ព័ត៌មាន

ការហៅ«ជនជាតិភាគតិចចាម» ថាជា «ខ្មែរឥស្លាម» មិនមែនជាការរើសអើងទេ ដោយ៖ បណ្ឌិត ឈត ប៊ុនថង វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា

2020-03-23 09:46:36 ថ្ងៃចន្ទ, 23 មីនា 2020 ម៉ោង 04:46 PM
អ្នកមើល 9932
post_detail

នៅក្នុងព្រះរាជាណាចក្រកម្ពុជា មានក្រុមជនជាតិជាច្រើនបានរស់នៅនិងធ្វើសមាហរណកម្មជាមួយជនជាតិខ្មែរ ព្រមទាំងបានក្លាយជាពលរដ្ឋខ្មែរស្របច្បាប់។ ក្រុមជនជាតិទាំងនោះរួមមាន ព្នង ចារ៉ាយ ទំពួន សួយ កួយ ស្អូច កាចក់ គ្រឹង​...ចូលចិត្តរស់នៅតាមតំបន់ខ្ពង់រាប ព្រៃភ្នំ ដែលគេនិយមហៅថា«ក្រុមជនជាតិ ឬខ្មែរលើ»។ ក្រៅពីនេះក៏មានក្រុមជន​ជាតិភាគតិចដទៃទៀតដែរ ដូចជា ចិន វៀតណាម ចាម ឡាវ ថៃ ភូមា និងជនអន្តោប្រវេសន៍ដទៃទៀត។

ឆ្លងកាត់ប្រវត្តិសាស្ត្រជាច្រើនសម័យកាល ទឹកដីកម្ពុជាដ៏ធំធេង ត្រូវបានបាត់បង់ ហើយប្រជាជាតិរបស់ខ្លួន ក៏បានបែកខ្ញែកទៅតាមទឹកដីដែលបានបាត់បង់នោះផងដែរ។ ក្នុងបំណងបង្រួបបង្រួមខ្មែរឱ្យស្រឡាញ់គ្នានិងសាមគ្គីគ្នាបើទោះ​បីជាពួកគេរស់នៅលើទឹកដីនៃដែនអធិបតេយ្យខុសគ្នាក៏ដោយ អ្នកដឹកនាំខ្មែរបានហៅប្រជាជនខ្មែរទាំងដោយភ្ជាប់ពាក្យដែលបង្ហាញទឹកដីដែលពួកគេរស់នៅជាមួយពាក្យ«ខ្មែរ» ដូចជា ខ្មែរកម្ពុជាក្រោម ឬខ្មែរក្រោម(ខ្មែរដែលរស់នៅក្នុង​ដែន​​ដីកម្ពុជាក្រោម បច្ចុប្បន្នគ្រប់គ្រងដោយសាធារណរដ្ឋសង្គមនិយមវៀតណាម), ខ្មែរកណ្ដាល (ខ្មែរនៅរស់នៅក្នុង​​ដែន​អធិបតេយ្យរបស់ព្រះរាជាណាចក្រកម្ពុជា) និងខ្មែរសុរិន្ទ (សំដៅយកខ្មែរដែលរស់នៅក្នុងដែនដីអតីតខេត្តមួយចំនួនរបស់ខ្មែរ ដែលបច្ចុប្បន្នគ្រប់គ្រងដោយព្រះរាជាណាចក្រថៃ)។

លើសពីនេះទៀត ក្នុងបំណងធ្វើសមាហរណកម្មក្រុមអន្តោប្រវេសន៍ដទៃទៀត ដូចជា ចិន វៀតណាម និង ចាម ជា​ដើម ឱ្យចូលមកក្នុងសហគមន៍ខ្មែរកាន់តែជិតស្និទ្ធ អ្នកដឹកនាំខ្មែរបានសន្មតហៅក្រុមអន្តោប្រវេសន៍ទាំងនោះថាខ្មែរចិន ខ្មែរវៀតណាម និងខ្មែរចាម ឬខ្មែរឥស្លាម ជាដើម។

