ជាដំណឹងល្អមួយ ដែលមេដឹកនាំពិភពលោកលូកដៃសម្រុះសម្រួលដើម្បីជំរុញឱ្យមានការចរចាឈានទៅសម្រេចបទឈប់បាញ់រវាង កម្ពុជានិងថៃ ក្រោយសង្គ្រាមព្រំដែនរវាងប្រទេសទាំងពីរ​បានបង្កការខូចខាត និងមានកងទ័ពនិងជនស៊ីវិលជាច្រើននាក់បានបាត់បង់ជីវិត។ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្ត្រនយោបាយ បានថ្លែងសាទរចំពោះការដែលប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានលើកឡើងនូវគំនិតផ្ដួចផ្ដើមជំរុញឱ្យមានកិច្ចសន្ទនាស្ដីពីបទឈប់បាញ់រវាងប្រទេសកម្ពុជានិងថៃ ដែលនឹងប្រព្រឹត្តឡើងនៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដែលជាប្រធានផ្លាស់វេនអាស៊ាន។ កម្ពុជាតែងតែគោរពគោលការណ៍អន្តរជាតិ កិច្ចសន្ទនាពហុភាគី​ស្ដីពី​ការរក្សាសន្តិភាពនៅក្នុងតំបន់។

            លោកបណ្ឌិត យង់ ពៅ បានបង្ហាញការយល់ឃើញថា នៅក្នុងជំនួបចរចាស្ដីពីបទឈប់បាញ់នៅទីក្រុងកូឡាឡាំពួនាថ្ងៃនេះ នាយករដ្ឋមន្ត្រីនឹងបង្ហាញជំហរទទួលបទឈប់បាញ់ជាទស្សនៈ ប៉ុន្តែទោះជាយ៉ាងណា សម្រាប់ការអនុវត្ត ថៃនឹងបន្តអនុវត្តបែបផ្សេង ខុសពីការចរចា ដូចជាទម្លាប់សព្វដងនៃមេដឹកនាំនិងប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ។ លោកបណ្ឌិតបានគូសរំឭកអំពីប្រវត្តិនៃការ​គោរពច្បាប់អន្តរជាតិរបស់ថៃថា កន្លងមក ដោយមានការដាក់សម្ពាធពីមហាអំណាច មេដឹកនាំថៃបានបង្ខំចិត្តប្រកាសទទួលយកសេច​ក្ដីសម្រេ​ចរបស់តុលាការយុត្តិធម៌អន្តរជាតិ ឆ្នាំ១៩៦២ ប៉ុន្តែក្រោយមក មេដឹកនាំថៃ បានរំលោភបំពាននូវសេចក្ដីសម្រេចនេះ ដោយបានឈ្លានពានមកលើដែនអធិបតេយ្យភាពនៃប្រទេសកម្ពុជា ពិសេសនៅក្នុងតំបន់ប្រាសាទព្រះវិហារ។ បន្ថែមពីនេះ ដោយ​មាន​យន្តការទ្វេភាគីរវាងប្រទេសទាំងពីរ កម្ពុជា-ថៃបានសម្រេចនូវអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ ដើម្បីថែរក្សាសន្តិភាព និងសន្តិសុខក្នុងតំបន់ព្រំដែននៃប្រទេសទាំងពី ប៉ុន្តែថៃបែរជាបានរំលោភលើ​កិច្ចព្រមព្រៀងដែលខ្លួនបានចុះហត្ថលេខា និងបានចូលឈ្លានពានបង្កជម្លោះជាថ្មីម្ដងទៀតនៅក្នុងឆ្នាំ២០២៥នេះ។ បើតាមលោកបណ្ឌិត យង់ ពៅ ថៃតែងតែទទួលយកនូវលទ្ធផលនៃការចរចា ឬឯកភាពទៅលើកិច្ចព្រមព្រៀងទាំងឡាយជាមួយកម្ពុជា ប៉ុន្តែខ្លួនបែរជាអនុវត្តបំពានឬផ្ទុយទៅនឹងខ្លឹមសារទាំងនោះទៅវិញ។

            នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាម៉េរិក ដែលជាមហាអំណាចសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់ខ្លួន មេដឹកនាំថៃពិតជាពិបាកនៅក្នុងការបដិសេធនូវការសម្របសម្រួល ព្រោះតែក្នុងពេលនេះ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ជាអ្នកចេញមុខដោយផ្ទាល់ ដូច្នេះដើម្បីរក្សា​មុតមាត់នៅក្នុងទំនាក់ទំនងជាមួយសហរដ្ឋអាម៉េរិក មេដឹកនាំថៃត្រូវតែបង្ខំចិត្តទទួលយក ប៉ុន្តែប្រាកដណាស់ដែលថា ថៃនឹងមិនអនុវត្តនូវកិច្ចព្រមព្រៀងស្ដីពីបទឈប់បាញ់ជាមួយកម្ពុជា។ លោកបណ្ឌិត យង់ ពៅ បន្តថា នៅក្រោយពីបញ្ចប់ការចរចាដើម្បីឈានទៅរកបទឈប់បាញ់ជាមួយកម្ពុជា ទោះ​បី​ជា​មានកិច្ចព្រមព្រៀងជាក់លាក់ក៏ដោយក្ដី ភាគីថៃនឹងរៀបចំសេនារីយ៉ូ ដើម្បីបន្តឈ្លានពានមកលើប្រទេសកម្ពុជាបន្តទៅទៀត ដោយថៃនឹងព្យាយាមចោទប្រកាន់និងលាបពណ៌កម្ពុជាថាជាអ្នករំលោភលើបទឈប់បាញ់ ឬប្រតិដ្ឋរឿងហេតុផ្សេងៗនៅក្នុងនយោបាយផ្ទៃក្នុងរបស់ខ្លួន ដែលខ្លួនមិនអាចអនុវត្តបទឈប់បាញ់នេះបាន។ ត្រង់ចំណុចនេះ កម្ពុជាក៏ត្រូវតែត្រៀមលក្ខណៈទុកជាមុន នៅចំពោះមុខភាពក្រឡិចក្រឡុចរបស់ភាគីថៃ ដែលចុះកិច្ចព្រមព្រៀងផ្សេងអនុវត្តផ្សេង។ ការត្រៀម​លក្ខណៈនេះគឺធ្វើយ៉ាងណា កម្ពុជាត្រូវតែពង្រឹងជំហរនៅគ្រប់សមរភូមិទាំងអស់ រាប់ចាប់តាំងពីសមរភូមិយោធា សមរភូមិការទូត និងសមរភូមិយន្តការច្បាប់អន្តរជាតិ។

            ដូចបានលើកឡើងខាងលើ បើទោះបីជាមានកិច្ចព្រមព្រៀងស្ដីពីបទឈប់បាញ់ក៏ដោយក្ដី ក៏ថៃនឹងនៅតែចិញ្ចឹមចិត្តដើម្បីវាយប្រហារលើប្រទេសកម្ពុជានៅក្នុងតំបន់សំខាន់ៗដូចជា តំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី តំបន់មុំបី និងតំបន់ប្រាសាទព្រះវិហារជាដើម។ មិនតែប៉ុណ្ណោះ ស្ថានការណ៍នយោបាយនៅក្នុងប្រទេសថៃបច្ចុប្បន្ន ការដឹកនាំប្រទេសហាក់ដូចជាមានការបែងចែកគ្នាជាច្រើនក្រុម ពិសេសមិនមានការឯកភាពគ្នារវាងរដ្ឋាភិបាល យោធា និងរាជវាំងនោះទេ ហើយការណ៍នេះ រឹតតែធ្វើឱ្យស្ថានការណ៍ទំនាក់ទំនងនយោបាយរបស់កម្ពុជានិងថៃ ពិតជាបន្តឡើងកម្ដៅ​មិនអាចចៀសផុតបានឡើយ។ ជាការពិតណាស់ថា ទោះបីជារដ្ឋាភិបាលស៊ីវិល អាចនឹងឯកភាព​ទៅលើការចរចាស្ដីពីបទឈប់បាញ់ក៏ដោយក្ដី ក៏ក្រុមយោធាទំនងជានឹងមិនយល់ស្របតាមនោះឡើយ ហើយនឹងមានសេនារីយ៉ូដាក់បន្ទុកថា ក្រោយរដ្ឋាភិបាលថៃបានឯកភាពនិងវិលត្រឡប់មកជាមួយសេចក្ដីសម្រេចចិត្តអំពីបទឈប់បាញ់ក្ដី ក៏ក្រុមយោធាថៃដែលមិនទទួលស្គាល់ការចរចាដែលប៉ះពាល់ដល់មហិច្ឆតាឈ្លានពានរបស់យោធាថៃ ឬរបស់ប្រទេសថៃទាំងមូល នឹងបន្តសង្គ្រាមឈ្លានពាន​ប្រឆាំងនឹងអធិបតេយ្យភាពរបស់កម្ពុជាដដែល។ នៅត្រង់ចំណុចនេះ បណ្ដាមហាអំណាច និងប្រទេសដទៃទៀតលើពិភពលោក ដែលមានផលប្រយោជន៍សេដ្ឋកិច្ច-ពាណិជ្ជកម្មជាមួយនឹងថៃ ក៏ពិបាកនឹងបង្ហាញជំហរប្រឆាំងនឹងការឈ្លានពាន ឬធ្វើអន្តរាគមន៍ណាមួយទៅលើថៃផងដែរ។ សេនារីយ៉ូនេះ ក៏រាជរដ្ឋាភិបាលកម្ពុជាបានយល់ និងដឹងច្បាស់អំពីស្ថានការណ៍នេះផងដែរ ហើយយើង ពិតជាអាចប៉ាន់ស្មានទុកជាមុនថា ថៃនឹងបន្តការវាយប្រហារមកលើដែនអធិប​តេយ្យភាពរបស់កម្ពុជា ដូច្នេះត្រូវតែត្រៀមខ្លួនឆ្លើយតបនិងទប់ទល់ឱ្យសមស្រប ស័ក្តិសម និងសមាមាត្រទៅលើភាគីថៃ នៅគ្រប់ទិដ្ឋភាពទាំងអស់។ ទោះជាយ៉ាងណា បច្ចុប្បន្ន កម្ពុជាពុំទាន់បានប្រើប្រាស់សំណាញ់មេឃ និងអាវុធធុនធ្ងន់ នៅឡើយទេ ប៉ុន្តែ​នៅក្នុងករណីដែលស្ថានការណ៍បង្ខំ រាជរដ្ឋាភិបាលកម្ពុជាត្រូវតែប្រើប្រាស់សមត្ថភាពការពារជាតិរបស់ខ្លួន ដើម្បីធានាការពារឱ្យខាងតែបាននូវដែនអធិបតេយ្យភាព និងបូរណភាពដែនដីខ្លួន ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ហើយកម្ពុជាមិនអាចបណ្ដែតបណ្ដោយឱ្យមានការខូចខាតប្រាសាទដូនតា ការបាត់បង់អាយុជីវិតកងទ័ពនិងប្រជាជន និងបណ្ដាលឱ្យមានជនភៀសសឹកកម្ពុជារាប់ម៉ឺននាក់បន្ថែម​ទៅទៀតនោះឡើយ។ គួរបញ្ជាក់ផងដែរថា នៅក្នុងស្ថានការណ៍បច្ចុប្បន្ន ភាគីថៃមិនត្រឹមតែបានប្រើប្រាស់គ្រាប់បែកចង្កោមតែប៉ុណ្ណោះទេ តែកងទ័ពឈ្លានពានថៃ ថែមទាំងបានប្រើប្រាស់ផ្សែងពុលមកលើប្រទេសកម្ពុជាថែមទៅទៀត ដែលជាឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំងនឹងមនុស្សជាតិ ដែលកម្ពុជាត្រូវតែចងក្រងភស្តុតាងដើម្បីកសាង​សំណុំរឿងប្ដឹងថៃទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ព្រមទាំងចាត់វិធានការបន្ទាន់ដែលសមា​មាត្រឆ្លើយតបទៅនឹងទង្វើដ៏គឃ្លើន និងអមនុស្សធម៌បំផុតនេះ។

