ព័ត៌មាន

«បណ្ឌិត មាឃ បូរ៉ា ជាប់ស្ថាពរជាបេក្ខភាពប្រធានវិទ្យាស្ថានភាសាជាតិ»

2020-04-07 10:43:33 ថ្ងៃអង្គារ, 07 មេសា 2020 ម៉ោង 05:43 PM
អ្នកមើល 7140
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ លោកបណ្ឌិត មាឃ បូរ៉ា ប្រធានផ្នែកសិលាចារឹកវិទ្យានៃវិទ្យាស្ថានភាសាជាតិត្រូវបានគណៈកម្មការវាយតម្លៃជាប់ស្ថាពរជាបេក្ខភាពប្រធានវិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោយពីលោកបណ្ឌិតបានទទួលពិន្ទុគាំទ្ររហូតដល់ទៅ ១១៦៣ពិន្ទុពីគណៈកម្មការវាយតម្លៃជ្រើសរើសបេក្ខភាពប្រធានវិទ្យាស្ថានភាសាជាតិនិងមន្ត្រីនៃវិទ្យាស្ថានភាសាជាតិទាំងអស់។

នៅថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃ៧ ខែមេសា ឆ្នាំ២០២០ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំការវាយតម្លៃជ្រើសរើសបេក្ខភាពប្រធានវិទ្យាស្ថានភាសាជាតិថ្មីជំនួយឯកឧត្តមបណ្ឌិត ជួរ គារី ដែលត្រូវដល់អាយុចូលនិវត្តន៍។ បេក្ខភាពចូលរួមប្រកួតប្រជែងមានចំនួន២រូប គឺលោកបណ្ឌិត មាឃ បូរ៉ា និងលោកបណ្ឌិត វង្ស ម៉េង។ ពិធីនេះបានប្រព្រឹត្តឡើងនៅសាលសន្និសីទអគារឥន្ទ្រទេវីក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំការវាយតម្លៃ ដែលមានការចូលរួមវាយតម្លៃពីគណៈកម្មការវាយតម្លៃ និងមន្ត្រីនៃវិទ្យាស្ថានភាសាជាតិសរុបចំនួន ២៧រូប។

នៅក្នុងពិធីនេះ គណៈកម្មការវាយតម្លៃ និងមន្ត្រីវិទ្យាស្ថានភាសាជាតិបានផ្តល់ពិន្ទុវាយតម្លៃសមត្ថភាពបេក្ខជនយ៉ាងសម្ងាត់ សុក្រឹត តម្លាភាព សមធម៌ និងយុត្តិធម៌ បន្ទាប់ពីបានពិនិត្យមើល និងស្តាប់ការធ្វើបទបង្ហាញរបស់បេក្ខជនដែលមានរយៈពេលចំនួន១៥នាទី អំពី ផែនការសកម្មភាព ចក្ខុវិស័យ និងទស្សនៈវិស័យការដឹកនាំគ្រប់គ្រងរបស់បេក្ខជនយ៉ាងល្អិតល្អន់។ នៅក្នុងការផ្តល់ពិន្ទុវាយតម្លៃសមត្ថភាពបេក្ខជននេះ គណៈកម្មការវាយតម្លៃបានកំណត់យកលក្ខណៈវិនិច្ឆ័យសំខាន់ៗចំនួន៧ចំណុច រួមមាន៖ 

១. យុទ្ធសាស្រ្តក្នុងការដឹកនាំអង្គភាព
២. យុទ្ធសាស្រ្តគ្រប់គ្រងនិងដឹកនាំបុគ្គលិក
៣. គំនិតផ្តួចផ្តើមនិងច្នៃប្រឌិតការងារ
៤. សមត្ថភាពក្នុងការរៀបចំនិងទទួលបានគម្រោងស្រាវជ្រាវ
៥. ស្មារតីទទួលខុសត្រូវ
៦. ការយកចិត្តទុកដាក់ចំពោះផលប្រយោជន៍អង្គភាព និង
៧. សីលធម៌។