ការហៅ«ជនជាតិភាគតិចចាម» ថាជា «ខ្មែរឥស្លាម» មិនមែនជាការរើសអើងទេ។ ផ្ទុយទៅវិញ អ្នកដឹកនាំខ្មែរចង់ឱ្យក្រុមជាតិភាគតិចចាម បានក្លាយជាពលរដ្ឋខ្មែរស្របច្បាប់ ក្លាយជាខ្មែរតែមួយ ព្រមទាំងបានបន្សល់ទុកនូវអត្តសញ្ញាណដើមរបស់ពួគគេផងដែរ។ លក្ខណៈបែបនេះ ក៏មិនខុសពីនិយាមអន្តរជាតិដែរ ដូចជា ខ្មែរដែលបានទៅរស់នៅនិងចូលសញ្ជាតិបរទេសផ្សេងៗក៏គេហៅខ្មែរទាំងនោះថា ខ្មែរអាម៉រិកក័ង, ខ្មែរអូស្ត្រាលី ខ្មែរកាណាដា ខ្មែរបារាំង ដែរ។

បើយើងរម្លឹកអំពីប្រវត្តិសាស្ត្រទៅក្រោយបន្តិច យើងនឹងបានដឹងថា ជនជាតិចាមគឺជាជនជាតិមួយពួក មានប្រភពមកពីប្រទេសចម្ប៉ា ដែលសព្វថ្ងៃបានបាត់បង់ទៅហើយ រីឯប្រជាជនចាមបានបែកខ្ញែកទៅរស់នៅក្នុងប្រទេសជាច្រើន ដូចជា វៀតណាម កម្ពុជា ថៃ ម៉ាឡេស៊ី ហ្វីលីពីន និងឥណ្ឌូនេស៊ី ជាដើម។ ចំពោះជនជាតិចាមដែលរស់នៅក្នុងទឹកដីកម្ពុជារហូតមកដល់បច្ចុប្បន្ន ទទួលបានសិទ្ធិស្របច្បាប់ដូចពលរដ្ឋខ្មែរដែរ ព្រមទាំងមានសិទ្ធិប្រតិបត្តិជំនឿសាសនារបស់​ខ្លួនដោយសេរីក្នុងក្របខណ្ឌនៃច្បាប់របស់កម្ពុជា។ ហើយអ្វីដែលពិសេសជាងនេះទៀតនោះ គឺថា ការហៅ​«ជន​ជាតិ​ភាគតិចចាម» ថាជា «ខ្មែរឥស្លាម» នេះ គឺជាព្រះរាជតម្រិះរបស់សម្ដេចព្រះនរោត្តម សីហនុ ព្រះមរមរតនកោដ្ឋ ក្នុងសម័យសង្គមរាស្រ្តនិយម ដែលព្រះអង្គសព្វព្រះរាជហឫទ័យហៅដូច្នោះ ហើយបងប្អូនខ្មែរឥស្លាមនៅសម័យនោះក៏ពេញចិត្តនឹងការហៅដូច្នេះដែរ។

ប៉ុន្តែ ក្នុងពេលថ្មីៗនេះ ពេលដែលបងប្អូនខ្មែរឥស្លាមបានចូលរួមក្នុងសហគមន៍មូស្លីមអន្តរជាតិនៅបណ្ដាប្រទេសមួយ​ចំនួន ដូចជា ម៉ាឡេស៊ី ថៃ ជាដើម ស្រាប់តែមានគំនិតថ្មីមួយលើកឡើងថា ការហៅ «ជនជាតិភាគតិចចាម» ថាជា «ខ្មែរឥស្លាម» អាចជាការប្រឈមមុខនឹងការបាត់បង់អត្តសញ្ញាណរបស់ជនជាតិចាម។ ហេតុនេះហើយមតិមួយចំនួនតូចរបស់ក្រុមជនជាតិភាគតិចាមនៅកម្ពុជាបច្ចុប្បន្ន ហាក់មានទំនោរគិតថា ការហៅ«ជនជាតិភាគតិចចាម» ថាជា «ខ្មែរឥស្លាម» គឺជាពាក្យមិនល្អ និងអាចជាការរើសអើង។

