Royal Academy of Cambodia
ផ្តែរទ្វារប្រាសាទឯកភ្នំ តួប៉មកណ្តាល អំពី «ចម្លាក់រឿងកូរសមុទ្រទឹកដោះ»
តាមប្រវត្តិសាស្រ្តនៅដើមសតវត្សទី១១ ក្រោយការប្រកួតប្រជែងប្រហែល ៩ឆ្នាំ ព្រះបាទសូរ្យវរ្ម័នទី១ បានទទួលជ័យជំនៈលើគូប្រជែង គឺព្រះបាទជ័យវីរវរ្ម័ន។ ព្រះអង្គបានគ្រងរាជ្យជាស្តេចនៃកម្ពុជទេសដោយគង់នៅរាជធានីយសោធរ (អង្គរ)។ គេអាចចាត់ទុកព្រះបាទសូរ្យវរ្ម័នទី១ថាជាព្រះរាជាសំខាន់មួយអង្គក្នុងប្រវត្តិសាស្រ្តអង្គរ ហើយក៏ជាព្រះរាជាដែលគ្រងរាជ្យសម្បត្តិរហូតជិត៥០ឆ្នាំ (គ.ស ១០០២-១០៥០)។ ក្នុងរាជនេះកម្ពុជទេសមានវិសាលភាំពធំធេងជាងពេលមុនៗ រីឯឥទ្ធិពលកម្ពុជទេសនាពេលនោះក៏ផ្សព្វផ្សាយទៅហួសពីរាជអំណាចដែលព្រះបាទសូរ្យវរ្ម័នទី១បានកាន់កាប់ទៅទៀត។
ក្នុងការគ្រងអំណាចរាជសម្បត្តិដ៏យូរនោះ ព្រះបាទសូរ្យវរ្ម័នទី១បានបំពេញនូវបូជនីយកិច្ចដឹកនាំនិងគ្រប់គ្រងជាតិទៅតាមយុទ្ធសាស្រ្តដោយឡែកមួយរបស់ទ្រង់៖
ទី១. ការបង្រួបបង្រួមឱ្យមានឯកភាពផ្ទៃក្នុងនិងការគាំទ្រដោយភាពស្មោះភក្តីបំផុតពីមន្រ្តីកំពូលៗក្នុងរាជការនិងពីប្រជានុរាស្រ្ត
ទី២. ការគោរពនិងអនុវត្តន៍គោលនយោបាយទឹកដោយបានស្ថាបនាបារាយណ៍មន្ទាកិណី ឬ កម្ពុជក្សតីថ៌ (បារាយខាងលិច ឬ ទឹកថ្លា) ដែលមានទំហំធំជាងគេបង្អស់នៅអង្គរដើម្បីពង្រីកវិសាលភាពកសិកម្មសម្រាប់ការពង្រឹងសេដ្ឋកិច្ចអង្គរ
ទី៣. ការស្តារ ជួសជុលនិងសាងសង់បន្ថែមលើសំណង់ធារាសាស្រ្តព្រមទាំងប្រាសាទក្នុងរាជ្យមុនៗ និង
ទី៤. ស្ថាបនាប្រាសាទធំៗទាំងនៅក្នុងរាជធានីនិងនៅតំបន់ភាគខាងលិច ខាងកើត និងភាគខាងត្បូងប្រទេស។ នេះជាការបង្ហាញពីការពង្រីកវាតរាជអំណាចរបស់ទ្រង់ឱ្យទៅដល់គ្រប់ទីកន្លែង។ នៅក្រោមរាជ្យនេះហើយដែលវិស័យកសិកម្មព្រមទាំងសហគមន៍មនុស្សបានរីកចម្រើនឡើងខ្លាំងនៅតំបន់ទឹកដីខេត្តបាត់ដំបងសព្វថ្ងៃ។ ការវាតទីនៃរាជអំណាចរបស់ព្រះបាទសូរ្យវរ្ម័នទី១ ក៏បានលាតសន្ធឹងហួសពីដែនដីនៃកម្ពុជទេសនាពេលនោះ ឆ្ពោះទៅដល់ភូមិភាគខាងជើងនៃប្រទេសថៃសព្វថ្ងៃផង។
ប្រាសាទបុរាណសំខាន់ៗលេចធ្លោកសាងក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ ដែលបន្សល់ទុកនៅក្នុងខេត្តបាត់ដំបង មានដូចជា៖
១. ប្រាសាទឯកភ្នំ (នរេន្ទ្រគ្រាម “ភូមិរបស់ព្រះរាជា”)
២. ប្រាសាទបាសែត ឬ ប្រសិទ្ធី (ស្រីជ័យក្សេត្រ “ដែនដីនៃជ័យជំនៈ”)។
