ព័ត៌មាន

បណ្ឌិត យង់ ពៅ៖ កម្ពុជាត្រូវតែបន្តពង្រឹងសមត្ថភាពជាតិ និងអភិវឌ្ឍសមត្ថភាពយោធាដើម្បីការពារអធិបតេយ្យភាពជាតិកម្ពុជា

2025-05-30 10:10:01 ថ្ងៃសុក្រ, 30 ឧសភា 2025 ម៉ោង 05:10 PM
អ្នកមើល 1662
post_detail1

រូបថតបណ្ឌិត យង់ ពៅ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០០៨ នៅផ្សារជើងប្រាសាទព្រះវិហារ ដែលក្រោយមកត្រូវទាហាថៃបាញ់ដុតកម្ទេច

ហេតុការណ៍ឈ្លានពាន និងបាញ់ប្រហារពីសំណាក់កងទ័ពថៃមកលើកងទ័ពកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានធ្វើឱ្យស្ថានភាពនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ បានកើនឡើងកម្ដៅ និងបង្កការប្រឈមសារជាថ្មីរវាងកងទ័ពនៃប្រទេសទាំងពីរ។ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានគូសបញ្ជាក់ថា ជាថ្មីម្ដងទៀត បញ្ហាព្រំដែនកម្ពុជា-ថៃ នៅតែត្រូវបានមជ្ឈដ្ឋានអ្នកនយោបាយថៃ យកធ្វើជាប្រធានបទដើម្បីបញ្ឆេះ​ចរន្តជាតិនិយមជ្រុល ក្នុងគោលដៅបម្រើឱ្យរបៀបវារៈនយោបាយនៅទីក្រុងបាងកក ជាមួយនឹងចេតនាទុច្ចរឹតចំពោះ​កម្ពុជាដែលជាប្រទេសជិតខាង។

លោកបណ្ឌិត យង់ ពៅ បានលើកឡើងថា បញ្ហាព្រំដែនកម្ពុជា-ថៃ មិនគួរក្លាយទៅជាចំណាប់ខ្មាំងនៃនយោបាយផ្ទៃក្នុងថៃនោះឡើយ ព្រោះកម្ពុជានិងថៃ មានសន្ធិសញ្ញា និងលិខិតបទដ្ឋានគតិយុត្តិគ្រប់គ្រាន់ ដែលកំណត់ខ្សែបន្ទាត់ព្រំដែននៃប្រទេសទាំងពីរ​ស្របតាមគោលការណ៍នៃច្បាប់អន្តរជាតិ ព្រោះចាប់តាំងពីក្នុងសម័យអាណានិគមបារាំងមកលើប្រទេសកម្ពុជាម្ល៉េះ ដែលមេដឹកនាំថៃ បានទទួលយកនូវកិច្ចព្រមព្រៀងបារាំង-សៀម ទាំងនៅក្នុងឆ្នាំ១៩០៤ និង១៩០៧ ដែលនៅក្នុងឆ្នាំ១៩០៨ បារាំងនិងសៀមបានឈានទៅដល់ការបង្កើតគណៈកម្មការព្រំដែន បារាំង-សៀម ដោយភាគីទាំងពីរបានឈានទៅដល់ការបោះ​ពុម្ពនូវផែនទីផ្លូវការ កំណត់នូវដែនអធិបតេយ្យភាព និងខ្សែព្រំដែនរវាង​ប្រទេសកម្ពុជាដែលស្ថិតនៅក្រោមអាណានិគមបារាំង និងប្រទេសសៀមនាសម័យនោះ (ដែលក្រោយមកបានប្ដូរឈ្មោះជាប្រទេសថៃដូចបច្ចុប្បន្ន)។ លោកបណ្ឌិតបានគូសរំឭកថា មេដឹក​នាំសៀមនាពេលនោះ បានទទួលយកនូវដំណោះស្រាយ ផែនទី និងទទួលស្គាល់នូវខ្សែបន្ទាត់ព្រំដែន ព្រមទាំងការបោះបង្គោលព្រំដែនជាមួយគ្នាផងដែរ។ ទោះជាយ៉ាងណា នៅឆ្នាំ១៩៣៤ បញ្ហាព្រំដែនកម្ពុជា-ថៃ បានក្លាយជាបញ្ហាប្រឈមរវាងប្រទេសទាំងពីរ នៅពេលដែលអ្នកនយោបាយជាតិនិយមជ្រុលថៃ បែរជាបានបដិសេធ មិនទទួលយកសន្ធិសញ្ញាដែលខ្ញុំបានចុះហត្ថលេខា និងព្យាយាមសើរើបញ្ហាព្រំដែននេះទៅវិញ។ បញ្ហានេះ បានផ្ទុះឡើងជាការប្រឈម ខាងយោធាយ៉ាងខ្លាំងរវាងប្រទេសទាំងពីរ នៅក្នុងឆ្នាំ២០០៨ រហូតដល់ឆ្នាំ២០១១ និងក្រោយមកនៅឆ្នាំ២០១៤ ដោយសារតែប៉ុនប៉ងទម្លាក់នាយករដ្ឋមន្ត្រី​ថៃស្របច្បាប់ ដែលទទួលបានអំណាចតាមរយៈការបោះឆ្នោត ធ្វើឡើងដោយក្រុមយោធា។ បញ្ហាព្រំដែនរវាងប្រទេសទាំងពីរនេះ បានបន្តផ្ទុះឡើងនូវភាពតានតឹងសាជាថ្មីទៀតនៅក្នុងឆ្នាំ២០២៤-២០២៥ ដោយសារតែក្រុមអ្នកនយោបាយជាតិនិយមជ្រុលថៃ បានរុញច្រាន និងបញ្ឆេះកំហឹងចរន្តជាតិនិយមពីសំណាក់ប្រជាពលរដ្ឋថៃមួយចំនួន ជាហេតុធ្វើឱ្យកម្ពុជាត្រូវ​រងនូវផ្សែងពុលនយោបាយពីបញ្ហាផ្ទៃក្នុងរបស់ប្រទេសថៃ ដែលជារឿងមិនគួរកើតមានឡើងទាល់តែសោះ។

