ព័ត៌មាន

រាជបណ្ឌិត្យសភាកម្ពុជា និងក្រសួងទេសចរណ៍ឯកភាពអនុវត្តការងាររួមគ្នាចំនួន ៤ចំណុចដើម្បីជំរុញវិស័យទេសចរណ៍នៅកម្ពុជា

2020-05-05 13:22:06 ថ្ងៃអង្គារ, 05 ឧសភា 2020 ម៉ោង 08:22 PM
អ្នកមើល 7201
post_detail

(ទីស្តីការក្រសួងទេសចរណ៍)៖ នៅរសៀលថ្ងៃអង្គារ១៤កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិតសភាចារ្យសុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានជួបពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដើម្បីពិភាក្សាការងារសហការរួមគ្នារវាងស្ថាប័នទាំងពីរ និងជំរុញវិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជា។

នៅក្នុងជំនួបពិភាក្សាការងារដែលបានប្រព្រឹត្តទៅនៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តមបណ្ឌិតសភាចារ្យសុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឯកភាពសហការអនុវត្តការងាររួមគ្នាលើចំណុចចំនួន៤រួមមាន៖

១. រៀបចំបណ្តុះបណ្តាលវិជ្ជាជីវៈលើវិស័យទេសចរណ៍តាមស្តង់ដារអាស៊ាន ដោយបណ្តុះបណ្តាលនៅរាជបណ្ឌិត្យសភាកម្ពុជា ។ ដំណើរការបណ្តុះបណ្តាលនេះ នឹងអនុវត្តក្រោយពេលកូវីដ១៩ បញ្ចប់។

២. បង្កើតមជ្ឈមណ្ឌល China Ready Centre នៅរាជបណ្ឌិត្យសភាកម្ពុជា។

៣. ស្ថាបន័ទាំងពីរនឹងចុះអនុស្សរណៈនៃការយោគយល់គ្នាក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ។

៤. ក្រសួងទេសចរណ៍និងរាជបណ្ឌិត្យសភាកម្ពុជា នឹងបង្តើតឱ្យមាននូវការសិក្សាស្រាវជ្រាវ, បណ្តុះបណ្តាល, និងការអនុវត្តជាក់ស្តែង ទៅលើវិស័យទេសចរណ៍នេះ។

សូមជម្រាបជូនថា រាជបណ្ឌិត្យសភាកម្ពុជា (រ.ប.ស.ក.) ជាគ្រឹះស្ថានសាធារណៈរដ្ឋបាលស្ថិតក្រោមអាណាព្យាបាលបច្ចេកទេសនៃទីស្តីការគណៈរដ្ឋមន្ត្រីនិងស្ថិតក្រោមអាណាព្យាបាលហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ រ.ប.ស.ក. មានបេសកកម្មដឹកនាំគ្រប់គ្រង អភិវឌ្ឍការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្ត បច្ចេកវិទ្យា បច្ចេកទេស បណ្តុះបណ្តាល និងអភិវឌ្ឍធនធានបញ្ញាញាណជាន់ខ្ពស់របស់ជាតិ។

ផ្អែកតាមព្រះរាជក្រឹត្យលេខ នស/រកត/១២១៩/១៩៦២ ចុះថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ រាជបណ្ឌិត្យសភាកម្ពុជា មានភារកិច្ចជាអាទិ៍ ដូចតទៅ៖

- គ្រប់គ្រងនិងពង្រីកការស្រាវជ្រាវវិទ្យាសាស្រ្តលើគ្រប់វិស័យ

- ធ្វើកិច្ចសហប្រតិបត្តិការលើផ្នែកស្រាវជ្រាវជាមួយក្រសួង ស្ថាប័ន អង្គការជាតិ និងអន្តរជាតិ ព្រមទាំងដៃគូអភិវឌ្ឍនានាដែលមានគោលបំណងដូចគ្នា

- រៀបចំវេទិកាវិទ្យាសាស្រ្តលើគ្រប់វិស័យ ដើម្បីផ្តល់ធាតុចូលក្នុងការរួមចំណែកអភិវឌ្ឍប្រទេស

- បណ្តុះបណ្តាល ដើម្បីអភិវឌ្ឍធនធានមនុស្សលើគ្រប់វិស័យ

- ប្រមូល ចងក្រង បោះពុម្ពផ្សាយ និងតម្កល់ឯកសារ ស្នាដៃស្រាវជ្រាវនិងរបកគំហើយនានា

- ប្រមូលផ្តុំកម្លាំងបញ្ញាញាណរបស់ជាតិនិងអន្តរជាតិ ដើម្បីជំរុញការអភិវឌ្ឍប្រទេស

- លើកសំណើជូនគ្រឿងឥស្សរិយយសឬគោរមងារវិទ្យាសាស្រ្តដល់ឥស្សរជនឆ្នើមជាតិ និងអន្តរជាតិ

- អភិរក្សនិងអភិវឌ្ឍការប្រើប្រាស់ភាសា និងអក្សរខ្មែរប្រកបដោយនិរន្តរភាព ព្រមទាំងរក្សាបាននូវអត្តសញ្ញាណជាតិខ្មែរ

- ស្រាវជ្រាវ អភិរក្ស និងអភិវឌ្ឍធនធានធម្មជាតិ និងវប្បធម៌

- ចូលរួមចំណែក និងធ្វើកិច្ចសហប្រតិបត្តិការក្នុងការការពារកម្មសិទ្ធិបញ្ញាខាងផ្នែកវិទ្យាសាស្រ្តគ្រប់វិស័យ