លើសពីនេះទៀត ថ្មីៗបំផុតនេះ គឺក្នុងខែកុម្ភៈ និងខែមីនា ឆ្នាំ២០២០នេះ ពេលដែលបងប្អូនជនជាតិ ខ្មែរឥស្លាម ចំនួន ៧៩នាក់ បានធ្វើដំណើរទៅចូលរួមពិធីសាសនាមួយតាមប្រពៃណីរបស់ពួកមូស្លីមនៅប្រទេសម៉ាឡេស៊ី ហើយពេលត្រឡប់មកវិញ ដោយបានឆ្លងមេរោគ COVID-19 មកជាមួយ និងបានចម្លងជាបន្តបន្ទាប់ដោយមិនដឹងខ្លួនដល់ប្រជាជននៅក្នុងសហគមន៍របស់គាត់។ ហើយម្យ៉ាងទៀត ស្ថិតក្នុងស្ថានភាពបែបនេះ មានអ្នកលេងបណ្ដាញសង្គមមួយចំនួននិយាយបញ្ចេញមតិប៉ះពាល់អារម្មណ៍របស់ពួកគាត់ ទើបពួកគាត់ប្រតិកម្មថា សហគមន៍ខ្មែររើសអើងពួកគាត់ និងបាននិយាយថា ការណ៍ដែលក្រសួងសុខាភិបាលប្រកាសថា «អ្នកធ្វើតេស្ត COVID-19 វិជ្ជមាន គឺជាខ្មែរឥស្លាម» ក៏ជាពាក្យដែលធ្វើឱ្យមានការរើសអើងពួកគាត់ដែរ គួរថាត្រឹមតែខ្មែរបានហើយ ពួកគេគាត់ក៏ជាខ្មែរដែរ។

តាមពិតទៅ ពួកគាត់ មានដើមកំណើតជា «ជនជាតិចាម» ពេលត្រូវបានធ្វើសមាហរណកម្មចូលក្នុងសង្គមខ្មែរគេហៅថា «ខ្មែរឥស្លាម»។ ក្រោយមកទៀត ដោយពួកគេមានគំនិតថាចង់រក្សាអត្តសញ្ញាណរបស់ខ្លួន ចង់ឱ្យគេហៅថា «ចាម»។ ថ្មីៗបំផុតនេះ ក្នុងដំណាក់កាលរីករាលដាលជំងឺកូវីដ១៩ ដោយខ្លាចគេរើសអើង ពួកគេក៏ចង់ឱ្យហៅថា «ខ្មែរ» វិញ។ បើយើងពិនិត្យមើលដំណើរផ្លាស់ប្ដូរដែលវិលចុះវិលឡើងនេះ គឺគ្មានមូលច្បាស់លាស់ រឹងមាំ និងសមហេតុផលទេ វាគ្រាន់តែការលើកឡើងរបស់បុគ្គលមួយចំនួនតូចនៅក្នុងសហគមន៍មូស្លីមនៅកម្ពុជាតែប៉ុណ្ណោះ។

ជារួម ការហៅបងប្អូនជនជាតិភាគតិចចាម ថាជា ខ្មែរឥស្លាម ឬការប្រកាសរបស់ក្រសួងសុខាភិបាលថា បងប្អូនខ្មែរឥស្លាមដែលវិលត្រឡប់មកពីការចូលរួមពិធីសាសនាមួយនៅម៉ាឡេស៊ី «បានធ្វើតេស្ត កូវីដ១៩ វិជ្ជមាន» មិនមែនជាឥរិយាបថឬភាសារើសអើងទេ។ វាជាភាសាដែលគេប្រើជាធម្មតាសម្រាប់ការកំណត់អត្តសញ្ញាណជនជាតិនីមួយៗតែប៉ុណ្ណោះ។ ឧទាហរណ៍ «ខ្មែរឥស្លាម ១០ នាក់ បានធ្វើតេស្ត កូវីដ១៩ វិជ្ជមាន», «ជនជាតិម៉ាឡេស៊ី ៦នាក់បានធ្វើតេស្ត កូវីដ១៩ វិជ្ជមាន», «ជនជាតិបារាំង២នាក់បានធ្វើតេស្ត កូវីដ១៩ វិជ្ជមាន»។

តាមពិតទៅ ការណ៍ដែលបងប្អូនខ្មែរឥស្លាម មានអារម្មណ៍ថា បានទទួលការរើសអើងពីសហគមន៍ខ្មែរនោះ គឺបណ្តាលមកពីអ្នកលេងបណ្ដាញសង្គមមួយចំនួនបានប្រើពាក្យពេចន៍អសុរោះ និងការអត្ថាធិប្បាយមួយចំនួនដែលប៉ះពាល់ដល់អារម្មណ៍និងសេចក្ដីថ្លៃថ្នូររបស់ពួកគេ។ ជាការណ៍ពិត តាមគោលការណ៍ច្បាប់របស់កម្ពុជា ពួកគេមិនត្រូវបាន​រើស​​អើងទេ សូម្បីតែពេលដែលពួកគេបានឆ្លងកូវីដ១៩ពីម៉ាឡេស៊ីហើយក៏ដោយ ក៏ពួកគេគ្រូវបានពេទ្យខ្មែរនិងក្រសួងសុខាភិបាលកម្ពុជាយកចិត្តទុកដាក់ក្នុងការពិនិត្យនិងព្យាបាល ដូចជា ជនជាតិខ្មែរ និងជនជាតិបរទេសដទៃទៀតដែរ។

