ព័ត៌មាន

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ៖ រៀនគឺមិនមែនដើម្បីមានបាននោះទេ តែរៀនដើម្បីឈរបានកាន់​តែខ្ពស់ មើលបានកាន់តែឆ្ងាយ ហើយអ្នកដែលខ្លាំង គឺជ្រើសរើសមុខជំនាញទៅតាមទេពកោសល្លរបស់ខ្លួន

2020-09-29 10:40:33 ថ្ងៃអង្គារ, 29 កញ្ញា 2020 ម៉ោង 05:40 PM
អ្នកមើល 9630
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ «រៀនគឺមិនមែនដើម្បីមានបាននោះទេ តែរៀនដើម្បីឈរបានកាន់តែខ្ពស់ មើលបានកាន់តែឆ្ងាយ ហើយអ្នកដែលខ្លាំងគឺជ្រើសរើសមុខជំនាញទៅតាមទេពកោសល្លរបស់ខ្លួន» នេះជាប្រសាសន៍កត់សម្គាល់របស់ឯកឧត្ដមបណ្ឌិត សភាចារ្យ សុខ ទូច ថ្លែងក្នុងកិច្ចពិភាក្សាតុមូល ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃអង្គារ ១២កើត ខែអស្សុជ ឆ្នាំជូត ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នេះ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា យុវជនបច្ចុប្បន្ន ជ្រើសរើសមុខជំនាញសិក្សាដោយផ្អែកលើ៥ចំណុចសំខាន់ៗគឺ តាមមរតកគ្រួសារ តាមឭគេថា តាមមិត្តភក្តិ តាមតម្រូវការទីផ្សារ និងតាមការ​សម្រេចចិត្តផ្ទាល់ខ្លួន។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានបន្តថា មានយុវជនជាច្រើនបានជ្រើសរើសមុខជំនាញសិក្សាទៅតាមមរតករបស់គ្រួសារ ដែលជាករណីឧទាហរណ៍គឺ គ្រួសារដែលប្រកបមុខរបរពេទ្យ ច្រើនតែតម្រង់ទិសឬបង្ខំកូនឱ្យបន្តចាប់យកមុខរបរពេទ្យដូចខ្លួន ដោយមិនបានឈ្វេងយល់ថា កូនរបស់ខ្លួនគ្មានឧបនិស្ស័យឬលក្ខណៈ​សម្បត្តិ​សម​ប្រកបពេញលេញ ដើម្បីចាប់យកជំនាញនោះឡើយ។ ត្រង់ចំណុចនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យបានថ្លែងបញ្ជាក់ថា បើទោះបីជាយុវជនរូបនោះអាចសិក្សាចប់ និងបំពេញការងារនោះតាមការចង់បានរបស់គ្រួសារក្ដី ក៏យុវជន​រូបនោះមិនអាចបញ្ចេញនូវសក្ដានុពលរបស់ខ្លួនបាននោះឡើយ។ បន្ថែមពីនេះ ចំពោះការជ្រើសរើសមុខជំនាញតាមអ្វីដែលឭតាមគេថា មិត្តភក្តិ ឬតាមតម្រូវការទីផ្សារការងារ ត្រូវបានឯកឧត្ដមបណ្ឌិតសភាចារ្យពន្យល់បន្ថែមថា «អ្នកខ្លះទៅរៀននៅទីនេះ ឬទីនោះ ដោយឭតាមគេថា ទៅតាមមិត្តភក្តិ ទៅតាមសាលាដែលមានស្រីស្អាត ឬទៅតាមតម្រូវការទីផ្សារ ក៏ពុំអាចទទួលបានជោគជ័យក្នុងអាជីពផងដែរ ព្រោះទាំងនេះមិនឆ្លើយតបទៅនឹងទេពកោសល្ល និងឧបនិស្ស័យដែលខ្លួនមាន»។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានផ្ដល់អនុសាសន៍ដល់អង្គវេទិកាទាំងមូលថា «អ្នកដែលខ្លាំងគឺជ្រើសរើសមុខជំនាញទៅតាមទេពកោសល្យរបស់ខ្លួន ពុំមែនទៅតាមតម្រូវការទីផ្សារការងារនោះទេ ព្រោះទីផ្សារ​គឺយើងជាអ្នក បង្កើត គ្មាននរណាជាអ្នកបង្កើតឱ្យយើងនោះទេ។» នេះជាការផ្ដាំផ្ញើទៅដល់សិស្សានុសិស្សដែលកំពុងពិចារណាក្នុងការសម្រេចចិត្តជ្រើសរើសមុខជំនាញសិក្សានៅថ្នាក់ឧត្ដមសិក្សា ពិសេស សិស្សានុសិស្សដែលនឹងត្រូវប្រឡងបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិ នៅរយៈពេលប៉ុន្មានខែខាងមុខនេះ។