- ពិនិត្យនិងវាយតម្លៃស្នាដៃស្រាវជ្រាវវិទ្យាសាស្រ្តជាន់ខ្ពស់

- អនុវត្តភារកិច្ចផ្សេងៗទៀតដែលទីស្តីការគណៈរដ្ឋមន្ត្រីនិងរាជរដ្ឋាភិបាលប្រគល់ជូន៕

RAC Media| រឿន ភារុន

អត្ថបទទាក់ទង

ប្រភេទកុលាលភាជន៍ផុយនៅស្ថានីយជើងឯក ដោយ៖ កញ្ញា តាកេត ស័កដា

ការសិក្សា​ស្រាជ្រាវពី​កុលាល​ភាជន៍​ខ្មែរជា​ផ្នែក​មួយដ៏​សំខាន់​ក្នុងវិស័យបុរាណវត្ថុវិទ្យា និងប្រវត្តិសាស្រ្ត ព្រោះ​តាម​រយៈ​កុលាលភាជន៍ទាំងនោះ អ្នកស្រាវជ្រាវអាចកំណត់​បាន​ពីភាព​ប៉ិន​ប្រសប់​របស់​ជនជាតិខ្មែរ...

2019-01-03 04:19:31   ថ្ងៃព្រហស្បតិ៍, 03 មករា 2019 ម៉ោង 11:19 AM
«ទស្សនទានស្តីពីមីក្រូសហគ្រាស សហគ្រាសធុនតូចនិងមធ្យម នៅប្រទេសកម្ពុជា» ដោយ៖ បណ្ឌិត ព្រុំ ទេវី អនុប្រធានវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម

ក្របខណ្ឌគោលនយោបាយសម្រាប់ការអភិវឌ្ឍន៍មីក្រូសហគ្រាស សហគ្រាសធុនតូចនិងមធ្យម (Micro Small and Medium Enterprises: MSMEs) ទើបតែបានបង្កើតនៅកម្ពុជាក្នុងទសវត្សរ៍ទី៩០ប៉ុណ្ណោះ។ MSMEs មានតួនាទីជាឆ្អឹងខ្នងនៃសេដ្ឋក...

2019-01-02 10:19:21   ថ្ងៃពុធ, 02 មករា 2019 ម៉ោង 05:19 PM
«សង្គ្រាមពាណិជ្ជកម្មផ្តើមដោយដូ ណាល់ត្រាំ នាំឱ្យចិនបង្កើននយោបាយការទូតស្វែងរកមិត្ត» ដោយ លោក ស៊ឺន សម

កាលពីឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ ព័ត៌មានក្នុងពិភពលោក ហាក់ដូចជាបានគ្របដណ្តប់ដោយព័ត៌មានស្តីពីជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងប្រទេសចិន ដោយប្រទេសទាំងពីរបានបន្តឹងការយកពន្ធលើមុខទំនិញរបស់គ្នាទៅវិញទៅមក ...

2019-01-02 05:46:43   ថ្ងៃពុធ, 02 មករា 2019 ម៉ោង 12:46 PM
វិមានឈ្នះឈ្នះ៖ និមិត្តរូបនៃការកសាងសន្តិភាពរបស់កម្ពុជា និងជាសំណង់ដែលបង្កប់តម្លៃវប្បធម៌និងប្រវត្តិសាស្ត្រ

ភ្នំពេញ៖ ថ្ងៃសោរិ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១៨ នេះ កម្ពុជាបានប្រារព្ធទិវានយោបាយឈ្ន ឈ្នះ ជាលើកដំបូង បន្ទាប់រយៈពេល២០ឆ្នាំ នៃការអនុវត្តប្រកបដោយជោគជ័យនិងពេញលេញនូវ នយោបាយឈ្នះ ឈ្នះ ដែលដាក់ចេញដោយប្រមុខរាជរដ្ឋាភិបា...

2018-12-29 04:45:16   ថ្ងៃសៅរ៍, 29 ធ្នូ 2018 ម៉ោង 11:45 AM
«មូលហេតុដែលអាម៉េរិកដកខ្លួនចេញពីសង្គ្រាមស៊ីរី គឺជាមេរៀនថ្មីមួយទៀតសម្រាប់ប្រទេសអាស៊ីក្នុងការទុកចិត្តសហរដ្ឋអាម៉េរិក»​​​​​​​​ ដោយ៖ ស៊ឺន សម

លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូ ណាល់ត្រាំ បានសម្រេចចិត្តភ្លាមៗ​ក្នុង​ការដក​ទ័ព​អាម៉េរិក​ទាំង​អស់ចេញ​ពី​ប្រទេស​ស៊ីរី ហើយ​ចំណុច​នេះ​គឺជា​ការ​រំលឹក​ថ្មីមួយ​ទៀត​ដល់​អ្នក​ដែល​ជឿ​ការសន្យារបស់អាមេរិក។នាយឧត្...

2018-12-29 04:04:26   ថ្ងៃសៅរ៍, 29 ធ្នូ 2018 ម៉ោង 11:04 AM
«ជ្រុងមួយនៃភាពរុងរឿងពីសម័យកាលអាណាចក្រអង្គរ»

តាមអត្ថបទស្រាវជ្រាវរបស់លោកសាស្ត្រាចារ្យ កុល សារូ អនុប្រធានមជ្ឈមណ្ឌលស្រាវជ្រាវវប្បធម៌វិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលបានធ្វើបទបង្ហាញអំពីប្រធានបទមួយ ស្តីពី «ជ្រុងមួយនៃបេតិកភណ្ឌវប្បធ...

2018-12-28 08:36:55   ថ្ងៃសុក្រ, 28 ធ្នូ 2018 ម៉ោង 03:36 PM

សេចក្តីប្រកាស