ព័ត៌មាន

«អ្នកជាតិនិយមខ្មែរមួយចំនួនគួរមើលប្រទេសជិតខាង» ដោយ៖ ស៊ឺន សម

2019-01-24 11:32:52 ថ្ងៃព្រហស្បតិ៍, 24 មករា 2019 ម៉ោង 06:32 PM
អ្នកមើល 8670
post_detail

ប្រទេសកម្ពុជា គឺជាប្រទេសមួយស្ថិតនៅផ្នែកខាងត្បូងកោះឥណ្ឌូចិនក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រទេសនេះមានព្រំប្រទល់ជាប់ប្រទេសថៃនៅទិសខាងបស្ចិម និងពាយ័ព្យ ជាប់ប្រទេសឡាវនៅទិសឧត្តរ ប្រទេសវៀតណាមនៅទិសបូព៌ា និងឈូងសមុទ្រថៃនៅទិសនិរតី។ ដោយមានប្រជាជនប្រមាណជាង ១៦លាននាក់ កម្ពុជាគឺជាប្រទេសដែលមានប្រជាជនច្រើនបំផុតទី៧២ក្នុងលោក។ សាសនាផ្លូវការគឺព្រះពុទ្ធសាសនាថេរវាទ ដែលត្រូវបាននិយមគោរពដោយប្រជាជនកម្ពុជាប្រហែល៩៥%។ ជនជាតិភាគតិចក្នុងប្រទេសនេះរួមមានវៀតណាម ចិន ចាម និងកុលសម្ព័ន្ធ​ផ្សេងៗទៀត មានដូចជាកួយ ចារ៉ាយ ព្នង ជាដើម។

បើយោងតាមប្រវត្តិសាស្ត្រ ប្រទេសកម្ពុជាបានឆ្លងកាត់សង្គ្រាមស៊ីវិល និងសង្គ្រាមឈ្លានពានពីប្រទេសជិតខាងជាច្រើនដង ហើយប្រទេសនេះតែងតែមានវីរៈបុរសស្នេហាជាតិចេញមុខការពារទឹកដី នៅពេលដែលមានសង្គ្រាម ឬឈ្លានពានម្តងៗ។

ដោយសារតែប្រវត្តិសាស្ត្រមិនល្អជាមួយប្រទេសជិតខាងមួយចំនួន បានធ្វើឱ្យពលរដ្ឋកម្ពុជាខ្លះមិនពេញចិត្តចំពោះការសិក្សាភាសា វប្បធម៌ ឬប្រពៃណី ទំនៀមទម្លាប់នៃប្រទេសជិតខាង រហូតដល់មានពេលខ្លះ អ្នកស្នេហាជាតិជ្រុលនិយមមួយចំនួនបានធ្វើការតិះដៀលអ្នកដែលមានបំណងសិក្សាភាសា ឬវប្បធម៌របស់ប្រទេសជិតខាង ថាជាអាយ៉ង ឬជាអ្នកបំផ្លាញជាតិទៅវិញ។

បើសិនជាយើងក្រឡេកមើលប្រទេសជិតខាងរបស់កម្ពុជាចំនួនពីរ គឺប្រទេសថៃ និងប្រទេសវៀតណាមវិញនោះ យើងនឹងឃើញមានភាពខុសស្រឡះអំពីប្រទេសកម្ពុជា ព្រោះថានៅតាមសាកលវិទ្យាល័យ ឬស្ថាប័នស្រាវជ្រាវ ភាគច្រើននៅក្នុងប្រទេសទាំងពីរនោះ សុទ្ធតែមាននាយកដ្ឋាន ឬផ្នែកដែលសិក្សាអំពីប្រទេសកម្ពុជា ដូចជាគោលនយោបាយ ភាសា វប្បធម៌ និងប្រពៃណីរបស់កម្ពុជា។ ពួកគេបានយល់យ៉ាងច្បាស់អំពីកម្ពុជា ហើយគេមិននិយាយថា ការសិក្សាអំពីគោលនយោបាយ ភាសា វប្បធម៌ និងប្រពៃណីរបស់កម្ពុជា ពួកគេនឹងក្លាយជាអាយ៉ង ឬជាទាសកររបស់កម្ពុជាសោះឡើយ តែពួកគេយល់ច្បាស់អំពីសារៈប្រយោជន៍សម្រាប់ជាតិសាសន៍របស់គេនៅពេលដែលគេបានស្គាល់ប្រទេសជិតខាងបានកាន់តែច្បាស់។

