់ខ្លួនឱ្យស្របទៅនឹងលក្ខខន្តិកៈដែលច្បាប់បានកំណត់ ប្រកបដោយមនសិកា និងស្មារតីទទួលខុសត្រូវខ្ពស់បំផុត មិនគួរបំពេញការងារដោយរង់ចាំមើលតែការផ្ដល់រង្វាន់លើកទឹកចិត្ត ឬលាភសក្ការៈផ្សេងទៀតក្រៅពីប្រាក់បៀវត្សរ៍ដែលខ្លួនទទួលបាននោះឡើយ។ លោកបណ្ឌិត បានស្នើសុំដោយទទូចថា ដើម្បីពង្រឹងការអនុវត្តតួនាទីមន្ត្រីមានសមត្ថកិច្ចឱ្យមានប្រសិទ្ធភាព គឺត្រូវផ្ដោតលើការជំរុញមន្ត្រីបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ មិនមែនជាការផ្ដល់រង្វាន់លើកទឹកចិត្តក្នុងរូបភាពដូចនេះឡើយ ខណៈវិន័យគឺជាលក្ខណៈសម្បត្តិដ៏សំខាន់មួយសម្រាប់កងកម្លាំងប្រដាប់អាវុធ៕
RAC Media | លឹម សុវណ្ណរិទ្ធ
ចិននិងឥណ្ឌា ជាប្រទេសធំបំផុតពីរនៅអាស៊ី ហើយក៏ជាប្រទេសដែលមានប្រជាជនច្រើនបំផុតពីរនៅលើពិភពលលោកផងដែរ។ ក្រៅពីទំហំទឹកដីនិងចំនួនប្រជាជន ប្រទេសទាំងពីរក៏មានវប្បធម៌និងអរិយធម៌ដែលមានប្រវត្តិសាស្រ្តដ៏យូរអង្វែងនិងម...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ អ្នកស្រី ត្រឹង ងា អ្នកនិពន្ធសៀវភៅអរិយធម៌ខ្មែរ ត្រូវបានប្រគល់សញ្ញាបត្រកិត្តិបណ្ឌិត ផ្នែកអក្សរសាស្ត្រ នៃរាជបណ្ឌិត្យសភាកម្ពុជា តាមរយៈសេចក្ដីសម្រេច...
ភាពតានតឹងរវាងប្រទេសចិននិងកោះតៃវ៉ាន់ គឺជាបញ្ហាមួយដែលបានអូសបន្លាយតាំងតែពីជាង ៧០ឆ្នាំមុន។ វាគឺជាសង្គ្រាមបដិវត្តន៍រវាងបក្សកុម្មុយនិស្តចិនដែលដឹកនាំដោយលោក ម៉ៅ សេទុង និង សាធារណរដ្ឋចិន ដែលដឹកនាំដោយលោក ចាង កៃច...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងកិច្ចពិភាក្សាតុមូលមួយស្ដីពី «សារៈសំខាន់នៃការសិក្សាក្រោយឧត្ដមសិក្សា» នៅព្រឹកថ្ងៃអង្គារ ១១កើត ខែអស្សុជ ឆ្នាំជូត ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ នេះ លោកស្រី...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «សារៈសំខាន់នៃការសិក្សាក្រោយឧត្ដមសិក្សា» ដែលត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃអង្គារ ១១កើត ខែអស្សុជ ឆ្នាំជូត ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០...