Royal Academy of Cambodia
ភ្នំពេញ៖ នៅក្នុងសិក្ខាសាលាជាតិ ស្ដីពី «ការវិវត្តនៃរចនាបថនិងសំណង់ស្ថាបត្យកម្មប្រាសាទខ្មែរ ពីសម័យឧដុង្គដល់សម័យបច្ចុប្បន្ន» ដែលប្រព្រឹត្តទៅនាថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក សេង សុវណ្ណដារ៉ា អ្នកសិក្សាស្រាវជ្រាវអក្សរសិល្ប៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានធ្វើបទបង្ហាញនូវអត្ថបទស្រាវជ្រាវរបស់លោកអំពីស្ថានភាពនៃការសាងសង់សំណង់ស្ថាបត្យកម្មនានានៅក្នុងសម័យអាណាព្យាបាលបារាំងដល់សម័យសង្គមរាស្ត្រនិយម។
នៅក្នុងសម័យអាណានិគមបារាំង ប្លង់រាជធានីភ្នំពេញ និងប្លង់ទីក្រុងតាមខេត្តនានា មានរាងជាក្រឡាចត្រង្គ ហើយសំណង់ទាំងនោះច្រើនជាអគាររដ្ឋបាលនានា ឬជាលំនៅឋានរបស់មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជាជនជាតិបារាំងដែលមានធ្វើការនៅស្រុកខ្មែរ និងច្រើនមានទម្រង់ជាអគារ ឬសំណង់យកតាមលំនាំវប្បធម៌អឺរ៉ុបនៅសម័យក្លាស៊ីក ឬណេអូក្លាស៊ីក ដូចជានៅតាមតំបន់រដ្ឋបាលផ្សេងៗជាដើម។
បើតាមលោក សេង សុវណ្ណដារ៉ា សំណង់ដែលត្រូវបានកសាងថ្មីៗនៅក្នុងសម័យអាណាព្យាបាលបារាំង គឺមានទាំងសំណង់បែបទំនើប និងសំណង់ដែលមានតាមបែបប្រពៃណីខ្មែរ។ តួយ៉ាងដូចជាសំណង់នៅក្នុងព្រះបរមរាជវាំង គឺនៅតែរក្សាតាមបែបប្រពៃណី ដោយគ្រាន់តែក្រោយមកមានសំណង់មួយចំនួនដែលមានឥទ្ធិពលស្ថាបត្យកម្មប្រទេសលោកខាងលិច ពិសេសគឺសំណង់ប្រាសាទណាប៉ូឡេអុងជាដើម ដែលជាព្រះរាជអំណោយរបស់ព្រះចៅអធិរាជបារាំងថ្វាយសម្ដេចព្រះនរោត្ដមនៅក្នុងឆ្នាំ១៩៧៦។
សំណង់ដែលគួរឱ្យចាប់អារម្មណ៍មួយទៀតនោះគឺ សំណង់សារមន្ទីរជាតិ ដែលបានកសាងនៅឆ្នាំ១៩១៧ តាមរចនាបថខ្មែរ។ ក្រៅពីនោះមានសំណង់អគារមួយចំនួន ដែលបានសាងសង់ទៅតាមរចនាបថសិល្បៈទំនើប ដូចជា រាជាយស្ម័យយាន ផ្សារធំថ្មី និងព្រះវិហារ សាំង ចូសែហ្វ ជាដើម។ ទោះជាយ៉ាងណា លោក សេង សុវណ្ណដារ៉ា ក៏បានគូសបញ្ជាក់បន្ថែមផងដែរថា សំណង់អគារតាមបែបបារាំង គឺជាសម្បត្តិបេតិកភណ្ឌជាតិសម័យទំនើបរបស់កម្ពុជា ដែលទាមទារឱ្យមានការថែរក្សានិងអភិរក្សឱ្យបានល្អប្រសើរ។
បើតាមការលើកឡើងរបស់លោក សេង សុវណ្ណដារ៉ា ដដែល ក្រោយសម័យអាណានិគមបារាំង លោក វណ្ណ មូលីវណ្ណ បានរួមចំណែកក្នុងុការធ្វើទំនើបកម្មរាជធានីភ្នំពេញក្នុងសម័យសង្គមរាស្ត្រនិយម ដែលចលនាស្ថាបត្យកម្មរបស់លោក ត្រូវបានគេទទួលស្គាល់ថាជា «ស្ថាបត្យកម្មខ្មែរសម័យទំនើប» ដែលក្នុងនោះរួមមានសំណង់ពហុកីឡដ្ឋានអូឡាំពិក មហោស្រពចតុមុខ វិមានរដ្ឋចំការមន និងវិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាដើម។
គួរបញ្ជាក់ផងដែរថា លោក សេងសុវណ្ណដារ៉ា បានអញ្ជើញជាវាគ្មិនកិត្តិយសផ្ដល់បទបង្ហាញ ស្ដីពី «រចនាបថសំណង់ស្ថាបត្យកម្មខ្មែរ ពីសម័យអាណាព្យាបាលបារាំងដល់សម័យសង្គមរាស្ត្រនិយម» នៅក្នុងសិក្ខាសាលា ស្ដីពី «ការវិវត្តនៃរចនាបថនិងសំណង់ស្ថាបត្យកម្មប្រាសាទខ្មែរ ពីសម័យឧដុង្គដល់សម័យបច្ចុប្បន្ន» ដែលប្រព្រឹត្តទៅនៅសាលប្រជុំនៃអគារឥន្ទ្រទេវីនៃរាជបណ្ឌិត្យសភាកម្ពុជា៕
RAC Media
ដោយ៖ បណ្ឌិត យង់ ពៅ នៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពីការ «ការជ្រើសរើសមុខជំនាញនៅថ្នាក់ឧត្ដមសិក្សា» ដែលរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា មានការលើកឡើងជាសំណួរដោយអ្នកចូលរួមអំពី សារៈសំខាន់នៃការអភិ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងឱកាសអញ្ជើញជាវាគ្មិននៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «ការជ្រើសរើសមុខជំនាញនៅថ្នាក់ឧត្ដមសិក្សា» នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិតសភាចារ្យ ស...
ក្រោយការប្រកាសលទ្ធផលបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាម៉េរិក ដែលបង្ហាញថា លោក ដូណាល់ ត្រាំ បានជាប់ឆ្នោតជាថ្មីក្លាយជាប្រធានាធិបតីសហរដ្ឋអាម៉េរិក ថ្នាក់ដឹកនាំកម្ពុជាបា...
ក្រោយការប្រកាសលទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បច្ចុប្បន្ន នៅមានឪពុកម្ដាយមួយចំនួន តែងប្រៀបធៀបលទ្ធផលសិក្សារបស់កូនខ្លួនជាមួយសិស្សដទៃ ដែលករណីនេះ ធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍កូន បង្កឱ្យមានសម្ពាធ ឬភា...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧ កើត ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំសន្និសីទអន្តរជាតិ ស្ដីពី «ប្រវត្តិសាស្ត្រ...