កន្លងមក សាកលវិទ្យាល័យមួយក្នុងទីក្រុងភ្នំពេញ មានបំណងបើកការសិក្សាភាសាវៀតណាមកម្រិតបរិញ្ញាបត្រក្នុងប្រទេសកម្ពុជាជាលើកដំបូង តែបែរជាមានការរិះគន់អំពីអ្នកស្នេហាជាតិតាមបណ្តាញសង្គម ថាប្រទេសកម្ពុជា នឹងក្លាយជាយ៉ង ឬទឹកដីរបស់ប្រទេសជិតខាងទៅវិញ។

ការសិក្សាភាសា គោលនយោបាយ វប្បធម៌ និងប្រពៃណីរបស់ប្រទេសជិតខាង ពិតជាមានសារៈសំខាន់ណាស់ ឧទាហរណ៍ សម្តេចព្រះសង្ឃរាជ ជួន ណាត កាលលោកនៅមានព្រះជន្មនៅឡើយ លោកមានសមត្ថភាព ប្រើប្រាស់ភាសាបារាំង អង់គ្លេស វៀតណាម ថៃ និងឡាវ បានយ៉ាងស្ទាត់ជំនាញ ហើយលោកក៏បានជម្រុញឱ្យជនជាតិខ្មែរ សិក្សាភាសាប្រទេសជិតខាងឱ្យបានច្បាស់ ដើម្បីបានជាប្រយោជន៍សម្រាប់ប្រទេសជាតិ។ 

មនុស្សមួយចំនួន ព្រោះតែផលប្រយោជន៍ផ្ទាល់ខ្លួន ឬផលប្រយោជន៍របស់ក្រុម បានញុះញង់ឱ្យអ្នកគាំទ្ររបស់ខ្លួនស្អប់ប្រទេសជិតខាង ហើយសូម្បីតែភាសារបស់ប្រទេសជិតខាង ដែលចាំបាច់សម្រាប់គោលនយោបាយជាតិ ក៏គេមិនចង់ឱ្យមានការសិក្សាដែរ ហើយចំណុចនេះ គឺជាការខុសឆ្គងខ្លាំងណាស់ ព្រោះថា «ការទទួលបានព័ត៌មានជាក់លាក់តាមរយៈការយល់ភាសារបស់អ្នកដែលយើងមិនពេញចិត្ត ឬអ្នកជិតខាងរបស់យើងនោះ គឺជាច្រកនាំទៅរកជោគជ័យសម្រាប់ប្រទេសជាតិរបស់យើង»។ 

«បើយើងមិនពេញចិត្តអ្នកណាម្នាក់ យើងត្រូវដឹងគ្រប់យ៉ាងអំពីអ្នកនោះ»

ដោយលោក ស៊ឺន សម មន្ត្រីទំនាក់ទំនងសាធារណៈនៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media


អត្ថបទទាក់ទង

ការស្វែងយល់ពីមូលធនមនុស្ស ដោយ៖ ដោយ៖ លោក ប៉ាន់ សំណាង មន្ត្រីនាយកដ្ឋានវិទ្យាសាស្ដ្រអប់រំ នៃវិទ្យាស្ថានមនុស្សសាស្ដ្រនិងវិទ្យាសាស្ដ្រសង្គមរាជបណ្ឌិត្យសភាកម្ពុជា

ការប្រែប្រួល តែងតែកើតមានជានិច្ច ពីដំណាក់កាលមួយទៅដំណាក់កាលមួយ ពីពេលមួយទៅពេលមួយ ពីកន្លែងមួយទៅកន្លែងមួយ។ ពីមុនគេតែងលើកឡើងថា«ធនធានមនុស្ស ជាកម្លាំងចលករក្នុងការអភិវឌ្ឍប្រទេសជាតិ»។ ពាក្យ «ធនធានមនុស្ស» ក្លាយជ...

