Royal Academy of Cambodia
ភ្នំពេញ៖ «ស្ថាបត្យកម្ម និងសំណង់ប្រាសាទបុរាណខ្មែរសម័យអង្គរ មានប្រាសាទពីរបែប...» នេះជាការលើកឡើងរបស់លោក រ៉េត សាមុត មគ្គុទេសក៍ទេសចរណ៍តំបន់សៀមរាបអង្គរ នៅក្នុងសិក្ខាសាលា ស្ដីពី «ការវិវត្តនៃរចនាបថនិងសំណង់ស្ថាបត្យកម្មប្រាសាទខ្មែរ ពីសម័យឧដុង្គដល់សម័យបច្ចុប្បន្ន» ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំនៃអគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីវេលាម៉ោង ៨:៣០នាទីព្រឹកថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។
បើតាមលោក រ៉េត សាមុត ស្ថាបត្យកម្ម និងសំណង់ប្រាសាទបុរាណខ្មែរសម័យអង្គរ មានប្រាសាទពីរបែបគឺ៖ ទី១. ប្រាសាទភ្នំជាប្រាសាទសង់លើឃឿនច្រើនជាន់សម្រាប់លទ្ធិទេវរាជ (បាគង បាខែង បក្សីចាំក្រុង ប្រាសាទធំ មេបុណ្យខាងកើតប្រែរូប តាកែវ បាពួន អង្គរវត្ត បាយ័ន)។ ទី២. ប្រាសាទសង់ទាបនឹងដី ជាប្រាសាទសម្រាប់លទ្ធិបុគ្គលនិយម (ព្រះគោ លលៃ បន្ទាយឆ្មារ ព្រះខាន់ តាព្រហ្ម។ល។)។ ម្យ៉ាងទៀត គេបានសង្កេតឃើញថាពីរាជ្យមួយទៅរាជ្យមួយទៀតប្រាសាទមានទំហំកាន់តែធំឡើង ហើយកាន់តែច្រើនឡើង។ ត្រង់នេះបង្ហាញឱ្យឃើញថា ព្រះរាជាអង្គរហាក់ដូចជាបានប្រណាំងប្រជែងក្នុងការលើកកិត្យានុភាពរបស់ព្រះអង្គ។ ចំពោះប្រាសាទដូចបាន រៀបរាប់រួចមកហើយនេះ ពុំមែនមានត្រឹមតែការកសាងហើយចប់នោះទេ គឺប្រជារាស្ត្រមានការផ្គត់ផ្គង់នូវគ្រឿងប្រដាប់ប្រើប្រាស់ និង ដង្វាយផ្សេងៗនិងមានភារៈត្រូវទៅនៅបម្រើ និង ថៃរក្សាប្រាសាទទាំងនោះថែមទៀត។
ចំណែកការវិវត្តនៃរចនាបថស្ថាបត្យកម្មសំណង់ និង ប្រាសាទបុរាណខ្មែរសម័យអង្គរ លោក រ៉េត សាមុត បានគូសបញ្ជាក់ថា ត្រូវបានចែកចេញជា១០រចនាបថគឺ៖
១. រចនាបថគូលែន (គ.ស.៨០២ ដល់ ៨៥០ ពាក់កណ្ដាលទី១នៃស.វ.ទី៩)
២. រចនាបថព្រះគោ (គ.ស.៨៧៧-៨៨៩ ភាគ៤នៃចុងស.វ.ទី៩)
៣. រចនាបថបាខែង (ចុងនៃ ស.វទី៩ និងដើម ស.វ ទី ១០)
៤. រចនាបថកោះកេរ (គ.ស.វ.ទី ១០)
៥. រចនាបថប្រែរូប (គ.ស.៩៤៤-៩៦៨)
៦. រចនាបថបន្ទាយស្រី (ពាក់កណ្ដាលទី២ នៃ គ.ស.វ.ទី ១០)
៧. រចនាបថឃ្លាំង (ចុងស.វ.ទី១០ និងពាក់កណ្ដាលទី១ នៃស.វ.ទី ១១)
៨. រចនាបថបាពួន (ពាក់កណ្ដាលទី២ នៃស.វ.ទី១១)
៩. រចនាបថអង្គរវត្ដ (ពាក់កណ្ដាលទី ១ នៃស.វ.ទី ១២)
១០. រចនាបថបាយ័ន (ពាក់កណ្ដាលទី១ នៃស.វ.ទី១២ និងដើមស.វទី១៣)
គួរបញ្ជាក់ផងដែរថា សិក្ខាសាលាដែលត្រូវបានរៀបចំនាព្រឹកនេះ គឺជាសិក្ខាសាលាបន្តពីសិក្ខាសាលាជាតិលើកទី១ ស្តីអំពី «ការវិវត្តនៃរចនាបថនិងសំណង់ស្ថាបត្យកម្មប្រាសាទខ្មែរ ពីសម័យនគរភ្នំដល់សម័យលង្វែក» រៀបចំដោយមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិត្យសភាកម្ពុជា កាលពីឆ្នាំ២០១៨កន្លងទៅ៕
RAC Media
ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ នាយកប្រតិបត្តិអង្គការព្រះពុទ្ធសាសនាដើម្បីអប់រំនៃកម្ពុជា និងជារាជាគណៈថ្នាក់កិត្តិយស គង់នៅវត្តកំផែង ភូមិកម្មករ សង្កាត់ស្វាយប៉ោ ខេត្តបាត់ដំបង ទទួលបានការតែងតាំងជាទីប្រឹក្សាក្រុ...
កាលពីរសៀលថ្ងៃពុធ ៦កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអ...
ភ្នំពេញ៖ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ គឺជាខួបនៃការប្រកាសឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលគិតមកត្រឹមឆ្នាំនេះ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាមានអាយុ២៧ឆ្នាំហើយ (១៩៩៣-២០២០)។ ក្នុ...
កាលពីរសៀលថ្ងៃអង្គារ ៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និង...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានអញ្ជើញធ្វើបទបង្ហាញស្តីពី ការអភិវឌ្ឍគ្រូបង្រៀនភាសាចិនក្នុងតំបន់នៅកម្ពុជា និងគោលការ...