Royal Academy of Cambodia
ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ ក្នុងសាលប្រជុំសណ្ឋាគារ Empress Angkor ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា (RAC) និងឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត Goa Peiyong អនុប្រធានបណ្ឌិត្យសភាវិទ្យា សាស្រ្តសង្គមចិន (CASS) បានអញ្ជើញចុះអនុស្សារណៈយោគយល់លើកិច្ចសហប្រតិបត្តិការស្រាវជ្រាវជាន់ខ្ពស់ផ្នែកសង្គមគ្រប់ជ្រុងជ្រោយ ដើម្បីលើកកម្ពស់ការស្រាវជ្រាវនៅលើវិស័យអាទិភាពរវាងរាជបណ្ឌិត្យសភាកម្ពុជា (RAC) និងបណ្ឌិត្យសភាវិទ្យាសាស្រ្តសង្គមចិន (CASS)។
ពិធីអនុស្សារណៈយោគយល់លើកិច្ចសហប្រតិបត្តិការស្រាវជ្រាវជាន់ខ្ពស់ផ្នែកសង្គមគ្រប់ជ្រុងជ្រោយនេះ ប្រារព្ធឡើងនៅក្នុងវេទិកាកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ប្រចាំឆ្នាំលើកទី១ ស្តីពី ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ឆ្ពោះទៅសហគមន៍ដែលមានអនាគតរួមគ្នា៖ យើងរីកចម្រើនទាំងអស់គ្នា។
នៅក្នុងពិធីចុះអនុស្សារណៈយោគយល់នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា (RAC) បានមានប្រសាសន៍លើកឡើងថា ការចុះអនុស្សារណៈយោគយល់រវាងស្ថាប័នសិក្សា ស្រាវជ្រាវជាន់ខ្ពស់ទាំងពីរ កម្ពុជា-ចិន នឹងជំរុញកិច្ចសហប្រតិបត្តិការស្រាវជ្រាវរួមគ្នា ជាពិសេសគឺ ការបកប្រែឯកសារច្បាប់ខ្មែរពីភាសាខ្មែរទៅជាភាសាចិន ដើម្បីឱ្យអ្នកវិនិយោគចិនយល់ច្បាប់កម្ពុជាកាន់តែច្បាស់ ដើម្បីជំរុញការវិនិយោគចូលរួមចំណែកធ្វើឱ្យការអភិវឌ្ឍប្រទេសទាំងពីរប្រកបដោយនិរន្តរភាព និងគ្រប់ជ្រុងជ្រោយ។
ឯកឧត្តមបណ្ឌិតសភាចារ្យជឿជាក់យ៉ាងមុតមាំថា ការចុះអនុស្សារណៈយោគយល់នាពេលនេះនឹងស្វែងរកធាតុចូលសំខាន់ៗជាអាទិភាពបន្ថែមទៀតជូនរដ្ឋាភិបាលប្រទេសទាំងពីរ ទៅថ្ងៃអនាគត។
ជាមួយនេះ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត Goa Peiyong អនុប្រធានបណ្ឌិត្យសភាវិទ្យាសាស្រ្ត សង្គមចិន (CASS) បានមានប្រសាសន៍ថ្លែងអំណរគុណឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច និងសហការីដែលបានទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិនយ៉ាងល្អប្រសើរ។
ទន្ទឹមនេះ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត Goa Peiyong បានជម្រាបជូនឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ថា ការចុះអនុស្សារណៈយោគយល់រវាងរាជបណ្ឌិត្យសភាកម្ពុជា និងបណ្ឌិត្យសភាវិទ្យាសាស្រ្តសង្គមចិន (CASS) នាពេលនេះ នឹងជំរុញកិច្ចសហប្រតិបត្តិការស្រាវជ្រាវគ្រប់ជ្រុងជ្រោយរួមគ្នា ក្នុងនោះ រួមមាន ការផ្លាស់ប្តូរទស្សនកិច្ចសិក្សារវាងមន្ត្រីស្រាវជ្រាវស្ថាប័នទាំងពីរ និងការរៀបចំគម្រោងស្រាវជ្រាវវិទ្យាសាស្ត្រជាអាទិភាពនានាដែលចូលរួមចំណែកអភិវឌ្ឍប្រទេសទាំងពីរឱ្យកាន់ប្រសើរឡើង។
