ព័ត៌មាន

«ពិធីសូធ្យមន្តចម្រើនព្រះបរិត្ត លើករាសី អគារឥន្ទ្រទេវី និងអភិសេកបដិមាព្រះនាងឥន្ទ្រទេវី»

2019-11-18 05:51:11 ថ្ងៃចន្ទ, 18 វិច្ឆិកា 2019 ម៉ោង 12:51 PM
អ្នកមើល 7917
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃចន្ទ ៧រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា និងភ្ញៀវកិត្តិយស បានរៀបចំប្រារព្ធពិធីសូធ្យមន្តចម្រើនព្រះបរិត្ត លើករាសី អគារឥន្ទ្រទេវី និងអភិសេកបដិមាព្រះនាងឥន្ទ្រទេវី ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងលោកជំទាវឧកញ៉ា សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ និងសមាសភាពអញ្ជើញចូលរួមឯកឧត្តមបណ្ឌិតសភាចារ្យ ឯកឧត្តម លោកជំទាវ សាស្ត្រាចារ្យ បណ្ឌិត អស់លោក លោកស្រី អ្នកនាង និងកញ្ញា ដែលជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសសរុបចំនួនប្រមាណ ១០០រូប។

នៅក្នុងពិធីតាមបែបសាសនា ព្រះសង្ឃចំនួន ៩អង្គបានសូធ្យមន្តចម្រើនព្រះបរិត្ត និងប្រោះព្រំលើករាសីនៅសំណង់បុស្បុក បដិមាព្រះនាងឥន្ទ្រទេវី និងនៅអគារឥន្ទ្រទេវី។

សូមជម្រាបជូនថា អគារឥន្ទ្រទេវី ជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់សម្តេចតេជោបណ្ឌិតសភាចារ្យ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលោកឧកញ៉ា ពុង ឃាងសែ ត្រូវបានសាងសង់រួចរាល់ហើយ នឹងត្រូវដាក់សម្ពោធឱ្យប្រើប្រាស់ ជាផ្លូវការ នៅថ្ងៃ២១ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ។

ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងទ្រឹស្តីផ្សារចងភ្ជាប់ជាមួយការអនុវត្តហើយត្រូវមានលទ្ធផល និងក្រមសីលធម៌វិជ្ជាជីវៈរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា គោលបំណងនៃការសាងសង់អគារនេះឡើង គឺដើម្បីបំពេញតម្រូវការនៃការរីកចម្រើនរបស់រាជបណ្ឌិត្យសភាកម្ពុជា លើបីចំណុច សំខាន់៖ ទី១. ជាកន្លែងបណ្តុះបណ្តាលនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតផ្នែកភាសាចិន, ទី២. ជាមជ្ឈមណ្ឌលបកប្រែភាសាបរទេស (ជាទិសដៅនាពេលអនាគត) រាជបណ្ឌិត្យសភាកម្ពុជាមានបំណងប្រមូលផ្តុំអ្នកមានចំណេះដឹងខាងភាសាផ្សេងៗ ហើយសុំសិទ្ធិធ្វើការបកប្រែនូវរាល់ស្នាដៃ ឬផលិតផលដែលមានតម្លៃសម្រាប់ជាតិមកជាខេមរភាសា) និងទី៣. ជាកន្លែងស្រាវជ្រាវ ប្រមូលផ្តុំបញ្ញវន្ត សិក្ខាសាលា ហើយជាទិសដៅចំពោះមុខ អគារនេះក៏អាចបង្កើតជាតុមូលសម្រាប់បញ្ញវន្តធ្វើការវិភាគពីបញ្ហាសង្គម នយោបាយ សេដ្ឋកិច្ច បច្ចេកវិទ្យាទំនើបៗរបស់ពិភពលោកថ្មីៗនេះផងដែរ។ ជារួម អគារនេះនឹងជាទីបម្រើដល់បញ្ញវន្តទាំងខាងផ្នែកវិទ្យាសាស្រ្តពិត និងវិទ្យាសាស្រ្តសង្គម ដើម្បីឱ្យបញ្ញវន្តទាំងឡាយបានបញ្ចេញស្នាដៃរបស់ខ្លួនសម្រាប់ការរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ។

