Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំនៅព្រឹកថ្ងៃសុក្រ ១១កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យបានជំរុញថ្នាក់ដឹកនាំ និងមន្ត្រីរាជបណ្ឌិត្យសភាកម្ពុជាទាំងអស់ត្រូវខិតខំបំពេញការងារឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ដើម្បីបន្សល់ស្នាដៃ និងកេរ្តិ៍ឈ្មោះជូនស្ថាប័ន និងសង្គមជាតិ។
ថ្លែងក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យការងារជាមួយថ្នាក់ដឹកនាំវិទ្យាស្ថាន និងអង្គភាពចំណុះរបស់រាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី៣ ខែមេសានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យបានមានប្រសាសន៍លើកឡើងថា ការងារស្នូលរបស់រាជបណ្ឌិត្យសភាកម្ពុជា គឺមានបេសកកម្មដឹកនាំគ្រប់គ្រង អភិវឌ្ឍការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្ត បច្ចេកវិទ្យា បច្ចេកទេស បណ្តុះបណ្តាល និងអភិវឌ្ឍធនធានបញ្ញាញាណជាន់ខ្ពស់របស់ជាតិ។ ក្នុងន័យនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានណែនាំថ្នាក់ដឹកនាំវិទ្យាស្ថាន និងអង្គភាពចំណុះរបស់រាជបណ្ឌិត្យសភាកម្ពុជាត្រូវពិនិត្យ បែងចែកតួនាទីភារកិច្ចការងារដល់មន្ត្រីដែលមានចំណេះជំនាញ សមត្ថភាព និងលទ្ធផលការងារជាក់ស្តែង ដើម្បីបន្សល់ស្នាដៃ និងកេរ្តិ៍ឈ្មោះជូនស្ថាប័ន និងសង្គមជាតិ។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍បញ្ជាក់ជាថ្មីម្តងទៀតថា រាជបណ្ឌិត្យសភាកម្ពុជាត្រូវការមន្ត្រីដែលមានចំណេះជំនាញ សមត្ថភាព សីលធម៌ ការផ្តួចផ្តើមគំនិតថ្មី និងលទ្ធផលការងារជាក់ស្តែង។ ចំពោះមន្ត្រីដែលមានសមត្ថភាព និងលទ្ធផលការងារល្អប្រសើរ ឯកឧត្តមបណ្ឌិតសភាចារ្យបានមានប្រសាសន៍លើកទឹកចិត្តថា រាជបណ្ឌិត្យសភាកម្ពុជានឹងតែងតាំងមន្ត្រីដែលបានខិតខំប្រឹងប្រែងបំពេញការងារទៀងទាត់ និងលទ្ធផលការងារល្អប្រសើរជាក់ស្តែងតាមស្នាដៃការងាររបស់ខ្លួន។
សូមជម្រាបជូនថា រាជបណ្ឌិត្យសភាកម្ពុជា (រ.ប.ស.ក.) ជាគ្រឹះស្ថានសាធារណៈរដ្ឋបាលស្ថិតក្រោមអាណាព្យាបាលបច្ចេកទេសនៃទីស្តីការគណៈរដ្ឋមន្ត្រីនិងស្ថិតក្រោមអាណាព្យាបាលហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ហើយ រ.ប.ស.ក. មានបេសកកម្មដឹកនាំគ្រប់គ្រង អភិវឌ្ឍការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្ត បច្ចេកវិទ្យា បច្ចេកទេស បណ្តុះបណ្តាល និងអភិវឌ្ឍធនធានបញ្ញាញាណជាន់ខ្ពស់របស់ជាតិ។
