ព័ត៌មាន

«រាជបណ្ឌិត្យសភាកម្ពុជា និង NRCកូរ៉េនឹងសហការរួមគ្នារៀបចំគម្រោងស្រាវជ្រាវស្តីពី ការរៀបចំយុទ្ធសាស្ត្រនិងគោលនយោបាយជាតិកម្ពុជា»

2020-02-11 02:39:04 ថ្ងៃអង្គារ, 11 កុម្ភៈ 2020 ម៉ោង 09:39 AM
អ្នកមើល 6872
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នារសៀលថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សាជាតិសម្រាប់សេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គមនៃសាធារណរដ្ឋកូរ៉េ (NRC) ដែលជាស្ថាប័នស្ថិតក្រោមនាយករដ្ឋមន្ត្រីសាធារណរដ្ឋកូរ៉េដោយផ្ទាល់ ដើម្បីពិភាក្សាលើគម្រោងសកម្មភាពសហប្រតិបត្តិការ ស្តីពី ការរៀបចំយុទ្ធសាស្ត្រនិងគោលនយោបាយជាតិកម្ពុជា (Cambodia’s National Strategy and Policy Development) សម្រាប់រយៈពេល០៥ឆ្នាំ (ឆ្នាំ២០២១-២០២៥)។

ជំនួបពិភាក្សាការងារដែលបានប្រព្រឹត្តឡើងក្នុងសាលប្រជុំអគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជានាពេលនេះមានគោលបំណងគាំទ្រការកសាងយុទ្ធសាស្ត្រជាតិនិងកសាងសមត្ថភាពស្រាវជ្រាវគោលនយោបាយរបស់រាជបណ្ឌិត្យសភាកម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជាតាមរយៈការលើកកម្ពស់សមត្ថភាពស្រាវជ្រាវគោលនយោបាយនិងបង្កើតយុទ្ធសាស្ត្រអភិវឌ្ឍរយៈពេលវែងនិងរយៈពេលមធ្យម។

នៅក្នុងឱកាសជំនួបពិភាក្សាការងារនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ស្វាគមន៍គណៈប្រតិភូក្រុមប្រឹក្សាជាតិសម្រាប់សេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គមនៃសាធារណរដ្ឋកូរ៉េ (NRC)ដែលដឹកនាំដោយបណ្ឌិត Youn Doo Sup ប្រធាននាយកដ្ឋានស្រាវជ្រាវ និងរៀបចំផែនការ នៃ NRC។

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ថា រាជបណ្ឌិត្យសភាកម្ពុជានិងក្រុមប្រឹក្សាជាតិសម្រាប់សេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គមនៃសាធារណរដ្ឋកូរ៉េ (NRC) គឺជាស្ថាប័នដែលផ្តល់ធាតុចូលជូនប្រមុខរដ្ឋាភិបាលដោយផ្ទាល់ដូចគ្នា ដូចនេះក្នុងនាមអ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់របស់ជាតិ ស្ថាប័នទាំងពីរអាចសហការគ្នារៀបចំគម្រោងស្រាវជ្រាវលើវិស័យអាទិភាពនានា ដើម្បីអភិវឌ្ឍជាតិឱ្យកាន់តែរីកចម្រើន និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននិងស្ថាប័ន រដ្ឋនិងរដ្ឋ ប្រជាជន និងប្រជាជនប្រទេសទាំងពីរ។

ឯកឧត្តមបណ្ឌិតសភាចារ្យបានមានប្រសាសន៍បន្ថែមថា រាជបណ្ឌិត្យសភាកម្ពុជាមានបេសកកម្មគ្រប់គ្រងនិងពង្រីកការស្រាវជ្រាវវិទ្យាសាស្រ្តលើគ្រប់វិស័យ ហើយអាចធ្វើកិច្ចសហប្រតិបត្តិការលើផ្នែកស្រាវជ្រាវជាមួយក្រសួង ស្ថាប័ន អង្គការជាតិ និងអន្តរជាតិ ព្រមទាំងដៃគូអភិវឌ្ឍនានាដែលមានគោលបំណងដូចគ្នា។

ជាមួយនេះ បណ្ឌិត Youn Doo Sup បានមានប្រសាសន៍ថ្លែងអំណរគុណថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជាដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅគណៈប្រតិភូ NRC នាឱកាសនេះ។ តំណាងគណៈប្រតិភូ NRC បណ្ឌិត Youn Doo Sup បានមានប្រសាសន៍លើកឡើងថា គណៈប្រតិភូ NRC មកទស្សនកិច្ចនាពេលនេះ មានបំណងជួបពិភាក្សាកិច្ចសហប្រតិបត្តិការការងារស្តីពី ការរៀបចំយុទ្ធសាស្ត្រនិងគោលនយោបាយជាតិកម្ពុជា (Cambodia’s National Strategy and Policy Development) សម្រាប់រយៈពេល០៥ឆ្នាំ (ឆ្នាំ២០២១-២០២៥) លម្អិតបន្ថែមទៀត។

