ព័ត៌មាន

«ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មអាម៉េរិក-ចិនដំណាក់កាលទី១» ដោយ៖ បណ្ឌិត ឈឹម ផាន់ណា នាយកដ្ឋានសេដ្ឋកិច្ចអន្តរជាតិ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

2020-03-24 10:51:29 ថ្ងៃអង្គារ, 24 មីនា 2020 ម៉ោង 05:51 PM
អ្នកមើល 7911
post_detail

សហរដ្ឋអាម៉េរិកគឺជាប្រទេសមហាអំណាចសេដ្ឋកិច្ចជាប់ចំណាត់ថ្នាក់លេខ១ ឯប្រទេសចិនជាប្រទេសមហាអំណាចសេដ្ឋកិច្ចជាប់ចំណាត់ថ្នាក់លេខ២នៅលើពិភពលោក។ ប្រទេសទាំងពីរតែងតែមានការប្រកួតប្រជែងខាងទីផ្សារពាណិជ្ជកម្ម ដែលចង់ឆ្ពោះទៅកាន់តំណែងជាបងធំទី១ ផ្នែកសេដ្ឋកិច្ចនៅលើពិភពលោក។ ដើម្បីដណ្តើមយកឈ្នះចាញ់ផ្នែកពាណិជ្ជកម្ម ប្រធានាធីបតី​សហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ បានត្រួតពិនិត្យទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសចិន ហើយបានឃើញមានភាពមិនប្រក្រតី ដែលជាហេតុនាំឱ្យរដ្ឋបាលលោក ត្រាំ បានបងើ្កតគោលនយោបាយដំឡើងពន្ធដោយឯកតោភាគីចំពោះទំនិញនាំពីប្រទេស​ចិន។ ចំណែកឯប្រទេសចិនវិញ ក៏ចាប់ផ្តើមដំឡើងពន្ធទំនិញពីសហរដ្ឋអាម៉េរិកវិញផងដែរ រហូតដល់ផ្ទុះឡើងនូវសង្គ្រាមពាណិជ្ជកម្ម។ ដោយសារសង្គ្រាមពាណិជ្ជកម្មនេះ បានធ្វើឱ្យអ្នកលក់ និងអ្នកទិញទំនិញ ឬសេវាកម្មនៅក្នុងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរ និងប្រទេសពាក់ព័ន្ធជួបប្រទះវិបត្តិសេដ្ឋកិច្ច ដែលជំរុញឱ្យសហរដ្ឋអាម៉េរិក និងប្រទេសចិន បានចរចាគ្នាជាច្រើនលើក រហូតដល់មានចុះហត្ថលេខាជាផ្លូវការ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១។ តើរហូតមកដល់ពេលនេះការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១ រវាងសហរដ្ឋអាម៉េរិក និងប្រទេសចិន ឈានដល់កម្រិតណាដែរ?

កិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១ ត្រូវបានចុះហត្ថលេខាជាផ្លូវការនៅសេតវិមាន នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ដោយ​ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ និងឧបនាយករដ្ឋមន្រ្តីចិន លីវ ហឹ នៅក្នុងអំឡុងពេលកិច្ចព្រមព្រៀងនេះ លោកប្រធានាធិបតី​អាម៉េរិក បានលើកឡើងពីកិច្ចព្រមព្រៀងនេះថា ជាជំហានដ៏សំខាន់មួយដែលមិនធ្លាប់មានពីមុនមកជាមួយប្រទេសចិន ឆ្ពោះទៅរកអនាគតនៃការធ្វើពាណិជ្ជកម្មប្រកបដោយយុត្តិធម៌ទៅវិញទៅមកជាមួយប្រទេសចិន។ ជាលទ្ធផល កិច្ចព្រមព្រៀងនេះ លោកឧបនាយករដ្ឋមន្រ្តីចិន បានផ្តល់សារលិខិតពីលោកប្រធានាធិបតីចិន ស៊ី ជិនពីង ដែលបានកោតសរសើរ​ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះថា ជាសញ្ញាមួយដែលប្រទេសទាំងពីរអាចដោះស្រាយភាពខុសគ្នារបស់ខ្លួនតាមរយៈការសន្ទនា ដោយផ្អែកលើសមភាព និងការគោរពគ្នាទៅវិញទៅមក។