លើសពីនេះទៀត សូមបងប្អូនខ្មែរឥស្លាម ឬបងបង្អូនជនរួមជាតិដទៃទៀត កុំយល់ច្រឡំថា ជាការរើសអើងចំពោះការដាក់មនុស្សណាម្នាក់ឬក្រុមណាមួយដែលគេសង្ស័យថាអាចមានការឆ្លងជំងឺកូវីដ១៩ឱ្យនៅដាច់ដោយឡែក, ការព្យាបាលអ្នកជំងឺកូវីដ១៩ក្នុងបន្ទប់ដោយឡែក, ការណ៍ដែលគ្រូពេទ្យ គិលានុបដ្ឋាក គិលានុបដ្ឋាយិកា ពាក់ម៉ាស ពាក់ស្រោមដៃ និងសម្លៀកបំពាក់សុវត្ថិភាពក្នុងពេលទៅពិនិត្យនិងព្យាបាលអ្នកជំងឺកូវីដ១៩ និងការណ៍ដែលប្រជាពលរដ្ឋទូទៅ ពាក់ម៉ាសក្នុងពេលបំពេញការងារ ពេលចូលទៅក្នុងទីប្រជុំជន និងឥរិយាបថមិនសូវហ៊ានស្និទ្ធស្នាលជាមួយអ្នកដែលគេសង្ស័យថា មានជាប់ពាក់នឹងកូវីដ១៩។ តាមពិត ជាគោលការណ៍ របៀបទាំងអស់នេះ គឺជាបច្ចេកទេសសុខា​ភិបាល ដែលតម្រូវឱ្យគ្រូពេទ្យ គិលានុបដ្ឋាក គិលានុបដ្ឋាយិកា និងមហាជនទូទាំងពិភពលោកប្រើប្រាស់ជាទូទៅ តាំងពីយូរណាស់មកហើយសម្រាប់ករណីមានជំងឺឆ្លង។

ជាសន្និដ្ឋាន ក្នុងសង្គមខ្មែរ មិនមានការរើសអើងជាតិសាសន៍ សហគមន៍ណាមួយ ឬសាសនាណាមួយទេ ជនជាតិទាំងអស់ដែលកំពុងរស់នៅកម្ពុជាទទួលបានសុខដុមរមនា។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ក្នុងកម្រិតបុគ្គល យើងសង្កេតឃើញថា អាចមានបុគ្គលខ្លះបានប្រើពាក្យពេចន៍អសុរោះ និងការអត្ថាធិប្បាយមួយចំនួនដែលប៉ះពាល់ដល់អារម្មណ៍និងសេចក្ដីថ្លៃថ្នូររបស់ក្រុមជនជាតិណាមួយ។ ហេតុនេះ ដើម្បីបន្តសាមគ្គីភាព សហអត្ថិភាព និងសុខដុមភាពក្នុងសង្គម​​ខ្មែរទាំងមូល សូមពលរដ្ឋខ្មែរម្នាក់ៗ ជាពិសេស អ្នកលេងបណ្ដាញសង្គម ជៀសវាងការប្រើពាក្យពេចន៍អុជអាល អសុរោះ វោហាសាស្ត្រ និងអត្ថាធិប្បាយណាមួយ ដែលនាំឱ្យប៉ះពាល់អារម្មណ៍ មានជម្លោះ អំពើហិង្សា និងការរើសអើងកើតឡើងនៅក្នុងសង្គមរបស់យើង៕

RAC Media

ប្រភព៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា


 

           

អត្ថបទទាក់ទង

«កសិករនៅខេត្តស្ទឹងត្រែងបង្កាត់ពូជស្រូវថ្មីបានហៅថាពូជស្រូវត្រីរៀល...»