ឆ្លៀតឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត Goa Peiyong បានអញ្ជើញឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ទៅទស្សនកិច្ចស្វែងយល់អំពី បណ្ឌិត្យសភាវិទ្យាសាស្រ្តសង្គមចិន (CASS) ដោយផ្ទាល់នៅឆ្នាំ២០២០ ខាងមុខ។
សូមជ្រាបជូន វេទិកាកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ប្រចាំឆ្នាំលើកទី១ ស្តីពី ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ឆ្ពោះទៅសហគមន៍ដែលមានអនាគតរួមគ្នា៖ យើងរីកចម្រើនទាំងអស់គ្នា រៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៦-៨ ខែធ្នូ ឆ្នាំ២០១៩។ វេទិកាកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ប្រចាំឆ្នាំលើកទី១នេះ រៀបចំឡើងក្នុងគោលបំណងផ្តល់ឱកាសដល់អ្នកស្រាវជ្រាវជាន់ខ្ពស់កម្ពុជា ចិន និងអាស៊ាន ជួបពិភាក្សាគ្នាលើប្រធានបទសកល ដើម្បីស្វែងរក និងផ្តល់ធាតុចូលជូនរដ្ឋាភិបាល។
ប្រធានបទសំខាន់ៗចំនួន៣ ត្រូវបានដាក់លើតុពិភាក្សា រួមមាន៖
- កិច្ចសហប្រតិបត្តិការនយោបាយ និងសន្តិសុខកម្ពុជា-ចិន
- កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-ចិន
- ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការសង្គម វប្បធម៌កម្ពុជា-ចិន៕
ដោយការស្រឡាញ់ និងចូលចិត្តប្រទេសកម្ពុជា លោក Love Englund នាយកក្រុមហ៊ុន The Room Design Studio និងក្រុមគ្រួសារ បានចូលមករស់នៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០១៤ និងបានធ្វើដំណើរទៅកាន់ខេត្តជាច្រើនក្នុងព្រះរា...
កាលពីថ្ងៃអង្គារ ១១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបន្តដឹកនាំប្រជុំពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទគណ:កម្មការអក្សរសិល្ប៍ បានច...
ភ្នំពេញ៖ ប្រទេសកម្ពុជា ត្រូវបានគេមើលឃើញថា ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយមួយរបស់ចិន ដែលទំនាក់ទំនងនេះ ត្រូវបានគេមើលឃើញយ៉ាងច្បាស់ក្នុងរូបភាពកិច្ចសហប្រតិបត្តិការនយោបាយ សេដ្ឋកិច្ច និងផលប្រយោជន៍ភូមិសាស្ត...
ភ្នំពេញ៖ «ប្រទេសកម្ពុជាទទួលបានការវិនិយោគពីចិនក្នុងទំហំ ច្រើនជាងអាម៉េរិក ហេតុនេះហើយទើបបានជាកម្ពុជាងាកទៅ រកចិន» នេះជាការលើកឡើងរបស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជានៅក្នុងកិច្ចពិ...
ពិធីសម្ពោធវិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១ ក្រោមអធិបតីភាព ព្រះបាទសម្តេចស៊ីសុវត្ថិ សូមរំឭកថា ពិធីសម្ពោធវិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១ បានប្រព្រឹត្តទៅនៅក្រុងភ្នំពេញ រយៈពេល៣ថ្ងៃ...
បច្ចេកសព្ទចំនួន១០ ត្រូវបានអនុម័ត នៅក្នុងសប្តាហ៍ទី៣ ក្នុងខែមេសា ឆ្នាំ២០១៩នេះ រួមមាន៖-បច្ចេកសព្ទគណៈ កម្មការអក្សរសិល្ប៍ ចំនួន០៣ ត្រូវបានអនុម័ត ដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ កាលពីថ្ងៃអង្គារ ៤រោច ខែចេត្រ...