ជាការចែករំលែកបទពិសោធដែលធ្លាប់មានកន្លងមក ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍លើកឡើងថា បន្ទាប់ពីបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតដោយជោគជ័យពីប្រទេសរុស្ស៊ី និងបានចូលបម្រើការងារដំបូង ឯកឧត្ដម​បណ្ឌិតសភាចារ្យគឺជាបណ្ឌិតដែលវ័យក្មេងជាងគេ ប៉ុន្តែឯកឧត្ដមបណ្ឌិតសភាចារ្យបានធ្វើដំណើរតាមទស្សនវិជ្ជាផ្ទាល់របស់ឯកឧត្ដមបណ្ឌិតសភាចារ្យ ដែលថា «វ័យឬអាយុ មិនមែនជាម៉ែត្រសម្រាប់វាស់ចំណេះដឹងនោះទេ» ហេតុនេះហើយ ឯកឧត្ដមបានប្រកាន់ជំហររឹងមាំ និងដើរឆ្ពោះទៅមុខជានិច្ច ហើយក៏ថែមទាំងបានចូលរួមផ្ដល់ជាគំនិត ទស្សនវិស័យ និងសម្រេចបាននូវសមិទ្ធផលជាច្រើនសម្រាប់ស្ថាប័នស្រាវជ្រាវរបស់ជាតិ។

លើសពីនេះទៅទៀត ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍សង្កត់ធ្ងន់ថា «ប្រសិន​​បើគេយកកូនសេដ្ឋី គេអាចនឹងក្លាយជាអ្នកមានបាន ហើយប្រសិនបើជាគេរៀបការនឹងកូននាយករដ្ឋមន្ត្រី គេអាចនឹងមានអំណាចបានដែរ ប៉ុន្តែបើគេយកកូនបណ្ឌិត នោះគេមិនអាចមាននោះទេ វាទាមទារឱ្យមានការតាំងចិត្តប្រឹងប្រែងរៀនសូត្រដើម្បីកសាងចំណេះដឹងដោយខ្លួនឯង»។ ទោះជាយ៉ាងនេះក្ដី ឯកឧត្ដមបណ្ឌិតសភាចារ្យបានក្រើនរំឭកដល់អ្នកសិក្សារៀនសូត្រ និងយុវជនកម្ពុជាថា «សារៈសំខាន់នៃការសិក្សារៀនសូត្រ ពុំមែនរៀនដើម្បីមានបាននោះទេ គឺរៀនដើម្បីភ្នែកភ្លឺហើយមើលឃើញ ឈរបានកាន់តែខ្ពស់ សម្លឹងមើលបានកាន់តែឆ្ងាយ ប្រសិនបើយើងគ្មានចំណេះដឹងទេនោះ ទោះជាយើងមានភ្នែកភ្លឺក៏យើងមើលមិនឃើញដែរ។ ជាក់ស្ដែង នៅពេលដែលគេនិយាយអំពីសហរដ្ឋអាម៉េរិក ប្រសិនបើយើងមិនបានដឹង មិនបានរៀន និងមិនបានស្រាវជ្រាវ យើងនឹងពុំអាចឆ្លើយតបទៅគេវិញ​បាននោះឡើយ»។ ឯកឧត្ដមបណ្ឌិតសភាចារ្យ បន្ថែមថា រៀនពុំមែនសុទ្ធតែដើម្បីមានបាននោះទេ ព្រោះមានអ្នកមាននិងឧកញ៉ាច្រើនណាស់ដែលគ្មានសញ្ញាបត្រខ្ពស់នោះទេ តែគេមានជីវភាពមានបាននិងធូរធារ ចំណែកអ្នកធំមួយចំនួន ពុំមានសញ្ញាបត្រខ្ពស់នោះទេ ប៉ុន្តែគេអាចកាន់តំណែងនិងកិច្ចការងារជាច្រើនបាន។

