ព័ត៌មាន

សន្និសីទអន្តរជាតិ៖ «តម្លៃវប្បធម៌សិល្បៈខ្មែរ៖ ក្បាច់ហៀន»

2018-12-20 05:01:06 ថ្ងៃព្រហស្បតិ៍, 20 ធ្នូ 2018 ម៉ោង 12:01 PM
អ្នកមើល 9333
post_detail

វាគ្មិន៖ លោក រ៉េត សាមុត   

នៅក្នុងសន្និសីទអន្តរជាតិលើកទី១៤ ស្តីពីតម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វីក ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨នេះ ក្រុមការងារព័ត៌មានរាជបណ្ឌិត្យសភាកម្ពុជា សូមលើកយកខ្លឹមសារនិងអត្ថន័យ អំពី តម្លៃវប្បធម៌សិល្បៈខ្មែរ «ក្បាច់ហៀន» ដែលបង្ហាញជូនដោយលោក រ៉េត សាមុត ជាក្រុមការងារបង្ហាញអំពីសិល្បៈ«ក្បាច់ហៀន» ដែលស្តាប់ទៅហើយ ហាក់ដូចជាកម្រនឹងបានលឺ។ ហេតុនេះ សូមសិក្សាស្វែងយល់ដូចខាងក្រោម៖

នៅក្នុងសកលលោកយើងនេះ យើងតែងសង្កេតឃើញសង្គមមួយរីកលូតលាស់រុងរឿងទៅមុខបាន លុះត្រា​តែសង្គមនោះបានភ្ជាប់ជីវិតទៅជាមួយជំនឿ និងសាសនា តែសិល្បៈក៏ជាគ្រឿងមួយដែលមិនអាចខ្វះបាន ពីព្រោះ​ទាំងនេះ គឺជាប្រភព និងជាគ្រឹះដែលនាំឱ្យសង្គម និងជីវិតប្រកបដោយសេចក្តីសង្ឃឹម ហើយសេចក្តីក្សេមក្សាន្ត។             

ដោយឡែកនៅក្នុងសង្គមខ្មែរយើងនេះ គឺអាចចាត់ទុកជាប្រទេសដែលបានរៀបចំសង្គមបានល្អតាំងពី​យូរលង់​មក ចំពោះជំនឿវិញក៏បានប្រសូត្រនិងលាតត្រដាងឱ្យគេដឹងថា មានតាំងតែពី១២០០០ឆ្នាំទៅ៦០០០ឆ្នាំ​មុន​គ្រឹះសករាជ គឺមុនពេលដែលជំនឿសាសនាហិណ្ឌូ និងព្រះពុទ្ធសាសនា មកដល់ខ្មែរមានជំនឿយ៉ាងខ្លាំងទៅលើ​ផ្នែក​អរូបិយ ដូចជា ខ្មោច ព្រាយ អសុរកាយ ធ្មប់ អាប ខ្យល់ ទឹក ដី កំដៅ ដុំដំបូក។ល។ ខ្មែរមានការចេះ ស្គាល់ យល់​ដឹង​ពីកម្លាំងនៃបាតុភូតធម្មជាតិ កម្លាំងនៃឥទ្ធិពលធម្មជាតិ ផែនដី ព្រះច័ន្ទ ព្រះអាទិត្យ និងភពនានា ចេះ​មើល​ឃើញ​ឋានសួគ៌ ទេវតា ឬ ព្រះអាទិត្យ...។

បាតុភូតដែលគួចនេះហើយ ដែលធ្វើឱ្យខ្មែរដើមបានយល់ដឹងថា គ្រប់យ៉ាងដែលកើតមក រមែងមានចំណុច​ចាប់ផ្តើម ដែលយើងហៅថា “មេ” ឬធាតុ។​ ប្រសិនបើមិនមានធាតុគ្រប់គ្រាន់ អ្វីៗទាំងនេះវាមិនកើតទេ   ឧទាហរណ៍៖ ដីចំការ ដែលយើងទុកចោល បើសិនជាដីនោះគ្មានកំដៅ គ្មានទឹក គ្មានអុកស៊ីសែននោះទេ ស្មៅ ឬ​រុក្ខជាតិ ក៏មិនអាចដុះបានទេ។ ហេតុនេះ ខ្ញុំចង់មានន័យថា គ្រប់យ៉ាងសុទ្ធតែត្រូវផ្សំពីចំណុចផ្តើម។            

