ព័ត៌មាន

«ផលប្រយោជន៍ដែលកម្ពុជាអាចទទួលបានពីកិច្ចប្រជុំកំពូល ASEM» ដោយ៖ បណ្ឌិត កា ម៉ាធុល វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា

2020-03-16 03:04:12 ថ្ងៃចន្ទ, 16 មីនា 2020 ម៉ោង 10:04 AM
អ្នកមើល 7197
post_detail

កិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) គឺជាកិច្ចពិភាក្សានៃដំណើរការផ្លូវការមួយ និងកិច្ចសហប្រតិបត្តិការរវាងសមាជិកសហភាពអឺរ៉ុបទាំង៣០ប្រទេស និងអាស៊ីចំនួន២១ប្រទេស ព្រមទាំងលេខាធិការអាស៊ានផងដែរ។ កិច្ចពិភាក្សា ASEM លើកឡើងពីបញ្ហានយោបាយ សេដ្ឋកិច្ច និង វប្បធម៌ ជាមួយគោលបំណង នៃការលើកកម្ពស់ទំនាក់ទំនងរវាងតំបន់ទាំងពីរដោយឈរលើគោលបំណងនៃការគោរពគ្នាទៅវិញទៅមក និង ភាពជាដៃគូដោយស្មើសិទ្ធិគ្នា។

ASEM ត្រូវបានបើកកិច្ចប្រជុំជាលើកដំបូងកាលពីឆ្នាំ១៩៩៦ ក្នុងទីក្រុងបាងកក ប្រទេសថៃ ដោយមានការចូលពីប្រទេសចំនួន១៥ជាសមាជិកសហភាពអឺរ៉ុប និងប្រទេសសមាជិកអាស៊ានចំនួន៧ បូកថែមប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង និងស្នងការអឺរ៉ុបប៉ុណ្ណោះ។ នៅពេលនោះ អឺរ៉ុបបានទទួលស្គាល់ពីការអភិវឌ្ឍការលូតយ៉ាងរហ័ស និងសក្តានុពលនៅក្នុងតំបន់អាស៊ី និងចង់ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ តាមរយៈការពង្រឹង និងលើកកម្ពស់ទំនាក់ទំនងលើវិស័យ ឬសរសរស្តម្ភបីគឺ៖ នយោបាយ សេដ្ឋកិច្ច និងវប្បធម៌។

កិច្ចប្រជុំកំពូល ASEM គឺជាជំនួបប្រជុំរៀងរាល់ពីរឆ្នាំម្តងរវាងប្រមុខដឹកនាំរដ្ឋ និងរដ្ឋាភិបាល ប្រធានក្រុមប្រឹក្សាអឺរ៉ុប ប្រធានស្នងការអឺរ៉ុប និងអគ្គលេខាធិការនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ាន។ កិច្ចប្រជុំអាស៊ី-អឺរ៉ុបដែលធ្វើឡើងជាទៀងទាត់រៀងរាល់២ឆ្នាំម្តងបានក្លាយជាវេទិកាមួយយ៉ាងសំខាន់ សម្រាប់កិច្ចសហប្រតិបត្តិការជាដៃគូ ក្នុងការថែរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចប្រកបដោយចីរភាព។

ក្នុងកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប លើកទី១២ កាលពីថ្ងៃទី១៩ខែតុលា ឆ្នាំ២០១៨ កម្ពុជាត្រូវបានសម្រេចឱ្យទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអាស៊ីអឺរ៉ុបលើកទី១៣នៅឆ្នាំ២០២០នេះ។ នេះគឺជាលើកទី១ហើយ តាំងពីឆ្នាំ១៩៩៦មកដែលកម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបនេះ។ កម្ពុជាបានក្លាយជាសមាជិកដំបូងនៃកិច្ចប្រជុំនេះ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប លើកទី៥ ដែលរៀបចំឡើងនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០០៤ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ កាលនោះមានការបញ្ចូលរដ្ឋសមាជិកអឺរ៉ុបថ្មីចំនួន១០ បន្ថែមទៀតមកពីអឺរ៉ុប និងរដ្ឋជាសមាជិកអាស៊ាន៣ប្រទេសទៀត រួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា។

ជាបន្តបន្ទាប់មកទៀត ASEM បានពង្រីកខ្លួនជាលើកទី២នៅក្នុងឆ្នាំ២០០៨ ក្នុងកិច្ចប្រជុំកំពូលលើកទី៧របស់ខ្លួន នៅទីរដ្ឋធានីប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន ដោយមានរដ្ឋសមាជិក ៦ បន្ថែមទៀតចូលរួម ជាហេតុនាំឱ្យ ASEM មានសមាជិកភាពកើនឡើងសរុបដល់ទៅ ៤៥ ប្រទេស។ កិច្ចប្រជុំកំពូល ASEM នេះ នៅតែបន្តពង្រីកខ្លួនជាបន្តបន្ទាប់នៅឆ្នាំ២០១០ ឆ្នាំ២០១២ និងជាចុងក្រោយនៅឆ្នាំ២០១៤ ដោយបង្កើនរដ្ឋសមាជិកសរុបរហូតដល់ទៅ៥៣ប្រទេស ក្នុងនោះមកពីទ្វីបអឺរ៉ុប៣០ប្រទេស និងទ្វីបអាស៊ី២១ប្រទេស លេខាធិការដ្ឋានអាស៊ាន និងសហភាពអឺរ៉ុបផងដែរ។

