Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នារសៀលថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សាជាតិសម្រាប់សេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គមនៃសាធារណរដ្ឋកូរ៉េ (NRC) ដែលជាស្ថាប័នស្ថិតក្រោមនាយករដ្ឋមន្ត្រីសាធារណរដ្ឋកូរ៉េដោយផ្ទាល់ ដើម្បីពិភាក្សាលើគម្រោងសកម្មភាពសហប្រតិបត្តិការ ស្តីពី ការរៀបចំយុទ្ធសាស្ត្រនិងគោលនយោបាយជាតិកម្ពុជា (Cambodia’s National Strategy and Policy Development) សម្រាប់រយៈពេល០៥ឆ្នាំ (ឆ្នាំ២០២១-២០២៥)។
ជំនួបពិភាក្សាការងារដែលបានប្រព្រឹត្តឡើងក្នុងសាលប្រជុំអគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជានាពេលនេះមានគោលបំណងគាំទ្រការកសាងយុទ្ធសាស្ត្រជាតិនិងកសាងសមត្ថភាពស្រាវជ្រាវគោលនយោបាយរបស់រាជបណ្ឌិត្យសភាកម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជាតាមរយៈការលើកកម្ពស់សមត្ថភាពស្រាវជ្រាវគោលនយោបាយនិងបង្កើតយុទ្ធសាស្ត្រអភិវឌ្ឍរយៈពេលវែងនិងរយៈពេលមធ្យម។
នៅក្នុងឱកាសជំនួបពិភាក្សាការងារនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ស្វាគមន៍គណៈប្រតិភូក្រុមប្រឹក្សាជាតិសម្រាប់សេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គមនៃសាធារណរដ្ឋកូរ៉េ (NRC)ដែលដឹកនាំដោយបណ្ឌិត Youn Doo Sup ប្រធាននាយកដ្ឋានស្រាវជ្រាវ និងរៀបចំផែនការ នៃ NRC។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ថា រាជបណ្ឌិត្យសភាកម្ពុជានិងក្រុមប្រឹក្សាជាតិសម្រាប់សេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គមនៃសាធារណរដ្ឋកូរ៉េ (NRC) គឺជាស្ថាប័នដែលផ្តល់ធាតុចូលជូនប្រមុខរដ្ឋាភិបាលដោយផ្ទាល់ដូចគ្នា ដូចនេះក្នុងនាមអ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់របស់ជាតិ ស្ថាប័នទាំងពីរអាចសហការគ្នារៀបចំគម្រោងស្រាវជ្រាវលើវិស័យអាទិភាពនានា ដើម្បីអភិវឌ្ឍជាតិឱ្យកាន់តែរីកចម្រើន និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននិងស្ថាប័ន រដ្ឋនិងរដ្ឋ ប្រជាជន និងប្រជាជនប្រទេសទាំងពីរ។
ឯកឧត្តមបណ្ឌិតសភាចារ្យបានមានប្រសាសន៍បន្ថែមថា រាជបណ្ឌិត្យសភាកម្ពុជាមានបេសកកម្មគ្រប់គ្រងនិងពង្រីកការស្រាវជ្រាវវិទ្យាសាស្រ្តលើគ្រប់វិស័យ ហើយអាចធ្វើកិច្ចសហប្រតិបត្តិការលើផ្នែកស្រាវជ្រាវជាមួយក្រសួង ស្ថាប័ន អង្គការជាតិ និងអន្តរជាតិ ព្រមទាំងដៃគូអភិវឌ្ឍនានាដែលមានគោលបំណងដូចគ្នា។
