ព័ត៌មាន

«ជ្រុងមួយអំពីអត្តសញ្ញាណរបស់ព្រះនាងឥន្ទ្រទេវី»

2019-06-27 04:56:39 ថ្ងៃព្រហស្បតិ៍, 27 មិថុនា 2019 ម៉ោង 11:56 AM
អ្នកមើល 9818
post_detail

ភ្នំពេញ៖ តាមសិលាចារឹកប្រាសាទភិមានអាកាសនិពន្ធដោយព្រះនាងឥន្ទ្រទេវីផ្ទាល់ បានឱ្យដឹងថា ព្រះនាងឥន្រ្ទទេវី មានព្រះទ័យសប្បុរស និងព្រះបញ្ញាញាណខាងបរមត្ថវិជ្ជា [1]  ហើយក៏ជាព្រះប្រធានសាស្រ្តាចារ្យ និងគ្រូបង្រៀនស្រ្តីជាច្រើនក្រុមនៅតាមអាវាស[2] ដូនជីជាច្រើនកន្លែង។ ព្រះនាងឥន្រ្ទទេវីមានព្រះសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ដោយបានបរិច្ចាគព្រះរាជទ្រព្យដ៏ច្រើន​លើស​លប់​ដល់ប្រជានុរាស្រ្ត និងក្នុងផ្លូវសាសនា។ ព្រះនាងឥន្រ្ទទេវីបានបញ្ជាឱ្យកសាងព្រះបដិមាជាច្រើនតំណាងឱ្យព្រះនាងជ័យរាជទេវី និងព្រះបាទជ័យវរ្ម័នទី៧ ដើម្បីជាព្រះកិត្តិយស និងដើម្បីតម្កល់ទុកនៅគ្រប់ខេត្តទាំង២៣ ។ 

ក្នុងឱកាសបើកម្មវិធីសិក្ខាសាលា ស្តីពី «អត្តសញ្ញាណបដិមា ព្រះនាងឥន្ទ្រទេវី» នៅវេលាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ នៅរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ថា ព្រះនាងឥន្ទ្រទេវីមានប្រាជ្ញាវាងវៃ និងចំណេះដឹងខាងភាសាសាស្ត្រ និងអក្សរសាស្រ្តយ៉ាងជ្រៅជ្រះ ហើយព្រះនាងជាអ្នកនិពន្ធ ជាសាស្ត្រាចារ្យ និងជាអគ្គមហេសីរបស់ព្រះបាទជ័យវរ្ម័នទី៧ ដែលជា ចក្រពត្រាធិរាជ នៃអាណាចក្រខ្មែរ ក្នុងសម័យមហានគរដ៏រុងរឿង។ 

ឯកឧត្តម អគ្គលេខាធិការ ក៏បានមានប្រសាសន៍ដែរថា «ឆ្លើយតបនឹងលទ្ធផលការងារស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាបានឧបត្ថម្ភសំណង់អគារចំនួនពីរដល់រាជបណ្ឌិត្យសភាកម្ពុជា ដែលក្នុងនោះអគារមួយត្រូវបានប្រសិទ្ធនាមថា «អគារឥន្ទ្រទេវី»។

នាពេលថ្មីៗនេះ រាជបណ្ឌិត្យសភាកម្ពុជា បានដាក់ទិសដៅដល់វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីសិក្សាពីបដិមារបស់ព្រះនាងឥន្ទ្រទេវី នៅតាមទីប្រាសាទបុរាណនានា ជាពិសេសនៅតំបន់ប្រាសាទបុរាណនៅខេត្តសៀមរាប ដើម្បីកំណត់អត្តសញ្ញាណព្រះនាងឱ្យបានច្បាស់ ក្នុងបំណងស្ថាបនារូបបដិមាព្រះនាងឥន្ទ្រទេវី ដើម្បីតម្កល់ក្នុងអគារឥន្ទ្រទេវីដែលនឹងសាងសង់រួចរាល់ក្នុងពេលដ៏ខ្លីខាងមុខ។