ដើម្បីសម្រេចបានតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១ ប្រទេសមហាអំណាចទាំងពីរមានឆន្ទៈបន្ធូរបន្ថយភាពតានតឹងខាងពាណិជ្ជកម្ម ដោយមិនដំឡើងពន្ធដាក់គ្នាបន្តទៀត និងព្យាយាមកាត់បន្ថយពន្ធលើទំនិញនាំចេញចូលទៅវិញទៅមក។ ក្រសួងហិរញ្ញវត្ថុចិនបានប្រកាសថា ខ្លួននឹងកាត់បន្ថយពន្ធពាក់កណ្តាលលើទំនិញចំនួន ១ ៧១៧ របស់សហរដ្ឋអាម៉េរិកដោយបន្ថយពន្ធលើទំនិញមួយចំនួនពី ១០ភាគរយទៅ ៥ភាគរយ និងទំនិញផ្សេងទៀតពី ៥ភាគរយទៅ ២,៥ភាគរយ ដែលបានចូលជាធរមាននៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។ ការកាត់បន្ថយពន្ធនេះនឹងអនុវត្តចំពោះតារាងពន្ធបន្ថែមដែលមានតម្លៃ ៧៥ពាន់លានដុល្លារអាម៉េរិក។ សេចក្តីប្រកាសនេះឆ្លើយតបនឹងការប្តេជ្ញាចិត្តរបស់សហរដ្ឋអាម៉េរិកក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១ ដែលរដ្ឋបាលលោក ត្រាំ បានដកពន្ធគយដំបូងហើយបានចូលជាធរមានកាលពីខែមករា ឆ្នាំ២០២០។ សហរដ្ឋអាម៉េរិកបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការកាត់បន្ថយពន្ធពី១៥ ទៅ ៧,៥ភាគរយលើផលិតផលចិនដែលមានតម្លៃ ១២០ពាន់លានដុល្លារ។ ទោះយ៉ាងណាក៏ដោយ ក៏កិច្ចព្រមព្រៀងនេះ សហរដ្ឋអាម៉េរិកនឹងនៅតែទុកពន្ធគយលើផលិតផលចិនចំនួន ២៥០ពាន់លានដុល្លារអាម៉េរិកដែរ។

តាមសារព័ត៌មានចិនពេលព្រឹក ចុះផ្សាយថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ បានលើកឡើងថា គណៈកម្មការពន្ធរបស់ចិនបានបង្ហាញ​បញ្ជីថ្មីចំនួនពីរដើម្បីលើកលែងការនាំចូលមួយចំនួនពីសហរដ្ឋអាម៉េរិកពីពន្ធបន្ថែមរបស់ចិន។ បញ្ជីទាំងពីរនឹងមានប្រសិទ្ធភាពសម្រាប់រយៈពេលមួយឆ្នាំចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ ដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១។ បញ្ជីទី១ និងទី២ នឹងលើកលែងទំនិញអាម៉េរិកចំនួន ៥៥ និង ១០ប្រភេទ រួមមាន គ្រឿងឈើ ម៉ាស៊ីនធារាសាស្ត្រ ម៉ាស៊ីនបូមទឹក ប្រេងរំអិល គ្រឿងបន្លាស់យន្តហោះ និងឧបករណ៍វេជ្ជសាស្រ្ត ដូចជា បំពង់ខ្យល់ដែលមិនរាតត្បាត និងឧបករណ៍ចាប់សីតុណ្ហភាព។

យោងតាមសេចក្តីប្រកាសរបស់គណៈកម្មការពន្ធរបស់ចិន ទំនិញចំនួន ៦៩៦ប្រភេទ របស់អាម៉េរិកនឹងត្រូវបានរួចផុតពីពន្ធគយបន្ថែមរបស់ចិន នៅពេលដែលរដ្ឋាភិបាលចិនខិតខំបំពេញតាមការប្តេជ្ញាចិត្តដែលបានធ្វើនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក។ ផលិតផលចំនួន ៦៩៦ប្រភេទ រួមមាន សាច់ជ្រូក សាច់គោ សណ្តែកសៀង ស្រូវសាលី ពោត ធ្យូង អេតាណុល ឧស្ម័នធម្មជាតិរាវ ប្រេងឆៅ និងឧបករណ៍ពេទ្យមួយចំនួន។ ចាប់ពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ គណៈកម្មការពន្ធគយនឹងទទួលយកពាក្យសុំពីក្រុមហ៊ុនចិនដែលមានបំណងចុះកិច្ចសន្យាទិញ និងនាំចូលទំនិញពាក់ព័ន្ធពីសហរដ្ឋអាម៉េរិក។

