ដោយ៖ លឹម សុវណ្ណរិទ្ធ
ទោះជាបទឈប់បាញ់បានចូលជាធរមានក្ដី នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ពោលគឺប្រមាណជា៨ម៉ោងក្រោយ ថៃបានបើកការវាយប្រហាររយៈពេលខ្លី ក្នុងគោលដៅប៉ុនប៉ងឱ្យកម្ពុជាប្រើប្រាស់អាវុធឆ្លើយតបវិញ ដើម្បីចោទប្រកាន់ថា កម្ពុជាជាអ្នកផ្ដើមរំលោភបទឈប់បាញ់ រួចបន្តសង្គ្រាមតាមព្រំដែនជាមួយកម្ពុជាជាថ្មីទៀត។ ទោះជាយ៉ាងណា បន្ទាប់ពីមើលឃើញថា កងទ័ពកម្ពុជាគោរពបទឈប់បាញ់យ៉ាងម៉ឺងម៉ាត់ ដោយមិនធ្វើការតបតទៅភាគីថៃវិញ កងទ័ពឈ្លានពានថៃក៏ប្រើល្បិចធ្វើពុតជាសុំជួបនិងថតរូបរួមគ្នា រួចឱ្យទាហានខ្លួនដែលបង្កប់ក្នុងព្រៃ ភ្ជង់ចាប់កងទ័ពខ្មែរធ្វើជាឈ្លើយសឹកទាំងបំពានច្បាប់អន្តរជាតិ និងដោយគ្មានភាពអៀនខ្មាស់បំផុត។ ៣ថ្ងៃក្រោយមក គឺនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ភាគីថៃបានប្រគល់កងទ័ពកម្ពុជាពីររូបមកភាគីកម្ពុជា ដោយកងទ័ពកម្ពុជាទាំងពីររូបនោះសុទ្ធតែរងរបួសធ្ងន់ធ្ងរ ដែលទំនងជាត្រូវបានរងទារុណកម្មនិងការធ្វើទុកបុកម្នេញយ៉ាងដំណំ។ គិតមកត្រឹមថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ កងទ័ពកម្ពុជាទាំង ១៨នាក់ដែលទាហានថៃឃុំឃាំង នៅពុំទាន់ត្រូវបានដោះលែងវិលត្រឡប់មកកាន់មាតុភូមិនៅឡើយទេ បើទោះបីជាមានការអំពាវនាវជាបន្តបន្ទាប់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជានិងសហគមន៍អន្តរជាតិ និងនៅក្រោយពីកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ត្រូវបានបិទបញ្ចប់ទៅហើយក្ដី។
ការប្រើប្រាស់ល្បិចដ៏ទុច្ចរឹតចាប់ខ្លួនទាហានរបស់កម្ពុជាទាំង២០រូបនេះ ធ្វើឡើងនៅបន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន និងនៅមុនកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដោយភាគីថៃហាក់មានបំណងប្រើប្រាស់កងទ័ពខ្មែរទាំង២០រូបនេះ ធ្វើជាចំណាប់ខ្មាំងដើម្បីយកជាថ្នូរសម្រាប់ការចរចាជាមួយនឹងកម្ពុជា នៅក្នុងកិច្ចប្រជុំ GBC នៅប្រទេសម៉ាឡេស៊ី។ ទោះជាយ៉ាងណាក៏ដោយ ក្រោយកិច្ចប្រជុំ GBC បានបិទបញ្ចប់ ថៃដែលទំនងជាមិនទទួលបានលទ្ធផលទៅតាមការចង់បានរបស់ខ្លួន នៅតែពុំព្រមដោះលែងកងទ័ពកម្ពុជាទាំង១៨រូបនោះឡើយ ទោះបីជាមានការអំពាវនាវម្ដងហើយម្ដងទៀត ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាក្ដី។
ទង្វើដ៏គឃ្លើនចំពោះច្បាប់អន្តរជាតិដែលថៃបានប្រព្រឹត្តនេះ បានបង្ហាញយ៉ាងច្បាស់ថា ថៃបានតាំងខ្លួនជាបងធំក្នុងតំបន់ និងប្រៀបប្រដូចខ្លួនឯងជាមហាអំណាចពិភពលោក ដែលថៃហាក់យល់ថាគ្មានប្រទេសណាមួយអាចចាត់វិធានការអ្វីលើខ្លួនបានឡើយ។ ខណៈដែលប្រទេសធំៗក្នុងតំបន់ និងមហាអំណាចពិភពលោកមួយចំនួន ហាក់ព្យាយាមគេចវេសមិនហ៊ានប្រតិកម្មទៅនឹងទង្វើរំលោភច្បាប់អន្តរជាតិរបស់ថៃ មេដឹកនាំនិងក្រុមយោធាថៃបាននិងនៅតែកំពុងបន្តប្រមាថលើច្បាប់អន្តរជាតិ ដោយមិនញញើតកោតក្រែង ឬខ្វល់ខ្វាយនឹងសាធារណៈមតិអន្តរជាតិនោះឡើយ។
