ព័ត៌មាន

ទិដ្ឋភាពទូទៅនៃអក្សរសិល្ប៍ខ្មែរសង្ខេប ដោយ៖ លោក ឃិន យ៉ង់ លេខាអចិន្ត្រៃយ៍វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា

2020-05-18 07:59:45 ថ្ងៃចន្ទ, 18 ឧសភា 2020 ម៉ោង 02:59 PM
អ្នកមើល 12769
post_detail

អក្សរសិល្ប៍ខ្មែរចែកជាពីរប្រភេទធំៗគឺអក្សរសិល្ប៍ប្រជាប្រិយ និង អក្សរសិល្ប៍សំណេរ ឬហៅថាអក្សរសិល្ប៍ចំណារ។

១-អក្សរសិល្ប៍ប្រជាប្រិយ

អក្សរសិល្ប៍ប្រជាប្រិយមានតាំងពីសម័យបុព្វកាលមក គឺមានតាំងពីសម័យកកើតមនុស្ស មានភាសា មានកាយវិការ មានសម្ដី នាំឱ្យមានអក្សរសិល្ប៍ប្រជាប្រិយ ហើយវាបានវិវត្តតាមទម្រង់ផ្សេងៗ មានចម្រៀងប្រជាប្រិយ ដែលស្ថិតនៅក្នុងប្រភេទពាក្យជួនប្រជាប្រិយហ្នឹង ហើយមានទេវកថា ដែលបកស្រាយបញ្ហាធម្មជាតិ បាតុភូតធម្មជាតិ ការកើតការស្លាប់របស់មនុស្សនៅក្នុងសង្គមបុព្វកាល បន្ទាប់មកទៀតកើតឡើងនៅរឿងព្រេង រឿងព្រេងខ្មែរ ឡើងនៅដើមសម័យប្រវត្តិសាស្ត្រ បង្ហាញពីការកកើតទឹកដីជាប្រទេស ជារដ្ឋ បង្ហាញពីតួអង្គវីរជន មេដឹកនាំ ជាស្ដេច ជាមេទ័ព ប្រវត្តិ​ភូមិសាស្ត្រ ទីកន្លែង គឺព្រេងកថា បន្ទាប់ពីព្រេងកថា មាននិទានកថា ដែលនិទានពីទំនាស់ក្នុងជីវភាពប្រចាំថ្ងៃ។ ទំនាស់បុគ្គលនិងបុគ្គលជាមួយធម្មជាតិ បុគ្គលអ្នកមាននិងអ្នកក្រ អ្នកតូចនិងអ្នកធំ ស្ដេចនិងរាស្រ្តនឹងទៅ ហ្នឹងគឺ      និ​ទាន​កថា។ និទានកថា ចែកជាបួនប្រភេទទៀតគឺ និទានកថាសំណើច និទានកថារិះគន់ឬហៅថានិទានកថាសង្គម និទានកថាអស្ចារ្យ និងនិទានកថាសត្វ។

២-អក្សរសិល្ប៍សំណេរ

អក្សរសិល្ប៍សំណេរ ចែកជាបីសម័យកាលធំៗ ដោយចែកទៅតាម និរុត្តិសាស្ត្រនិងវិធីសាស្រ្តតែងនិពន្ធគឺ៖

១-១ ដំណាក់កាលទីមួយ សម័យកាលទី១ គឺអក្សរសិល្ប៍ពីបុរាណ ឬក៏អក្សរសិល្ប៍សិលាចារឹក ដែលកើតនៅសម័យមុនអង្គរ និង សម័យអង្គរ ទម្រង់ភាគច្រើនជារបាក្សត្រ ជាកំណាព្យ ជារបាយការណ៍ សកម្មភាពផ្សេងៗ និងអក្សរសិល្ប៍​​ព្រាហ្មណ៍និយម ភាគច្រើនហើយវាបានបង្ហាញពីសកម្មភាពជំនឿក្នុងពុទ្ធសាសនាថេរវាទ (ហីនយាន) ពុទ្ធសាសនាអាចារ្យវាទ (មហាយាន) និងជំនឿក្នុងសាសនាព្រាហ្មណ៍សិវនិយម ភាគច្រើនផងដែរ។