ជាលទ្ធផល លោកបណ្ឌិត មាឃ បូរ៉ា បានពិន្ទុចំនួន ១១៦៣ពិន្ទុនិងលោកបណ្ឌិត វង្ស មេង អនុប្រធានវិទ្យាស្ថានភាសាជាតិទទួលបានពិន្ទុចំនួន ១១០៤។ ដូចនេះ លោកបណ្ឌិត មាឃ បូរ៉ា បានជាប់ស្ថាពរជាបេក្ខភាពប្រធានវិទ្យាស្ថានភាសាជាតិ។

ក្រោយពីជាប់ជាប្រធានវិទ្យាស្ថានភាសាជាតិ លោកបណ្ឌិត មាឃ បូរ៉ា បានប្តេជ្ញាចិត្តយ៉ាងមុតមាំថា លោកនឹងប្រកាន់ខ្ជាប់នូវទស្សនវិជ្ជាដឹកនាំផ្អែកលើគោលការណ៍គ្រឹះចំនួន៦ ដើម្បីវាស់វែងកិច្ចប្រតិបត្តិការងារ ដូចជា៖ 

១. សមត្ថភាព គឺចំណេះដឹងនិងចំណេះធ្វើក្នុងវិស័យឯកទេសរបស់ខ្លួន
២. ទេពកោសល្យ គឺភាពប៉ិនប្រសប់និងភាពឆ្លាតវៃក្នុងការងារ
៣. នវានុវត្តន៍ គឺគំនិតច្នៃប្រឌិតក្នុងការបង្កើតនូវតម្លៃបន្ថែម
៤. សីលធម៌ គឺភាពជាពលរដ្ឋល្អក្នុងមជ្ឈដ្ឋានការងារនិងសង្គម
៥. ភាពអំណត់ គឺការតស៊ូក្រាញននៀលក្នុងការងារមិនថាលំបាកឬស្រណុក និង
៦. ភាពស្មោះត្រង់ គឺភក្តីភាពចំពោះការងារ អង្គភាព និងប្រទេសជាតិ និងគុណធម៌។

លើសពីនេះ លោកបណ្ឌិតបានប្រសាសន៍ថា លោកនឹងប្រកាន់ភ្ជាប់ជានិច្ចនូវទស្សនវិជ្ជារបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាជាត្រីវិស័យ នោះគឺ « ទ្រឹស្ដីផ្សារភ្ជាប់នឹងការអនុវត្ត ចងភ្ជាប់ដោយលទ្ធផល ហើយត្រូវមានក្រមសីលធម៌វិជ្ជាជីវៈ»៕

RAC Media | រឿន ភីរុន

អត្ថបទទាក់ទង

«ពិធីបើកវគ្គបណ្តុះបណ្តាលវគ្គសិក្សាថ្មី របស់រាជបណ្ឌិត្យសភាកម្ពុជា» ដោយ៖ ចាន់ វណ្ឌី

ដើម្បីបន្តនិរន្តរភាពនៃការបណ្តុះបណ្តាល និងស្រាវជ្រាវ រាជបណ្ឌិត្យសភាកម្ពុជា បានបើកការបណ្តុះបណ្តាលវគ្គសិក្សាថ្មី (ថ្នាក់បណ្ឌិតជំនាន់ទី៤ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាន់ទី៧) ដែលបានធ្វើឡើងនៅថ្ងៃព្រឹកថ្ង...