[1] បរមត្ថវិជ្ជា បា. (ន.) វិជ្ជាផ្នែកខាងបរមត្ថ, វិជ្ជាដែលមានអត្ថដ៏ជ្រាលជ្រៅយ៉ាងក្រៃលែង (បារ. Métaphysique)។ ឯពាក្យថា «បរមត្ថ» (អានថា បរ៉ៈ ម៉័ត ឬ ប៉ៈ រ៉ៈ ម៉័ត) ជាពាក្យ បា.; សំ. (ន.) (បរមាថ៌) ធម៌មានអត្ថដ៏ឧត្តមឬក្រៃលែង (ព្រះអភិធម្ម); ពាក្យសត្យ, សេចក្ដីពិត...។

[2] អាវាស (អានថា អាវ៉ាស) ជាពាក្យ សំ. បា. ( ន. ) មានន័យថា ជាទីនៅឬលំនៅ, ផ្ទះ, ផ្ទះលំនៅ; វត្ត; ការនៅគ្រប់គ្រង។ ចៅអាវាស មេវត្ត (ចៅអធិការវត្ត) ។ អាវាសាធិការ អារាមាធិការ ។ ឃារាវាស (ឃៈរាវាស) ការនៅគ្រប់គ្រងផ្ទះ គឺការនៅជាគ្រហស្ថ ។ ខ្មែរប្រើសំដៅសេចក្ដីថា “អ្នកនៅគ្រប់គ្រងផ្ទះ” ក៏មានខ្លះ (តាមទម្លាប់ប្រើ) : ពួកឃរាវាស ពួកគ្រហស្ថ ។ (ច្រើនប្រើតែពាក្យ គ្រហស្ថ ជាង : គ្រហស្ថនិងបព្វជិត អ្នកនៅគ្រប់គ្រងផ្ទះនិងអ្នកបួស គឺបាសកនិងលោកសង្ឃ; ឃរាវាស ឬ គ្រឹហាវាសនិងបព្វជ្ជា ការនៅគ្រប់គ្រងផ្ទះនិងការបួស គឺភាពជាបាសកនិងផ្នួស)។ សង្ឃាវាស (--វាស) ទីនៅរបស់សង្ឃគឺវត្ត ។ អាកិណ្ណាវាស (--វ៉ាស) ការនៅច្របូកច្របល់ ។ល។

RAC Media 

អត្ថបទទាក់ទង

កិច្ចសហប្រតិបត្តិការ ផ្នែកនយោបាយនិងសន្តិសុខ កម្ពុជា-ចិន

ប្រទេសចិនបានបញ្ជាក់ជាថ្មី ពីការបន្តគាំទ្រការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រោយរយៈពេល ៣ខែ នៃការចេញដំណើររបស់រដ្ឋាភិបាលថ្មី ដើម្បីធានានូវកំណើនសេដ្ឋកិច្ច និងនា...

2023-12-01 14:34:17   ថ្ងៃសុក្រ, 01 ធ្នូ 2023 ម៉ោង 09:34 PM
ទេសចរណ៍និងចក្ខុវិស័យ២០៥០របស់កម្ពុជា

ចាប់តាំងពីប្រទេសអាចគ្រប់គ្រងបានទាំងស្រុង ពីការរីករាលដាលជាសកល នៃជំងឺកូវីដ-១៩ ប្រមុខដឹកនាំកម្ពុជា ព្យាយាមស្តារសេដ្ឋកិច្ចជាតិឡើងវិញជាបន្តបន្ទាប់ និងបានដាក់ចេញ នូវ គោលនយោបាយយុទ្ធសាស្ត្រជាច្រើន និងជាបន្តបន...