បន្ថែមពីនេះ លោកបណ្ឌិត យង់ ពៅ ក៏បានលើកឡើងផងដែរថា ព្រឹត្តិការណ៍បាញ់ប្រហារពីកងទ័ពថៃចូលមកក្នុងទីតាំងយោធារបស់កម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ គឺជាទង្វើបង្កហេតុ និងជាការឈ្លានពានដោយកម្រោលពីសំណាក់កងទ័ពថៃ ចូល​មកក្នុងដែនអធិបតេយ្យភាពស្របច្បាប់នៃប្រទេសកម្ពុជា។ ទីតាំងនេះ គឺជាមូលដ្ឋានយោធា​របស់កម្ពុជា ដែលបានបោះទីតាំងការពារតាំងពីយូរណាស់មកហើយ ហើយគឺជាទឹកដីស្ថិតនៅក្រោមការគ្រប់គ្រងទាំងស្រុងរបស់កម្ពុជា។ លោកបណ្ឌិត បានថ្លែងសង្កត់ធ្ងន់ថា ទង្វើ​ឈ្លានពានរបស់យោធាថៃនេះ បានបង្ហាញពីការមិនគោរពឱ្យតម្លៃលើច្បាប់អន្តរជាតិ និងសន្ធិសញ្ញា ដែលអាណានិគមបារាំង ក៏ដូចជាថ្នាក់ដឹកនាំសៀមបានបន្សល់ទុករហូតមក ក៏ដូចជាកិច្ចព្រមព្រៀងដែលខ្លួនបានចុះហត្ថលេខាឯកភាពថា កងទ័ពនៃប្រទេសទាំងពីរត្រូវឈរជើងនៅលើទីតាំងដើម (Status Quo) បើទោះបីជា​ខ្លួនជា​ប្រជាជាតិស៊ីវិល័យមួយនៅក្នុងតំបន់ក៏ដោយក្ដី។ បើតាមលោកបណ្ឌិត ការគោរពតាមកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល​ទាំងពីរ ដែលតម្រូវឱ្យកងទ័ពស្ថិតនៅតាមទីតាំងដើម (Status Quo) គឺជាការធានានូវភាពតានតឹង និងការប៉ះទង្គិចខាងយោធានៅតាមព្រំដែន ប៉ុន្តែ ចំណុចនេះ កងទ័ពថៃ បែរជាបំពានទាំងកម្រោល និងដោយគ្មានការទទួលខុសត្រូវទាល់តែសោះ។

