ព័ត៌មាន

បណ្ឌិត យង់ ពៅ៖ ផ្អែកលើច្បាប់អន្តរជាតិ និងប្រវត្តិសាស្ត្រ តំបន់មុំ៣នៃព្រំដែនកម្ពុជា-ថៃ មិនមានតំបន់សទេ ហើយមជ្ឈដ្ឋាននយោបាយថៃមិនគួរបន្តយកបញ្ហាព្រំដែន បង្កើតជារបៀបវារៈនយោបាយឡើយ

2025-05-28 11:04:44 ថ្ងៃពុធ, 28 ឧសភា 2025 ម៉ោង 06:04 PM
អ្នកមើល 884
post_detail1

នៅព្រឹកព្រលឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កងទ័ពកម្ពុជា-ថៃ បានប៉ះទង្គិចអាវុធ​គ្នានៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលកងទ័ពថៃបានធ្វើការបាញ់ប្រហារមុនមកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ជាយូរណាស់មកហើយ បណ្តាលឱ្យកងទ័ពកម្ពុជាម្នាក់បាត់បង់ជីវិត។ ពាក់ព័ន្ធនឹងករណីនេះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានគូសបញ្ជាក់ថា ផ្អែកលើទិដ្ឋភាពប្រវត្តិសាស្ត្រ និងច្បាប់អន្តរជាតិជាធរមាន នៅតំបន់មុំបី នៃព្រំដែនកម្ពុជា-ថៃ មិនមានតំបន់សនោះទេ ដោយសារសន្ធិសញ្ញាអន្តរជាតិ បារាំង-សៀម បានកំណត់យ៉ាងច្បាស់នូវព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសសៀម ដែលក្រោយមក​បានប្ដូរឈ្មោះជាប្រទេសថៃ។ លោកបណ្ឌិត បានបន្ថែមទៀតថា តាមការបកស្រាយរបស់​ឯកឧត្ដមរដ្ឋមន្ត្រី នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា ក៏បានបង្ហាញឱ្យឃើញច្បាស់ដែរ​ថា តំបន់នេះគឺស្ថិតនៅក្នុងអធិបតេយ្យភាពនៃប្រទេសកម្ពុជា។

បើតាមលោកបណ្ឌិត យង់ ពៅ ព្រឹត្តិការណ៍ចូលមកបាញ់ប្រហារ​ទាំង​កម្រោលលើកងទ័ពកម្ពុជា ពីសំណាក់កងទ័ពថៃ កើតឡើងដោយសារតែអ្នកនយោបាយថៃ ដែលតែងតែ​រុញច្រានបញ្ហានយោបាយផ្ទៃក្នុងរបស់ខ្លួន មកកាន់តំបន់ព្រំដែន ពិសេសព្រំដែនកម្ពុជា-ថៃ ដូចដែលថៃធ្លាប់បានបង្វែរព្រឹត្តិការណ៍នយោបាយនៅក្រុងបាងកក មកបង្កើតជាទំនាស់នៅ​តំបន់ប្រាសាទព្រះវិហាររបស់កម្ពុជា ដែលពេលនោះបានឈានដល់ការប៉ះទង្គិចគ្នាជាទ្រង់​ទ្រាយធំ។ ត្រង់ចំណុចនេះ លោកបណ្ឌិតបានថ្លែងសង្កត់ធ្ងន់ថា គេមិនត្រូវហៅតំបន់ដែល​កើតមានការប៉ះទង្គិចគ្នានេះ ជាតំបន់ត្រួតស៊ីគ្នានោះឡើយ ព្រោះវាជាចេតនាទុច្ចរឹតរបស់​អ្នកនយោបាយថៃ ដែលគេរៀបចំឡើងដើម្បីឱ្យមានការភ័ន្តច្រឡំ ហើយបង្កើតនូវបញ្ហាស្មុគស្មាញបន្ថែមទៀតនៅក្នុងបញ្ហាព្រំដែនកម្ពុជា-ថៃ។