សូមជម្រាបជូនថា រាជបណ្ឌិត្យសភាកម្ពុជានិងក្រុមប្រឹក្សាជាតិសម្រាប់សេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គមនៃសាធារណរដ្ឋកូរ៉េបានរៀបចំរួចហើយនូវឯកសារសនិទាននៃគម្រោងនេះ និងគ្រោងដាក់ស្នើសុំថវិកាអនុវត្តគម្រោង ដែលជាជំនួយអភិវឌ្ឍន៍ក្រៅប្រទេស (ODA) ទៅកាន់ក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េដោយក្រុមប្រឹក្សាជាតិសម្រាប់សេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គមនៃសាធារណរដ្ឋកូរ៉េ នៅដើមខែមីនា ឆ្នាំ២០២០នេះ ដែលគ្រោងស្នើសុំថវិកាប្រមាណ ១៥លានដុល្លារ។ គម្រោងនេះ រួមមាន៖ ការបណ្តុះបណ្តាលសមត្ថភាព ការរៀបចំគម្រោង និងការរៀបចំសិក្ខាសាលាបង្ហាញរបកគំហើញនៃការស្រាជ្រាវ។ ដើម្បីទទួលបាននូវធាតុចូលគ្រប់ជ្រុងជ្រោយ រាជបណ្ឌិត្យសភាកម្ពុជាក៏នឹងអញ្ជើញតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើឯកសារខាងលើ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ នៅរាជបណ្ឌិត្យសភាកម្ពុជា៕

RAC Media | រឿន ភារុន


អត្ថបទទាក់ទង

តើអំពើពុករលួយ ក្លាយជាឧបសគ្គដល់ការអភិវឌ្ឍជាតិយ៉ាងដូចម្ដេច?

ដោយ៖ លឹម សុវណ្ណរិទ្ធ           អំពើពុករលួយ គឺជាការប្រើប្រាស់អំណាច ឥទ្ធិពល ឬតួនាទីដោយមន្ត្រីរដ្ឋ អ្នក​នយោបាយ ឬមន្ត្រីរាជការសាធារណៈ នៅក្នុងការបំពេញមុខនាទីរប...

2024-10-11 09:05:25   ថ្ងៃសុក្រ, 11 តុលា 2024 ម៉ោង 04:05 PM
ការព្រួយបារម្ភរបស់ថៃ ចំពោះមូលដ្ឋានទ័ពជើងទឹករាម ជាការសម្ដែងការព្រួយបារម្ភបង្កប់ដោយល្បិចនយោបាយ និងរបៀបវារៈភូមិសាស្ត្រនយោបាយ

ដោយ៖ បណ្ឌិត គិន ភា កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានថៃឈ្មោះ Pattaya Mail បានចុះផ្សាយថា ប្រទេសថៃកំពុងតែព្រួយបារម្ភខ្លាំងចំពោះការពង្រឹងឥទ្ធិពលដែនសមុទ្ររបស់ចិន ពិសេសការប្រើប្រាស់មូលដ្ឋានទ័ពរាមរបស...

2024-10-10 14:59:42   ថ្ងៃព្រហស្បតិ៍, 10 តុលា 2024 ម៉ោង 09:59 PM
«យើងត្រូវបង្រៀនយុវជនខ្មែរ ឱ្យជឿជាក់លើសមត្ថភាពខ្លួនឯង ទើបរឹងមាំ»

មេរៀនក្នុងសង្គមបច្ចុប្បន្ន ក៏ដូចជាមេរៀនពីអតីតកាល នៅពេលប្រជាជនជឿងប់ងល់នឹងបារមី កម្លាំងអមនុស្ស ឬអប្បិយជំនឿនោះនាំឱ្យមនុស្សទន់ខ្សោយ រដ្ឋទន់ខ្សោយ។ សម័យអាណានិគមនិយមបារាំង សម័យកាលផ្សេងទៀត ល្បីថាមានជំនឿកាប់មិ...

2024-10-08 08:45:17   ថ្ងៃអង្គារ, 08 តុលា 2024 ម៉ោង 03:45 PM
«អង្គកឋិនទាន មហាសាមគ្គីគ្រួសារខ្មែរ» ទៅកាន់វត្តខ្មែរនៅកម្ពុជាក្រោម ផ្អែកទៅលើទិដ្ឋភាពស្មារតីឈាមជ័រនៃប្រជាជាតិខ្មែរតែមួយ

ដោយ៖ បណ្ឌិត យង់ ពៅ ការដង្ហែរអង្គកឋិនទានទៅកាន់វត្តខ្មែរកម្ពុជាក្រោម ដែលប្រកាសដោយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលគ្រោងនឹងដង្ហែរទៅដល់កម្ពុជាក្រោម នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នា...

2024-10-08 03:13:15   ថ្ងៃអង្គារ, 08 តុលា 2024 ម៉ោង 10:13 AM
សំណើចរង្វាន់ស្រា ប្រហារសុខភាពប្រជា?

ដោយ៖ លឹម សុវណ្ណរិទ្ធ នៅក្នុងរយៈពេលចុងក្រោយថ្មីៗនេះ គេឃើញក្រុមហ៊ុនស្រាបៀរនៅកម្ពុជា​បាន​កំណត់ចេញនូវយុទ្ធសាស្ត្រទីផ្សារយ៉ាងរន្ថាន់ នៅក្នុងរូបភាពផ្ដល់ជារង្វាន់​ផ្សេងៗ​នៅ​ក្នុង​ក្រវិល​កំប៉ុងឬគម្របដបស្រាបៀ...

2024-09-27 03:28:50   ថ្ងៃសុក្រ, 27 កញ្ញា 2024 ម៉ោង 10:28 AM
ឯកឧត្តមបណ្ឌិតសភាចារ្យសុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា អញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងពិធីបើកសិក្ខាសាលាកសាងសមត្ថភាពស្តីពី « ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ នៅកម្ពុជា កូរ៉េ ឡាវ និងវៀតណាម »

  នាថ្ងៃព្រហស្បតិ៍ ៩រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមនិងសេដ្ឋកិច្ចឡាវ បានរៀបចំសិក្ខាសាលាកសាងសមត្ថភាព KEI-RAC-LASES-VASS ល...

2024-09-26 03:50:33   ថ្ងៃព្រហស្បតិ៍, 26 កញ្ញា 2024 ម៉ោង 10:50 AM

សេចក្តីប្រកាស