វិលមកជំនឿខ្មែរដើម គាត់ដឹងថា ភព ផ្កាយ ផែនដី ឬ អ្វីៗជុំវិញនេះ គឺប្រព្រឹត្តទៅដោយចលនា ការកំរើក ការវិល ការកើត ការចាស់ និងការបាត់ទៅវិញ...។ ​គាត់បង្កើតជាក្បាច់មួយបែបហៅថា “ក្បាច់ហៀន” ដែល​ជានិមិត្តរូបនៃភពផ្កាយ ផែនដី​ និងជីវិត ជាដើម នោះឡើងមក។(ត្រង់នេះមានបង្ហាញពីគំនូរ ៥ផ្ទាំងស្តីអំពី “ក្បាច់ហៀន” យ៉ាងត្រកាល...)។            

តាមរយៈគំនូរក្បាច់ហៀននេះ បង្ហាញឱ្យឃើញថា ចំណុចដំបូងដែលគួចនោះ បង្ហាញពីភាពចាប់ផ្តើម វាប្រៀបដូចជាមេ ឬធាតុដំបូងនៃធម្មជាតិ នៃជីវិត ទាំងភព ទាំងផែនដី ទាំងដួងតារា ដែលចាប់កំណើតមក ហើយក្នុងគំនូរបន្ទាប់ បង្ហាញពីការវិវឌ្ឍធំធាត់ ជរា និងបាត់បង់ទៅវិញ។      សូមជម្រាបថា ក្នុងរចនាបថនៃសិល្បៈខ្មែរទាំង១២ប្រភេទ យើងតែងប្រទះឃើញក្បាច់ហៀននេះត្រូវបាន​ដើរតួយ៉ាងសំខាន់ ​បីដូចជាចាំជួយតឿននិងក្រើនរំលឹកដល់គ្រប់ជីវិតទាំងអស់ឱ្យយល់ពី “វដ្ត” គឺ “កើត ចាស់ ឈឺ ស្លាប់”  គឺរមែងកើតមានជាបន្តបន្ទាប់។ ក្បាច់នេះ មាននៅគ្រប់ប្រាសាទក្នុងស្រុកខ្មែរ បើមិនមានរាងដូច តែវាមិន​ដូរទំរង់ទេ។

សរុបមក នៅពេលដែលយើងមើលក្បាច់ទាំងឡាយ ដែលមានលក្ខណៈជាក្បាច់ហៀនទោះក្នុង ក្បាច់អង្គរ ក្បាច់ភ្ញីទេស ក្បាច់ភ្ញីវល្លិ៍ ក្បាច់ភ្ញីភ្នើង ក្បាច់ចក ក្បាច់ផ្សេង ក្នុងទំរង់ហៀនឬគូថខ្យងនេះ គឺសុទ្ធសឹង​បង្ហាញ​ពី​ថាមពល ភពផែនដី ពីព្រះ ពីទេវតា ពីនយោបាយ ពីសង្គមពីសេដ្ឋកិច្ច ពីជីវិត ពីធម្មជាតិ ពីសិល្បៈ ពីបាតុភូតគ្រប់យ៉ាង ដែលមានចំណុចចាប់ផ្តើម គឺតែងមានចំណុចនិងបញ្ចប់។ ទាំងនេះ គឺជាការបង្ហាញត្រួសៗស្តីពីក្បាច់ហៀន ឥឡូវនេះ ចូរអស់លោកទៅសង្កេតលើផ្នែកទឹក ទឹក គឺជាវត្ថុ ដ៏ពិសិដ្ឋ និងខ្ពង់ខ្ពស់ ដែលគ្រប់ជីវិតនៅក្នុងលោកខ្វះមិនបាន សត្វ មនុស្ស ធម្មជាតិ មិនអាចរស់ ដោយខ្វះទឹក ទឹកជាជីវិត គឺខ្មែរបុរាណ ប្រដូចនឹងក្បាច់ហៀន បើមានទឹក ខ្វះដីមិនបាន ដូចនេះ ទឹក+ដី > ជីវិត។           

  • ទឹក > មេ           ស្រី             
  • ដី  > បា            បុរស 

រវាងបុរសនិងស្រី ឬ មេនិងបា ត្រូវបានបង្ហាញសានិមិត្តរូបតាមរយៈសត្វល្មូន ដូចជា ម្ក ពស់ នាគ ត្រកួត ថ្លែន ដោយក្នុងចំណោមសត្វទាំងនេះ គេសង្កេតឃើញថា​ ពស់ នាគ ត្រូវខ្មែរចាត់ទុកជាសត្វមង្គល មានសច្ចៈ មានយុត្តិធម៌ ទៀងត្រង់ ទន់ភ្លន់ ល្វូតល្វន់ ស្រការវាសក​ជាតំណាងឱ្យភាពអមតៈ។(ត្រង់នេះមានបង្ហាញពីរបាំអប្សរា អមដោយកាន់អត្ថាធិប្បាយ ពីកាយវិការនៃក្បាច់ហៀនមាន៖ ​ពន្លត ដើម ស្លឹក មែក ធាង ផ្កា ផ្លែ ទុំ ជ្រុះ “វដ្ត”)៕

