ព័ត៌មាន

បណ្ឌិត ខែក វីរៈ : តើនយោបាយគ្រួសារថាក់ស៊ីនចាញ់បារមីកម្ពុជាឬ?

2025-06-19 02:22:24 ថ្ងៃព្រហស្បតិ៍, 19 មិថុនា 2025 ម៉ោង 09:22 AM
អ្នកមើល 1130
post_detail1

លោកថាក់ស៊ីនស៊ីណាវ៉ាត្រា គឺជាអ្នកនយោបាយដ៏មានឥទ្ធិពលម្នាក់នៅក្នុងប្រទេសថៃលោកបានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថៃកាលពីឆ្នាំ២០០១ ក្រោយពីទទួលបានសំលេងគាំទ្រយ៉ាងច្រើន។ក្នុងរយៈពេល៤ឆ្នាំនៃអាណត្តិរបស់ខ្លួនលោកថាក់ស៊ីនបាននាំសង្គមថៃឱ្យរីកត្រដែតឡើងក្នុងឆាកអន្តរជាតិ និងបន្តទទួលបានការសាទរពីពលរដ្ឋថៃពេញប្រទេស។ ភស្តុតាងមួយដែលមិនអាចប្រកែកបានគឺលោកបានជាប់ឆ្នោត២អាណត្តិជាប់គ្នាតែម្តងពោលគឺនៅឆ្នាំ២០០១ដល់២០០៤ហើយជាប់ឆ្នោតបន្តដឹកនាំប្រទេសថៃក្នុងអាណត្តិបន្ទាប់ដោយទទួលលទ្ធផលយ៉ាងភ្លូកទឹកភ្លូកដីនៅអាណត្តិទី២នៅឆ្នាំ២០០៥។ គេមើលឃើញថាក្នុងសង្គមថៃលោកថាក់ស៊ីនជានាយករដ្ឋមន្ត្រីដែលជាប់ឆ្នោតទី១ ដែលបានកាន់តំណែងពេញអាណត្តិ៤ឆ្នាំ ព្រោះថាកន្លងមកនៅប្រទេសថៃនាយករដ្ខមន្ត្រីភាគច្រើនដែលឡើងកាន់តំណែងដោយរដ្ឋប្រហារ។ 

ក៏ប៉ុន្តែនៅក្នុងអាណត្តិទី២លោកកាន់តំណែងបានតែជាង១ឆ្នាំប៉ុណ្ណោះលោកក៏ត្រូវបានគេធ្វើរដ្ឋប្រហារទំលាក់លោកចេញពីតំណែងស្របពេលលោកកំពុងបំពេញបេសកម្មនៅក្រៅប្រទេស។ បើយើងសរុបទាំងពីរអាណត្តិលោកកាន់តំណែងបាន៥ឆ្នាំ៧ខែនិង១០ថ្ងៃគត់([1]) 

បើទោះបីលោកថាក់ស៊ីនត្រូវបានគេធ្វើរដ្ឋប្រហារក្តី ក៏ស្រមោលរបស់លោកហាក់នៅបន្តចាក់ជ្រៅក្នុងនយោបាយថៃដដែល។ការណ៍នេះរំលេចឱ្យឃើញតាមរយៈការឈានជើងចូលក្នុនយោបាយរបស់សមាជិកគ្រួសារលោកថាក់ស៊ីនជាបន្តបន្ទាប់ រួមានមប្អូនស្រី,ប្អូនថ្លៃ,កូនស្រី និងមនុស្សជំនិតៗរបស់គាត់ជាដើម។ 

ជាក់ស្តែងប្អូនស្រីករបស់លោកថាក់ស៊ីន គឺលោកស្រីយីងឡាក់បានក្លាយជានាយរដ្ឋមន្ត្រីក្នុងឆ្នាំ២០១១-២០១៤ រីឯពេលបច្ចុប្បន្ននេះ(២០២៥)កូនស្រីរបស់លោកថាក់ស៊ីន គឺលោកស្រី ផៃ ថងថាន កំពុងមានតំណែងជានាយករដ្ឋមន្ត្រីផងដែរ។  ភស្តុតាងទាំងនេះហើយដែលយើងអាចនិយាយបានថា គ្រួសារលោកថាក់ស៊ីនគឺជាគ្រួសារដែលមានឥទ្ធិពលនៅក្នុងសង្គមថៃនារយៈពេល២៥ឆ្នាំចុងក្រោយនេះ។ ជាមួយគ្នានេះអ្វីដែលជាការកត់សម្គាល់នោះគឺថាអំឡុងពេលដែលសាច់ញាតិគ្រួសារលោកថាក់ស៊ីនកាន់តំណែងជានាយករដ្ឋមន្ត្រី គឺគេតែងសង្កេតឃើញមានការឡើងកំដៅលើបញ្ហាទំនាក់ទំនងកម្ពុជាថៃជានិច្ច ដែលក្នុងនោះគេសង្កេតឃើញមានភាពប្រទាក់ក្រឡាគ្នាម្តងហើយម្តងទៀតជាមួយនឹងបញ្ហារសើបនៃទំនាក់ទំនងកម្ពុជា-ថៃក្នុងអាណត្តិសំខាន់ៗចំនួនបីដង ដែលបានបង្កឱ្យមានភាពតានតឹងផ្នែកនយោបាយទាំងអំឡុងពេលលោកថាក់ស៊ីននិងគ្រួសាររបស់គាត់ មានដូចជា ទី១.ពេលលោកថាក់ស៊ីនជានាយករដ្ឋមន្ត្រី មានចលនាជាតិនិយមមួយនៅឆ្នាំ២០០៣ដែលកាលនោះនាំឱ្យមានកុបកម្មនៅទីក្រុងភ្នំពេញដុតស្ថានទូតថៃ,   ទី២.ជុំវិញបញ្ហាជម្លោះប្រាសាទព្រះវិហារក្រោមការដឹកនាំរបស់លោកស្រីយីងឡាក់ដែលជាប្អូនស្រី ហើយវិបត្តិព្រំដែនដែលកំពុងបន្តនៅឆ្នាំ២០២៥នេះ ដែលជាការកាន់តំណែងរបស់លោកស្រី Paetongtarn ជាកូនរបស់លោកថាក់ស៊ីន។ 