យោងតាមកិច្ចព្រមព្រៀងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិកនិងចិនដំណាក់កាលទី១ ប្រទេសចិនបានប្តេជ្ញាទិញទំនិញពីសហរដ្ឋអាម៉េរិក ៤ ប្រភេទ រួមមាន ទំនិញជាផលិតផលសម្រេច កសិផល ថាមពល និង សេវាកម្ម យ៉ាងហោចណាស់ចំនួន ២០០ពាន់លានដុល្លារអាម៉េរិកក្នុងរយៈពេល២ឆ្នាំ ពោលគឺលើសពីកម្រិតជាមូលដ្ឋាននៃការទិញទំនិញសហរដ្ឋអាម៉េរិកចំនួន ១៨៦ពាន់លានដុល្លារអាម៉េរិកក្នុងឆ្នាំ២០១៧។ ប្រភេទទំនិញទី១ ប្រទេសចិនទិញទំនិញជាផលិតសម្រេចពីសហរដ្ឋអាម៉េរិក ដូចជា គ្រឿងម៉ាស៊ីន ឧស្សាហកម្ម ឧបករណ៍អេឡិចត្រូនិក និងគ្រឿងម៉ាស៊ីន ផលិតផលឱសថ យន្តហោះ (ការបញ្ជា​ទិញ​និងការដឹកជញ្ជូន) យានយន្ត ឧបករណ៍អុបទិកនិងវេជ្ជសាស្ត្រ ដែក និងដែកថែប ដែលទិញរយៈពេលពីរឆ្នាំចំនួន  ៧៧,៧​ពាន់​លានដុល្លារ ដោយនៅឆ្នាំ២០២០ ចំនួន ៣២,៩ពាន់លានដុល្លារ និងឆ្នាំ២០២១ ចំនួន ៤៤,៨ពាន់លានដុល្លារ។ ប្រភេទទំនិញ​ទី២ ប្រទេសចិនទិញដែលចិនទិញពីសហរដ្ឋអាម៉េរិក រួមមាន សណ្តែកសៀង ប្រេងកាត សាច់ កប្បាស អាហារ សមុទ្រ ស្រូវសាលី ផ្លែឈើ ដំណាប់ ពោត ម្សៅ និងទឹកឃ្មុំ ដែលទិញរយៈពេលពីរឆ្នាំចំនួន ៣២​ពាន់លានដុល្លារ ដោយនៅឆ្នាំ២០២០ ចំនួន ១២,៥​ពាន់​លានដុល្លារ និងឆ្នាំ២០២១ ចំនួន ១៩,៥ពាន់លានដុល្លារ។ ប្រភេទទំនិញទី៣ ប្រទេសចិនទិញទំនិញថាមពលពីសហរដ្ឋអាម៉េរិក រួមមាន ឧស្ម័នធម្មជាតិ ប្រេងឆៅ និងផលិតផលចម្រាញ់ធ្យូងថ្ម ដែលទិញរយៈពេលពីរឆ្នាំចំនួន ៥២,៤ពាន់លានដុល្លារ ដោយ​នៅឆ្នាំ២០២០ ចំនួន ១៨,៥ពាន់លានដុល្លារ និងឆ្នាំ២០២១ ចំនួន ៣៣,៩ពាន់លានដុល្លារ។ ប្រភេទទំនិញទី៤ ប្រទេស​ចិន​ទិញ​សេវាកម្មពីសហរដ្ឋអាម៉េរិក រួមមាន ការធ្វើដំណើរ អាជីវកម្មនិងទេសចរណ៍ សេវាកម្មហិរញ្ញវត្ថុ ការធានារ៉ាប់រង ការប្រឹក្សាយោបល់ សេវាទូរគមនាគមន៍ ការបង្ហោះទិន្នន័យ សេវាកម្មកុំព្យូទ័រ និងការគិតថ្លៃសេវាកម្មប្រើប្រាស់នៃកម្មសិទ្ធិបញ្ញា ដែល​ទិញ​រយៈ​ពេលពីរឆ្នាំចំនួន ៣៧,៩ពាន់លានដុល្លារ ដោយនៅឆ្នាំ២០២០ ចំនួន ១២,៨ពាន់លានដុល្លារ និងឆ្នាំ២០២១ ចំនួន ២៥,១​ពាន់​លានដុល្លារ។