បើតាមការសម្ភាសផ្ទាល់ជាមួយលោក រ់េត សាមុត បានឱ្យដឹងថា លោកមានក្រុមការងារមួយដែលកំពុងត្រៀមខ្លួនសម្រាប់ធ្វើការ​ផ្សព្វផ្សាយអំពីទម្រង់សិល្បៈផ្សេងៗជាច្រើនទៀត ដើម្បីចែករំលែកនូវអ្វីដែលក្រុមការងាររបស់លោក បានកសាងនិងចែករំលែកដល់ប្រជាពលរដ្ឋខ្មែរយើង៕


អត្ថបទទាក់ទង

ជំនួបអ្នកសិក្សាស្រាវជ្រាវពីសហព័ន្ធអាល្លឺម៉ង់ និងប្រទេសថៃ

នៅព្រឹកថ្ងៃចន្ទ ៣កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួប និងពិភាក្សាការងារជាមួយនឹងប្រតិភូពីសាកលវិទ...

2022-08-29 14:57:49   ថ្ងៃចន្ទ, 29 សីហា 2022 ម៉ោង 09:57 PM
ការគោរពចុងក្រោយដល់វិញ្ញាណក្ខន្ធលោកស្រីកិតិ្តបណ្ឌិត ឡាយ ហ៊ុនគី (ហៅអ្នកស្រី ត្រឹង ងា)

នៅរសៀលម៉ោង៣.០០នាទី ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ យោងតាមការចង្អុលបង្ហាញពីឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច លោក ហេង វីរិទ្ធិ ប្រធានលេខាធិការដ្ឋាននៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ និងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្...

2022-08-29 14:46:34   ថ្ងៃចន្ទ, 29 សីហា 2022 ម៉ោង 09:46 PM
កម្ពុជា-វៀតណាម ក្រោយនឹមអាណានិគមបរទេសផុតរលត់ ដោយ៖ លោក អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវនៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

បុណ្យឯករាជ្យជាតិ ជាទូទៅត្រូវបានគេស្គាល់ថា ជាពីធីបុណ្យដែលតែងតែប្រារពធ្វើឡើងជា រៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់ថ្ងៃដែលប្រទេសនីមួយៗ បានរួចចាកផុតឬទទួលឯករាជ្យពេញលេញចេញពីនឹមអាណានិគម របស់ មហាអំណាច។ សម្រាប់បណ្តាប្...

2022-08-28 07:32:53   ថ្ងៃអាទិត្យ, 28 សីហា 2022 ម៉ោង 02:32 PM
ការប្រជុំពិភាក្សាលើគម្រោងពង្រឹងសមត្ថភាពស្រាវជ្រាវរវាង NRC និងរាជបណ្ឌិត្យសភាកម្ពុជា

ដោយផ្ដើមចេញពីកិច្ចសហប្រតិបត្តិការរយៈពេលច្រើនឆ្នាំកន្លងមកនេះ ប្រតិភូ ក្រុមប្រឹក្សាជាតិសម្រាប់ការស្រាវជ្រាវសេដ្ឋកិច្ច មនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គមនៃសាធារណរដ្ឋកូរ៉េ (NRC) ដឹកនាំដោយ លោកបណ្ឌិត Cho By...

2022-08-10 03:48:02   ថ្ងៃពុធ, 10 សីហា 2022 ម៉ោង 10:48 AM
«រាជបណ្ឌិត្យសភាកម្ពុជាត្រៀមបញ្ជូនគ្រូបង្រៀនចិនទៅវិទ្យាល័យអង្គរ»

រាជបណ្ឌិត្យសភាកម្ពុជា ត្រៀមបញ្ជូនគ្រូបង្រៀនជនជាតិចិន ដែលមានជំនាញ បទពិសោធ និងគរុកោសល្យច្បាស់លាស់មកពីសាកលវិទ្យាល័យល្បីៗរបស់ប្រទេសចិនសម្រាប់វគ្គសិក្សាថ្មីនៅខែកញ្ញាខាងមុខ ទៅបង្រៀនភាសាចិន នៅវិទ្យាល័យអង្គរ...

2022-07-21 08:49:26   ថ្ងៃព្រហស្បតិ៍, 21 កក្កដា 2022 ម៉ោង 03:49 PM
សិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្រៀនភាសាចិនក្នុងតំបន់ប្រចាំឆ្នាំ២០២២

នាព្រឹកថ្ងៃអង្គារ ៦រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ នេះ វិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់នៃរាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំ «សិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្រៀន...

2022-07-20 02:23:15   ថ្ងៃពុធ, 20 កក្កដា 2022 ម៉ោង 09:23 AM

សេចក្តីប្រកាស