ប្រាសាទទាំងពីរខាងលើនេះ ត្រូវបានស្ថាបនាសម្រាប់តម្កល់សិវលិង្គ «ស្រីសូរ្យវឫស្វរៈ» ជាលិទ្ធិទេវរាជតំណាងរាជ្យរបស់ព្រះបាទសូរ្យវរ្ម័នទី១ និង
៣. ប្រាសាទស្នឹង ។
៤. ក្រៅពីស្នាដៃសំខាន់ៗទាំងនេះ ប្រាសាទបាណន់ ជាប្រាសាទដ៏សំខាន់មួយផ្តើមកសាងនៅក្នុងរជ្ជកាលនៃព្រះរាជាសោយរាជ្យបន្តពីព្រះបាទសូរ្យវរ្ម័នទី១ គឺព្រះបាទឧទយាទិត្យវរ្ម័នទី២ ជាបុត្រារបស់ព្រះបាទសូរ្យវរ្ម័នទី១។
តាមការសិក្សាបឋមរបស់ក្រុមការងារស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា ដឹកនាំដោយឯកឧត្ដមបណ្ឌិត ជូ ច័ន្ទដារី ដោយផ្អែកលើសមិទ្ធផលជាស្នាដៃធំៗជាច្រើន ដូចជា ប្រាសាទបុរាណ ប្រព័ន្ធធារាសាស្រ្ត សិលាចារឹកដែលចារឡើងតាំងពីមុនឡើងគ្រងរាជ្យ និងចារដោយព្រះរាជាក្រោយៗមកទៀតជាដើម គឺបានបង្ហាញឱ្យឃើញថា រជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ ជាសម័យកាលរុងរឿងខ្លាំងណាស់ ម្យ៉ាងរាជអំណាចនៃព្រះរាជាខ្មែរអង្គនេះ លាតសន្ធឹងធំធេងនិងល្បីរន្ទឺទៅដល់ប្រទេសជិតខាង។ ទោះបីយ៉ាងណា រហូតមកដល់ពេលនេះ ព្រះកិត្តិនាមរបស់ទ្រង់ ក៏មិនសូវបានគេស្គាល់ច្បាស់លាស់នៅឡើយ។ នៅក្នុងឯកសារប្រវត្តិសាស្រ្តជាច្រើន ក៏មាននិយាយតិចតួច ហើយហាក់មិនទាន់មានភាពច្បាស់លាស់ ព្រមទាំងពុំទាន់មានការឯកភាពគ្នាជាច្រើនចំណុចអំពីប្រវត្តិនៃព្រះបាទសូរ្យវរ្ម័នទី១នេះ។
គួរបញ្ជាក់ដែរថា ក្រុមការងារស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជា ដឹកនាំដោយឯកឧត្តមបណ្ឌិត ជូ ច័ន្ទដារី អគ្គលេខាធិការរងនៃរាជបណ្ឌិត្យសភាកម្ពុជា និងសហការីពីររូប មានលោកបណ្ឌិត ចាន់ ប៊ុន្នី អ្នកឯកទេសខាងប្រវត្តិសាស្ត្រ និង លោក ហៀង លាងហុង អ្នកឯកទេសខាងវប្បធម៌ នៃរាជបណ្ឌិត្យសភាកម្ពុជា បានចាប់សិក្សាស្រាវអំពីសមិទ្ធផល ដែលកសាងក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១នៅក្នុងទឹកដីខេត្តបាត់ដំបង តាំងពីឆ្នាំ២០១៩ មកម្លេះ ដើម្បីធ្វើការផ្ទៀងផ្ទាត់និងពិនិត្យឡើងវិញនូវសមិទ្ធផលលេចធ្លោសំខាន់ៗក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ បន្សល់ទុករហូតបច្ចុប្បន្ន។ ការសិក្សានេះ ផ្តោតជាសំខាន់លើ ៣ចំណុច គឺ ទី១. សិក្សាពីលក្ខណៈរចនាបថសិល្បៈនិងស្ថាបត្យកម្មសំណង់ប្រាសាទ ២. បច្ចុប្បន្នភាពនៃការអភិរក្សនិងការគ្រប់គ្រង និង ៣. សក្តានុពលនៃប្រាសាទបុរាណក្នុងការប្រើប្រាស់សម្រាប់វិស័យទេសចរណ៍។
