ព័ត៌មាន

លោក គង់ រតនៈ៖ ការបើកល្បឿនលើសច្បាប់កំណត់ ជាមូលហេតុទីមួយដែលធ្វើឱ្យអ្នកត្រូវរងគ្រោះដល់ស្លាប់...

2019-12-05 05:24:17 ថ្ងៃព្រហស្បតិ៍, 05 ធ្នូ 2019 ម៉ោង 12:24 PM
អ្នកមើល 9496
post_detail

លោក គង់ រតនៈ ប្រធានវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍

ភ្នំពេញ៖ «ការបើកល្បឿនលើសច្បាប់កំណត់ ជាមូលហេតុទីមួយដែលធ្វើឱ្យអ្នករងគ្រោះដល់ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ហើយសមត្ថកិច្ចមិនមែនជាភាគីផ្ដាច់មុខតែម្នាក់ដែលត្រូវដោះស្រាយបញ្ហាចរាចរណ៍នោះទេ» នេះជាការលើកឡើងនៅក្នុងបទបង្ហាញរបស់លោក គង់ រតនៈ ប្រធានវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ ថ្លែងនៅក្នុងសិក្ខាសាលាស្ដីពី «ការកកស្ទះនិងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងការគ្រប់គ្រងកាកសំណល់សំរាមនៅរាជធានីភ្នំពេញ៖ បញ្ហាប្រឈមនិងដំណោះស្រាយ» ដែលធ្វើឡើងនៅសាលប្រជុំអគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ នេះ។

បើតាមលោក គង់ រតនៈ ការបើកបរហួសល្បឿនកំណត់ដែលមានចែងនៅក្នុងច្បាប់របស់អ្នកបើកបរ គឺមូលហេតុចម្បងជាងគេដែលបណ្ដាលឱ្យគ្រោះថ្នាក់ចរាចរណ៍កើតឡើងក្នុងស្ថានភាពមួយធ្ងន់ធ្ងរ ដែលនៅត្រង់ចំណុចនេះ លោក បានចោទសួរអំពីការរឹងបន្តឹងនូវការអនុវត្តច្បាប់ចរាចរណ៍ គុណភាពនៃដំណើរការផ្ដល់បណ្ណបើកបរសព្វថ្ងៃជាដើម។ ជាមួយគ្នានេះដែរ ប្រធានវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍រូបនេះ ក៏បានលើកឡើងជាយោបល់ដើម្បីឱ្យអាជ្ញាធរមានសមត្ថកិច្ចធ្វើការពិចារណាអំពីសុពលភាពនៃបណ្ណបើកបរនៅកម្ពុជាដែលមានរហូតដល់រយៈពេល ១០ឆ្នាំ ដោយលោកលើកឡើងថា តើគួរតែមានការកែសម្រួលដោយបន្ថយរយៈពេលមកវិញដែរឬទេ ដើម្បីធានាបាននូវការត្រួតពិនិត្យស្ថានភាពលក្ខណៈសម្បត្តិនិងសុខភាពនៃអ្នកកាន់បណ្ណបើកបរ។

បន្ថែមពីលើនេះ លោក គង់ រតនៈ បានអះអាងថាបញ្ហាគ្រោះថ្នាក់ចរាចរណ៍បានចូលរួមចំណែកធ្វើឱ្យខ្ជះខ្ជាយនូវសេដ្ឋកិច្ចជាតិកម្ពុជា ដោយយោងតាមតួលេខកាលពី២០១៤ កម្ពុជាបានខាតបង់សេដ្ឋកិច្ចក្នុងទំហំ ៣៣៩លាន ដុល្លារសហរដ្ឋអាម៉េរិក ដោយសារតែបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ខណៈដែលឆ្នាំ២០១៩ នេះ លោកបានព្យាករណ៍ថា គ្រោះថ្នាក់ចរាចរណ៍បានធ្វើឱ្យកម្ពុជាខាតបង់សេដ្ឋកិច្ចយ៉ាងតិចក្នុងទំហំ ជាង៤០០លានដុល្លារសហរដ្ឋអាម៉េរិក។

ប្រធានវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ ក៏បានគូសបញ្ជាក់បន្ថែមទៀតថា ពលរដ្ឋជាច្រើនតែងតែដាក់បន្ទុកទៅលើមន្ត្រីនគរបាលចរាចរណ៍នៅគ្រប់បញ្ហាចរាចរណ៍ដែលកើតមានឡើង ប៉ុន្តែពួកគេមិនបានស្វែងយល់ឱ្យបានច្បាស់នោះថា បញ្ហាចរាចរណ៍គឺជារឿងរបស់ទាំងអស់គ្នា ដែលត្រូវរួមគ្នាស្វែងរកដំណោះស្រាយទាំងអស់គ្នា។ ប៉ុន្តែទោះជាយ៉ាងណា លោកបានសម្ដែងនូវការសោកស្ដាយផងដែរ ដែលរាជរដ្ឋាភិបាលបានសម្រេចចិត្តដកការកំណត់ដែលតម្រូវឱ្យអ្នកបើកបរម៉ូតូកម្លាំងក្រោម 125cc ត្រូវមានបណ្ណបើកបរ ខណៈដែលមានជនរងគ្រោះនៃគ្រោះថ្នាក់ចរាចរណ៍រហូតដល់ ៨៥% គឺជាអ្នកបើកបរម៉ូតូ ហើយបើតាមលោកអះអាង បច្ចុប្បន្ន ម៉ូតូដែលត្រូវបានប្រើប្រាស់ជាង៩០% ជាម៉ូតូដែលមានកម្លាំងក្រោម 125cc។

