ព័ត៌មាន

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច៖ យើងនឹងនៅតែបន្តពង្រឹងធនធានបញ្ញវន្តចេញពីរាជបណ្ឌិត្យសភាកម្ពុជា គឺត្រូវតែជាធនធានបញ្ញវន្តប្រកបដោយមូលធនចំណេះដឹងទូលំទូលាយបែបវិទ្យាសាស្ត្រ

2019-12-03 13:51:38 ថ្ងៃអង្គារ, 03 ធ្នូ 2019 ម៉ោង 08:51 PM
អ្នកមើល 9316
post_detail

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះនៅក្នុងបទសម្ភាសន៍ដែលបានផ្សាយផ្ទាល់នៅលើទំព័រ Facebook ផ្លូវការរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ នៅល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ នេះ។

បើតាមឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ការបណ្ដុះបណ្ដាលថ្នាក់បណ្ឌិតនៅរាជបណ្ឌិត្យសភាកម្ពុជា ត្រូវបានពង្រឹងជាបន្ត បន្ទាប់ ដោយក្នុងនោះ កន្លងមក រាល់និក្ខេបបទថ្នាក់បណ្ឌិតដែលត្រូវលើកយកមកការពារ ត្រូវតែមានមូលដ្ឋានការពារយ៉ាងរឹងមាំតាមបែបវិទ្យាសាស្ត្រ និងឆ្លងកាត់ការវាយតម្លៃជាច្រើនដំណាក់កាល ដោយរាប់បញ្ចូលទាំងការការពារសាកល្បងជាដើម ខណៈដែលដំណើរការនិងនីតិវិធីកន្លងមកត្រូវបានរឹតបន្តឹង និងធ្វើឡើងដោយសុក្រឹតភាព ដើម្បីធានាបាននូវនិក្ខេបបទថ្នាក់បណ្ឌិតដែលមានទម្ងន់បែបវិទ្យាសាស្ត្រ និងទទួលបាននូវធនធានបញ្ញវន្តជាបណ្ឌិតដែលមានសមត្ថភាពនិងលក្ខណៈសម្បត្តិពេញលេញ ក្នុងការតតាំងគ្រប់ជ្រុងទាំងអស់ជុំវិញប្រធានបទនិក្ខេបបទដែលខ្លួនបានជ្រើសរើសនិងសរសេរបញ្ចប់ថ្នាក់បណ្ឌិត។

លើសពីនេះទៅទៀត ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក៏បានផ្ដល់នូវអនុសាសន៍បន្ថែមថា «និក្ខេបបទថ្នាក់បណ្ឌិតដែលមានទម្ងន់ គឺជានិក្ខេបបទដែលមានមូលដ្ឋានការពាររឹងមាំ ឆ្លុះបញ្ចាំងគ្រប់ជ្រុងជ្រោយ និងច្បាស់លាស់ ព្រមទាំងមានប្រភពឯកសារឱ្យបានទូលំទូលាយ»។

ឯកឧត្ដមបណ្ឌិតសភាចារ្យបានបន្ថែមថា ក្រោយឯកឧត្ដមបណ្ឌិតសភាចារ្យឡើងកាន់តំណែងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្ដមបណ្ឌិតសភាចារ្យបានដាក់កំហិតចំពោះការឧទ្ទេសនាមសមាជិកគណៈកម្មការការពារបញ្ចប់និក្ខេបបទថ្នាក់បណ្ឌិតនៅរាជបណ្ឌិត្យសភាកម្ពុជាថា «រាល់សមាជិកគណៈកម្មការការពារបញ្ចប់និក្ខេបបទថ្នាក់បណ្ឌិត មិនត្រូវបានអនុញ្ញាតចំពោះអ្នកទាំងឡាយណាដែលជាសាច់ញាតិ ឬបងប្អូននឹងគ្នានោះឡើយ គឺដើម្បីធានាឱ្យបាននូវសុក្រឹតភាពនៃដំណើរការការពារនិក្ខេបបទនេះ»។

សម្រាប់ការរៀបចំការការពារសាកល្បងនៅរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្ដមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា បេក្ខជនត្រូវតែយកប្រធានបទនិក្ខេបបទរបស់ខ្លួនដាក់ចេញផ្សាយនៅតាមទស្សនាវដ្ដីនានា មុននឹងរៀបចំការការពារសាកល្បង ហើយក្រោយរយៈពេល ២ ខែ ប្រសិនបើមិនមាននរណាជំទាស់នឹងប្រធានបទនិក្ខេបបទដែលបានសរសេរនោះទេ រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំពិធីការពារសាកល្បងថ្នាក់បណ្ឌិតជូនបេក្ខជនបណ្ឌិតរូបនោះ។

ជាការក្រើនរំឭក ឯកឧត្ដមបណ្ឌិតសភាចារ្យ ក៏បានផ្ដល់ជាអនុសាសន៍ ដល់អ្នកដែលមានបំណងបន្តការសិក្សាក្រោយឧត្ដមសិក្សា ត្រូវពង្រឹងនូវចំណេះដឹងរបស់ខ្លួនឱ្យបានរឹងមាំ ពិសេសចំណេះដឹងពាក់ព័ន្ធនឹងជំនាញឯកទេសជាមូលដ្ឋានដែលខ្លួននឹងជ្រើសរើសបន្តការសិក្សា ចំណេះដឹងផ្នែកទស្សនវិជ្ជា និងចំណេះដឹងអំពីវិធីសាស្ត្រស្រាវជ្រាវ។