អក្សរសិល្ប៍ព្រាហ្មណ៍និយម នៅក្នុងសម័យបុរាណនេះ គឺភាគច្រើនជាស្នាដៃដែលឆ្លុះបញ្ចាំងលើកដំកើងព្រះវិស្ណុ ដែល​រឿងរ៉ាវទាំងឡាយភាគច្រើនគឺនិយាយអំពីអវតារបស់ព្រះវិស្ណុ។

១-២ ដំណាក់កាលទី ២ សម័យកាលទី ២ គឺអក្សរសិល្ប៍សម័យកណ្ដាល (មជ្ឈឹមសម័យ)៖ អក្សរសិល្ប៍សម័យកណ្ដាល នេះគឺផ្ដោតទៅលើសម័យក្រោយអង្គរ មកដល់ឆ្នាំ១៩០០ គឺបើគិតរាប់ជាឆ្នាំ ចាប់ចាកចោលក្រុងអង្គរ ឆ្នាំ​១៤​៣១ រហូតដល់ឆ្នាំ១៩០០។ សម័យកាលនេះអាចហៅថា អក្សរសិល្ប៍ប្រពៃណី ជាអក្សរសិល្ប៍សាស្ត្រាស្លឹករឹត ជាអក្សរសិល្ប៍ពុទ្ធនិយមបែបខ្មែរ ទទួលឥទ្ធិពល ឬគោរពប្រតិបត្តិពុទ្ធសាសនាថេរវាទ។ រឿងរ៉ាវជាច្រើនទាក់ទងនឹងពុទ្ធប្រវត្តិ ដែលដកស្រង់ចេញមកពីគម្ពីរព្រះត្រៃបិដកសុទ្ធ ដែរគេឃើញស្នាដៃអក្សរសិល្ប៍ពុទ្ធនិយម ចែកជាបីប្រភេទ ទីមួយគឺអក្សរសិល្ប៍ពុទ្ធនិយមសុទ្ធសាធ សំដៅទៅលើគម្ពីរទសជាតក រឿងរ៉ាវទសជាតក និងរឿង ជាតក ៥៤៧រឿងទៀត ដែលដកស្រង់ចេញពីគម្ពីរសុត្តនបិដក ក្នុងព្រះត្រៃបិដក ហ្នឹងមានទាំងរឿងចាបស្រុកចាបព្រៃ ក៏ជារឿងពុទ្ធនិយមសុទ្ធសាធដែរ។ ទី២ គឺអក្សរសិល្ប៍ពុទ្ធនិយមក្លាយ ឬគម្ពីរបញ្ញាសជាតក មាន ៥០ រឿងហ្នឹង គឺព្រះសង្ឃជំនាន់ក្រោយសម័យអង្គរ មានព្រះសង្ឃខ្មែរ សៀម លាវ ភូមា បានទៅសិក្សាពុទ្ធសាសនានៅប្រទេសស្រីលង្កា ហើយត្រឡប់មកវិញ តែងនិពន្ធរឿងហ្នឹង ហើយរឿងហ្នឹងគេនិពន្ធរួមគ្នា នៅឈៀងម៉ៃ ទើបព្រះសង្ឃទាំងអស់ បានបែកគ្នាមកកាន់ប្រទេសរៀងៗខ្លួន មានរឿងមួយចំនួនដូចគ្នា និងរឿងមួយចំនួនទៀតមិនសូវដូចគ្នាទេ រឿងនេះត្រូវបាននិពន្ធតាមលំនាំគម្ពីរទសជាតកដែរ ប៉ុន្តែបានផ្សារភ្ជាប់ជាមួយនឹងតម្រូវការចាំបាច់ក្នុងសង្គមប្រទេសនីមួយៗ នៅក្នុងសម័យកាលនោះ។ ដូច្នេះបានជាគេឃើញនៅក្នុងគម្ពីរបញ្ញាសជាតកហ្នឹងភាគច្រើនបានបង្ហាញពីសកម្មភាពជាក់ស្ដែងក្នុងការប្រព្រឹត្តិប្រតិបត្តិពុទ្ធសាសនា។ ទីបី គឺអក្សរសិល្ប៍ពុទ្ធនិយមក្លាយហួសហេតុ (ផ្លម) គឺសំដៅលើស្នាដៃទាំង ឡាយដែលនិពន្ធនៅក្នុងចុងសម័យលង្វែក និងសម័យឧដុង្គព្រម ទាំងដើមសម័យអាណាព្យាបាលបារាំង ដែលអ្នកនិពន្ធ និពន្ធតាមគម្ពីរទសជាតកនៅក្នុងសេចក្តីផ្ដើម និងបញ្ចប់រឿងយកលំនាំដើមដូចជា រឿងក្នុងទសជាតក ប៉ុន្តែនៅក្នុងដំណើររឿងគឺនិយាយអំពីជីវភាពជាក់ស្ដែង ដូចជាដំណើររឿងស្នេហា ការផ្សងព្រេងរបស់តួអង្គ ឬក៏ដំណើរសង្គ្រាមច្បាំងគ្នាដើម្បីយកជ័យជម្នះ ដែលតាមបែបគោលព្រាហ្មណ៍និយម ទៅដល់ពេលបញ្ចប់រឿងបែបពុទ្ធនិយមនេះហើយទើបគេហៅថា ពុទ្ធនិយមក្លាយហួសហេតុ ឬផ្លម។