ជាមួយនេះ បណ្ឌិត Youn Doo Sup បានមានប្រសាសន៍ថ្លែងអំណរគុណថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជាដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅគណៈប្រតិភូ NRC នាឱកាសនេះ។ តំណាងគណៈប្រតិភូ NRC បណ្ឌិត Youn Doo Sup បានមានប្រសាសន៍លើកឡើងថា គណៈប្រតិភូ NRC មកទស្សនកិច្ចនាពេលនេះ មានបំណងជួបពិភាក្សាកិច្ចសហប្រតិបត្តិការការងារស្តីពី ការរៀបចំយុទ្ធសាស្ត្រនិងគោលនយោបាយជាតិកម្ពុជា (Cambodia’s National Strategy and Policy Development) សម្រាប់រយៈពេល០៥ឆ្នាំ (ឆ្នាំ២០២១-២០២៥) លម្អិតបន្ថែមទៀត។
សូមជម្រាបជូនថា រាជបណ្ឌិត្យសភាកម្ពុជានិងក្រុមប្រឹក្សាជាតិសម្រាប់សេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គមនៃសាធារណរដ្ឋកូរ៉េបានរៀបចំរួចហើយនូវឯកសារសនិទាននៃគម្រោងនេះ និងគ្រោងដាក់ស្នើសុំថវិកាអនុវត្តគម្រោង ដែលជាជំនួយអភិវឌ្ឍន៍ក្រៅប្រទេស (ODA) ទៅកាន់ក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េដោយក្រុមប្រឹក្សាជាតិសម្រាប់សេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គមនៃសាធារណរដ្ឋកូរ៉េ នៅដើមខែមីនា ឆ្នាំ២០២០នេះ ដែលគ្រោងស្នើសុំថវិកាប្រមាណ ១៥លានដុល្លារ។ គម្រោងនេះ រួមមាន៖ ការបណ្តុះបណ្តាលសមត្ថភាព ការរៀបចំគម្រោង និងការរៀបចំសិក្ខាសាលាបង្ហាញរបកគំហើញនៃការស្រាជ្រាវ។ ដើម្បីទទួលបាននូវធាតុចូលគ្រប់ជ្រុងជ្រោយ រាជបណ្ឌិត្យសភាកម្ពុជាក៏នឹងអញ្ជើញតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើឯកសារខាងលើ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ នៅរាជបណ្ឌិត្យសភាកម្ពុជា៕
RAC Media | រឿន ភារុន
រាជបណ្ឌិត្យសភាកម្ពុជា បាននឹងកំពុងយកអភិក្រមទាំង៥ មកអនុវត្ដនៅក្នុងស្ថាប័នរបស់ខ្លួនដើម្បីជំរុញកំណើនការងារ សមធម៌ និងប្រសិទ្ធភាពការងាររបស់មន្ដ្រីរាជការនានា។ សំខាន់ គឺដើម្បីជំរុញឱ្យស្ថាប័នមានការអភិវឌ្ឍ ក៏ដូ...
«...ផ្នែកបុរាណវិទ្យា ផ្នែកវប្បធម៌ត្រូវចាប់ដៃកិច្ចសហការជាមួយផ្នែកសិល្បៈ ដើម្បីរៀបចំការសម្តែងសិល្បៈ ក្នុងការផ្សព្វផ្សាយនូវស្នាដៃរបស់ខ្លួន នេះមានន័យថា អ្វីដែលផ្នែកបុរាណវិទ្យាបានកកាយរកឃើញនៅតាមទីទួលបុរាណរួ...
ពិធីបំពាក់គ្រឿងឥស្សរិយយសជូនដល់សមាជិកក្រុមប្រឹក្សាស្តង់ដាជាតិ និងគណៈកម្មការបច្ចេកទេសដែលមានស្នាដៃឆ្នើមក្នុងការអភិវឌ្ឍស្តង់ដាជាតិ ត្រូវបានប្រារព្ធឡើងនាព្រឹកថ្ងៃចន្ទ ៨រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស...
នៅថ្ងៃសុក្រ ៥រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែសីហាឆ្នាំ២០១៨ គណៈប្រតិភូរបស់រាជបណ្ឌិត្យ សភាកម្ពុជា ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច អមដំណើរដោយឯកឧត្តមបណ្ឌិតសភាច...