ទោះជាយ៉ាងណា លោកបណ្ឌិត យង់ ពៅ បានគាំទ្រប្រសាសន៍របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ដែលថ្លែងថា សម្ដេចជំរុញឱ្យរក្សាស្ថានភាពស្ងប់ស្ងាត់ និងការប្រាស្រ័យទាក់ទងគ្នាល្អរវាងកងទ័ពជួរមុខរបស់យើងទាំងពីរដូចដែលបានធ្វើកន្លងមក ដូចដែលសម្ដេចធ្លាប់បានលើកក្នុងវេទិកាសាធារណៈកន្លងមកថា កម្ពុជាមិនមានបំណងឈ្លានពានប្រទេសណាមួយនោះទេ និងចង់ឱ្យការដោះស្រាយបញ្ហាព្រំដែន ប្រព្រឹត្តទៅដោយផ្អែកលើមូលដ្ឋានបច្ចេកទេសនិងច្បាប់អន្តរជាតិ។ លោកបណ្ឌិតបានកត់សម្គាល់នូវប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្ហាញពីជំហរមោះមុតថា “[…] ប៉ុន្តែកម្ពុជាក៏រក្សាសិទ្ធិនៅក្នុងប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួន រួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ក្នុងករណីមានការព្យាយាមឈ្លានពានរំលោភលើបូរណភាពទឹកដីកម្ពុជា តាមរយៈការប្រើប្រាស់​កម្លាំងប្រដាប់អាវុធ” គឺជាសារនយោបាយ​មានន័យគ្រប់​គ្រាន់បង្ហាញពីឆន្ទៈការពារអធិបតេយ្យភាពដែនដីនៃព្រះរាជាណាចក្រកម្ពុជា។

ទោះយ៉ាងនេះក្ដី លោកបណ្ឌិតបានបន្ថែមទៀតថា ប្រទេសទាំងពីរ ត្រូវតែប្រកាន់ខ្ជាប់នូវភាពអត់ធ្មត់ រក្សាទំនាក់ទំនង និងជជែកពិភាក្សាគ្នា​ជាប្រចាំចំពោះស្ថានការណ៍នៅឯតំបន់ជួរមុខ ធ្វើយ៉ាងណាបញ្ចៀសឱ្យ​បាននូវការប៉ះទង្គិចខាងយោធារវាងកងទ័ពទាំងពីរសារជាថ្មី និងចៀសវាងបាននូវការប្រឈមខាងយោធាកាន់តែធំឡើង។ បន្ថែម​ពីនេះ រាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំប្រទេសទាំងពីរ គួរតែបន្តជំរុញឱ្យក្រុមការងារបច្ចេកទេសព្រំដែននៃប្រទេសទាំងពីរ បន្តការជជែកពិភាក្សា និងចរចាគ្នាបន្ថែមទៀត។ ទោះជាយ៉ាងណា លោកបណ្ឌិត យង់ ពៅ បានថ្លែងសង្កត់ធ្ងន់ថា កម្ពុជាមិនគួរបន្តអង្គុយរងផ្សែងបក់ពីប្រទេសថៃជាបន្តបន្ទាប់ដូច្នេះទេ ព្រោះអ្នកនយោបាយថៃតែងតែយកបញ្ហាផ្ទៃក្នុងរបស់ខ្លួន មកដាក់បន្ទុកលើបញ្ហាព្រំដែនជាមួយនឹងកម្ពុជាឡើយ បើទោះបីជាករណីនេះ អាចជាបញ្ហាបុគ្គល ឬអង្គភាពក៏ដោយក្ដី។