ក្នុងន័យដដែលនេះ យើងនឹងពិនិត្យមើលស្ថានការណ៍នយោបាយនិងការវិវត្តនានាជុំវិញទំនាក់ទំនងកម្ពុជាថៃពីឆ្នាំ២០០៣ដល់ឆ្នាំ២០២៥ ដោយរំលេចតែក្នុងអំឡុងពេលកាន់តំណែងដោយគ្រួសារលោកថាក់ស៊ីនស៊ីណាវ៉ាត្រា ដើម្បីយកមកបង្ហាញជាកម្មវត្ថុសិក្សាតែប៉ុណ្ណោះ,ជាមួយគ្នានេះ យើងនឹងផ្តោតលើទិដ្ឋភាពពីបៀបដែលនយោបាយរាជានិយមនិងជាតិនិយមនៃនយោបាយផ្ទៃក្នុងថៃ ថាតើហេតុអ្វីបានជារាល់ពេលដែលគ្រួសារលោកថាក់ស៊ីនដឹកនាំសង្គមថៃ ម្តេចបានជាមានកំហឹងជាតិនិយមជ្រុលខ្លាំងម៉្លេះរវាងកម្ពុជានឹងប្រទេសថៃ?ហើយរាល់ពេលដែលប៉ះទង្គិចជាមួយកម្ពុជារួច តើជោគវាសនានាយករដ្ឋមន្ត្រីរបស់ថៃនឹងទៅជាយ៉ាងណា

១.    នយោបាយជាតិនិយមរបស់លោកថាក់ស៊ីនស៊ីណាវ៉ាត្រានិងវិបត្តិជាមួយកម្ពុជាឆ្នាំ២០០៣

នៅខែមករាឆ្នាំ២០០៣ទីក្រុងភ្នំពេញបានផ្ទុះឡើងក្នុងកុប្បកម្មបន្ទាប់ពីកាសែតនៅកម្ពុជាមួយបានរាយការណ៍ដោយស្រង់សម្តីតារាសម្តែងថៃនាង ស៊ូវ៉ាណាន់ (Suvanant Kongying, ដែលពលរដ្ឋខ្មែរភាគច្រើនបានស្គាល់ថានាងផ្កាយព្រឹក)បានអះអាងថា ប្រាសាទអង្គរវត្តជារបស់ប្រទេសថៃ ហើយកម្ពុជាបានយកប្រាសាទអង្គរវត្តពីថៃ ([2])

ក្នុងនោះកាសែតដេលីលីនិងវិទ្យុបានរាយការណ៍ថា ស៊ូវ៉ាណាន់ បាននិយាយក្នុងបទសម្ភាសមិនជាក់លាក់មួយថា «ប្រសិនបើអ្នកឧបត្ថម្ភ ឬអ្នកផ្សព្វផ្សាយណាមួយអញ្ជើញខ្ញុំមកលេងឬសម្តែងនៅកម្ពុជា ប្រជាជនកម្ពុជាត្រូវតែយល់ព្រមប្រគល់ប្រាសាទអង្គរមកខ្ញុំវិញ»(2)។នេះជាដើមចមដែលនាំឱ្យស្ថានភាពនៃទំនាក់ទំនងកម្ពុជាថៃនាពេលនោះមានភាពតានតឹងខ្លាំងដែលហាក់ជារបត់ថ្មីមួយក្នុងរង្វង់ទំនាក់ទំនងកម្ពុជាថៃ។ កំហឹងជាតិនិយមបានផ្ទុះឡើងខ្លាំងនៅកម្ពុជា ដោយរាប់តាំងពីមហាជនទូទៅរហូតរហូតដល់កម្រិតថ្នាក់ដឹកនាំ។ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍ជាតិនិយមធ្ងន់ៗតបទៅនឹងពាក្យសម្តីរបស់នាងផ្កាយព្រឹកវិញថា«តម្លៃខ្លួនរបស់នាងមិនបានស្មើនឹងស្មៅមួយទងនៅអង្គរវត្តផង....([3]) »។ កំហឹងជាតិនិយមកាន់តែពុះកញ្ជ្រោលឡើងៗពិសេសក្រោយពេលមានព័ត៌មានចចាមអារាមមកថាស្ថានទូខ្មែរនៅក្រុងបាំងកកត្រូវបានដុតបំផ្លាញ([4])