កាលពីមុន អគារនេះ (អគារA) ដែលមានកម្ពស់ត្រឹមតែមួយជាន់ត្រូវបានផ្លាស់ប្តូរទម្រង់ថ្មីមួយទៀតទៅជាអគារ ឥន្ទ្រទេវី ដែលមានកម្ពស់បីជាន់ មានលក្ខណៈកាន់តែទំនើប ដោយត្រូវបានបំពាក់បិរក្ខារប្រកបដោយផាសុកភាព និងកាន់តែមានសោភ័ណភាព សក្តិសមជាកន្លែងបណ្តុះបណ្តាលកម្រិតស្តង់ដារខ្ពស់សម្រាប់ជាតិដែលបម្រើលើវិស័យច្រើន ជាពិសេសគឺ ទាក់ទងនឹងការងារបណ្តុះបណ្តាលផ្សេងៗ។ អគារឥន្ទ្រទេវីនេះ មានកន្លែងដែលរៀបចំកម្មវិធីសម្រាប់អ្នកចូលរួមប្រមាណជាង ៤០០នាក់ ដែលកន្លងមករហូតដល់ពេលបច្ចុប្បន្ន រាជបណ្ឌិត្យសភាកម្ពុជាមិនទាន់មានទីកន្លែងសម្រាប់រៀបចំកម្មវិធីនានាដែលអាចទទួលអ្នកចូលរួមបានលើសពី ២០០នាក់នៅឡើយទេ។

ជាមួយនេះ បដិមាព្រះនាង ឥន្ទ្រទេវី ជាលើកដំបូងដែលត្រូវបានសិតនៅក្នុងបរិវេណអគារឥន្ទ្រទេវីនេះ គឺសិតឡើងអំពី ស្ពាន់ មានកម្ពស់ ១,៥៧ម៉ែត្រ គិតពីបាតជើងដល់ព្រះសិរ និងទំហំដងខ្លួនមានសមាមាត្រទៅនឹងរូបចម្លាក់ជាក់ស្តែងដែលឆ្លាក់នៅប្រាសាទព្រះខ័ន។ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងសហការីបានសម្រេចសាងសង់បដិមាព្រះនាងឥន្ទ្រទេវី ជានិមិត្តរូបតម្កល់នៅក្នុងបរិវេណអគារ ដើម្បីជាការរម្លឹកឱ្យកូនខ្មែរជំនាន់ក្រោយចងចាំពីរូបភាពគំរូនារីខ្មែរសម័យអង្គរដែលបានជួយដល់ប្រទេសជាតិជាច្រើន ជាពិសេសក្នុងវិស័យអប់រំ។

បដិមានេះទទួលបានជំនួយឧបត្ថម្ភពីលោកជំទាវឧកញ៉ា សៀង ចាន់ហេង នាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍៕

RAC Media


អត្ថបទទាក់ទង

បណ្ឌិតសភាចារ្យ សុខ ទូច៖ មនសិកាស្នេហាជាតិ ជាតិនិយម និងការឯកភាពជាតិ គឺជាមូលដ្ឋានសំខាន់នៅក្នុងការអភិវឌ្ឍប្រទេសជាតិ

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសថ្លែងសុន្ទរកថាបិទវេទិកាទំនាក់ទំនងអន្តរជាតិលើកទី ស្តីពី «សណ្តាប់ធ្នាប់ពិភពលោកប្រកបដោយការផ្លាស់ប្តូរ និងតួនាទីរបស់មហាអំណាចសម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាពសាកល» នៅព...