បើតាមលោកបណ្ឌិត យង់ ពៅ ដើម្បីបញ្ចៀសនូវការរងផ្សែងនយោបាយពីទីក្រុងបាងកក កម្ពុជាត្រូវតែបន្តពង្រឹងនូវសមត្ថភាពយោធារបស់ខ្លួន ដោយមិនត្រូវព្រួយបារម្ភចំពោះទស្សនៈយល់ឃើញ​បែបលម្អៀងពីបណ្ដាប្រទេស ឬមហាអំណាចណាមួយឡើយ ព្រោះគ្មានប្រទេសណាមួយដែលមានសន្តិភាព ហើយមើលរំលងវិស័យការពារជាតិរបស់ខ្លួននោះទេ។ នៅពេលដែល​កម្ពុជាមានវិស័យការពារជាតិខ្លាំង នោះកម្ពុជានឹងអាចមានការឆ្លើយតបលឿនរហ័សចំពោះ​ករណីប្រធានស័ក្តិឬហេតុការណ៍បន្ទាន់ទាំងឡាយ។ លោកបណ្ឌិតបន្តថា នៅពេលដែលប្រទេសកម្ពុជាមានតុល្យភាពកម្លាំងយោធាជាមួយប្រទេសជិតខាង នោះគេក៏ត្រូវគិតពិចារណាជាច្រើនដងផងដែរ មុននឹងធ្វើការសម្រេចចិត្តណាមួយប្រឆាំងនឹងកម្ពុជា។ ត្រង់ចំណុចនេះ លោកបណ្ឌិតបានកត់សម្គាល់ថា បទពិសោធន៍ដែលទទួលបានក្រោយការឈ្លានពានរបស់ថៃនៅក្នុងឆ្នាំ២០០៨ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានអភិវឌ្ឍសមត្ថភាព យុទ្ធោបករណ៍ និងសព្វាវុធធុនធ្ងន់មួយចំនួនរបស់កម្ពុជា ដើម្បីត្រៀមខ្លួនការពារនូវហេតុការណ៍ដូចដែលបានកើតឡើងនាពេលថ្មីៗកន្លងទៅនេះ។

ជាមួយគ្នានេះ លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់បន្ថែមទៀតថា ដើម្បីពង្រឹងកិត្យានុភាពនិងការពារអធិបតេយ្យភាពជាតិកាន់តែរឹងមាំ កម្ពុជាត្រូវតែ​អភិវឌ្ឍសមត្ថភាពជាតិទាំងព្រម ដែលរួមមានទាំងវិស័យសេដ្ឋកិច្ច អប់រំ និងបច្ចេកវិទ្យាជាដើម ដោយមិនត្រូវពឹងអាស្រ័យលើប្រទេសណាមួយខ្លាំងលើសលុបពេកនោះទេ៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

«ការរាតត្បាតនៃកូវីដ-១៩ ជះឥទ្ធិពលដល់សហគមន៍នយោបាយ-សន្តិសុខអាស៊ាន» ដោយ៖ លោក ឯម សុវណ្ណរ៉ា នាយកដ្ឋាននយោបាយ និងសន្តិសុខអន្តរជាតិ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា

នៅថ្ងៃទី៨ ខែសីហា ឆ្ឆាំ១៩៦៧ រដ្ឋចំនួនប្រាំបានបង្កើតអង្គការតំបន់មួយឈ្មោះថា សមាគមប្រជាជាតិអាស៊ីអាគេ្នយ៍ហៅកាត់ ថា អាស៊ាន នៅទីក្រុងបាងកក ប្រទេសថៃ។ តាមរយៈការប្រកាសជាផ្លូវការនូវសេចក្តីថ្លែងការអាស៊ាន។ អង្គការ...