ដំណឹងនេះបានរុញកំហឹងនេះបានជំរុញឱ្យមហាជននៅភ្នំពេញផ្ទុះកំហឹងឡើងខ្លាំង ហើយក៏ឈានដល់កុប្បមកម្មបំផ្លិចបំផ្លាញ​អាជីវកម្ម​ថៃមួយចំនួនទៀតរួមទាំង Royal Phnom Penh Hotel និង​ដុត​ស្ថានទូត​ថៃប្រចាំទីក្រុងភ្នំពេញថែមទៀតផងនាថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៣។ ក្រោយហេតុការណ៍នោះបានបណ្តាលឱ្យទំនាក់ទំនងប្រទេសទាំងពីរហាក់ដើរដល់ផ្លូវទល់ច្រក ដោយទំនាក់ទំនងការទូតកម្ពុជា-ថៃឈានដល់ភាពតានតឹងបំផុត ទំនាក់ទំនងការទូតត្រូវបានផ្អាកនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០០៣ ។ ទាំងផ្លូវចរាចរណ៍ អាកាសចរណ៍ ​ទេសចរណ៍និង​ពាណិជ្ជកម្ម​នានាត្រូវបានបាន​បញ្ឈប់ ហើយអាជ្ញាធរថៃបានប្រាប់ពលរដ្ឋ​ថៃ​ត្រូវ​បាន​ណែនាំ​ឲ្យ​ចៀសវាង​ការ​ធ្វើ​ដំណើរ​មក​កម្ពុជា ទន្ទឹមនឹងនេះអាជ្ញាធរ​កម្ពុជា​បាន​រឹត​បន្តឹង​ការ​ចូល​របស់​ថៃ​ក្នុង​តំបន់​មួយ​ចំនួន​ដូច​ជា​ខេត្ត​សៀមរាបនិង​បន្ទាយ​មាន​ជ័យផងដែរ។ ថៃបានបណ្តេញទូតខ្មែរប្រចាំបាំងកកហើយជាការឆ្លើយតបមកវិញកម្ពុជាក៏បានបណ្តេញទូតថៃប្រចាំទីក្រុងភ្នំពេញដូចគ្នាដែរ ([5])  ក្រៅពីសកម្មភាព ការទូត និងពាណិជ្ជកម្ម ភាគីថៃក៏បានបញ្ជូននាវាចម្បាំងមួយគ្រឿងនិងនាវាល្បាតបួនគ្រឿងមកគៀកនិងដែនទឹកកម្ពុជាហើយភាគីថៃបានដាក់ពង្រាយកងកម្លាំងរបស់ខ្លួននៅតាមច្រកព្រំដែនកម្ពុជា-ថៃ។ កងកម្លាំងថៃដែលបានដាក់ពង្រាយនៅតាមច្រកព្រំដែនគឺមកពីក្រុម (Thai-110 Special forces) ដូចនេះភាគីកម្ពុជាបានប្រកាសបិទព្រំដែនកម្ពុជា-ថៃ។ ការបិទព្រំដែនកម្ពុជា-ថៃ បានធ្វើឱ្យផលិតផលថៃជាង ១ពាន់មុខមិនអាចចូលមកកម្ពុជាបាននោះទេ ដូចនេះការជួញដូរមុខទំនិញរវាងកម្ពុជា-ថៃ បានរាំងស្ទះកកកុញពេញច្រកព្រំដែន ។ សេនារីយោនយោបាយជាតិនិយមនេះ ហាក់ត្រូវបានពលរដ្ឋប្រទេសទាំងសងខាងគាំទ្រជំហររដ្ឋាភិបាលរៀងៗខ្លួន និងស្របតាមសភាពការណ៍នេះ គេសង្កេតឃើញថា ជាយុទ្ធសាស្ត្ររបស់អ្នកនយោបាយកំពូលប្រទេសទាំងពីរដើម្បីទាញចំណេញខាងទិដ្ឋភាពនយោបាយរៀងៗខ្លួន ។ 

 ក្នុងឆ្នាំ២០០៣កម្ពុជានឹងនាមានការបោះឆ្នោតថ្នាក់ជាតិមួយនៅខែកក្កដា វាស្របពេលដែលនយោបាយផ្ទៃក្នុងកម្ពុជានាពេលនោះហាក់មានភាពមិនសូវរលូនប៉ុន្មានដែរ រវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សហ្វុនស៊ិនប៉ិច ([6])  ការណ៍នេះនាំឱ្យគេយល់ថាសេនារីយោជាតិនិយមក៏ជាការទាក់ទាញចំណេញខាងទិដ្ឋភាពនយោបាយខ្លះផងដែរ។ ចំពោះប្រទេសថៃវិញ ក្នុងឆ្នាំ២០០៣ជាពេលដែលលោកថាក់ស៊ីនដឹកនាំប្រទេសថៃបានពាក់កណ្តាលអាណត្តិ (២០០១-២០០៥) ព្រោះនៅសង្គមថៃអាណត្តិនាយករដ្ឋមន្ត្រី គឺមានតែ៤ឆ្នាំប៉ុណ្ណោះ។ ការណ៍នេះដើម្បីទាញយកប្រជាប្រិយភាពសម្រាប់ការបោះឆ្នោតនៅអាណត្តិបន្ទាប់លោកថាក់ស៊ីនបានប្រើគោលនយោបាយទាក់ទាញយ៉ាងច្រើនដែលយើងអាចមើលឃើញដូចខាងក្រោម៖

ទី១. បរិយាកាសនយោបាយនិងនិន្នាការសង្គមថៃនៅឆ្នាំ២០០៣

គេមើឃើញថា លោកថាក់ស៊ីន ស៊ីណាវ៉ាត្រាបានទាក់ទាញអ្នកគាំទ្រដើម្បីរក្សាអំណាចខ្លួនដោយអនុវត្តគោលនយោបាយប្រជានិយមដែលមានដូចជា គោលនយោបាយថែទាំសុខភាពសកល៣០បាត,មូលនិធិអភិវឌ្ឍន៍ភូមិ,បន្ធូរបន្ថយបំណុលសម្រាប់កសិករ។ គោលនយោបាយទាំងនេះទទួលបានការគាំទ្រយ៉ាងច្រើនពីសហគមន៍ជនបទនិងបានពង្រឹងមូលដ្ឋានអំណាចរបស់លោកថាក់ស៊ីន។ គោលនយោបាយដឹកនាំភាពជាបុរសខ្លាំងលោកថាក់ស៊ីនបានសង្កត់ធ្ងន់ទៅលើអភិបាលកិច្ចកណ្តាលនិង  «ការគ្រប់គ្រងតាមទម្រង់បែបជានាយកកប្រតិបត្តិជារបៀបក្រុមហ៊ុន(CEO)([7])។ ទន្ទឹមនឹងមានការសាទរលោក ក៏មានដែរការតិះទៀតដោយអ្នករិះគន់បានចោទប្រកាន់គាត់ពីទំនោរផ្តាច់ការនិងធ្វើឱ្យប៉ះពាល់ដល់ការត្រួតពិនិត្យនិងតុល្យភាពនៃការដឹកនាំ។   ជាមួយគ្នានេះលោកថាក់ស៊ីនក៏បានបង្រ្កាបប្រព័ន្ធផ្សព្វផ្សាយនិងក្រុមប្រឆាំងនឹងគណបក្សក៏ដូចជារួបលោកផ្ទាល់។ចំណុចនេះក៏ត្រូវបានគេកត់សម្គាល់ និងមានការព្រួយបារម្ភកាន់តែខ្លាំងឡើងលើការចាប់ពិរុទ្ធប្រព័ន្ធផ្សព្វផ្សាយ។ រីឯសំឡេងឯករាជ្យប្រឈមមុខនឹងសម្ពាធកើនឡើងខណៈដែលរដ្ឋាភិបាលរបស់លោកថាក់ស៊ីនត្រូវបានចោទប្រកាន់ថាបានប្រើប្រាស់ថវិកាផ្សាយពាណិជ្ជកម្មនិងឧបករណ៍និយតកម្មដើម្បីបំបិទមាត់អ្នករិះគន់។