បន្ថែមលើសពីនេះ លទ្ធផលពីការសិក្សាស្រាវជ្រាវនេះនឹងត្រូវប្រើប្រាស់សម្រាប់ការវិភាគស្វែងយល់ឱ្យបានច្បាស់លាស់ ដើម្បីចងក្រងជាឯកសារប្រវត្តិសាស្រ្តថ្មីមួយអំពី «រជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១» ដោយផ្អែកលើមូលដ្ឋានឯកសារប្រវត្តិសាស្រ្ត សិលាចារឹក រចនាបថសិល្បៈ និងស្ថាបត្យកម្ម ដែលបានផ្សព្វផ្សាយដោយអ្នកស្រាវជ្រាវជាតិ អន្តរជាតិ រួមនឹងលទ្ធផលនៃការសិក្សាថ្មីៗដែលកំពុងធ្វើឡើងនាពេលនេះ៕
ប្រាសាទបាសែត ឬ ប្រសិទ្ធី (ស្រីជ័យក្សេត្រ “ដែនដីនៃជ័យជំនៈ)
ប្រាសាទឯកភ្នំ (នរេន្ទ្រគ្រាម “ភូមិរបស់ព្រះរាជា”)
ប្រាសាទស្នឹងខាងលិច
ប្រាសាទស្នឹងខាងកើត
ឆ្នាំ២០១៨នេះ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា ក្រោមការដឹកនាំរបស់ ឯកឧត្តម បណ្ឌិត គិន ភា សម្រេច បានសមិទ្ធផលសំខាន់ៗជាច្រើន លើការងារស្រាវជ្រាវ, ការរៀបចំសន្និសីទអន្តរជាតិ, ការរៀបចំបាឋកថា, ការរៀបចំកិ...
«ការឡើងថ្លៃផ្ទះសំណាក់ និងសណ្ឋាគារ ដោយសារតែសណ្ឋាគារនៅក្នុងខេត្តនេះ មានចំនួនតិច» នេះគឺជាប្រសាសន៍របស់ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្លែងឡើងក្រោយបញ្ចប់សិក្ខាសាលា បូកសរុបការងារប្រ...
របាយការណ៍ដែលបានរៀបចំឡើងដោយ វិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា នៅក្នុង «សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩» ប្រារពធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់...
នេះ ជាមោទនភាពថ្មីមួយទៀតរបស់កម្ពុជា ដែលទទួលបាននូវកិត្តិយសល្បីខ្ទរខ្ទាលើឆាកអន្តរជាតិ ដោយការសម្រេចអនុម័តទទួលចុះបញ្ជី«ល្ខោនខោល»របស់កម្ពុជា ចូលទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្...
នៅព្រឹក ថ្ងៃ៦រោច ខែកត្តិក ឆ្នាំច សំរឹទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃពុធ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៃសន្និបាត បូកសរុបការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៨ ក្រោមអធិបតីរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ...