ព័ត៌មាន

បណ្ឌិតសភាចារ្យ សុខ ទូច៖ «វាដល់ពេលហើយ ដែលមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា ត្រូវចាប់ផ្ដើមជួយជាតិ និងស្ថាប័នឱ្យបានកាន់តែច្រើនបន្ថែមទៀត» ដោយ៖ លឹម សុវណ្ណរិទ្ធ

2019-07-24 09:38:58 ថ្ងៃពុធ, 24 កក្កដា 2019 ម៉ោង 04:38 PM
អ្នកមើល 7955
post_detail

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ នេះ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំកិច្ចប្រជុំរួមមួយរវាងថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជា និងថ្នាក់ដឹកនាំនិងមន្ត្រីរាជការតាមវិទ្យាស្ថាននិងស្ថាប័នឧបសម្ព័ន្ធនានានៃរាជ​បណ្ឌិត្យ​សភាកម្ពុជា ក្រោមអធិបតីភាពរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា។ កិច្ចប្រជុំរួមនេះ ធ្វើឡើងក្នុងគោលបំណងប្រមូលនិងទទួលយកទស្សនៈ និងគំនិតថ្មីៗ របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃរាជបណ្ឌិត្យសភាកម្ពុជាទាំងអស់ ដើម្បីរួមគ្នាជំរុញដល់វឌ្ឍនភាពនៃដំណើការប្រព្រឹត្តទៅរបស់ស្ថាប័នស្រាវជ្រាវជាតិខ្ពស់ជាតិមួយនេះ។

ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងណែនាំឱ្យមានការជជែកនិងលើកឡើងនូវទស្សនៈ និងការយល់ឃើញរបស់មន្ត្រីរាជការ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ឱ្យបានទូលំទូលាយ ដើម្បីជាការចូលរួមចំណែកជាទស្សនទានថ្មីក្នុងដំណើរការស្រាវជ្រាវ បណ្ដុះបណ្ដាល និងការអភិវឌ្ឍស្ថាប័ន។

ក្នុងនោះផងដែរ ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធាន បានជំរុញឱ្យមន្ត្រីរាជការទាំងអស់នៃរាជបណ្ឌិត្យសភាកម្ពុជា ត្រូវខិតខំប្រឹងប្រែងបង្កើនសមត្ថភាព និងឆន្ទៈនៅក្នុងការបំពេញការងាររបស់ខ្លួន ដើម្បីបុព្វហេតុប្រទេសជាតិ និងស្ថាប័នស្រាវជ្រាវជាន់ខ្ពស់ជាតិមួយនេះ។ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍ថា៖ «វាដល់ពេលហើយ ដែលមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា ត្រូវចាប់ផ្ដើមជួយជាតិ និងស្ថាប័នឱ្យបានកាន់តែច្រើនថែមទៀត។»

លើសពីនេះទៅទៀត ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានព្រមាននឹងចាត់រាល់វិធានការទាំងឡាយ ចំពោះរាល់មន្ត្រីដែលអសកម្ម ឬអសមត្ថភាពនៅក្នុងរាជបណ្ឌិត្យសភាកម្ពុជា ដែលអាចធ្វើឱ្យរាំងស្ទះដំណើរការប្រព្រឹត្តឆ្ពោះទៅមុខរបស់ស្ថាប័ន។ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានសង្កត់ធ្ងន់ថា៖

«សម្រាប់មន្ត្រីដែលអសមត្ថភាព មិនថាប្រធានវិទ្យាស្ថាន ឬប្រធានរាជបណ្ឌិត្យសភាកម្ពុជាទេ គឺមានសិទ្ធិក្នុងការចាត់វិធានការ និងអារកាត់ ដើម្បីឱ្យការងាររបស់ស្ថាប័នដំណើរការទៅប្រកបដោយប្រសិទ្ធភាព។»

គួរបញ្ជាក់ផងដែរថា ក្រោយពីបានឡើងកាន់តំណែងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ធ្លាប់បានប្រកាសចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ចំពោះរាល់មន្ត្រីដែលអវត្តមានច្រើននៅក្នុងស្ថាប័ន ពិសេសមន្ត្រីដែលមានតួនាទី ត្រូវតែប្រើប្រាស់សមត្ថភាពរបស់ខ្លួនឱ្យអស់ពីលទ្ធភាព ដើម្បីចូលរួមចំណែកអភិវឌ្ឍផ្នែកដែលខ្លួនទទួលខុសត្រូវ និងវិទ្យាស្ថានដែលខ្លួនកំពុងបំពេញការងារ។ ក្នុងនោះដែរ ឯកឧត្ដមបណ្ឌិតសភាចារ្យ ក៏បានក្រើនរំឭកម្ដងហើយម្ដងទៀតថា វត្តមាននៅកន្លែងធ្វើការ គឺជាតម្រូវការចាំបាច់ផ្នែករដ្ឋបាល ប៉ុន្តែក្នុងនាមជាមន្ត្រីដែលបម្រើការងារក្នុងស្ថាប័នស្រាវជ្រាវជាន់ខ្ពស់របស់ជាតិ ស្នាដៃស្រាវជ្រាវ គឺជាម៉ែត្រដ៏សំខាន់សម្រាប់វាស់វែងសមត្ថភាពការងាររបស់មន្ត្រី៕