ទី២. សង្គ្រាមគ្រឿងញៀន

សង្គ្រាមគ្រឿងញៀនរបស់លោកថាក់ស៊ីនហាក់បានបង្ហាញពីទិដ្ឋភាពដ៏ចម្រូងចម្រាសបំផុតមួយនៃគោលនយោបាយក្នុងស្រុករបស់ថាក់ស៊ីនក្នុងឆ្នាំ ២០០៣ផងដែរ។ យុទ្ធនាការប្រឆាំងគ្រឿងញៀនដ៏ខ្លាំងក្លារបស់គាត់ដែលបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ឆ្នាំ ២០០៣ ក្នុងនោះមនុស្សជាង២,៨០០នាក់ត្រូវបានរាយការណ៍ថាបានសម្លាប់ក្នុងរយៈពេលបីខែដំបូងដែលជាការសម្លាប់ក្រៅប្រព័ន្ធតុលាការ([8])។ ប្រឈមនឹងការរិះគន់រដ្ឋាភិបាលបានអះអាងថា អ្នកទាំងនេះភាគច្រើនជាអ្នកជួញដូរគ្រឿងញៀនដែលត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារក៏ដោយក៏ក្រុមសិទ្ធិមនុស្សនិងអ្នកសង្កេតការណ៍អន្តរជាតិបានចង្អុលបង្ហាញពីការរំលោភបំពានយ៉ាងទូលំទូលាយនិងកង្វះដំណើរការត្រឹមត្រូវឬប្រើឡេសនេះដើម្បីកំតេចអ្នកប្រឆាំងនឹងលោក។យុទ្ធនាការ​ដំបូង​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សាធារណជនប៉ុន្តែ​ការ​រិះគន់​អន្តរជាតិ​កាន់​តែ​ខ្លាំងជា​ពិសេស​ពី​អង្គការ​សហប្រជាជាតិ និង​អង្គការ​លើកលែង​ទោស​អន្តរជាតិ។

ទី៣. ជាតិនិយមថៃ និងកុប្បកម្មកម្ពុជា

ក្រោយ​កុប្បកម្ម​នៅ​ខែ​មករា ឆ្នាំ​២០០៣ ចលនាជាតិ​និយមនៅថៃ​បាន​កើន​ឡើង​ក្នុង​ប្រទេស​ថៃ។គេមើលឃើញថាលោកថាក់ស៊ីនបាន​ប្រើ​ឧប្បត្តិហេតុ​នេះ​ដើម្បី​បញ្ចាំង​រូបភាព​អ្នក​ការពារដោយ​ទាមទារ​ការ​សុំទោសនិង​សំណងពីខាងកម្ពុជាដើម្បីកេងចំណេញលើទិដ្ឋភាពនយោបាយនិងជាតិនិយម។ ម្យ៉ាងវិញទៀតកុបកម្ម​ក៏​បាន​ជួយ​បង្វែរ​ពី​ភាព​ចលាចល​ក្នុង​ស្រុក​ដែល​កំពុង​កើន​ឡើង​ជុំវិញ​សេរីភាព​សារព័ត៌មាន និង​ការ​រំលោភ​បំពាន​របស់​ពលរដ្ឋថៃផងដែរ។

ជារួមមកការកាន់តំណែងរបស់លោកថាក់ស៊ីនមិនបានយូរឡើយដោយលោកត្រូវបានយោធាធ្វើរដ្ឋប្រហារផ្តួលរំលំរូបលោកនៅឆ្នាំ២០០៦ក្រោមរូបភាពអស្ថេរភាពក្នុងថៃ ព្រោះម្យ៉ាងទៀតប្រជាប្រិយភាពរបស់លោកជាការបារម្ភមួយជាការគំរាមកំហែងដល់អំណាចយោធានិងរាជវាំងថៃទន្ទឹមនឹងនេះក៏មានគេមើលឃើញថាក្រោយពីការប្រមាថដល់បុព្វបុរសខ្មែរនៅប្រាសាទអង្គរវត្តដែលជាកន្លែងសក្តិសិទ្ធិនិងជានិមិតរូបរបស់កម្ពុជាមិនអាចមើលស្រាលឬលេងសើចបាននោះឡើយ។ 

២.   លោកស្រីយីងឡាក់ស៊ីណាវ៉ាត្រា និងជម្លោះប្រាសាទព្រះវិហារ (២០១១-២០១៤)

ក្រោយពេលលោកថាក់ស៊ីន ត្រូវបានគេបណ្តេញចេញពីតំណែងឥទ្ធិពលរបស់លោកថាក់ស៊ីនបានវិលមកវិញសាជាថ្មី គ្រាន់តែលើកនេះជាសាច់ឈាមរបស់គាត់វិញម្តង គឺប្អូនស្រីរបស់លោកថាក់ស៊ីន គឺលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា។ ជាការពិតណាស់ ការ​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​របស់​លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រាស្រប​ពេល​សភាពការនៅទល់ដែនកម្ពុជា-ថៃមាន​ការ​ប្រែប្រួល​ខ្លាំង​បំផុត​ជុំវិញជម្លោះ​ប្រាសាទ​ព្រះវិហារ។កាលពីសម័យបងប្រុសរបស់លោកស្រីក៏មានបញ្ហាជាតិនិយមជាមួយកម្ពុជាដែរ គឺជុំវិញប្រាសាទអង្គរវត្ត ប៉ុន្តែនៅក្នុងសម័យរបស់លោកស្រីយីងឡាក់ស៊ីណាវ៉ាត្រាគឺមានបញ្ហាជុំវិញប្រាសាទព្រហវិហារវិញម្តង។  ដ្បិតតែតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានសម្រេចនៅឆ្នាំ១៩៦២ថាប្រាសាទព្រះវិហារជាកម្មសិទ្ធិរបស់ប្រទេសកម្ពុជាក៏ដោយក៏ជម្លោះជុំវិញទឹកដីនៅតែកើតមានដដែល។