ជាមួយគ្នានេះ ស្របពេលដែលបណ្ដាប្រទេសនានា ក៏ដូចជាប្រទេសជាមិត្តរបស់កម្ពុជាមិនបានដាក់សម្ពាធលើប្រទេសថៃ ជុំវិញការរំលោភបំពានម្ដងហើយម្ដងទៀតលើច្បាប់អន្តរជាតិ ថៃព្យាយាមបង្កើតព័ត៌មានក្លែងក្លាយ និងបន្តភូតកុហកពិភពលោកបន្តទៀតតាមរយៈប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិធំៗទាំងឡាយដែលមាននិន្នាការលម្អៀង។ បើទោះបីជា បណ្ដាអង្គទូត ក៏ដូចជាអនុព័ន្ធយោធានៃបណ្ដាប្រទេសមួយចំនួនពិតជាបានយល់ជាក់ច្បាស់អំពីសកម្មភាពដ៏ទុច្ចរឹតនិងអមនុស្សធម៌របស់ថៃ ប៉ុន្តែដើម្បីគេចវេសពីការទទួលស្គាល់ថាខ្លួនបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម យោធាថៃជាថ្មីម្ដងហើយម្ដងទៀត បានបង្វែរសាច់រឿង ដោយចោទថាកងទ័ពកម្ពុជាបានរំលោភចូលអធិបតេយ្យភាពរបស់ខ្លួន ទើបត្រូវបានចាប់ខ្លួន ហើយបែរជាអះអាងថាខ្លួនត្រូវបន្តនីតិវិធីតាមច្បាប់របស់ថៃទៅវិញ។ ទង្វើដ៏ឥតអៀនខ្មាស់របស់ក្រុមយោធាថៃនេះ មិនបានជួយការពារមុខមាត់របស់ថៃនោះទេ តែថែមទាំងបង្ហាញឱ្យបណ្ដាប្រទេសទាំងឡាយ ដែលបានយកចិត្តទុកដាក់និងតាមដានស្ថានការណ៍វិវត្តនៃសង្គ្រាមព្រំដែនកម្ពុជា-ថៃ មើលឃើញច្បាស់អំពីចរិតជាចោរព្រៃរបស់យោធាថៃបន្ថែមទៀតផង។
ទោះជាយ៉ាងណា ការដែលភាគីថៃនៅតែបន្តឃុំឃាំងកងទ័ពកម្ពុជាទាំង១៨នាក់ ថៃហាក់បាននិងកំពុងប្រើប្រាស់សង្គ្រាមចិត្តសាស្ត្រមកលើកងទ័ពកម្ពុជា នៅក្នុងគោលបំណងបំបាក់ទឹកចិត្ត (ទោះជាមិនបានផលដូចដែលចង់បានក្ដី ខណៈកងទ័ពកម្ពុជានៅមានឆន្ទៈការពារជាតិយ៉ាងមោះមុតប្រឆាំងនឹងការឈ្លានពាន ព្រោះកងទ័ពកម្ពុជាប្រយុទ្ធដើម្បីការពារអធិបតេយ្យភាព ខុសពីកងទ័ពថៃដែលជាទ័ពប្រយុទ្ធឈ្លានពានដើម្បីមហិច្ឆតានយោបាយរបស់ពួកឧត្ដមសេនីយ៍យោធា) និងចង់ញុះឱ្យកងទ័ពកម្ពុជាអស់ការអត់ធ្មត់ ក៏ដូចជារុញច្រានឱ្យប្រជាជនកម្ពុជា ដាក់សម្ពាធទៅលើរាជរដ្ឋាភិបាលរបស់ខ្លួនជាដើម។ បន្ថែមពីលើនេះ ភាគីថៃនៅតែបន្តសកម្មភាពបង្កហេតុនានាជាបន្តបន្ទាប់ នៅក្នុងគោលបំណងចម្បងគឺ ដុតបញ្ឆេះឱ្យកងទ័ពកម្ពុជារំលោភបទឈប់បាញ់ ដើម្បីខ្លួនមានលេសបន្តធ្វើសង្គ្រាមនៅតាមព្រំដែនប្រឆាំងនឹងកម្ពុជា ខណៈតំបន់មួយចំនួនដែលយោធាថៃប៉ុនប៉ងកាន់កាប់ ពុំសម្រេចតាមការចង់បានរបស់ខ្លួនឡើយ។ ទោះជាយ៉ាងណា កងទ័ពកម្ពុជា និងប្រជាជនកម្ពុជា ដែលចាប់តាំងពីពេលដំបូងនៃការផ្ទុះភាពតានតឹងតាមព្រំដែនកម្ពុជា-ថៃ បានបង្ហាញការជឿជាក់ និងផ្ដល់សេចក្ដីទុកចិត្តលើថ្នាក់ដឹកនាំរបស់ខ្លួនជានិច្ចដរាបរៀងមកនោះ ពិតជានឹងមិនអាចនឹងលង់នៅក្នុងកលល្បិចដ៏ពិសពុលរបស់ភាគីថៃនោះឡើយ។