2019-03-02 04:03:07   ថ្ងៃសៅរ៍, 02 មីនា 2019 ម៉ោង 11:03 AM
សរុបព័ត៌មានប្រចាំសប្តាហ៍៖ «បច្ចេកសព្ទចំនួន០៣ ត្រូវបានអនុម័ត នៅសប្តាហ៍ទី៤ ក្នុងខែកុម្ភៈ ឆ្នាំ២០១៩ ដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ(ក.ជ.ភ.ខ)នៃរាជបណ្ឌិត្យសភាកម្ពុជា»

បច្ចេកសព្ទរបស់គណៈកម្មការអក្សរសិល្បិ៍ ចំនួន០៣ ត្រូវបានអនុម័ត នៅសប្តាហ៍ទី៤ កាលពីថ្ងៃអង្គារ ៧រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ (ក.ជ.ភ...

2019-03-01 08:59:42   ថ្ងៃសុក្រ, 01 មីនា 2019 ម៉ោង 03:59 PM
«រាជបណ្ឌិត្យសភាកម្ពុជានឹងបញ្ជូននិស្សិតកម្ពុជាចំនួន២០ រូបទៅសិក្សាថា្នក់បរិញ្ញាបត្រជាន់ខ្ពស់ភាសាចិននៅក្នុងប្រទេសចិន» ដោយ​៖ ស៊ឺន សម

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានទទួលជួបជាមួយប្រតិភូនៃសាកលវិទ្យាល័យ East China Normal University ដែលដឹកនាំដោយលោកស្រី Huang Meixu នាយកមជ្ឈមណ្ឌលអប់រំអន្តរជាតិ ដើម្បីពិភាក្សា ស្តីពី គម្រោងលម្អិតក្នុងកា...

2019-02-28 07:35:18   ថ្ងៃព្រហស្បតិ៍, 28 កុម្ភៈ 2019 ម៉ោង 02:35 PM
«ប្រជុំពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទគណៈកម្មការអក្សរសិល្បិ៍»

ថ្ងៃអង្គារ ៧រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបន្តដឹកនាំប្រជុំពិនិត្យ ពិភាក្សា និង អនុម័តបច្ច...

2019-02-27 08:11:09   ថ្ងៃពុធ, 27 កុម្ភៈ 2019 ម៉ោង 03:11 PM
«ស្ថាបនិកប្រព័ន្ធសុខភាពសាធារណៈដំបូងគេបំផុតរបស់ពិភពលោកព្រះបាទជ័យវរ្ម័នទី៧...» ដោយ៖ ឆោម ជុំរ៉ុង

ស្ថាបនិកប្រព័ន្ធសុខភាពសាធារណៈដំបូងគេបំផុតរបស់ពិភពលោកព្រះបាទជ័យវរ្ម័នទី៧ ដែលជាស្តេចខ្មែរមួយអង្គក្នុងចំណោមស្តេចខ្មែរដែលមានមហិច្ឆតាបំផុតនោះ គឺអ្នកកសាងដ៏អស្ចារ្យមួយអង្គ៖ ព្រះអង្គបានដាក់ព្រះរាជបញ្ជាឱ្យមានក...

2019-02-26 03:55:57   ថ្ងៃអង្គារ, 26 កុម្ភៈ 2019 ម៉ោង 10:55 AM
«ពិធីចុះអនុស្សរណៈយោគយល់គ្នាជាមួយសាកលវិទ្យាល័យ អ៊ូប៊ុនរ៉ាឆាថានីរាជបាតនៃព្រះរាជាណាចក្រថៃ» ដោយ៖ ស៊ឺន សម

ក្នុងគោលបំណងនៃការសម្របសម្រួលលើកិច្ចសហការស្រាវជ្រាវវិទ្យាសាស្ត្រ អប់រំ កសិកម្ម និងទេសចរណ៍ រាជ​បណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យ អ៊ូប៊ុនរ៉ាឆាថានីរាជបាតនៃព្រះរាជាណាចក្រថៃ បានព្រមព្រៀងចុះអនុស្សរណៈយោគយល់...

2019-02-26 03:20:09   ថ្ងៃអង្គារ, 26 កុម្ភៈ 2019 ម៉ោង 10:20 AM

សេចក្តីប្រកាស