ព័ត៌មាន

ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ដឹកនាំក្រុមការងារជំនាញចុះសិក្សាស្រាវជ្រាវគម្រោងស្ដីពី «អត្តសញ្ញាណព្រះបាទជ័យវរ្ម័នទី៧» ដោយ៖ តាកេត ស័កដា

2020-01-16 04:10:44 ថ្ងៃព្រហស្បតិ៍, 16 មករា 2020 ម៉ោង 11:10 AM
អ្នកមើល 8409
post_detail

សៀមរាប៖ ថ្ងៃពុធ ៦រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំមន្រ្តីជំនាញផ្នែកប្រវត្តិសាស្ត្រ បុរាណវត្ថុវិទ្យា និងវប្បធម៌វិទ្យាដែលមានលោកបណ្ឌិត ផុន កសិកា, លោក លោក សួ ប៉ុណ្ណារ៉ាត់, លោក រឿន ភារុន, លោកស្រី ម៉ិល វាសនា និង កញ្ញា តាកេត ស័កដា ចុះសិក្សាស្រាវជ្រាវគម្រោងស្ដីពី «អត្តសញ្ញាណបដិមាទោល ព្រះបាទជ័យវរ្ម័ន​ទី៧» នៅបណ្ដាប្រាសាទមួយនៅក្នុងតំបន់អង្គរ ខេត្តសៀមរាប ជាពិសេសនៅប្រាសាទបាយ័ន ក្នុងគោលបំណងសិក្សា​ស្វែងយល់បន្ថែមពីព្រះបាទជ័យវរ្ម័នទី៧, សិក្សាកំណត់អត្តសញ្ញាណជាក់លាក់នៃចម្លាក់រូបព្រះបាទជ័យវរ្ម័ន​ទី៧ ដែលឆ្លាក់នៅលើថែវប្រាសាទបាយ័ន ដើម្បីឈានទៅសិតបដិមាទោលព្រះបាទជ័យវរ្ម័នទី៧ ធ្វើពីស្ពាន់។

គម្រោង​ស្រាវជ្រាវនេះនឹងសិក្សាលើរូបចម្លាក់ព្រះបាទជ័យវរ្ម័នទី៧ ដោយថតរូប និងចុះបញ្ជីចម្លាក់រូបទាំងឡាយដែលសង្ស័យថាជារូបចម្លាក់របស់ព្រះបាទជ័យវរ្ម័នទី៧។ ការសិក្សាស្រាវជ្រាវនេះក៏បានធ្វើកិច្ចសហការជាមួយស្ថាប័ន​ជាតិដូចគ្នា គឺអាជ្ញាធរអប្សរា ដើម្បីសិក្សារួមគ្នា ចែករំលែកបទពិសោធគ្នាទៅវិញទៅមកក្នុងការពង្រឹងនិងពង្រីកវិស័យស្រាវជ្រាវខ្មែរឱ្យរឹងមាំ និងមានគុណភាពតាមបែបវិទ្យាសាស្ត្រសម័យបច្ចុប្បន្ន។

ព្រះបាទជ័យវរ្ម័នទី៧គឺជាព្រះរាជាខ្មែរមួយអង្គគ្រងរាជ្យក្នុងសម័យអង្គរ មានកិត្តិសព្ទល្បីល្បាញ ជាស្ដេចចក្រក្រវាល មានអំណាចធំធេង គ្រប់គ្រងដែនដីដ៏មហាសាលនៃអាណាចក្រមួយឈ្មោះថា «អាណាចក្រអង្គរ»។ ព្រះអង្គបានសោយរាជ្យចាប់ឆ្នាំ១១៨១ ដល់ ១២១៨ ដែលក្នុងពេលនោះ ព្រះអង្គបានកសាងអភិវឌ្ឍជាតិផង និងធ្វើ​សង្គ្រាម​​ពង្រីកទឹកដីផង។ ស្នាដៃរបស់ព្រះអង្គមានច្រើនសន្ធឹកសន្ធាប់ដូចជា ការសាងសង់ប្រាសាទធំៗជាច្រើនក្នុងតំបន់អង្គរ និងតាមបណ្ដាខេត្តនានាជាច្រើនទៀត (នេះបើយោងតាមរយៈសិលាចារឹកប្រាសាទភិមានអាកាស ប្រាសាទព្រះខ័ន ប្រាសាទតាព្រហ្ម ប្រាសាទបន្ទាយឆ្មារ បានចាររៀបរាប់ពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាច្រើនទាក់ទងនឹងព្រះ​អង្គ)។