ជាមួយគ្នានេះផងដែរ ឯកឧត្ដមបណ្ឌិតសភាចារ្យ ក៏បានលើកឡើងនូវវឌ្ឍនភាពថ្មីមួយទៀត ក្នុងការបណ្ដុះបណ្ដាលថ្នាក់ក្រោយឧត្ដមសិក្សានៅរាជបណ្ឌិត្យសភាកម្ពុជា តាមរយៈសមិទ្ធផលថ្មីរបស់ស្ថាប័នស្រាវជ្រាវនិងបណ្ដុះបណ្ដាលជាន់ខ្ពស់របស់ជាតិមួយនេះ នៅក្នុងវិស័យវិទ្យាសាស្ត្រពិត គឺមន្ទីរពិសោធន៍កម្រិតស្តង់ដារមួយ ដែលជាអំណោយដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោបណ្ឌិតសភាចារ្យ ហ៊ុន សែន នឹងត្រូវកសាងឡើងនៅក្នុងរាជបណ្ឌិត្យសភាកម្ពុជានាពេលខាងមុខ ដើម្បីបម្រើឱ្យផលប្រយោជន៍នៃការស្រាវជ្រាវ ពិសោធន៍ និងការបណ្ដុះបណ្ដាលតាមបែបវិទ្យាសាស្ត្រ ។ បន្ថែមពីលើនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ក៏បានគូសបញ្ជាក់បន្ថែមថា «នៅក្នុងវិទ្យាសាស្ត្រពិត គេគួរតែបញ្ឈប់ហើយនូវការសរសេរនិក្ខេបបទដោយធ្វើការចម្លងស្នាដៃពីបរទេស ហើយយើងត្រូវចូលរួមទាំងអស់គ្នាដើម្បីកសាងធនធានមនុស្សប្រកបដោយគុណភាព ក្នុងគោលដៅអភិវឌ្ឍប្រទេសតាមរយៈចំណេះដឹងរបស់ពលរដ្ឋនៃប្រទេសជាតិមួយនេះ»៕

RAC Media | លឹម សុវណ្ណរិទ្ធ


អត្ថបទទាក់ទង

រាជបណ្ឌិត្យសភាកម្ពុជារៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥នេះ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្ស...

2025-04-04 05:53:17   ថ្ងៃសុក្រ, 04 មេសា 2025 ម៉ោង 12:53 PM
វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា រៀបចំវេទិកាពិសេស ស្តីពី «មិត្តភាពដែកថែបកម្ពុជា-ចិន ក្នុងយុគសម័យថ្មី : កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងវិបុលភាពរួម»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំ វេទិកាពិសេសស្តីពី «មិត្តភាពដែកថែបកម្ពុជាចិន ក្នុងយុគសម័យថ្មី កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងវិប...

2025-04-03 06:16:00   ថ្ងៃព្រហស្បតិ៍, 03 មេសា 2025 ម៉ោង 01:16 PM
បណ្ឌិត យង់ ពៅ៖ សង្គមខ្មែរមានវប្បធម៌ចែករំលែកសុខនិងទុក្ខជាមួយគ្នា ដែលអ្នកនយោបាយគួររក្សាវប្បធម៌ដ៏ល្អនេះ

នៅក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងក្រុមគ្រួសារ មានមរណទុក្ខ ដោយសារការបាត់បង់មរណភាពរបស់ឯកឧត្ដម ឧកញ៉ា ឧត្ដមមេត្រីវិសិដ្ឋ ហ៊ុន សាន គណបក្សនយោ...

2025-04-02 09:16:58   ថ្ងៃពុធ, 02 មេសា 2025 ម៉ោង 04:16 PM
បណ្ឌិត គិន ភា ៖ «កម្ពុជាបានបាត់បង់អ្នកប្រាជ្ញភាសាវិទ្យាដ៏ឆ្នើមមួយរូបទៀតដ៏គួរឱ្យស្តាយស្រណោះបំផុត»

  រាត្រីថ្ងៃសៅរ៍ ១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ ជាវេលាដ៏សែនខ្សឹកខ្សួលរំជួលចិត្តនិងស្តាយស្រណោះរកអ្វីមកប្រៀបផ្ទឹមពុំបានសម្រាប់ក្រុមគ្រួសារ សាច់ញាតិ សិស្សគណ ប...

2025-03-31 23:40:18   ថ្ងៃចន្ទ, 31 មីនា 2025 ម៉ោង 06:40 AM
បណ្ឌិត យង់ ពៅ៖ ករណីកោះគុជ (ថៃហៅថាកោះគុត) ខុសប្លែកពីករណីប្រាសាទព្រះវិហារ ទាំងទិដ្ឋភាពប្រវត្តិសាស្ត្រ ទិដ្ឋភាពច្បាប់ និងទិដ្ឋភាពជាក់ស្ដែង

ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានអំពីករណីបញ្ហាកោះគុជ (ថៃហៅថាកោះគុត) លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានគូសបញ្ជាក់ថា ចំពោះបញ្ហាអធិបតេយ្យទៅលើកោះគុជនេះ កម្ពុជាមិនអាចប្រើប្រាស់យន្តការតុលាក...

2025-03-31 03:56:02   ថ្ងៃចន្ទ, 31 មីនា 2025 ម៉ោង 10:56 AM
ដំណឹងមរណទុក្ខ

ថ្នាក់ដឹកនាំនិងមន្រ្តីរាជការរាជបណ្ឌិត្យសភាកម្ពុជាទាំងអស់មានទុក្ខជាទម្ងន់ដោយឯកឧត្តមបណ្ឌិតសភាចារ្យ ព្រំ ម៉ល់ សមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជា ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និងជាអតីតប្រធានក្រុមប្រ...

2025-03-30 00:38:28   ថ្ងៃអាទិត្យ, 30 មីនា 2025 ម៉ោង 07:38 AM

សេចក្តីប្រកាស