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានថ្លែងផ្ញើសារជូនដល់យុវជនកម្ពុជាថា យុវជនមិនត្រូវបោះបង់ការសិក្សានោះទេ គឺត្រូវតែតាំងចិត្តតស៊ូដើម្បីកសាងចំណេះដឹងនិងសមត្ថភាព ដើម្បីចូលរួមក្នុងការអភិវឌ្ឍសង្គមនិងប្រទេសជាតិរបស់យើងទាំងអស់គ្នា៕

RAC Media | លឹម សុវណ្ណារិទ្ធ


អត្ថបទទាក់ទង

«សមិទ្ធផលសំខាន់ៗដែលសម្រេចបាន នៅក្នុងឆ្នាំ២០១៨របស់វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ»

ឯកឧត្តមបណ្ឌិត នូ ចាន់សុភី ប្រធានវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកបង្ហាញអំពីបច្ចុប្បន្នភាពរបស់វិទ្យាស្ថាន រចនាសម័ន្ធ ចក្ខុវិស័យ និងបេសកម្មរបស់វិទ្យាស្ថាន និងសមិទ្ធផលផ្សេ...

2018-11-26 15:50:44   ថ្ងៃចន្ទ, 26 វិច្ឆិកា 2018 ម៉ោង 10:50 PM
«ខួប១៩ ឆ្នាំ របស់រាជបណ្ឌិត្យសភាកម្ពុជា...»

រាជបណ្ឌិត្យសភាកម្ពុជា៖ អាចនិយាយបានថា វាមានរយៈពេលប្រហែល១៩ឆ្នាំហើយ ដោយគិតចាប់តាំងពី ឯកឧត្ដមបណ្ឌិតសភាចារ្យ ស៊ន សំណាង ធ្លាប់ជាអតីតប្រធានរាជបណ្ឌិត្យសភាកម្ពុជា រហូតមកដល់ពេលបច្ចុប្បន្ន ស្របពេល រាជបណ្ឌិត្យសភា...

2018-11-26 14:50:02   ថ្ងៃចន្ទ, 26 វិច្ឆិកា 2018 ម៉ោង 09:50 PM
«សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩»

ជារៀងរាល់ឆ្នាំ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំកម្មវិធីបូកសរុបការងារប្រចាំឆ្នាំ និងលើកទិសដៅការងារសម្រាប់ឆ្នាំបន្ទាប់។ នៅឆ្នាំនេះ ជាឆ្នាំដែលត្រូវការកែទម្រង់ការងារច្រើនរបស់ស្ថាប័នស្រាវជ្រាវជាតិនេះ ហើយក៏ជា...

2018-11-26 14:04:49   ថ្ងៃចន្ទ, 26 វិច្ឆិកា 2018 ម៉ោង 09:04 PM
សិក្ខាសាលាផ្សាព្វផ្សាយ ​ស្តី​ពី «ផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥»

ថ្ងៃចន្ទ ១២កើតដល់១៣កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ដល់២០ ខែវិច្ឆិកាឆ្នាំ២០១៨ លោកបណ្ឌិត កា ម៉ាធុល ប្រធានផ្នែកទំនាក់ទំនងការទូត និង លោក អ៊ុច លាង មន្ត្រីស្រាវជ្រាវ ទទួលបន្ទុកសិក្សា...

2018-11-19 12:45:40   ថ្ងៃចន្ទ, 19 វិច្ឆិកា 2018 ម៉ោង 07:45 PM
ទូកង«កម្ពោជិកបុត្តាខេមរាតរី»

ចុះផ្សាយថ្ងៃអាទិត្យ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ម៉ោង ១ និង ២០ នាទីរសៀលដោយ៖ បណ្ឌិត ជា វណ្ណី​

2018-11-18 06:23:55   ថ្ងៃអាទិត្យ, 18 វិច្ឆិកា 2018 ម៉ោង 01:23 PM
«តើគួរខ្លាចជនជាតិចិនដែរឬទេ?...»

ចុះថ្ងៃ សៅរ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ម៉ោង ១ និង ០០នាទីរសៀលបទវិភាគផ្ទាល់ខ្លួន!RAC Media

2018-11-17 06:07:51   ថ្ងៃសៅរ៍, 17 វិច្ឆិកា 2018 ម៉ោង 01:07 PM

សេចក្តីប្រកាស