ក្នុងពេលចូលកាន់តំណែងរបស់លោកស្រីយីងឡាក់ ចលនាជាតិនិយមនិងផ្ទៃក្នុងថៃនៅតែបន្តមានភាពរំជើបរំជួលហើយ បញ្ហាជាតិនិយមក៏នៅតែជាប្រធានបទក្តៅសម្រាប់អ្នកនយោបាយថៃប្រើដដែលគឺក្នុងចេតនាដើម្បីបង្វែស្ថានការណ៍ផ្ទៃក្នុងខ្លួន,និងដើម្បីទាញចំណាប់អារម្មណ៍ពីពលរដ្ឋឱ្យងាកមករួមចំណែកជាមួយរដ្ឋាភិបាលខ្លួនក្នុងការការពារទឹកដី។ពេលនោះក្នុងឆ្នាំ២០១១ តុលាការយុតតិធម៌អន្តរជាតិ(ICJ)បានយល់ព្រមបកស្រាយឡើងវិញនូវសេចក្តីសម្រេចដើមដែលបង្កឱ្យមានភាពតានតឹងផ្នែកយោធាជាថ្មីនៅតាមព្រំដែនរវាងកម្ពុជានិងថៃ។ មិនខុសពីលើកមុនដែរគឺថៃរងភាពអាម៉ាសសារជាថ្មីម្តងទៀតលើឆាកអន្តរជាតិចំពោះបញ្ហាព្រះសាទព្រះវិហារ។ ស្ថានភាពនោះជាហេតុនាំលោកស្រីយីងឡាក់បានប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជិតស្និទ្ធរបស់លោកស្រីជាមួយនឹងកម្ពុជា។ ដោយក្រុមប្រឆាំងរដ្ឋាភិបាលលោកស្រីយីងឡាក់ចោទថា អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ដែលនៅពេលនោះត្រូវបានកាត់ទោសនិងរស់នៅនិរទេសត្រូវបានកម្ពុជាតែងតាំងជាទីប្រឹក្សាសេដ្ឋកិច្ចពិសេសរបស់កម្ពុជា។ សកម្មភាពនេះនាំឱ្យផ្ទៃក្នុងថៃមានភាពចម្រូងចម្រាសដែលនាំឱ្យមានការចោទប្រកាន់ថាលោកស្រីយីងឡាក់កំពុងបំពានអធិបតេយ្យភាពជាតិ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួននិងសេដ្ឋកិច្ចរបស់បងប្រុសលោកស្រី។ 

ម្យ៉ាងវិញទៀត រដ្ឋបាល​របស់​លោកស្រី​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា​ខ្សោយ​ក្នុងការដឹកនាំពិសេសចំពោះ​ការ​ការពារ​ទឹកដី([9])។ ភាពតានតឹងទាំងនេះត្រូវបានពង្រីកនៅក្នុងប្រព័ន្ធផ្សព្វផ្សាយថៃដោយផ្តល់នូវការនិទានរឿងជាតិនិយមដែលបានធ្វើឱ្យខូចដល់ភាពស្របច្បាប់របស់លោកស្រីយីងឡាក់ស៊ីណាវ៉ាត្រា។ នៅទីបំផុតទៅរដ្ឋាភិបាលោក្សរីយីងឡាក់ក៏មានវាសនាដូចគ្នានឹងបងប្រុសរបស់គាត់ដែរ។ លទ្ធផលចុងក្រោយ គឺត្រូវបានយោធាធ្វើរដ្ឋប្រហារដែលដឹកនាំដោយលោកប្រាយុទ្ធច័ន្ធអូចានៅឆ្នាំ២០១៤។ ដូច្នេះបញ្ហាជាតិនិយមនៅថៃជារឿងផ្ទៃក្នុងនៅនយោបាយរបស់ខ្លួនហើយការទាញកម្ពុជាឱ្យចូលក្នុងវិបត្តខ្លួនតាមរយៈជម្លោះព្រំដែននិងប្រាសាទបុរាណកម្ពុជាគឺជាទ្វេរគ្រោះខ្លួនឯង ចុងក្រោយគឺរដ្ឋាភិបាលថៃខ្លួនឯង ត្រូវបានជាអ្នកទទួលផលអវិជ្ជមានដោយត្រូវគេធ្វើរសដ្ឋប្រហារ។  

៣.     រដ្ឋាភិបាលលោកស្រីផៃថោងថាន (កូនស្រីលោកថាក់ស៊ីន) និងភាពតានតឹងព្រំដែនឆ្នាំកម្ពុជា-ថៃ ២០២៥

គិតត្រឹមពាក់កណ្តាលឆ្នាំ ២០២៥ អ្នកស្រី Paetongtarn Shinawatra ដែលជាកូនស្រីរបស់លោកថាក់ស៊ីននិងជាមេដឹកនាំបច្ចុប្បន្ននៃគណបក្សភឿថៃ ប្រឈមមុខនឹងស្ថានភាពថ្មីលើសំណុំរឿងចាស់ជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ។ ឧបទ្ទវហេតុ​នៃការ​បាញ់​ប្រហារ​កាលពីថ្ងៃទី២៨ខែឧសភាឆ្នាំ២០២៥ត្រូវ​បាន​គេ​រាយការណ៍​នៅ​ជិត​តំបន់​ប្រទាញប្រទង់នៅតាម​ព្រំដែន​តាម​ជួរ​ភ្នំ​ដងរែកដែល​ជំរុញ​ឱ្យមាន​ការ​ព្រួយ​បារម្ភ​នៃ​ជម្លោះ​បន្ត​ទៀត។ 