RAC Media | លឹម សុវណ្ណរិទ្ធ


អត្ថបទទាក់ទង

«សមិទ្ធផលសំខាន់ៗដែលសម្រេចបាន នៅក្នុងឆ្នាំ២០១៨របស់វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ»

ឯកឧត្តមបណ្ឌិត នូ ចាន់សុភី ប្រធានវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកបង្ហាញអំពីបច្ចុប្បន្នភាពរបស់វិទ្យាស្ថាន រចនាសម័ន្ធ ចក្ខុវិស័យ និងបេសកម្មរបស់វិទ្យាស្ថាន និងសមិទ្ធផលផ្សេ...

2018-11-26 15:50:44   ថ្ងៃចន្ទ, 26 វិច្ឆិកា 2018 ម៉ោង 10:50 PM
«ខួប១៩ ឆ្នាំ របស់រាជបណ្ឌិត្យសភាកម្ពុជា...»

រាជបណ្ឌិត្យសភាកម្ពុជា៖ អាចនិយាយបានថា វាមានរយៈពេលប្រហែល១៩ឆ្នាំហើយ ដោយគិតចាប់តាំងពី ឯកឧត្ដមបណ្ឌិតសភាចារ្យ ស៊ន សំណាង ធ្លាប់ជាអតីតប្រធានរាជបណ្ឌិត្យសភាកម្ពុជា រហូតមកដល់ពេលបច្ចុប្បន្ន ស្របពេល រាជបណ្ឌិត្យសភា...

2018-11-26 14:50:02   ថ្ងៃចន្ទ, 26 វិច្ឆិកា 2018 ម៉ោង 09:50 PM
«សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩»

ជារៀងរាល់ឆ្នាំ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំកម្មវិធីបូកសរុបការងារប្រចាំឆ្នាំ និងលើកទិសដៅការងារសម្រាប់ឆ្នាំបន្ទាប់។ នៅឆ្នាំនេះ ជាឆ្នាំដែលត្រូវការកែទម្រង់ការងារច្រើនរបស់ស្ថាប័នស្រាវជ្រាវជាតិនេះ ហើយក៏ជា...

2018-11-26 14:04:49   ថ្ងៃចន្ទ, 26 វិច្ឆិកា 2018 ម៉ោង 09:04 PM
សិក្ខាសាលាផ្សាព្វផ្សាយ ​ស្តី​ពី «ផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥»

ថ្ងៃចន្ទ ១២កើតដល់១៣កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ដល់២០ ខែវិច្ឆិកាឆ្នាំ២០១៨ លោកបណ្ឌិត កា ម៉ាធុល ប្រធានផ្នែកទំនាក់ទំនងការទូត និង លោក អ៊ុច លាង មន្ត្រីស្រាវជ្រាវ ទទួលបន្ទុកសិក្សា...

2018-11-19 12:45:40   ថ្ងៃចន្ទ, 19 វិច្ឆិកា 2018 ម៉ោង 07:45 PM
ទូកង«កម្ពោជិកបុត្តាខេមរាតរី»

ចុះផ្សាយថ្ងៃអាទិត្យ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ម៉ោង ១ និង ២០ នាទីរសៀលដោយ៖ បណ្ឌិត ជា វណ្ណី​

2018-11-18 06:23:55   ថ្ងៃអាទិត្យ, 18 វិច្ឆិកា 2018 ម៉ោង 01:23 PM
«តើគួរខ្លាចជនជាតិចិនដែរឬទេ?...»

ចុះថ្ងៃ សៅរ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ម៉ោង ១ និង ០០នាទីរសៀលបទវិភាគផ្ទាល់ខ្លួន!RAC Media

2018-11-17 06:07:51   ថ្ងៃសៅរ៍, 17 វិច្ឆិកា 2018 ម៉ោង 01:07 PM

សេចក្តីប្រកាស