Royal Academy of Cambodia
ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នេះ នៅវេលាម៉ោង ១០:០០ ព្រឹក នៅវិមានមិត្តភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានដឹកនាំគណៈប្រតិភូនៃរាជបណ្ឌិត្យសភាកម្ពុជា អញ្ជើញចូលចួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដើម្បីជជែកពិភាក្សា និងស្នើសុំការគាំទ្រលើការលក់ផលិតផលទឹកដោះគោស្រស់ តេជោសែនឫស្សីត្រឹប។
ក្នុងជំនួបពិភាក្សានាព្រឹកនេះ មានការអញ្ជើញចូលរួមពីឯកឧត្ដមនាយកខុទ្ទកាល័យឯកឧត្ដមឧបនាយករដ្ឋមន្ត្រី, ឯកឧត្ដម សូត្រ សំណាង អគ្គលេខាធិការរងនិងជាប្រធានឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែន ឫស្សីត្រឹប, ឯកឧត្ដម នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម នៃរាជបណ្ឌិត្យសភាកម្ពុជា និងប្រតិភូក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ។
ក្នុងឱកាសនៃជំនួបនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានផ្ដល់ការគាំទ្រ និងថ្លែងកោតសរសើរខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការលះបង់របស់ឯកឧត្ដមបណ្ឌិតសភាចារ្យ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា នៅក្នុងគម្រោងចិញ្ចឹមគោទឹកដោះ សម្រាប់ចងក្រងទុកជាឯកសារ និងដើម្បីផ្ដល់បច្ចេកទេសចិញ្ចឹមគោទឹកដោះជូនដល់ប្រជាពលរដ្ឋ ក្នុងគោលបំណងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា ដែលកិច្ចការងារនេះ បើតាមឯកឧត្ដមឧបនាយករដ្ឋមន្ត្រី គឺទាមទារឱ្យមានការតាំងចិត្ត និងការប្ដេជ្ញាចិត្តខ្ពស់ ដើម្បីបំពេញកិច្ចការដ៏សំខាន់មួយនេះ។
បន្ថែមពីលើនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានគូសបញ្ជាក់អំពីការគាំទ្ររបស់ឯកឧត្ដម ចំពោះផលិតផលទឹកដោះគោតេជោសែនឫស្សីត្រឹប នៅក្នុងក្របខណ្ឌនៃ «ចលនាភូមិមួយ ផលិតផលមួយ» ផងដែរ។ លើសពីនេះទៅទៀត ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញឯកឧត្ដមបណ្ឌិតសភាចារ្យ ប្រធានរាជបណ្ឌិត្យសភាកម្ពុជាចូលរួមកម្មវិធីស្ដីពីអាហារូបត្ថម្ភនៃកម្មវិធីស្បៀងអាហារពិភពលោក ដើម្បីធ្វើបទបង្ហាញអំពីដំណើរការនៃការចិញ្ចឹមគោទឹកដោះ នៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប។
ជាមួយគ្នានេះដែរ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានជំរុញលើកទឹកចិត្តបន្ថែមទៀត ដល់រាជបណ្ឌិត្យសភាកម្ពុជាក្នុងការបន្តដំណើរការកែច្នៃផលិតផលទឹកដោះគោក្នុងស្រុកនេះ ឱ្យក្លាយទៅជាផលិតផលសម្រេចដទៃផ្សេងទៀត ដើម្បីធ្វើពិពិធកម្មផលិតផលក្នុងស្រុកដែលសម្រេចបានស្រាប់៕
RAC Media | លឹម សុវណ្ណរិទ្ធ
រាជបណ្ឌិត្យសភាកម្ពុជា បាននឹងកំពុងយកអភិក្រមទាំង៥ មកអនុវត្ដនៅក្នុងស្ថាប័នរបស់ខ្លួនដើម្បីជំរុញកំណើនការងារ សមធម៌ និងប្រសិទ្ធភាពការងាររបស់មន្ដ្រីរាជការនានា។ សំខាន់ គឺដើម្បីជំរុញឱ្យស្ថាប័នមានការអភិវឌ្ឍ ក៏ដូ...
«...ផ្នែកបុរាណវិទ្យា ផ្នែកវប្បធម៌ត្រូវចាប់ដៃកិច្ចសហការជាមួយផ្នែកសិល្បៈ ដើម្បីរៀបចំការសម្តែងសិល្បៈ ក្នុងការផ្សព្វផ្សាយនូវស្នាដៃរបស់ខ្លួន នេះមានន័យថា អ្វីដែលផ្នែកបុរាណវិទ្យាបានកកាយរកឃើញនៅតាមទីទួលបុរាណរួ...
ពិធីបំពាក់គ្រឿងឥស្សរិយយសជូនដល់សមាជិកក្រុមប្រឹក្សាស្តង់ដាជាតិ និងគណៈកម្មការបច្ចេកទេសដែលមានស្នាដៃឆ្នើមក្នុងការអភិវឌ្ឍស្តង់ដាជាតិ ត្រូវបានប្រារព្ធឡើងនាព្រឹកថ្ងៃចន្ទ ៨រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស...
នៅថ្ងៃសុក្រ ៥រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែសីហាឆ្នាំ២០១៨ គណៈប្រតិភូរបស់រាជបណ្ឌិត្យ សភាកម្ពុជា ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច អមដំណើរដោយឯកឧត្តមបណ្ឌិតសភាច...