សម្រាប់កិច្ចប្រជុំ ASEM លើកទី១៣ ឆ្នាំ២០២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ កម្ពុជានឹងលើកយកប្រធានបទ ស្តីពី«ការពង្រឹងពហុភាគីនិយមដើម្បីកំណើនរួមគ្នា» ជាប្រធានបទស្នូល។ ក្រៅពីប្រធានបទស្នូលខាងលើ កម្ពុជាបានបង្កើតវេទិកាសំខាន់ៗចំនួន៧បន្ថែមទៀត រួមមាន កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប, វេទិកាសេដ្ឋកិច្ចនិងធុរកិច្ចអាស៊ី-អឺរ៉ុប, កិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេងមូលនិធិអាស៊ី-អឺរ៉ុប, វេទិកាតុមូលនិពន្ធនាយកមូលនិធិអាស៊ី-អឺរ៉ុប, វេទិកាការងារអាស៊ី-អឺរ៉ុប, វេទិកាប្រជាជនអាស៊ី-អឺរ៉ុប និងមហោស្រពវប្បធម៌កិច្ចប្រជុំអាស៊ី-អឺរ៉ុប។

ក្នុងឋានៈជាម្ចាស់ផ្ទះ កម្ពុជាសម្លឹងឃើញនូវផលប្រយោជន៍ជាច្រើនពីកិច្ចប្រជុំកំពូលនេះ។ ឯកឧត្តម ប្រាក់ សុខុន បានគូសបញ្ជាក់ពីផលប្រយោជន៍ ដែលកម្ពុជាអាចទាញចេញពីកិច្ចប្រជុំកំពូលនេះមានជាអាទិ៍៖

១. ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយប្រទេសសមាជិកមួយចំនួន ឆ្លៀតក្នុងឱកាសចូលរួមកិច្ចប្រជុំ ASEM សំខាន់ៗ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍលើវិស័យកសិកម្ម ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។ បន្ថែមលើនេះ កិច្ចប្រជុំនេះក៏បានផ្ដល់ឱកាសស្វែងរកអាហារូបករណ៍ មួយចំនួនសម្រាប់និស្សិតកម្ពុជាផងដែរ។

២. កិច្ចប្រជុំ ASEM ចូលរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សរបស់ប្រទេសតាមស្ថាប័ននានារបស់រាជរដ្ឋាភិបាល ស្ថាប័នរដ្ឋសភា ក៏ដូចជាវិស័យឯកជននានានៅកម្ពុជា តាមរយៈការរៀបចំ និងចូលរួមសន្និសីទ សិក្ខាសាលា ការបណ្តុះបណ្តាល កិច្ចសន្ទនានានា និងសកម្មភាពពាក់ព័ន្ធផ្សេងៗទៀត របស់មូលនិធិ ASEM។ ជាក់ស្តែងកាលពីដើមខែធ្នូ ឆ្នាំ២០១៥ កម្ពុជាបានសហការជាមួយ ASEM រៀបចំវគ្គបណ្តុះបណ្តាលមួយ ស្តីពីភាពជាអ្នកដឹកនាំ និងសហគ្រិនភាពដល់សិក្ខាកាមជាយុវជនកម្ពុជាចំនួន ៨៥នាក់ នៅភ្នំពេញ។ លើសពីនេះ ក៏មានការលើកកម្ពស់ ការផ្លាស់ប្តូរទស្សនកិច្ចសិក្សា និងការចងក្រងបណ្តាញនៃមជ្ឈមណ្ឌលអប់រំផងដែរ។

៣. កម្ពុជាក៏អាចលើកកម្ពស់វិស័យទេសចរណ៍និងផ្សព្វផ្សាយអំពីសក្តានុពលនៃវិស័យទេសចរណ៍ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាសមាជិក ASEM តាមរយៈការបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ ទាំងឡាយ។

៤. កិច្ចប្រជុំ ASEM ជាឱកាសសម្រាប់លើកមុខមាត់កម្ពុជាលើឆាកអន្តរជាតិ។ ជាប្រចាំ កម្ពុជាក្នុងកិច្ចប្រជុំ ASEM តែងតែចូលរួមផ្តល់មតិយោបល់ក្នុងការតាក់តែងនិងកែសម្រួលលើឯកសារផ្លូវការទាំងឡាយ រួមចំណែកស្វែងរកដំណោះស្រាយ និងស្វែងរកកុងសង់ស៊ីស (Consensus) លើបញ្ហាប្រឈមថ្នាក់តំបន់ និងសាកល។ នេះបង្ហាញពីការចូលរួម យ៉ាងពេញលេញ សកម្ម និងប្រកបដោយការស្ថាបនារបស់កម្ពុជា ដោយស្មើមុខស្មើមាត់ ជាមួយបណ្តាប្រទេស ជាសមាជិកដទៃទៀត៕ 