អ្នកស្រាវជ្រាវខ្លះបានសន្និដ្ឋានថា ថ្មប្រាសាទដែលយកមកសាងសង់ប្រាសាទក្នុងរាជ្យរបស់ព្រះអង្គតែមួយអង្គ​ឯងសោះមានចំនួនច្រើនជាងថ្មប្រាសាទដែលយកមកសង់ប្រាសាទក្នុងរាជស្ដេចផ្សេងៗសរុបចូលគ្នាក្នុងប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា។ ក្រៅពីប្រាសាទ ព្រះអង្គក៏បានកសាងផ្លូវធំៗចំនួន៥ខ្សែដើម្បីភ្ជាប់រាជធានីអង្គរទៅបណ្ដាខេត្តផ្សេងៗ និងកសាងសាលាដំណាក់ មន្ទីរពេទ្យសម្រាប់ប្រជានុរាស្ត្របានប្រើប្រាស់ និងពឹងអាស្រ័យផង។ តាមរយៈសិលាចារឹក និងចម្លាក់នៅតាមជញ្ជាំងប្រាសាទបានឱ្យដឹងថា ព្រះអង្គគោរពប្រតិបត្តិព្រះពុទ្ធសាសនាយ៉ាងខ្ជាប់ខ្ជួន។

ក្នុងរាជ្យរបស់ព្រះបាទជ័យវរ្ម័នទី៧ ក៏មានការសាងរូបស្នងធ្វើពីថ្មភក់។ ក្នុងរាជ្យស្ដេចមុនៗ ពោលគឺចាប់ពីសត​វត្ស​ទី៩មក គេប្រទះឃើញបដិមារូបទេពដែលមនុស្សម្នាគោរព ដោយសន្មតថាជាក្ខន្ធ ឬវិញ្ញាណបុគ្គលណាមួយស្ថិតនៅរលាយចូលគ្នានឹងវិញ្ញាណនៃទេពជាម្ចាស់រូបនោះ ប៉ុន្តែបដិមាទាំងនោះ គេពុំឆ្លាក់ឡើងក្នុងបំណងធ្វើរូបរាងមុខមាត់ឱ្យដូចបុគ្គលដែលខ្លួនស្នងនោះឡើយ។ បដិមានិមួយៗស្នងទេពណាមួយនៃសាសនាឥណ្ឌា ដែលគេសន្មតថាបុគ្គលនោះភ្ជាប់ខន្ធទៅជាមួយ។

សិលាចារឹកភិមានអាកាសដែលនិពន្ធដោយព្រះអគ្គមហេសីឥន្ទ្រទេវីបានឱ្យដឹងថា ព្រះនាងជ័យរាជទេវីដែលត្រូវជាព្រះអនុជ ហើយធ្លាប់ជាព្រះអគ្គមហេសីមុននោះ បាន «សាងតាមគ្រប់ទីកន្លែងនូវបដិមាព្រះបិតា, ព្រះមាតា ព្រះអនុជ, មិត្តសម្លាញ់, សាច់សារលោហិត, ញាតិសណ្ដានជិតឆ្ងាយដែលព្រះនាងស្គាល់ ឬមួយគ្រាន់តែធ្លាប់លឺឈ្មោះ»។ ក្នុងសិលាចារឹកភិមានអាកាសដដែលបានចារទៀតថា ព្រះនាងឥន្ទ្រទេវី «បានសាងព្រះរូបជាច្រើននៃព្រះនាងជ័យរាជទេវី (ជាព្រះអនុជ) ព្រមដោយព្រះរូបព្រះរាជាផង តម្កល់នៅគ្រប់បុរីនានា»។ ស្លោកនេះបង្ហាញថា មានការសាងបដិមាជាច្រើនក្នុងរាជ្យរបស់ព្រះអង្គ។

រហូតមកដល់ពេលនេះ គេបានរកឃើញរូបបដិមាចំនួន៤ដែលរូបស្នងរបស់ព្រះបាទជ័យវរ្ម័នទី៧ ដែលក្នុងនោះ មានរូបមួយកំពុងតាំងនៅក្នុងសារមន្ទីរជាតិភ្នំពេញ។ សណ្ឋាននៃបដិមានេះមានទំហំធំជាងធម្មជាតិ រាងក្រអាញ មានសាច់បន្ដិច អង្គុយពែនភ្នែននៅលើបល្ល័ង្កមូលមួយដែលមិនខាត់សម្អាតឱ្យរលីង, លែងខ្លួនទទេ ហើយឈ្ងោកទៅមុខបន្តិច, ឯចង្កាក៏សំយុងបន្តិចមករកទ្រូង។ រូបនេះស្ថិតក្នុងឥរិយាបថប្រណម្យ ឬមួយក៏ឥរិយាបទនៃយោគីម្នាក់ដែលកំពុងស្មឹងស្មាធិ៍។ នេះគឺដោយសារគេបានរកឃើញភស្ដុតាងបង្ហាញជាបដិមាស្នងព្រះបាទជ័យវរ្ម័នទី៧ ទើបបច្ចុប្បន្ននេះ យើងឃើញមានការឆ្លាក់រូបព្រះអង្គក្នុងរូបទម្រង់បែបនេះជាច្រើនក្នុងប្រទេស មានទាំងរូបធ្វើពីថ្ម លោហៈ និង​ឈើជាដើម។