ស្ថានភាពនេះ ក៏ជាសញ្ញាណនៃការបែកបាក់ផ្ទៃក្នុង ព្រោះថារដ្ឋាភិបាលចម្រុះថៃហាក់ដល់ផ្លូវបំបែករវាងគណបក្សភឿថៃរបស់លោកស្រីផែថោងថាននិងក្រុមយោធា។ ពិសេសការលូកដៃចូលជ្រៅរបស់លោកថាក់ស៊ីននៅក្នុងនយោបាយថៃក៏ជាហេតុផលមួយនៅក្រោយបញ្ហានេះដែរ។ 

ជាមួយគ្នានេះដែរ អ្នកនយោបាយជាតិនយមថៃបានទាញបញ្ហាផ្ទៃក្នុងខ្លួនមកជំពាក់ជំពិនជាមួយកម្ពុជាដោយរំលេចឱ្យឃើញពីចេតនាមិនល្អរបស់ខ្លួនជុំវិញអធិបតេយ្យភាពកម្ពុជានៅតំបន់មុំបី,ប្រាសាទតាមាន់តូច,ប្រាសាទតាមាន់ធំនិងប្រាសាទតាក្របី។ ជាសេនារីយោដដែលៗរបស់ថៃ ពេលនេះក៏ដូចគ្នាទៅនឹងកាលពីការដឹកនាំរបស់លោកថាក់ស៊ីន និងលោកស្រីយីងឡាក់អញ្ចឹងដែរ។ 

ជាការឆ្លើយតបរបស់កម្ពុជាពីជំហររបស់ខ្លួនកម្ពុជាបានចេញសេនារីយោចំនួន៣គឺទី១.បញ្ជូនកងទ័ពនិងគ្រឿងយុទ្ធោបករណ៍ជាច្រើនទៅកាន់តំបន់ជម្លោះនិងតាមខ្សែបន្ទាត់ព្រំដែន,ទី២.នយោបាយការទូតកម្ពុជាបានកោះប្រជុំវត្តមានអង្គទូតទាំង២៧ដែលមានវត្តមាននៅកម្ពុជាដើម្បីពន្យល់ពីស្ថានការណ៍នៅព្រំដែនកម្ពុជា-ថៃ ([10]) ហើយកម្ពុជារក្សាជំហរការជយបប្រជុំរបស់ក្រុមការងារកិច្ចការព្រំដែនរវាងប្រទេសទាំងពីរ ([11]) និងទី៣.កម្ពុជាបានប្តឹងករណីនេះទៅកាន់តុការលាការយុត្តិធម៌អន្តរជាតិ([12])។ ក្រៅពីនេះកម្ពុជាក៏មានផងដែរការប្រកាសពហិការឈប់ប្រើទំនិញថៃ, បិទការនាំចូលបន្ថែនិងផ្លែឈើរបស់ថៃនិងបានរឹតបន្តឹងតាមច្រកព្រំដែនរវាងប្រទេសទាំងពីរថែមទៀតផង។ជំហររបស់រាជរដ្ឋាភិបាលកម្ពុជាបានពេលនេះត្រូវបានការសាទរពីប្រជាពលរដ្ឋកម្ពុជាពេញផ្ទៃប្រទស។ 

នៅចំពោះមុខស្ថានការណ៍ដ៏តានតឹងនៅពេលនេះយើងរង់ចាំមើលបន្តទៀតថាតើនោយបាយជាតិនិយមដែលថៃកំពុងអនុវត្តនាពេលនេះ នឹងប្រប្រួលទៅជាយ៉ាងណាក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ?តើពលរដ្ឋថៃនិងអ្នកនយោបាយជ្រុលនិយមរបស់ថៃនឹងរុញសភាពការណ៍ទៅជាអ្វីថ្មីទៀតតើពួកគេបន្តជំរុញឱ្យមានការប៉ះទង្គិចដោយយោធាសារជាថ្មីទៀតឬរុញសភាពការណ៍ដើម្បីធ្វើរដ្ឋប្រហារទំលាក់លោកស្រីផែថោងថាន

សេចក្តីសន្និដ្ឋាន

ជារួមមក ចាប់តាំងពីឆ្នាំ២០០៣ដល់២០២៥នេះ អ្នកនយោបាយជាតិនិយមជ្រុលរបស់ថៃតែងប្រើប្រាស់សេនារីយោជាតិនិយមដើម្បីបង្វែរស្ថានការណ៍នយោបាយផ្ទៃក្នុងរបស់ខ្លួន មកលើបញ្ហាព្រំដែនរវាងកម្ពុជានឹងថៃ ដើម្បីជាចេតនាដុតរោលជាតិនិយមផង,និងដើម្បីដាក់បន្ទុកទំលាក់កំហុសមកលើរដ្ឋាភិបាលថៃខ្លួនឯងផងដើម្បីបន្តសេនារីយោបន្ទាប់គឺប្រើប្រាស់កម្លាំងយោធាក្នុងការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ហើយភាគច្រើនគឺនៅក្រោមការដឹកនាំរបស់គ្រួសារត្រកូលថាក់ស៊ីន ដែលមានដូចជា សម័យថាក់ស៊ីន ស៊ីណាវ៉ាត្រា, បន្តដោយយីងឡាក់ស៊ីណាវ៉ាត្រា ហើយបច្ចុប្បន្ននេះកូនស្រីលោកថាក់ស៊ីមគឺលោកស្រី ផែថោងថាន់ ក៏មានបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជាផងដែរគិតត្រឹមថ្ងៃទី១៧ មិថុនា ២០២៥។ 

តាមរយៈបទពិសោធនាពេលកន្លងមកគឺជំហររាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា តែងប្រើប្រាស់នយោបាយដែលមានភាពចាស់ទុំច្រើនជាងប្រទេសថៃ ដោយប្រើទាំងវិធីសាស្ត្ររឹងនិងទន់ មានន័យថាកម្ពុជាប្រើនយោបាយការទូត,យន្តការច្បាប់អន្តរជាតិ,និងកម្លាំងយោធាដើម្បីរក្សាការពារនូវអធិបតេយ្យភាពរបស់ខ្លួនទល់នឹងជម្លោះព្រំដែនកម្ពុជាថៃហើយកម្ពុជាតែងទទួលបាននូវការគាំទ្រពីប្រជាពលរដ្ឋខ្លួននិងលើឆាកអន្តរជាតិ ។ 