អត្ថបទទាក់ទង

សសរស្តម្ភនៅវត្តប្រាសាទព្រះធាតុ ដោយ៖ ប្រែង ពិសិដ្ឋ និង ម៉ិល វាសនា, វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media

2021-01-12 08:01:08   ថ្ងៃអង្គារ, 12 មករា 2021 ម៉ោង 03:01 PM
«ព្រៃឈើធម្មជាតិនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោ សែន ឫស្សីត្រឹប បន្តរងការកាប់បំផ្លាញ»

(ខេត្តព្រះវិហារ)៖ ព្រៃឈើធម្មជាតិនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោ សែន ឫស្សីត្រឹប បន្តរងការកាប់បំផ្លាញ ទោះបីជាក្រុមការងារអភិរក្ស និងការពារព្រៃឈើធម្មជាតិរបស់ឧទ្យានខិតខំប្រឹងប្រែងចុះអប់រំណែនាំ និងហ...

2021-01-03 06:43:08   ថ្ងៃអាទិត្យ, 03 មករា 2021 ម៉ោង 01:43 PM
តំណក់ប្រេងលើកដំបូង៖ ជា «បណ្ដាសា» ឬជា «ពរជ័យ»

នៅពេលដែលកម្ពុជា បានចាប់ផ្ដើមលើកយកបញ្ហាអណ្ដូងប្រេងកាតនៅក្នុងឈូងសមុទ្រខ្មែរ និងការវិនិយោគការខួងនិងចម្រាញ់ប្រេងកាត មានទស្សនៈយល់ឃើញជាច្រើន ពីសាធារណជន ថាតើកំណប់ប្រេងកាតរបស់កម្ពុជា ជាពរជ័យ ឬជាបណ្ដាសា? ...

2021-01-02 00:58:31   ថ្ងៃសៅរ៍, 02 មករា 2021 ម៉ោង 07:58 AM
ហេតុអ្វីដាក់សម្ពាធលើកម្ពុជា? ដោយ៖ បណ្ឌិត ស៊ឺន សម

«នៅក្នុងឆ្នាំ២០២១នេះ រដ្ឋាភិបាលសហរដ្ឋអាម៉េរិកគ្រោងនឹងផ្តល់ជំនួយដល់ប្រទេសកម្ពុជាប្រមាណ៨៥លានដុល្លារសហរដ្ឋអាម៉េរិក ដើម្បីជួយដល់ការអភិវឌ្ឍផ្សេងៗនៅក្នុងប្រទេស។ កម្ពុជាអាចទទួលបានជំនួយប្រមាណជាង៨៥លានដុល្លារសហ...

2021-01-01 04:31:38   ថ្ងៃសុក្រ, 01 មករា 2021 ម៉ោង 11:31 AM
តើប្រទេសស៊ុយអែតសម្រេចចិត្តដកស្ថានទូតចេញពីកម្ពុជាព្រោះតែបញ្ហាសិទ្ធិមនុស្សឬ? ដោយ៖ បណ្ឌិត ស៊ឺន សម

ស្ថានទូតនៃប្រទេសស៊ុយអែតប្រចាំប្រទេសកម្ពុជា បានផ្សាយបន្តនូវសេចក្តីសម្រេចរបស់ក្រសួងការបរទេស​ស៊ុយអែត​ស្តីពីការសម្រេចរបស់រដ្ឋាភិបាលស៊ុយអែតក្នុងការបញ្ចប់បេសកកម្មរបស់ស្ថានទូតស៊ុយអែតក្នុងប្រទេស​កម្ពុជានៅចុងឆ...

2020-12-31 07:56:50   ថ្ងៃព្រហស្បតិ៍, 31 ធ្នូ 2020 ម៉ោង 02:56 PM
«ឯកឧត្តមបណ្ឌិត យង់ ពៅ ជំរុញឱ្យមន្ត្រីទាំងអស់ចូលរួមផ្សព្វផ្សាយសមិទ្ធផលវិទ្យាសាស្ត្ររបស់រាជបណ្ឌិត្យសភាកម្ពុជា»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាបានជំរុញឱ្យមន្ត្រីទាំងអស់ចូលរួមផ្សព្វផ្សាយព័ត៌មាន និងសមិទ្ធផលវិទ្យាសាស្រ្តទាំងអស់ដែលរាជបណ្ឌិត្យសភាកម្ពុជាសម្រេចបាន ដើម...

2020-12-31 07:00:45   ថ្ងៃព្រហស្បតិ៍, 31 ធ្នូ 2020 ម៉ោង 02:00 PM

សេចក្តីប្រកាស