2024-09-04 14:04:44   ថ្ងៃពុធ, 04 កញ្ញា 2024 ម៉ោង 09:04 PM
បណ្ឌិត យង់ ពៅ៖ ការពិភាក្សាអំពីកិច្ចការអន្តរជាតិជារឿងចាំបាច់និងត្រូវរៀបចំឡើងជាប្រចាំ ហើយកម្ពុជាត្រូវពង្រឹងខ្លួន មិនត្រូវសម្ងំមើលការចាត់ចែងពីមហាអំណាចឡើយ

(រាជបណ្ឌិត្យសភាកម្ពុជា)៖ «ការពិភាក្សាអំពីកិច្ចការអន្តរជាតិជារឿងចាំបាច់និងត្រូវរៀបចំឡើងប្រចាំ ហើយកម្ពុជាត្រូវពង្រឹងខ្លួន មិនត្រូវសម្ងំមើលការចាត់ចែងពីមហាអំណាចឡើយ» នេះជាការលើកឡើងរបស់ឯកឧត្ដមបណ្ឌិត យង់ ពៅ...

2024-09-04 13:27:37   ថ្ងៃពុធ, 04 កញ្ញា 2024 ម៉ោង 08:27 PM
រាជបណ្ឌិត្យសភាកម្ពុជា រៀបចំវេទិកាទំនាក់ទំនងអន្តរជាតិលើកទី៣ ស្ដីពី៖ «សណ្តាប់ធ្នាប់ពិភពលោកប្រកបដោយការផ្លាស់ប្តូរនិងតួនាទីរបស់មហាអំណាច សម្រាប់សន្តិភាព ស្ថិរភាព និង វិបុលភាពសាកល»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃពុធ ២ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ០៩:០០ នាទីព្រឹក វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា...

2024-09-04 03:11:55   ថ្ងៃពុធ, 04 កញ្ញា 2024 ម៉ោង 10:11 AM
ឯកឧត្ដមបណ្ឌិត យង់ ពៅ៖ ភាសាវិទ្យាប្រៀបដូចជាខ្យល់អុកស៊ីសែនដែលមិនអាចខ្វះបាន ដែលទាមទារឱ្យគ្រប់មជ្ឈដ្ឋានចូលរួមសិក្សាស្វែងយល់ បង្រៀន ផ្សព្វផ្សាយ និងអភិវឌ្ឍភាសាជាតិ

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញថ្លែងសុន្ទកថាបើកសិក្ខាសាលា ស្ដីពី «ភាសាវិទ្យានិងភាសាខ្មែរនៅក្នុងយុគសម័យបញ្ញាសិប្បនិម្មិត លើកទី១» រៀបចំឡើងដោយវិទ្យាស្ថានភាសាជាតិ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០ រោច ខែស...

2024-08-29 07:33:00   ថ្ងៃព្រហស្បតិ៍, 29 សីហា 2024 ម៉ោង 02:33 PM
ឯកឧត្ដមបណ្ឌិត យង់ ពៅ អញ្ជើញថ្លែងសុន្ទរកថាក្នុងសន្និសីទតាមប្រព័ន្ធអនឡាញ (Stockholm International Water Institute: SIWI) ស្ដីពី គំនិតផ្តួចផ្តើមកម្មវិធីប្រមូលនិងប្រើប្រាស់ទឹកភ្លៀងនៅកម្ពុជា

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាអបអរសាទរសន្និសីទតាមប្រព័ន្ធអនឡាញ (Stockholm International Wa...

2024-08-27 07:55:13   ថ្ងៃអង្គារ, 27 សីហា 2024 ម៉ោង 02:55 PM
អារម្មណ៍ពុះកញ្ជ្រោលរឿងទឹកដី មិនអាចរំងាប់ទាំងស្រុងដោយជំនឿសាសនាបានទេ

ដោយ៖ បណ្ឌិត គិន ភា តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) នៅតែក្តៅគគុកថ្វីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ បានពន្យល់យ៉ាងក្បោះក្បាយនិងគ្រប់ជ្រុងជ្រោយជាច្រើនលើកច្រើនសា ហើយរាជបណ្ឌិត្យសភាកម្ពុជា...

2024-08-26 10:40:31   ថ្ងៃចន្ទ, 26 សីហា 2024 ម៉ោង 05:40 PM

សេចក្តីប្រកាស