វាជាការពិបាកក្នុងការប្រាប់ថាតើផលប៉ះពាល់នៃជំងឺកូវីដ-១៩ នឹងប៉ះពាល់ដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១ ដែល​បានចូលជាធរមានយ៉ាងណានោះទេ។ ថ្មីៗនេះទីក្រុងប៉េកាំងបានបញ្ជាក់ពីចេតនារបស់ខ្លួនដើម្បីដើរតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលមួយ។ ទោះបីជាមានការព្រួយបារម្ភថា ទីក្រុងប៉េកាំងប្រហែលជាមិនអាចបំពេញតាមការប្តេជ្ញាចិត្តក្នុង​ការទិញទំនិញចំនួន ២០០ពាន់លានដុល្លារអាម៉េរិកក្នុងរយៈពេលពីរឆ្នាំក៏ដោយ ការសន្យាភាគច្រើនត្រូវបានផ្ទុកមកវិញដោយ​មានទឹកប្រាក់ប្រហែល ៧៥ពាន់លានដុល្លារប៉ុណ្ណោះដែលត្រូវបានគ្រោងទុកនូវការទិញទំនិញសហរដ្ឋអាម៉េរិកសម្រាប់ឆ្នាំ​២០២០។ អ្នកតំណាងពាណិជ្ជកម្មអាម៉េរិក លោក រ៉ូបឺត ឡាយថាហ្យឺ និងរដ្ឋមន្រ្តីកសិកម្មលោក សូនី ផឺតឌូ បានចុះហត្ថលេខាលើលិខិត​មួយដែលសរសើរភាពរីកចម្រើនរបស់ចិនលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងបាននិយាយថាប្រទេសចិនរំពឹងយ៉ាងមុត​មាំ​ថានឹងបំពេញតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១។

សរុបសេចក្តីមក ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មអាម៉េរិក-ចិន ដំណាក់កាលទី១ ថ្នាក់ដឹកប្រទេសមហាអំណាចទាំងពីរ ទាំងលោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ ទាំងលោកប្រធានាធិបតីចិន ស៊ី ជីនពីង មានការពេញចិត្តនូវលទ្ធផលនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១នេះ។ ដើម្បីបំពេញបានតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាល​ទី១ ប្រទេសចិនប្តេជ្ញាចិត្តគោរពតាមកិច្ចព្រមព្រៀងនេះ ដោយបានប្តេជ្ញាកាត់បន្ថយពន្ធទំនិញពីសហរដ្ឋអាម៉េរិក និងទិញផលិត​ផល​ពីសហរដ្ឋអាម៉េរិកដែលបានអនុវត្តចាប់តាំងពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ទោះបីជាប្រទេសខ្លួនមានវិបត្តិសេដ្ឋកិច្ចដោយ​សារ​ការឆ្លងកូវីដ-១៩ក៏ដោយ។ ចំណែកឯសហរដ្ឋអាម៉េរិកវិញ តែងតែត្រួតពិនិត្យកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងបាន​ប្តេជ្ញា​ចិត្តកាត់បន្ថយពន្ធលើទំនិញនាំចូលពីប្រទេសចិនចាប់តាំងពីដើមខែមករា ឆ្នាំ២០២០។ នៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្ម​ដំណាក់កាលទី១ មិនបានបង្ហាញពីសហរដ្ឋអាម៉េរិកទិញទំនិញពីប្រទេសចិនបន្ថែមទៀតនោះទេ ប៉ុន្តែ សហរដ្ឋអាម៉េរិក​បែរជានៅតែរក្សាទុកពន្ធគយលើផលិតផលចិនចំនួន ២៥០ ពាន់លានដុល្លារអាម៉េរិក។ ដូច្នេះ ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មអាម៉េរិក-ចិន ដំណាក់កាលទី១ មិនទាន់រលូននោះទេ ពីព្រោះប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរកំពុងតែត្រួតពិនិត្យមើលគ្នាទៅវិញទៅមក ថាតើប្រទេសនីមួយៗមានឆន្ទៈអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១នោះបន្តទៀតបានកម្រិតណា៕


អត្ថបទទាក់ទង

ស្វែងយល់អំពីល្បែងបោះអង្គញ់ (Understanding on Angkugn Game) ដោយ៖ ឯកឧត្ដមបណ្ឌិត អ៊ុំ ប៉ុម ជំនួយការរាជបណ្ឌិត្យសភាកម្ពុជា

ល្បែងបោះអង្គញ់ ជាល្បែងប្រជាប្រិយមួយក្នុងចំណោមល្បែងប្រជាប្រិយ (Popular game) ទាំងឡាយរបស់ខ្មែរ ដែលគេបានកត់សម្គាល់ឃើញនិងនិយមចូលចិត្តលេងមានដូចជា ល្បែងចោលឈូង លាក់កន្សែង ទាញព្រ័ត្រ ចាប់កូនខ្លែង លេងពួន វាយក្...