2023-12-01 14:18:17   ថ្ងៃសុក្រ, 01 ធ្នូ 2023 ម៉ោង 09:18 PM
ប្រវត្តិស្រុករតនមណ្ឌល និងរមណីយដ្ឋានទេសចរណ៍ ដោយ៖ លោក សួ ប៉ុណ្ណារ៉ាត់ ប្រធាននាយកដ្ឋានប្រវត្តិវិទ្យានិងវិទ្យាសាស្រ្តនយោបាយ

ខេត្តបាត់ដំបង ជាខេត្តចំណាស់មួយដែលស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា ធ្លាប់មានប្រវត្តិរឿងរ៉ាវបែបប្រវត្តិសាស្រ្ត ស្មុគស្មាញជាមួយប្រទេសជិតខាង។ តាមសន្ឋិសញ្ញាបារាំង-សៀម ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩០៧ តម្រូវឱ្យ...

2023-11-29 07:46:58   ថ្ងៃពុធ, 29 វិច្ឆិកា 2023 ម៉ោង 02:46 PM
ទម្លាប់ (custom) ដោយ លោក បណ្ឌិត ក្តាន់ ធុល នាយកដ្ឋានទស្សនវិជ្ជានិងសង្គមវិជ្ជា,វិទ្យាស្ថានមនុសាស្ត្រ​ និងវិទ្យាសង្គម,

មនុស្សគ្រប់ជាតិសាសន៍នៅលើ លោកនេះ សុទ្ធតែមានមាន ទម្លាប់ របស់ ខ្លួនគ្រប់ៗគ្នា។ វាអាចជា ទម្លាប់របស់ បុគ្គល, ទម្លាប់របស់គ្រួសារ, ឬអាចជា ទម្លាប់របស់ស្រុកទេស។ ទម្លាប់របស់ បុគ្គលបង្កើតឱ្យមានទម្លាប់គ្រួសារ ដែ...

2023-11-24 09:48:39   ថ្ងៃសុក្រ, 24 វិច្ឆិកា 2023 ម៉ោង 04:48 PM
សារៈសំខាន់ក្នុងការចែករំលែកចំណេះដឹង និងបទពិសោធន៍របស់ស្រ្ដី ដោយ៖ លោកស្រីបណ្ឌិត ជា វណ្ណី ប្រធាននាយកដ្ឋានធម្មសាស្រ្ត ចរិយាសាស្រ្ត និង យេនឌ័រនៃវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា

នាពេលបច្ចុប្បន្ននេះ ស្រ្តីបានដើរតួនាទីសំខាន់ក្នុងការជួយអភិវឌ្ឍន៍សង្គមជាតិ មិនថានៅក្នុងគ្រួសារ សហគមន៍ ឬស្ថាប័ន សហគ្រាសនោះឡើយ ហើយក៏មានមានស្រ្តីជាច្រើនរូបដែលមានភាពក្លាហាន​ក្នុងការចែករំលែក​ចំណេះ​ដឹងនិងបទព...

2023-11-23 09:03:23   ថ្ងៃព្រហស្បតិ៍, 23 វិច្ឆិកា 2023 ម៉ោង 04:03 PM
សិក្ខាសាលាអន្តរជាតិ ស្តីពី «ការផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវរួមគ្នាសម្រាប់ឆ្នាំទី១ និងទី២ នៃគម្រោងកសាងសមត្ថភាពស្រាវជ្រាវគោលនយោបាយជាតិកម្ពុជា និងយន្តការសម្រាប់កិច្ចសហប្រតិបត្តិការរវាងរដ្ឋកូរ៉េ-កម្ពុជា»

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ផ្ដល់កិត្តិយសចូលរួមក្នុងសិក្ខាសាលាអន្តរជាតិដែលបានរៀបចំដោយវិទ្យាស្ថានស្រាវជ្រាវច្បាប់កូរ៉េ (KLRI) នៅព្រឹកថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទី...

2023-11-22 07:41:28   ថ្ងៃពុធ, 22 វិច្ឆិកា 2023 ម៉ោង 02:41 PM

សេចក្តីប្រកាស