១-៣ ដំណាក់កាលទី៣ សម័យកាលទីបី គឺអក្សរសិល្ប៍ទំនើប គិតចាប់ពីឆ្នាំ១៩០០ រហូតមក ដល់បច្ចុប្បន្ន សំដៅទៅ លើស្នាដៃប្រលោមលោកពាក្យរាយ ដែលនិយាយអំពីបញ្ហាជីវភាពជាក់ស្ដែង លែងពាក់ព័ន្ធជាមួយមនោគមន៍វិជ្ជាសាសនា​ហើយ ហើយលក្ខណៈពិសេសអក្សរសិល្ប៍ទំនើប គឺការកកើតនៅរោងពុម្ព ដែលមានការបោះពុម្ពជាសៀវ ភៅ លែងចារឹកលើថ្ម លែងចារលើស្លឹករឹតទៀតហើយ រីឯការតែងនិពន្ធក៏លែងតែងជាពាក្យកាព្យទៀតដែរ។ 

                                                                  ឯកសារពិគ្រោះ

១-ឃីង ហុកឌី វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម មជ្ឈមណ្ឌលស្រាវវជ្រាវអារ្យធម៌ខ្មែរ ២០០៣

២-ស៊ុំ ឈុំប៊ុន មេរៀនឆ្នាំទី៤ ថ្នាក់បរិញ្ញាបត្រអក្សរសាស្ត្រ សភភព ១៩៩៩

                  សិលាចារឹក វ៉ូកាញ់ ចារឹកប្រហែលនៅចុងសតវត្សទី២ ឬដើមសតវត្សទី៣ នៃគ្រិស្តសករាជ                                                             និយាយអំពីជំនឿរបស់ព្រះបាទស្រីមារៈ ចំពោះព្រះពុទ្ធសាសនា

RAC Media

ប្រភព៖ វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម


អត្ថបទទាក់ទង

«រាជបណ្ឌិត្យសភាកម្ពុជានឹងអភិរក្ស និងអភិវឌ្ឍប្រែក្លាយឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹបជាឧទ្យានទេសចរណ៍ និងកន្លែងផលិតផលដ៏ធំមួយនៅប្រទេសកម្ពុជា »

(ព្រះវិហារ)៖ រាជបណ្ឌិត្យសភាកម្ពុជានឹងអភិរក្ស និងអភិវឌ្ឍប្រែក្លាយឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹបជាឧទ្យានទេសចរណ៍វប្បធម៌ ប្រវត្តិសាស្រ្ត និងកន្លែងផលិតផលដ៏ធំមួយនៅប្រទេសកម្ពុជា។ នេះជាការលើកឡ...

