Royal Academy of Cambodia
(ខេត្តព្រះវិហារ)៖ សកម្មភាពនៃការលួចកាប់ឈើនៅក្នុងឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារនៅតែបន្តកើតមាន ដោយសារឈ្មួញខិលខូចមួយចំនួនបានប្រើដៃប្រជាជនដែលមានជីវភាពខ្វះខាតនៅមូលដ្ឋាន ដើម្បីកាប់បំផ្លាញព្រៃឈើបម្រើឱ្យផលប្រយោជន៍របស់ពួកគេ។
ដើម្បីទប់ស្កាត់សកម្មភាពនៃការលួចកាប់ឈើនៅក្នុងឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែន ឫស្សីត្រឹប កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យបានដឹកនាំថ្នាក់ដឹកនាំ និងមន្ត្រីឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែន ឫស្សីត្រឹបចុះល្បាតទប់ស្កាត់សកម្មភាពកាប់បំផ្លាញព្រៃឈើខុសច្បាប់ជាច្រើនកន្លែងនៅក្នុងឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែន ឫស្សីត្រឹបដោយផ្ទាល់។
នៅពេលចុះសកម្មភាពល្បាត ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច និងមន្ត្រីឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែន ឫស្សីត្រឹប បានហាមឃាត់ និងណែនាំជនល្មើសដែលកំពុងកាប់បំផ្លាញឈើ ដើម្បីធ្វើអាជីវកម្ម និងទន្ទ្រានយកដីក្នុងឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ដើម្បីធ្វើកសិកម្មដោយខុសច្បាប់។
នៅក្នុងសកម្មភាពចុះល្បាតទប់ស្កាត់សកម្មភាពបំផ្លាញព្រៃឈើក្នុងឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែន ឫស្សីត្រឹបនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច និងមន្ត្រីឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែន ឫស្សីត្រឹប បានចាប់ដកហូតឧបករណ៍ល្មើសច្បាប់មួយចំនួនពីជនល្មើសផងដែរ។
ដោយមើលឃើញថា ជនល្មើសជាប្រជាជនក្រីក្រសាមញ្ញ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានអប់រំណែនាំពួកគេឱ្យបញ្ឈប់ការកាប់បំផ្លាញព្រៃឈើដែលនាំឱ្យប៉ះពាល់ដល់បរិស្ថានធម្មជាតិ និងលើកទឹកចិត្តឱ្យពួកគេប្រកបរបបស្របច្បាប់វិញ។
សូមរម្លឹកថា ដោយទទួលបានសំណើសុំឱ្យជួយអន្តរាគមន៍ពីឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែន ឫស្សីត្រឹប កាលថ្ងៃទី១៩ មីនា ឆ្នាំ២០២០ កន្លងទៅនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានបញ្ជូនកម្លាំងចម្រុះរួមមាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត រដ្ឋបាលព្រៃឈើ និងអាជ្ញាធរស្រុកឆែប ដើម្បីចុះប្រតិបត្តិការបង្ក្រាបការកាប់ឈើខុសច្បាប់ជាច្រើនកន្លែង នៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹបផងដែរ។
សូមជម្រាបជូនថា ឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែន ឫស្សីត្រឹប មានទំហំផ្ទៃដីសរុប ១១៤.៣៥ គីឡូម៉ែត្រការ៉េ ស្ថិតនៅឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ និងត្រូវបានបង្កើតឡើងតាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៤១៤/៤៣៦ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៤។ ឧទ្យាននេះមានតំបន់ជីវៈចម្រុះ និងមានសក្តានុពលច្រើន រួមមាន សម្រស់ធនធានព្រៃឈើធម្មជាតិ សត្វព្រៃកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ បុរាណវត្ថុ និងជាតិពន្ធុដែលអាចបម្រើឱ្យមុខងារក្នុងបរិស្ថាន ព្រៃឈើវប្បធម៌ ប្រវត្តិសាស្រ្ត និងទេសចរណ៍យ៉ាងទាក់ទាញល្អប្រសើរ៕
RAC Media| រឿន ភារុន
កាលពីព្រឹកថ្ងៃសុក្រ ១៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា តំណាងដ៏ខ្ពស់ខ្ពង់របស់ឯកឧត្តមបណ្ឌិតសភាចារ្...
អបអរសាទរ !សិស្សជ័យលាភីនិទ្ទេស A ទាំង ៤នាក់ នៃ ស្រុកត្រាំកក់ ខេត្តតាកែវ ទទួលបាន ម៉ូតូ ម្នាក់ៗ ១គ្រឿងពី ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន។នៅឯរដ្ឋបាលសាលាស្រុកត្រាំកក់ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្...
នៅព្រឹកថ្ងៃសៅរ៍ ៨រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត យង់ ពៅ ប្រធានក្រុមការងារថ្នាក់ជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានចាត់តាំងថ្នាក់ដឹកនាំនិងសមាជិកនៃក្រុម...