យើងឃើញថាអ្នកដែលប៉ុនប៉ងចង់បានប្រាសាទកម្ពុជាតែងទទួលផលកម្មមកលើខ្លួនឯងជានិច្ច, ចុះនៅពេលខាងមុខនេះវិញតើជោគវាសនានៃរដ្ឋាភិបាលកូនស្រីលោកថាក់ស៊ីននឹងទៅជាយ៉ាងណានៅចំពោះចំណាត់ការតបតររបស់កម្ពុជាជុំវិញបញ្ហាព្រំដែនជាមួយកម្ពុជាក្នុងឆ្នាំ២០២៥នេះ? តើលោកអ្នកអានយល់ថាបារមីបុព្វបុរសខ្មែរនៅតែមានឬទេដែលកំពុងតាមថែរក្សារាជរដ្ឋាភិបាលកម្ពុជា,ថែរក្សាទឹកដីកម្ពុជានិងប្រជាជនកម្ពុជាឬទេយើងតាមដានការវិវត្តថ្មីៗបន្តទៅទៀត... !!!!

ឯកសារពិគ្រោះ

1-   Aglionby, John. “Thais Cut Links with Cambodia after Riots.” The Guardian, January 31, 2003. https://www.theguardian.com/world/2003/jan/31/cambodia. Accessed June 17, 2025.

2-   DAWN. “Cambodians Attack Thai Embassy.” DAWN, January 30, 2003.https://www.dawn.com/news/79958/cambodians-attack-thai-embassy. Accessed June 17, 2025.

3-   Human Rights Watch. Thailand’s “War on Drugs.” New York: Human Rights Watch, 2004.https://www.hrw.org/report/2004/06/07/thailands-war-drugs. Accessed June 17, 2025.

4-   Hughes, Caroline. “Cambodia and Thailand: Diplomacy, Nationalism and the Border Conflict.” Contemporary Southeast Asia 25, no. 3 (2003): 460–478.

5-   LinkedIn. “13 Years Have Passed: My Escape From Phnom Penh.” By Daniel Malloy. LinkedIn, December 14, 2016.https://www.linkedin.com/pulse/13-years-have-passed-my-escape-from-phnom-penh-pavin-chachavalpongpun. Accessed June 17, 2025.

6-   McCargo, Duncan. “Toxic Thaksin? Thailand’s Troublesome Ex-Premier.” Representation 47, no. 3 (2011): 295–306.

7-   Paddock, Richard C. “Rumor of Thai Actress’ Words Salted a Wound.” Los Angeles Times, February 3, 2003.https://www.latimes.com/archives/la-xpm-2003-feb-03-fg-cambo3-story.html. Accessed June 17, 2025.

8-   Pathmanand, Ukrist. “The Thai-Cambodian Temple Dispute: The Domestic Politics of Border Demarcation.” Asian Survey 51, no. 6 (2011): 1019–1042.

9-   The diplomat. “The Actress, the Temple, and the Alleged Remark That Brought Two Nations to the Brink of War.” The Independent, January 31, 2003.https://www.independent.co.uk/news/world/asia/the-actress-the-temple-and-the-alleged-remark-that-brought-two-nations-to-the-brink-of-war-5352428.html. Accessed June 16, 2025.

10- Sam Uddom. “ជម្លោះព្រំដែនកម្ពុជា-ថៃ៖ រដ្ឋាភិបាលកម្ពុជាបង្កើតគណៈកម្មការរៀបចំបណ្តឹងដើម្បីប្តឹងថៃទៅ ICJ.” RFI Khmer, June 11, 2025. https://www.rfi.fr/km/20250611-ជម្លោះព្រំដែនកម្ពុជា-ថៃ-រដ្ឋាភិបាលកម្ពុជាប្តឹងថៃ-ICJ. Accessed June 17, 2025.

11- Sim Chansamnang. “ប្រមុខការទូតកម្ពុជាជួបជាមួយអង្គទូតបរទេសចំនួន ២៧ ដើម្បីពន្យល់ពីស្ថានការណ៍ជម្លោះព្រំដែនខ្មែរ-ថៃ.” RFI Khmer, June 17, 2025.https://www.rfi.fr/km/20250617-ប្រមុខការទូតកម្ពុជាជួបជាមួយអង្គទូតបរទេសចំនួន២៧-ដើម្បីពន្យល់ពីស្ថានការណ៍ជម្លោះព្រំដែនខ្មែរ-ថៃ. Accessed June 17, 2025.

12- អង្គភាពប្រតិកម្មរហ័ស. “សមាជរដ្ឋសភា និងព្រឹទ្ធសភា គាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាលើបញ្ហាព្រំដែន ជាមួយព្រះរាជាណាចក្រថៃក្រោយហេតុការណ៍វាយប្រហារប្រដាប់អាវុធនៅតំបន់មុំបីក្នុងទឹកដីកម្ពុជា.” Office of the Council of Ministers (Cambodia), June 3, 2025.https://pressocm.gov.kh/archives/111004. Accessed June 17, 2025.



[1] Hughes, Caroline. “Cambodia and Thailand: Diplomacy, Nationalism and the Border Conflict.” Contemporary Southeast Asia, vol. 25, no. 3, 2003, pp. 456–478.

[2] DAWN. “Cambodians Attack Thai Embassy.” DAWN, January 30, 2003. https://www.dawn.com/news/79958/cambodians-attack-thai-embassy. Accessed June 17, 2025.

[3] Paddock, Richard C. “Rumor of Thai Actress’ Words Salted a Wound.” Los Angeles Times, February 3, 2003. https://www.latimes.com/archives/la-xpm-2003-feb-03-fg-cambo3-story.html. Accessed June 17, 2025.

[4] Daniel Malloy.“13 Years Have Passed: My Escape From Phnom Penh.”Linkedin, December 14, 2016. https://www.linkedin.com/pulse/13-years-have-passed-my-escape-from-phnom-penh-pavin-chachavalpongpun. Accessed June 17, 2025. 

[5] Aglionby, John. “Thais Cut Links with Cambodia after Riots.” The Guardian, January 31, 2003. https://www.theguardian.com/world/2003/jan/31/cambodia. Accessed June 17, 2025.