2020-03-24 11:18:55   ថ្ងៃអង្គារ, 24 មីនា 2020 ម៉ោង 06:18 PM
«ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មអាម៉េរិក-ចិនដំណាក់កាលទី១» ដោយ៖ បណ្ឌិត ឈឹម ផាន់ណា នាយកដ្ឋានសេដ្ឋកិច្ចអន្តរជាតិ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

សហរដ្ឋអាម៉េរិកគឺជាប្រទេសមហាអំណាចសេដ្ឋកិច្ចជាប់ចំណាត់ថ្នាក់លេខ១ ឯប្រទេសចិនជាប្រទេសមហាអំណាចសេដ្ឋកិច្ចជាប់ចំណាត់ថ្នាក់លេខ២នៅលើពិភពលោក។ ប្រទេសទាំងពីរតែងតែមានការប្រកួតប្រជែងខាងទីផ្សារពាណិជ្ជកម្ម ដែលចង់ឆ្ពោ...

2020-03-24 10:51:29   ថ្ងៃអង្គារ, 24 មីនា 2020 ម៉ោង 05:51 PM
ការហៅ«ជនជាតិភាគតិចចាម» ថាជា «ខ្មែរឥស្លាម» មិនមែនជាការរើសអើងទេ ដោយ៖ បណ្ឌិត ឈត ប៊ុនថង វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា

នៅក្នុងព្រះរាជាណាចក្រកម្ពុជា មានក្រុមជនជាតិជាច្រើនបានរស់នៅនិងធ្វើសមាហរណកម្មជាមួយជនជាតិខ្មែរ ព្រមទាំងបានក្លាយជាពលរដ្ឋខ្មែរស្របច្បាប់។ ក្រុមជនជាតិទាំងនោះរួមមាន ព្នង ចារ៉ាយ ទំពួន សួយ កួយ ស្អូច កាចក់ គ្រ...

2020-03-23 09:46:36   ថ្ងៃចន្ទ, 23 មីនា 2020 ម៉ោង 04:46 PM
សិទ្ធិនារីក្នុងបរិបទសម័យទំនើប

ទិវានារីអន្តរជាតិ៨មីនា ជាទិវាមួយដែលនារីជុំវិញពិភពលោកប្រារព្ធពិធីដើម្បីរំឭកអបអរសាទរនូវប្រវត្តិនៃការទាមទារសិទ្ធិរបស់ខ្លួន។ ទិវានេះក៏ត្រូវបានអង្គការសហប្រជាជាតិប្រារព្ធនិងអបអរសាទរផងដែរ លើសពីទៅទៀតក៏មានប្រទ...

2020-03-22 15:27:24   ថ្ងៃអាទិត្យ, 22 មីនា 2020 ម៉ោង 10:27 PM
ហេតុអ្វីខ្លាចតែប្រទេសចិន​? ដោយ៖ បណ្ឌិត សុឺន សម មន្ត្រីស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា

កាលពីយប់ថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០២០ វិទ្យុសម្លេងសហរដ្ឋអាម៉េរិកបានផ្សាយអំពីការធ្វើសមយុទ្ធយោធារវាងប្រទេសកម្ពុជានិងប្រទេសចិន។ នៅក្នុងអត្តបទដែលផ្សាយនោះ វិទ្យុសម្លេងសហរដ្ឋអាម៉េរិកបានដកស្រង់ការយល់ឃើញរបស់អ្...

2020-03-21 15:25:11   ថ្ងៃសៅរ៍, 21 មីនា 2020 ម៉ោង 10:25 PM
តើពលរដ្ឋកម្ពុជាកំពុងខ្វះអ្វី? ដោយ៖ បណ្ឌិត សុឺន សម មន្ត្រីស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា

បើសិនជាយើងពិនិត្យមើលប្រវត្តិសាស្ត្រដ៏យូរលង់របស់ប្រទេសកម្ពុជា នោះយើងនឹងបានឃើញថា ប្រទេសកម្ពុជាគឺជាប្រទេសមួយដ៏កំសត់ និងបានឆ្លងកាត់សង្គ្រាមឈ្លានពាន និងសង្គ្រាមស៊ីវិលអស់កាលជាច្រើនសតវត្ស។ បើសិនជាយើងពិនិត្យម...

2020-03-21 08:04:02   ថ្ងៃសៅរ៍, 21 មីនា 2020 ម៉ោង 03:04 PM

សេចក្តីប្រកាស