2024-02-10 10:05:36   ថ្ងៃសៅរ៍, 10 កុម្ភៈ 2024 ម៉ោង 05:05 PM
បញ្ហាប្រឈមសំខាន់ៗសម្រាប់ការដឹកនាំរបស់សម្តេចនាយកដ្ឋមន្ត្រី ហ៊ុន ម៉ាណែត

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានក្លាយទៅជានាយករដ្ឋមន្ត្រីរបស់ប្រទេសកម្ពុជា បន្ទាប់ពីគណបក្សប្រជាជនកម្ពុជាបានឈ្នះការបោះឆ្នោតនៅក្នុងឆ្នាំ ២០២៣ ហើយនឹងបន្ទាប់ពីសម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជ...

2024-02-10 09:48:45   ថ្ងៃសៅរ៍, 10 កុម្ភៈ 2024 ម៉ោង 04:48 PM
អ្វីទៅជាការសិក្សាស្រាវជ្រាវដើម្បីផ្ទៀងផ្ទាត់ទ្រឹស្តីមុនៗ ឬ​ទ្រឹស្តីមានស្រាប់? ដោយ៖ បណ្ឌិត វង់ សំអូន ជំនួយការខុទ្ទការល័យរាជបណ្ឌិត្យសភាកម្ពុជា

ក្រុម​ទស្សនវិទូ ដែល​និយម​លើការសិក្សា​ស្រាវជ្រាវ​ដើម្បី​ផ្ទៀង​ផ្ទាត់​ទ្រឹស្តីពី​មុនៗ (Postpositivist) បាន​​បញ្ជាក់ថា រាល់ចំណេះដឹង ឬ​ទស្សនដែល​មាន​ស្រាប់​ទាំ​ងអស់​មិន​ប្រាកដថា​ត្រឹម​ត្រូវ​១០០%​នោះទេ។ អ្ន...

2024-02-09 08:35:15   ថ្ងៃសុក្រ, 09 កុម្ភៈ 2024 ម៉ោង 03:35 PM
សាសនា និងពុទ្ធសាសនា ដោយ៖ បណ្ឌិត ក្តាន់ ធុលមន្ត្រីនាយកដ្ឋានទស្សនវិជ្ជានិងសង្គមវិជ្ជា វិទ្យាស្ថាន​មនុសាស្ត្រនិងវិទ្យាសង្គមរាជបណ្ឌិត្យសភាកម្ពុជា

មានអ្នកអាននិងអ្នកស្រាវជ្រាវ ជាច្រើនបានចោទសួរថា តើព្រះ ពុទ្ធសាសនាជា សាសនា ឬក៏ជា ទស្សនវិជ្ជា?ចំណោទនេះ ខ្ញុំសូមធ្វើការស្រាវ ជ្រាវ ហើយបកស្រាយដូចខាងក្រោម៖១- អំពីសាសនាសាសនាជាគ្រឿងតាំងនៅជា អចិន្ដ្រៃយ៍ដូចនយោប...

2024-02-05 08:04:39   ថ្ងៃចន្ទ, 05 កុម្ភៈ 2024 ម៉ោង 03:04 PM
ជំនាញសង្គមមជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍបុគ្គល ដោយ៖ បណ្ឌិត ទុយ យូឃីម នាយកដ្ឋានប្រវត្តិសាស្ត្រ និងវិទ្យាសាស្ត្រនយោបាយនៃរាជបណ្ដិត្យសភាកម្ពុជា

បុគ្គលម្នាក់ៗរស់នៅក្នុងសង្គមចាំបាច់ត្រូវមានអន្តរកម្មក្នុងងសង្គម ការរស់នៅរបស់យើងម្នាក់ក្នុងសង្គមត្រូវមានប្រាស្រ័យទាក់ទង និងទំនាក់ទំនងជាមួយអ្នកដទៃ។ ប្រសិនបើយើងមិនមានការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃទេ យើងា...

2024-02-05 07:45:34   ថ្ងៃចន្ទ, 05 កុម្ភៈ 2024 ម៉ោង 02:45 PM
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច អញ្ជើញបំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម ហៃណាន

(ហៃណាន)៖ នៅថ្ងៃសុក្រ ៨ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំប្រតិភូរាជបណ្ឌិត្យសភាកម្ពុជ...

2024-02-02 09:48:52   ថ្ងៃសុក្រ, 02 កុម្ភៈ 2024 ម៉ោង 04:48 PM

សេចក្តីប្រកាស