            លោកបណ្ឌិត យង់ ពៅ បានបន្ថែមទៀតថា ទាំងសហរដ្ឋអាម៉េរិក និងសាធារណរដ្ឋប្រជាមានិតចិន សុទ្ធតែបានបង្ហាញនូវចេតនានយោបាយចង់ឱ្យមានបទឈប់បាញ់ជាស្ថាពរ និងជំរុញឱ្យមានការចរចាស្វែងរកដំណោះស្រាយ ដើម្បីបញ្ឈប់អរិភាពនិងសង្គ្រាមដ៏ធ្ងន់ធ្ងររវាងប្រទេសជិតខាងទាំងពីរ កម្ពុជា-ថៃ។ សហរដ្ឋអាម៉េរិកបានព្រមានរួចមកហើយថា ខ្លួននឹងមិនចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសទាំងពីរឡើយ ប្រសិនបើកម្ពុជានិងថៃ នៅតែបន្តសង្គ្រាមព្រំដែនជាមួយគ្នា ខណៈសាធារណរដ្ឋប្រជាមានិតចិន បានសម្ដែងការព្រួយបារម្ភ និងជំរុញឱ្យភាគីទាំងពីរដោះស្រាយបញ្ហាដោយសន្តិវិធី។ ទោះជាយ៉ាងណា កម្ពុជាបានប្រកាសជំហររួចជាស្រេច ត្រៀមខ្លួនទទួលយកបទឈប់បាញ់​ដែលមានលក្ខខណ្ឌសមស្រប តាមរយៈការអំពាវនាវរបស់សហរដ្ឋអាម៉េរិក។

            ឆ្លៀតឱកាសនេះ លោកបណ្ឌិត យង់ ពៅ ក៏បានអំពាវនាវឱ្យសាធារណជនកម្ពុជា ស្វែងយល់​អំពីជំហរនិងរបៀបធ្វើការរបស់មហាអំណាច ដោយចៀសវាងការបង្ហាញជំហរឈូឆរ អូសទាញឱ្យមហាអំណាចឱ្យពាក់ព័ន្ធឬចូលរួមនៅក្នុងទម្រង់ដូចនេះឬដូចនោះ។ លោកបណ្ឌិតបានបង្ហាញការព្រួយបារម្ភអំពីការចូលរួមរបស់មហាអំណាចតាមការអំពាវនាវឬញុះញង់ផ្សេងៗ ដែលអាចក្លាយទៅជាជម្លោះភូមិសាស្ត្រនយោបាយ ដូចដែលគេបានឃើញអំពីការប្រជែងរបស់មហាអំណាចនៅក្នុងតំបន់នានាលើពិភពលោក ដែលជាគ្រោះថ្នាក់ចំពោះប្រទេសសាមី៕

 

RAC Media | លឹម សុវណ្ណរិទ្ធ