សម្រាប់អនុសាសន៍ក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ លោកបានលើកឡើងថា គួរតែបង្កើតនូវចំណតឱ្យបានកាន់តែច្រើន និងបង្កើននូវទីតាំងផ្សារសម្រាប់ផ្ដល់ឱ្យប្រជាពលរដ្ឋទូទៅ អាចប្រកបអាជីវកម្មងាយស្រួល ចៀសវាងការយកផ្លូវសាធារណៈធ្វើជាទីតាំងប្រកបអាជីវកម្មផ្ទាល់ខ្លួន៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

«គំនូរលោក Keisuke Honda ជាមួយឯកឧត្តមនាយឧត្ដមសេនីយ៍ សៅ សុខា »

កាលពីពេលថ្មីៗនេះ លោកគ្រូ ហេង មុនីផល ដែលបង្រៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់លើមុខជំនាញវិចិត្រកម្មនៅរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ចេញស្នាដៃគូរគំនូររបស់លោក Keisuke Honda អតីតអ្នកចាត់ការទូទៅបាលទាត់ជម្រើសជាតិក...

2023-05-16 08:43:55   ថ្ងៃអង្គារ, 16 ឧសភា 2023 ម៉ោង 03:43 PM
ការវិនិយោគរបស់ម៉ាឡេស៊ី

ដោយ៖ ហៃ សាវង្ស វិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា អាជ្ញាធរអភិវឌ្ឍន៍ការវិនិយោគម៉ាឡេស៊ី (Malaysian Investment Development Authority ឬ MIDA) គឺជាទីភ្នាក់ងារជំរុញនិងអភិវឌ្ឍន៍ការវិនិយោគចម្បង...

2023-05-15 03:38:22   ថ្ងៃចន្ទ, 15 ឧសភា 2023 ម៉ោង 10:38 AM
ឥទ្ធិពលព្រះពុទ្ធសាសនាក្នុងសង្គមខ្មែរ

ដោយ៖ បណ្ឌិត ហែម ឡាច មន្ត្រីនាយកដ្ឋាននីតិសាស្ត្រ នៃវិទ្យាស្ថានមនុសាស្ត្រនិងវិទ្យាសង្គម រាជបណ្ឌិត្យសភាកម្ពុជាប្រជាជាតិខ្មែរជាជាតិសាសន៍មួយមានគ្រឹះ មានមូលដ្ឋានជាតិនិងលក្ខណៈជាតិច្បាស់លាស់ រឹងមាំជាងជាតិនានា...

2023-05-15 02:20:37   ថ្ងៃចន្ទ, 15 ឧសភា 2023 ម៉ោង 09:20 AM
អត្ថបទស្រាវជ្រាវ៖ «អេលីត និងទ្រឹស្តីអេលីត (Elite and Theories of Elite)» ដោយ៖ អ៊ុំ ប៉ុម

(បណ្ឌិត អ៊ុំ ប៉ុម ជំនួយការរាជបណ្ឌិត្យសភាកម្ពុជា)សេចក្តីផ្តើម នៅក្នុងសង្គមបច្ចុប្បន្ន មិនថាឡើយសង្គមនោះស្ថិតក្នុងលំហភូមិសាស្រ្តនៃប្រទេស ណាមួយនោះ ទេ ពួកអេលីតត្រូវបានគេទទួលស្គាល់ថាជាអ្នកដែលមានតួនាទី និងកា...

2023-05-11 11:18:20   ថ្ងៃព្រហស្បតិ៍, 11 ឧសភា 2023 ម៉ោង 06:18 PM
អត្ថបទស្រាវជ្រាវ៖ «ទស្សនៈនិងជំនឿតូតឹមនិយមរបស់ជនជាតិខ្មែរ (ទស្សនៈ និងជំនឿលើសត្វ)» ដោយ៖ ប៉ាន់ វុត្ថា

(បណ្ឌិត ប៉ាន់ វុត្ថា មន្រ្តីស្រាវជ្រាវនាយកដ្ឋានទស្សនវិជ្ជានិងសង្គមវិជ្ជា នៃវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម រាជបណ្ឌិត្យសភាកម្ពុជា)សេចក្តីផ្តើមជំនឿតូតឹម គឺជាជំនឿលើសត្វ និងជំនឿលើដើមឈើ តែក្ន...

2023-05-11 11:07:46   ថ្ងៃព្រហស្បតិ៍, 11 ឧសភា 2023 ម៉ោង 06:07 PM
អត្ថបទស្រាវជ្រាវ៖ «អំពីជំនឿខ្មែរ» (ភាគ១) ដោយ៖ ក្តាន់ ធុល

(បណ្ឌិត ក្តាន់ ធុល វិទ្យាស្ថានមនុសាស្ត្រនិងវិទ្យាសង្គម រាជបណ្ឌិត្យសភាកម្ពុជា)នៅក្នុងជីវភាពប្រចាំថ្ងៃ ជំនឿ គឺជាអាហារស្មារតីរបស់មនុស្ស ដែលគេត្រូវបរិភោគជារៀងរាល់ថ្ងៃ។ អាហារខ្លះមានរសជាតិពុលដែលធ្វើឱ្យប៉ះពា...

2023-05-11 10:52:40   ថ្ងៃព្រហស្បតិ៍, 11 ឧសភា 2023 ម៉ោង 05:52 PM

សេចក្តីប្រកាស