ផ្អែកតាមព្រះរាជក្រឹត្យលេខ នស/រកត/១២១៩/១៩៦២ ចុះថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ រាជបណ្ឌិត្យសភាកម្ពុជា មានភារកិច្ចជាអាទិ៍ ដូចតទៅ៖
- គ្រប់គ្រងនិងពង្រីកការស្រាវជ្រាវវិទ្យាសាស្រ្តលើគ្រប់វិស័យ
- ធ្វើកិច្ចសហប្រតិបត្តិការលើផ្នែកស្រាវជ្រាវជាមួយក្រសួង ស្ថាប័ន អង្គការជាតិ និងអន្តរជាតិ ព្រមទាំងដៃគូអភិវឌ្ឍនានាដែលមានគោលបំណងដូចគ្នា
- រៀបចំវេទិកាវិទ្យាសាស្រ្តលើគ្រប់វិស័យ ដើម្បីផ្តល់ធាតុចូលក្នុងការរួមចំណែកអភិវឌ្ឍប្រទេស
- បណ្តុះបណ្តាល ដើម្បីអភិវឌ្ឍធនធានមនុស្សលើគ្រប់វិស័យ
- ប្រមូល ចងក្រង បោះពុម្ពផ្សាយ និងតម្កល់ឯកសារ ស្នាដៃស្រាវជ្រាវនិងរបកគំហើយនានា
- ប្រមូលផ្តុំកម្លាំងបញ្ញាញាណរបស់ជាតិនិងអន្តរជាតិ ដើម្បីជំរុញការអភិវឌ្ឍប្រទេស
- លើកសំណើជូនគ្រឿងឥស្សរិយយសឬគោរមងារវិទ្យាសាស្រ្តដល់ឥស្សរជនឆ្នើមជាតិ និងអន្តរជាតិ
- អភិរក្សនិងអភិវឌ្ឍការប្រើប្រាស់ភាសា និងអក្សរខ្មែរប្រកបដោយនិរន្តរភាព ព្រមទាំងរក្សាបាននូវអត្តសញ្ញាណជាតិខ្មែរ
- ស្រាវជ្រាវ អភិរក្ស និងអភិវឌ្ឍធនធានធម្មជាតិ និងវប្បធម៌
- ចូលរួមចំណែក និងធ្វើកិច្ចសហប្រតិបត្តិការក្នុងការការពារកម្មសិទ្ធិបញ្ញាខាងផ្នែកវិទ្យាសាស្រ្តគ្រប់វិស័យ
- ពិនិត្យនិងវាយតម្លៃស្នាដៃស្រាវជ្រាវវិទ្យាសាស្រ្តជាន់ខ្ពស់
- អនុវត្តភារកិច្ចផ្សេងៗទៀតដែលទីស្តីការគណៈរដ្ឋមន្ត្រីនិងរាជរដ្ឋាភិបាលប្រគល់ជូន៕
ទស្សនៈលោកបណ្ឌិត យង់ ពៅ ការលើកឡើងរបស់ លោក សម រង្ស៊ី ពាក់ព័ន្ធនឹងគម្រោងព្រែក ជីកហ្វូណន តេជោ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងន័យកេងចំណេញនយោបាយ លោក សម រង្ស៊ី បានលើកឡើងថា «ក្នុងន័យសេដ្ឋកិច្ចសុទ្ធសាធ ប្រទ...
ជារៀងរាល់ឆ្នាំ របាំត្រុដិ ដែលជារបាំប្រជាប្រិយខ្មែរតាំងពីបុរាណ បានទទួលការចាប់អារម្មណ៍កាន់តែខ្លាំងឡើង ពីសំណាក់ប្រជាពលរដ្ឋខ្មែរទូទៅ ពិសេសអ្នកដឹកនាំខ្មែរស្ទើរគ្រប់ស្ថាប័ន លើកលែងតែស្ថាបន័មួយចំនួនតូចប៉ុណ្ណោ...
(ខេត្តព្រះវិហារ)៖ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងនិស្សិតថា្នក់បណ្ឌិតនៃរាជ...
នៅថ្ងៃអាទិត្យ ១២ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នារសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានថៃ Thai Public Broadcasting Service (Thai PBS...