M.C ពូជស្រូវត្រីរៀលជា​កសិផលមួយមានរយៈពេលខ្លីដាំដុះ​ទទួលបាន​ទិន្នផលល្អដែលកសិករនៅ ឃុំភ្លុក ស្រុក សេសាន ខេត្តស្ទឹងត្រែង​បានរកឃើញដោយខ្លួនឯង អាចចែកចាយដល់កសិករយើងផ្សេងៗ​​​​មិនបាច់ចំណាយថវិការ ទិញស្រូវពូជ មកពី...

2018-09-27 04:42:32   ថ្ងៃព្រហស្បតិ៍, 27 កញ្ញា 2018 ម៉ោង 11:42 AM
«ចំណុចសំខាន់សម្រាប់ថ្នាក់ដឹកនាំ បុគ្គលិក និងកំណែទម្រង់នៅក្នុងរាជបណ្ឌិត្យសភាកម្ពុជា...»

ថ្លែងនៅក្នុងសុន្ទុរកថាបើកសិក្ខាសាលាស្តីពីការបង្ហាញសៀវភៅ«ភាសាខ្មែរ» ដែលបានរៀបចំដោយក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ត្រូវ...

2018-09-27 04:28:51   ថ្ងៃព្រហស្បតិ៍, 27 កញ្ញា 2018 ម៉ោង 11:28 AM
«បញ្ហា និងចំណុចសំខាន់ៗ ដែលលោកដូណាល់ ត្រាំថ្លែងក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ UN...»

ថ្លែងក្នុង​វេទិកា​មហាសន្និបាត​អង្គការសហប្រជាជាតិប្រមាណជាង៣០នាទីនាថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ២០១៨ របស់ប្រធានាធិបតី​អាម៉េរិក លោក ដូ​ណា​ល់ ត្រាំ មានចំណុចសំខាន់ៗជាច្រើនត្រូវបានលើកឡើង ក្នុងនោះមាន៖អ៊ីរ៉ង់៖លោក​ត...

2018-09-26 14:03:08   ថ្ងៃពុធ, 26 កញ្ញា 2018 ម៉ោង 09:03 PM
«ប្រទេសបីប្រកាសអំពីការកាន់ទុក្ខ ក្រោយមរណភាពរបស់ប្រធានាធិបតីវៀតណាម...»

ចុះផ្សាយថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ - ម៉ោង៖៥:១៥នាទីក្រោយពីមរណភាពរបស់ប្រធានាធិបតីវៀតណាម លោក Tran Dai Quang កាលពីព្រឹក ថ្ងៃសុក្រ ទី២១ខែកញ្ញា នាំ២០១៨ ក្នុងជន្មាយុ ៦២ ឆ្នាំ ប្រទេសជាមិត្តរបស់វៀតណាមចំនួន ៣ ប...

2018-09-26 10:25:34   ថ្ងៃពុធ, 26 កញ្ញា 2018 ម៉ោង 05:25 PM
សារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅក្នុងឱកាសអបអរសាទរនៃទិវាទេសចរណ៍ពិភពលោក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ ក្រោមប្រធានបទស្តីពី« វិស័យទេចរណ៍ និងនិន្នាការផ្លាស់ប្តូរទៅរកប្រព័ន្ធឌីជីថល-Tourism and the Digital Transformation»

2018-09-26 10:09:08   ថ្ងៃពុធ, 26 កញ្ញា 2018 ម៉ោង 05:09 PM
«គណៈប្រតិភូនៃរាជបណ្ឌិត្យសភាកម្ពុជាអញ្ជើញចូលរួម វេទិកាបញ្ញាជន ឡានឆាង-មេគង្គ លើកទី២...!»

វេទិកានេះ បានអញ្ជើញ អ្នកស្រាវជ្រាវទាំងរដ្ឋនិងឯកជនជួបគ្នានៅសាកលវិទ្យាល័យយូណាន ពីថ្ងៃ២៥-២៨ ខែកញ្ញា។ កម្មវិធីនេះ ធ្វើឡើងក្នុងឱកាសខួបលើកទី១៥ នៃទំនាក់ដៃគូជាយុទ្ធសាស្ត្ររវាង ចិន-អាស៊ាន និងជាឆ្នាំសំខាន់សម្រា...

2018-09-25 02:39:55   ថ្ងៃអង្គារ, 25 កញ្ញា 2018 ម៉ោង 09:39 AM

សេចក្តីប្រកាស