[6] Hughes, Caroline. “Cambodia and Thailand: Diplomacy, Nationalism and the Border Conflict.” Contemporary Southeast Asia 25, no. 3 (2003): 460–478.

[7] Duncan McCargo, ‘Toxic Thaksin? Thailand’s troublesome ex-premier’, Representation, 47, 3, 2011: 295–306. 

[8] Human Rights Watch. Thailand’s “War on Drugs”. New York: Human Rights Watch, 2004.

[9] Pathmanand, Ukrist. “The Thai-Cambodian Temple Dispute: The Domestic Politics of Border Demarcation.” Asian Survey 51, no. 6 (2011): 1019–1042. 

[10]         Sim Chansamnang. “ប្រមុខការទូតកម្ពុជាជួបជាមួយអង្គទូតបរទេសចំនួន ២៧ ដើម្បីពន្យល់ពីស្ថានការណ៍ជម្លោះព្រំដែនខ្មែរ-ថៃ.” RFI Khmer, June 17, 2025. https://www.rfi.fr/km/20250617-ប្រមុខការទូតកម្ពុជាជួបជាមួយអង្គទូតបរទេសចំនួន២៧-ដើម្បីពន្យល់ពីស្ថានការណ៍ជម្លោះព្រំដែនខ្មែរ-ថៃ. Accessed June 17, 2025.

[11] អង្គភាពប្រតិកម្មរហ័ស. «សមាជរដ្ឋសភា និងព្រឹទ្ធសភា គាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាលើបញ្ហាព្រំដែន ជាមួយព្រះរាជាណាចក្រថៃក្រោយហេតុការណ៍វាយប្រហារប្រដាប់អាវុធនៅតំបន់មុំបីក្នុងទឹកដីកម្ពុជា.» Office of the Council of Ministers (Cambodia), June 3, 2025. https://pressocm.gov.kh/archives/111004. Accessed June 17, 2025.

[12]           Sam Uddom. “ជម្លោះព្រំដែនកម្ពុជា-ថៃ៖ រដ្ឋាភិបាលកម្ពុជាបង្កើតគណៈកម្មការរៀបចំបណ្តឹងដើម្បីប្តឹងថៃទៅ ICJ.” RFI Khmer, June 11, 2025. https://www.rfi.fr/km/.... Accessed June 17, 2025.

អត្ថបទទាក់ទង

"THE KOREA-ASEAN SOLIDARITY INITIATIVE: New Momentum for Cambodia-ROK Cooperation and Partnership" By Dr. Kin Phea

The Republic of Korea’s (ROK) Indo-Pacific Strategy (IPS) was announced by President Yoon at the 2022 ASEAN-ROK Summit in Phnom Penh, Cambodia. The ROK’s Indo-Pacific Strategy was established to incre...

2023-09-15 04:41:30   ថ្ងៃសុក្រ, 15 កញ្ញា 2023 ម៉ោង 11:41 AM
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច៖ ក្រោយពីសង្គ្រាមបានបញ្ចប់ កម្ពុជា ខុសពីកូរ៉េ

ថ្លែងនៅក្នុងអង្គសិក្ខាសាលា ស្តីពីដៃគូអភិវឌ្ឍន៍សាធារណរដ្ឋកូរ៉េ-កម្ពុជា៖ កម្ពុជាការស្វែងរកយន្តការដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនាពេលអនាគតនាព្រឹកថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣នៅរាជបណ្ឌិត្យសភាកម្ពុជា...

2023-09-15 04:38:36   ថ្ងៃសុក្រ, 15 កញ្ញា 2023 ម៉ោង 11:38 AM
"Significance of ROK’s Indo-Pacific Strategy and KASI for ASEAN and Cambodia" By Dr. Seun Sam

In the last few years, to increase its involvement and cooperation with nations in the region, the Republic of Korea (ROK) has been vigorously pursuing its Indo-Pacific Strategy and other initiatives....

2023-09-15 03:50:57   ថ្ងៃសុក្រ, 15 កញ្ញា 2023 ម៉ោង 10:50 AM
"ROK’s Indo-Pacific Strategy and Korea-ASEAN Solidarity Initiative are Key Factors for Regional Freedom, Peace, Prosperity and Inclusivity" By Mr. Thun Chhay Piseth

Indo-Pacific is a geopolitical term that is much debated by politicians, political analysts and strategists. The Indo-Pacific accounts for almost 62% of global GDP, equivalent to two-thirds of global...

2023-09-15 03:46:16   ថ្ងៃសុក្រ, 15 កញ្ញា 2023 ម៉ោង 10:46 AM
រាជបណ្ឌិត្យសភាកម្ពុជា រៀបចំសិក្ខាសាលា ស្តីពីដៃគូអភិវឌ្ឍន៍សាធារណរដ្ឋកូរ៉េ-កម្ពុជា៖ ការស្វែងរកយន្តការដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនាពេលអនាគត (Cambodia-Korea Development Partnership: Navigating the Path for Future Cooperation)

នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ រាជបណ្ឌិត្យសភាកម្ពុជា រៀបចំសិក្ខាសាលា ស្តីពីដៃគូអភិវឌ្ឍន៍សាធារណរដ្ឋកូរ៉េ-កម្ពុជា៖ ការស្វែងរកយន្តការដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនាពេលអនាគត ដែលរៀបចំឡើង ដើម្បីជាការរ...

2023-09-15 03:41:29   ថ្ងៃសុក្រ, 15 កញ្ញា 2023 ម៉ោង 10:41 AM
"Korea-ASEAN Solidarity Initiative and Its Implications for Cambodia and ASEAN" By Dr. Khek Vireak

The new foreign policy approach of the Republic of Korea (ROK) toward the Indo-Pacific region was introduced by President Yoon at the 2022 ASEAN-Korea Summit in Phnom Penh, Cambodia. In his initiative...

2023-09-15 02:40:43   ថ្ងៃសុក្រ, 15 កញ្ញា 2023 ម៉ោង 09:40 AM

សេចក្តីប្រកាស