2020-06-15 09:42:55   ថ្ងៃចន្ទ, 15 មិថុនា 2020 ម៉ោង 04:42 PM
«និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៃរាជបណ្ឌិត្យសភាកម្ពុជាធ្វើទស្សនកិច្ចសិក្សា និងដាំកូនឈើនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា»

(ព្រះវិហារ)៖ នៅថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០នេះ និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៃរាជបណ្ឌិត្យសភាកម្ពុជាបានទៅធ្វើទស្សនកិច្ចសិក្សា និងបានចូលរួមដាំកូនឈើនៅឧទ្យានរាជបណ្ឌិត្យសភាកម...

2020-06-15 06:03:05   ថ្ងៃចន្ទ, 15 មិថុនា 2020 ម៉ោង 01:03 PM
អង្គរបុរី ដែនដីនៃអតីតរាជធានីខ្មែរសម័័យមុនអង្គរ (រាជធានីវ្យាធបុរៈ)

អតីតរាជធានីនេះ ដែលបង្កើតឡើងប្រហែលនៅដើមស.វ.ទី៦ នៃគ.ស។ សព្វថ្ងៃ អង្គរ​បុរី ជាស្រុកមួយរបស់ខេត្តតាកែវ ស្ថិតនៅភាគខាងត្បូងនៃប្រទេសកម្ពុជា។នេះជាវីដេអូរខ្លីបង្ហាញពីសកម្មភាពខ្លះៗ​របស់ក្រុមស្រាវជ្រាវបុរាណវិទ្យា...

2020-06-14 04:34:22   ថ្ងៃអាទិត្យ, 14 មិថុនា 2020 ម៉ោង 11:34 AM
សកម្មភាពចុះសិក្សាស្រាវជ្រាវអំពី៖ «ប្រវត្តិអតីតរាជធានីនិងទីក្រុងបុរាណខ្មែរ» នៅក្នុងស្រុកអង្គរបុរី នៃខេត្តតាកែវ ពីថ្ងៃសុក្រ ១៥កើត ដល់ថ្ងៃចន្ទ ៣រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០

RAC Media ប្រភព៖ វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ

2020-06-12 06:58:40   ថ្ងៃសុក្រ, 12 មិថុនា 2020 ម៉ោង 01:58 PM
ឈ្មួញកណ្ដាលទិញនិងលក់បន្លែ នៅភូមិបឹងក្រចាប់ខាងត្បូង ឃុំព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល ដោយ៖ យិន ពោ, ឈឿន សាវន, សាន ចេង និង ផុន កសិកា

ភូមិបឹងក្រចាប់ត្បូងស្ថិតនៅក្នុងឃុំព្រែកតាម៉ាក់ នៅត្រើយខាងលិចនៃទន្លេមេគង្គ ដែលមានផ្ទៃដីមួយភាគធំត្រូវលិចនៅរដូវវស្សា។ ដូច្នេះហើយ ការដាំដុះបន្លែគឺអាចផលិតបានច្រើនតែនៅរដូវប្រាំង។ កាលពីមុន កសិករដាំបន្លែត្រូវ...

2020-06-11 05:25:25   ថ្ងៃព្រហស្បតិ៍, 11 មិថុនា 2020 ម៉ោង 12:25 PM
ផលប៉ះពាល់នៃមេរោគកូរ៉ូណាលើវិស័យអាកាសចរណ៍អន្តរជាតិ ដោយ៖ បណ្ឌិត ហុង វណ្ណៈ នាយកដ្ឋានសេដ្ឋកិច្ចអន្តរជាតិនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា

ចាប់ពីមានការផ្ទុះមេរោគកូរ៉ូណា នៅចុងឆ្នាំ២០១៩ ហើយកំពុងបន្តមកទល់នឹងពេលនេះ បានជះឥទ្ធិពលអវិជ្ជមានយ៉ាង​ខ្លាំងលើវិស័យសេដ្ឋកិច្ចនិងវិស័យផ្សេងៗទៀតជាច្រើននៅលើពិភពលោក។ ក្នុងនោះវិស័យអាកាសចរណ៍ដែលជាវិស័យដឹកជញ្ជូនផ...

2020-06-10 05:12:22   ថ្ងៃពុធ, 10 មិថុនា 2020 ម៉ោង 12:12 PM

សេចក្តីប្រកាស