បើយើងពិនិត្យមើលចម្លាក់នៅតាមជញ្ជាំងប្រាសាទបាយ័ន និងប្រាសាទបន្ទាយឆ្មារ យើងឃើញមានឆ្លាក់រូបជាច្រើនដែលបង្ហាញពីព្រះរាជាមួយអង្គគង់លើដំរី ដៃកាន់ព្រួញ កាន់ព្រះខ័ឌ្គ កំពុងប្រយុទ្ធ ឬដឹកនាំទ័ពចេញទៅធ្វើសឹក សង្គ្រាម។ បដិមាក្នុងទម្រង់បែបនេះគឺប្រហែលជាព្រះបាទជ័យវរ្ម័នទី៧ដែរ។ ប៉ុន្តែទោះជាយ៉ាងណា យើងត្រូវការសិក្សានិងរកទិន្នន័យបញ្ជាក់ឱ្យកាន់តែច្បាស់លាស់បន្ថែមទៀត។

RAC Media | កញ្ញា តាកេត ស័កដា


អត្ថបទទាក់ទង

សៀវភៅ តក្កវិទ្យា (Logic) ដោយ៖ លោក យឹម អាយុវឌ្ឍនៈវិជ្ជា- វិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃរាជបណ្ឌិត្យសភាកម្ពុជា

ការរីកចម្រើននៃបច្ចេកវិទ្យា តម្រូវឱ្យមនុស្សខិតខំស្វែងរក នូវចំណេះដឹងថ្មីៗ ដើម្បីគ្រប់គ្រងនិងប្រើប្រាស់នូវបច្ចេកវិទ្យាទាំង អស់នោះឱ្យបានប្រសើរឡើង។ ក្នុងនោះដែរ មុខជំនាញគណិតវិទ្យា ដើរតួនាទីយ៉ាងសំខាន់នៅក្នុង...

2022-02-25 11:56:21   ថ្ងៃសុក្រ, 25 កុម្ភៈ 2022 ម៉ោង 06:56 PM
''ការអប់រំ និងសុខភាព'' ដោយ៖ បណ្ឌិត សូ សុធីរ-មន្ត្រីស្រាវជ្រាវនាយកដ្ឋានវិទ្យាសាស្ត្រអប់រំនៃវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម-(២៤-២-២០២២)

...

2022-02-24 05:38:16   ថ្ងៃព្រហស្បតិ៍, 24 កុម្ភៈ 2022 ម៉ោង 12:38 PM
បទវិចារណកថា៖ ចិននៅក្នុងបរិបទសម្ព័ន្ធភាពត្រីភាគី AUKUS ដោយ៖ លោក ផាញ់ សារឿន, មន្ត្រីវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2022-02-23 14:41:40   ថ្ងៃពុធ, 23 កុម្ភៈ 2022 ម៉ោង 09:41 PM
អត្ថបទអ្នកនិពន្ធ នូ ហាច ដោយ៖លោក ឃិន យ៉ង់- នាយកដ្ឋានកិច្ចការទូទៅនៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា- (២០-២-២០២២)

...

2022-02-20 05:42:43   ថ្ងៃអាទិត្យ, 20 កុម្ភៈ 2022 ម៉ោង 12:42 PM
អត្ថបទស្រាវជ្រាវ ស្ដីពី ផ្ទះប្រពៃណីរបស់ជនជាតិដើមភាគតិចព្នង ដោយ៖ ម៉ិល វាសនា មន្ត្រីស្រាវជ្រាវវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានវប្បធម៌និងវិចិត្រស...

2022-02-18 09:18:52   ថ្ងៃសុក្រ, 18 កុម្ភៈ 2022 ម៉ោង 04:18 PM
ប្រវត្តិស្ថាននាម បឹងទន្លេសាប និងទន្លេសាប ដោយ៖ បណ្ឌិត ជិន សុជាតិ មន្រ្តីស្រាវជ្រាវផ្នែកប្រវត្តិសាស្រ្ត នៃវិទ្យាស្ថានសិក្សាចិន

ប្រភព ៖ ផ្ទាំងគំនូរនៃអគារខេមរវិទូ(រាជបណ្ឌិត្យសភាកម្ពុជា)តាមការសិក្សាលើប្រវត្តិនៃកម្ពស់នីវូសមុទ្រ យើងអាចទាញការសន្និដ្ឋានថា ក្នុងកំលុង៥០០០ឆ្នាំមុន បច្ចុប្បន្ន តំបន់ទំនាបកណ្តាលនៃប្រទេសកម្ពុជា រួមទាំងបឹងទ...

2022-02-10 15:40:34   ថ្ងៃព្រហស្បតិ៍, 10 កុម្ភៈ 2022 ម៉ោង 10:40 PM

សេចក្តីប្រកាស