2023-08-02 08:00:27   ថ្ងៃពុធ, 02 សីហា 2023 ម៉ោង 03:00 PM
Challenges and Solutions for the Next Prime Minister of Cambodia By: Dr. Seun Sam

Cambodia's political landscape has been shaped by a complex history and is currently at a critical juncture as the country looks towards the future. At the heart of this landscape is the role of the P...

2023-07-28 14:22:30   ថ្ងៃសុក្រ, 28 កក្កដា 2023 ម៉ោង 09:22 PM
សេចក្តីថ្លែងអំណរគុណ ជូនចំពោះ ឯកឧត្ដមបណ្ឌិត សួន រ៉ានី ដែលបានផ្តល់សៀវភៅជូនដល់លេខាធិការដ្ឋាននៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ

លេខាធិការដ្ឋាននៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ សូមថ្លែងអំណរគុណចំពោះឯកឧត្ដមបណ្ឌិត សួន រ៉ានី ដែលបានផ្ដល់សៀវភៅចំនួន៩មុខ សរុប៦៤ក្បាល នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣។ សៀវភៅទាំងនោះរួមមាន៖១- ការគ្រប់គ្រងសេវា២...

2023-07-12 09:48:28   ថ្ងៃពុធ, 12 កក្កដា 2023 ម៉ោង 04:48 PM
ទិដ្ឋភាពមួយចំនួន ស្ដីពី មេដឹកនាំ(Some Overviews on Leaders) ដោយ៖ ឯកឧត្ដមបណ្ឌិត អ៊ុំ ប៉ុម ជំនួយការរាជបណ្ឌិត្យសភាកម្ពុជា

ជាទូទៅបើគេនិយាយពីធម្មជាតិ នៃការរស់នៅ របស់មនុស្សក្នុងសង្គមគេតែងតែជួបប្រទះនឹងមនុស្សពីរប្រភេទ ដែលមាន ឋានៈសង្គមខុសប្លែកគ្នា ពោលគឺ មនុស្សមួយប្រភេទមានឋានៈជាមេដឹកនាំ ហើយមនុស្សមួយប្រភេទទៀតជាអ្នកនៅក្រោមបង្...

2023-07-10 14:35:15   ថ្ងៃចន្ទ, 10 កក្កដា 2023 ម៉ោង 09:35 PM
អំពីប្រាសាទព្រះវិហារ និងព្រឹត្តិការណ៍សំខាន់១៧ចំណុច គប្បីចងចាំ!

ស្ថិតនៅភាគខាងជើងប្រទេសកម្ពុជា ក្នុងភូមិសាស្ត្រឃុំស្រអែមស្រុកជាំក្សាន្តខេត្តព្រះវិហារ ប្រាសាទដ៏ចំណាស់មួយដែលមានអាយុជាងមួយពាន់ឆ្នាំ កំពុងឈរបង្អួតរាងយ៉ាងរឹងមាំនៅលើកំពូលភ្នំព្រះវិហារនៃជួរភ្នំដងរែកដែលមានកម្...

2023-07-07 07:23:10   ថ្ងៃសុក្រ, 07 កក្កដា 2023 ម៉ោង 02:23 PM
មូលដ្ឋានគ្រឹះនៃពុទ្ធសាសនា ដោយ៖ លោក ឈុន ផាវ៉េង- វិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម

ព្រះពុទ្ធសាសនាមានដើមកំណើតនៅ ប្រទេសឥណ្ឌាក្នុងសតវត្សរ៍ទី ៦ មុនគ.ស ប្រហែលគ្នានឹងសម័យទី២ នៃលទ្ធិសាសនាព្រាហ្មណ៍ ដោយព្រះសិទ្ធត្ថជាព្រះបុត្រានៃមហាក្សត្រព្រះអង្គបានត្រាស់ដឹងនូវព្រះធម៌ ហើយមានសង្ឃសាវ័កកាន់តែច្រ...

2023-07-06 14:26:41   ថ្ងៃព្រហស្បតិ៍, 06 កក្កដា 2023 ម៉ោង 09:26 PM

សេចក្តីប្រកាស