ទោះជាយ៉ាងនេះក្ដី ការបន្តឃុំឃាំងកងទ័ពកម្ពុជាទាំង១៨រូប ក៏អាចជាចំណែកមួយនៃសេនារីយ៉ូរបស់ក្រុមយោធាថៃ នៅក្នុងការត្រៀមចាប់ផ្ដើមសង្គ្រាមសារជាថ្មីមកលើកម្ពុជា ដោយរង់ចាំតែឱកាសដែលខ្លួនអាចមានលេសចាប់ផ្ដើមការវាយប្រហារតែប៉ុណ្ណោះ។ ត្រង់ចំណុចនេះ ក្រុមយោធាថៃទំនងជាចង់រក្សាទុកកងទ័ពកម្ពុជាទាំង១៨រូប ដើម្បីធ្វើជាថ្នូរនៅក្នុងការចរចា ឬដោះដូរករណីណាមួយនាពេលខាងមុខ ក្នុងករណីមានការប្រឈមសារជាថ្មីជាមួយនឹងកម្ពុជា។ ការណ៍នេះបានបង្ហាញពីជំហរដ៏ទុច្ចរឹតរបស់កងទ័ពថៃដែលនៅតែចិញ្ចឹមចិត្តបង្កអរិភាព និងគ្មានចេតនាបញ្ឈប់ភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃសូម្បីតែបន្តិច។
ឆ្លើយតបទៅនឹងការវិវត្ត និងចេតនាដ៏ទុច្ចរឹតឥតឈប់ឈររបស់ភាគីថៃ ដូចបានលើកឡើងខាងលើនេះ ក្រៅតែពីការតវ៉ាការទូត និងការស្វះស្វែងរកការគាំទ្របន្ថែមខាងការទូតពីសំណាក់បណ្ដាប្រទេសជាមិត្តនិងជាដៃគូ កម្ពុជាក៏គួរតែផ្ដោតការយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុតនៅក្នុងប្រមូលភស្តុតាងនៃការរំលោភបទឈប់បាញ់ និងស្វែងរកតឹកតាងជាមូលដ្ឋានជាក់លាក់ ដែលអាចបញ្ជាក់អំពីចេតនារៀបចំផែនការឈ្លានពានសារជាថ្មីរបស់ថៃមកលើអធិបតេយ្យភាពកម្ពុជា ដើម្បីបង្ហាញដល់សាធារណៈមតិអន្តរជាតិ ពិសេសបង្ហាញទៅកាន់សហរដ្ឋអាម៉េរិកជាអ្នកផ្ដួចផ្ដើមបទឈប់បាញ់ និងម៉ាឡេស៊ីជាប្រធានអាស៊ាននិងជាអ្នកសម្របសម្រួល។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏គួរតែបន្តធ្វើបច្ចុប្បន្នភាពជាទៀងទាត់និងកាន់តែច្បាស់លាស់បន្ថែមទៀត ដើម្បីបញ្ច្រាបការយល់ដឹងអំពីសភាពការណ៍ពិតជាក់ស្ដែងនៅសមរភូមិមុខ បញ្ចៀសឱ្យបានការភាន់ច្រឡំស្ថានការណ៍ទៅតាមព័ត៌មានមិនពិតដែលភាគីថៃបានបង្កើត និងបំផុសបំផុលក្នុងចំណោមប្រជាពលរដ្ឋ និងអ្នកនយោបាយខ្មែរមួយចំនួន។
បន្ថែមពីលើនេះផងដែរ នៅក្នុងដំណាក់កាលនេះ ក្រៅតែយកចិត្តទុកដាក់លើដំណើរការនីតិវិធីនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) រាជរដ្ឋាភិបាលកម្ពុជាក៏គួរតែចាប់ផ្ដើមប្រមែប្រមូលភស្តុតាងជាក់ស្ដែងដែលបង្ហាញអំពីឧក្រិដ្ឋកម្មសង្គ្រាម ដែលយោធាថៃបានប្រព្រឹត្តមកលើទឹកដីនិងប្រជាជនកម្ពុជា និងរៀបចំចងក្រងឯកសារពាក់ព័ន្ធ ដើម្បីត្រៀមដំណើរការនីតិវិធីប្ដឹងភាគីថៃទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ ដើម្បីជាការព្រមាននិងបង្ការទប់ស្កាត់ទង្វើបង្កហេតុនិងការឈ្លានពានរបស់ថៃជាថ្មីម្ដងទៀត។ លើសពីនេះ បន្ថែមពីលើការស្វែងរកដំណោះស្រាយនៅចំពោះមុខ តាមរយៈការចរចា កម្ពុជាក៏ត្រូវតែបន្តកិច្ចខិតខំប្រឹងប្រែងការទូតនិងយន្តការច្បាប់អន្តរជាតិ ដើម្បីឈានទៅនាំយកមេដឹកនាំនយោបាយនិងឧត្ដមសេនីយ៍យោធាថៃ ដែលទទួលខុសត្រូវលើសកម្មភាពប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមមកលើប្រជាជាតិកម្ពុជា ឱ្យទៅប្រឈមមុខនឹងការកាត់ទោសតាមច្បាប់អន្តរជាតិជាធរមាននាពេលអនាគតខាងមុខផងដែរ៕