លោកបណ្ឌិត យង់ ពៅ បានអំពាវនាវឱ្យអ្នកនយោបាយថៃត្រូវដកថយខ្លួនពីបញ្ហានេះ ហើយទុកបញ្ហាបច្ចេកទេសព្រំដែនឱ្យមន្ត្រីជំនាញកិច្ចការព្រំដែននៃប្រទេសទាំងពីរ​ធ្វើការងារជាមួយគ្នា។ លោកបណ្ឌិតបានបន្តថា គេមិនត្រូវយកបញ្ហានយោបាយផ្ទៃក្នុង មកបូកលូកឡំជាមួយនឹងបញ្ហាអធិបតេយ្យភាពរវាងប្រជាជាតិជិតខាង ដែលអាចនាំឱ្យកើត​ជាវិបត្តិនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា-ថៃ ព្រោះកម្ពុជានិងថៃ ជាប្រទេសមាន​ព្រំដែនជាប់គ្នា ដែលគេមិនអាចលើកព្រំដែនរដ្ឋទាំងពីរចេញពីគ្នាបានឡើយ។ លោកបណ្ឌិតបានបន្ថែមទៀតថា ការដោះស្រាយបញ្ហាព្រំដែននៃប្រទេសទាំងពីរ ត្រូវធ្វើឡើងដោយយកមូលដ្ឋានសន្ធិសញ្ញាបារាំង-សៀម ដែលមានតម្លៃជាច្បាប់អន្តរជាតិជាគោល ហើយបន្តជំរុញប្រសិទ្ធភាពនៃយន្តការគណៈកម្មាធិការព្រំដែននៃប្រទេសទាំងពីរ ជាជាងការបង្កើតព្រឹត្តិ​ការណ៍អរិភាពរវាងប្រទេសជិតខាង រុញស្មារតីជាតិនិយមលើបញ្ហាអធិបតេយ្យភាពព្រំដែន ដើម្បីកេងចំណេញស្ថានការណ៍​នយោបាយក្នុងប្រទេសរបស់ខ្លួន។

ជាមួយគ្នានេះដែរ លោក​បណ្ឌិត យង់ ពៅ បានស្នើសុំឱ្យប្រទេសទាំងពីរ គោរពនូវច្បាប់អន្តរជាតិ និងរក្សាជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដើម្បីធានាបាននូវផលប្រយោជន៍ជាតិខ្លួនផង និងដើម្បីជំរុញទំនាក់ទំនងល្អរវាងប្រជាជាតិជាសមាជិកអាស៊ានទាំងពីរផងដែរ។ បើតាមលោកបណ្ឌិត ការសិក្សាស្វែងយល់ ទទួលស្គាល់ និងអនុវត្តតាមស្មារតីនៃសន្ធិសញ្ញាបារាំង-សៀម និងពិធីសារបោះបង្គោលព្រំដែនរវាងបារាំងនិងសៀម និងគោរពតាមផែនទីដែលបន្សល់ដោយអាណានិគមបារាំង គឺជាលទ្ធភាពតែមួយគត់ដើម្បីដោះស្រាយបញ្ហាព្រំដែននៃប្រទេសទាំងពីរ ព្រោះឯកសារគតិយុត្តិទាំងនេះ នៅតែមានតម្លៃផ្លូវច្បាប់ជាធរមានជាលក្ខណៈអន្តរជាតិ សម្រាប់ការអនុវត្តនិងដោះស្រាយបញ្ហាព្រំដែននៃប្រទេសទាំងពីរ កម្ពុជា-ថៃ។ លោកបណ្ឌិតបានបង្ហាញជំនឿថា អ្នកបច្ចេកទេសកិច្ចការព្រំដែននៃប្រទេសទាំងពីរ សុទ្ធតែបានយល់ដឹង និងជ្រួតជ្រាបអំពីខ្លឹមសារនៃឯកសារគតិយុត្តិពាក់ព័ន្ធនឹងព្រំដែននៃប្រទេសទាំងពីរហើយ ប៉ុន្តែអ្នកនយោបាយថៃ ហាក់បានព្យាយាមលូកឡំរវាងបញ្ហាបច្ចេកទេសនិងនយោបាយ រហូតដល់ឈានមានការផ្ទុះអាវុធរវាងកងទ័ពនៃប្រទេសទាំងពីរ។ លោកបណ្ឌិតបានសង្កត់ធ្ងន់ថា ករណីនេះ មិនគួរបណ្ដែតបណ្ដោយឱ្យមានការរីករាលដាល ទៅជាការប្រឈមទ្រង់ទ្រាយធំនៅតាមព្រំដែនឡើយ ព្រោះបច្ចុប្បន្ន ទាំងកម្ពុជា​និងថៃ សុទ្ធសឹងតែកំពុងប្រឈមនឹងវិបត្តិសាកលដូចគ្នា ដូច្នេះប្រសិនបើ វិបត្តិ​ព្រំដែនរវាងប្រទេសជិតខាងទាំងពីរផ្ទុះឡើង នឹងបណ្ដាលឱ្យមានផលប៉ះពាល់កាន់តែខ្លាំង ទាំងនៅក្នុងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច និងសង្គម។ ជាការពិតណាស់ រាជរដ្ឋាភិបាលកម្ពុជា ពិតជាមិនចង់ឱ្យមានបញ្ហាប្រឈមនៅតាមតំបន់ព្រំដែននោះទេ ប៉ុន្តែរាជរដ្ឋាភិបាល​កម្ពុជាក៏​មានកាតព្វកិច្ចនៅក្នុងការការពារព្រំដែន និងអធិបតេយ្យភាពជាតិខ្លួន មិនអាចបណ្ដែតបណ្ដោយឱ្យបរទេសបំពានលើប្រជាជាតិខ្លួនោះដែរ។

ជាអនុសាសន៍ លោកបណ្ឌិត យង់ ពៅ បានមានប្រសាសន៍ថា ភាគីកងទ័ពនៃប្រទេសទាំងពីរ ត្រូវតែរក្សាភាពអត់ធ្មត់ និងត្រូវរក្សាទំនាក់ទំនងឱ្យបានជាប់លាប់ និងមានកិច្ចពិភាក្សាគ្នាជាប្រចាំ ដើម្បីបញ្ចៀសលទ្ធភាពនៃការប្រឈមុខដាក់គ្នា ហើយគណៈកម្មាធិការព្រំដែននៃប្រទេសទាំងពីរត្រូវតែបន្តជជែក និងដោះស្រាយបញ្ហាបន្ទាត់ព្រំដែននៃប្រទេសទាំងពីរ ប្រកបដោយស្មារតីទទួលខុសត្រូវ និងកិច្ចសហប្រតិបត្តិការ។ បន្ថែមពីលើនេះ អ្នកនយោបាយនៃប្រទេសទាំងពីរ ត្រូវតែស្វែងរកការជជែកពិភាក្សាដើម្បីដាក់ចេញនូវដំណោះស្រាយបន្ទាន់ និងសមស្រប ព្រមទាំងរក្សាស្ថានភាពដើម (Status Quo) នៅតាមតំបន់ព្រំ​ដែននៃប្រទេសទាំងពីរ។ លោកបណ្ឌិត បានថ្លែងសង្កត់ធ្ងន់ថា «កម្ពុជាត្រូវការសន្តិភាព និងមានភាពចាំបាច់ការពារឱ្យខាងតែបានអធិបតេយ្យភាពដែនដី»

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

«សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាធ្វើមាតុភូមិនិវត្តន៍ ដោយសុខសុវត្ថិភាព»

នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា ជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ត្រឡប់មកដល់មាតុប្រទេសវិញ ដោយសុវត្តិភាពហើយ បន្ទាប់...

2018-10-12 09:12:08   ថ្ងៃសុក្រ, 12 តុលា 2018 ម៉ោង 04:12 PM
«អង្ករកម្ពុជាឈ្នះពានរង្វាន់អង្ករល្អជាងគេបំផុត ក្នុងពិភពលោក ឆ្នាំ២០១៨»

(ហាណូយ,វៀតណាម)៖ អង្ករក្រអូបប្រណិតរបស់កម្ពុជា បានឈ្នះពានរង្វាន់ជាអង្ករល្អជាងគេបំផុត ក្នុងពិភពលោក សម្រាប់ឆ្នាំ២០១៨នេះ។នេះបើតាមការបញ្ជាក់របស់ លោក មូល សារិទ្ធី អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាប្រាប់ប...

2018-10-12 08:57:44   ថ្ងៃសុក្រ, 12 តុលា 2018 ម៉ោង 03:57 PM
«សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាធ្វើមាតុភូមិនិវត្តន៍»

នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ត្រឡប់មកកាន់មាតុប្រទេសវិញហើយបន្ទាប់ពីបានអ...

2018-10-12 08:48:00   ថ្ងៃសុក្រ, 12 តុលា 2018 ម៉ោង 03:48 PM
«សសរស្តម្ភ​ថ្មី​ចំនួន​៣ ស្ថិត​ក្នុងចំណោម​យុទ្ធសាស្ត្រ​ចម្បង​នៃ​យុទ្ធសាស្ត្រ​ក្រុង​តូ​ក្យូ ឆ្នាំ​២០១៨»

ថ្ងៃពុធ ទី១០ ខែតុលា ឆ្នាំ២៩១៨​មេដឹកនាំ​ប្រទេស​មេគង្គ និង​ជប៉ុន សម្រេចបាន​នូវ​ផែនការ​យុទ្ធសាស្ត្រ​រួមគ្នា​ជាច្រើន នា​អំឡុង​នៃ​កិច្ចប្រជុំ​កំពូល​លើក​ទី​១០​នៅ​ក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ពីថ្ងៃ​ទី​៩ ដល់​ថ...

2018-10-10 16:56:49   ថ្ងៃពុធ, 10 តុលា 2018 ម៉ោង 11:56 PM
មេគង្គ-ជប៉ុន និង មេគង្គ-ឡានឆាង«តើជប៉ុនអាចធ្វើបន្សាបឥទ្ធិពលចិននៅតំបន់មេគង្គទេ?»

2018-10-10 16:42:55   ថ្ងៃពុធ, 10 តុលា 2018 ម៉ោង 11:42 PM
«សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីជប៉ុននៅរសៀលថ្ងៃទី ៨ តុលានេះ»

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបប្រជុំទ្វេភាគីជាមួយ នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ិនហ្សូ អាបេ នៅទីស្តីការគណៈរដ្ឋមន្រ្តីជប៉ុន ទីក្រុងតូក្យូ។ សម្តេចតេជោ...

2018-10-10 16:08:14   ថ្ងៃពុធ, 10 តុលា 2018 ម៉ោង 11:08 PM

សេចក្តីប្រកាស